ភីលីព 4:6-13
ភីលីព 4:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។ ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។ ការអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងឃើញក្នុងខ្ញុំនោះ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយអ្នករាល់គ្នា។ ខ្ញុំមានអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែមិនមានឱកាសសម្តែងពីទឹកចិត្តនោះ។ ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តចំពោះអ្វីដែលខ្ញុំមាន។ ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទចម្រើនកម្លាំងដល់ខ្ញុំ។
ភីលីព 4:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន* និងទូលអង្វរ ទាំងអរព្រះគុណព្រះអង្គផង។ ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូមិនខាន។ ជាទីបញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរឲ្យស្រឡាញ់ គួរឲ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឲ្យកោតសរសើរ។ សេចក្ដីដែលបងប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្តតាមទៅ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តនឹងគង់ជាមួយបងប្អូនមិនខាន។ ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុន បងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសម្តែងទឹកចិត្តរបស់បងប្អូនចំពោះខ្ញុំ។ ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ក្នុងគ្រប់កាលៈទេសៈ។ ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ក៏ខ្ញុំចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថា ទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជានិច្ច។ ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងឲ្យខ្ញុំ។
ភីលីព 4:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។ មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា។ ខ្ញុំមានសេចក្ដីអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែរកឱកាសគ្មាន ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យមានសេចក្ដីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្ដីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ