ភីលីព 4:10-23
ភីលីព 4:10-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំមានអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែមិនមានឱកាសសម្តែងពីទឹកចិត្តនោះ។ ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តចំពោះអ្វីដែលខ្ញុំមាន។ ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទចម្រើនកម្លាំងដល់ខ្ញុំ។ តែដែលអ្នករាល់គ្នាបានជួយដល់សេចក្ដីកម្សត់របស់ខ្ញុំ នោះប្រពៃហើយ។ ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាដឹងហើយថា កាលពីចាប់ផ្តើមប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានក្រុមជំនុំណាបានប្រកបនឹងខ្ញុំ អំពីរឿងប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ។ ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងហើយម្តងទៀត។ មិនមែនខ្ញុំចង់តែបានជំនួយទេ តែខ្ញុំរកផលប្រយោជន៍សម្រាប់អ្នករាល់គ្នាវិញ។ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះអង្គទទួល ហើយសព្វព្រះហឫទ័យដែរ។ ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។ សូមឲ្យព្រះ ជាព្រះវរបិតានៃយើង បានប្រកបដោយសិរីល្អនៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ សូមជម្រាបសួរដល់ពួកបរិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវផង ឯពួកបងប្អូនដែលនៅជាមួយខ្ញុំ គេសូមជម្រាបសួរមកអ្នករាល់គ្នា។ ពួកបរិសុទ្ធទាំងអស់គ្នា មានពួកអ្នកនៅដំណាក់សេសារជាដើម ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមឲ្យវិញ្ញាណអ្នករាល់គ្នា បានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚
ភីលីព 4:10-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុន បងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសម្តែងទឹកចិត្តរបស់បងប្អូនចំពោះខ្ញុំ។ ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ក្នុងគ្រប់កាលៈទេសៈ។ ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ក៏ខ្ញុំចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថា ទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជានិច្ច។ ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងឲ្យខ្ញុំ។ ទោះជាយ៉ាងណាក្ដី បងប្អូនរួមជាមួយខ្ញុំក្នុងពេលខ្ញុំមានទុក្ខវេទនាដូច្នេះ ជាការប្រសើរណាស់។ បងប្អូននៅក្រុងភីលីពអើយ បងប្អូនជ្រាបស្រាប់ហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានក្រុមជំនុំ*ណាបានជួយខ្ញុំ ក្នុងការចំណាយ ឬចំណូលឡើយ។ កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើប្រាក់ទៅជួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។ ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេ តែខ្ញុំចង់ឲ្យបងប្អូនបានទទួលព្រះពរដ៏បរិបូណ៌។ ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះ ខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូន តាមរយៈលោកអេប៉ាប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ និងយល់ព្រមទទួល។ ព្រះរបស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។ សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់យើង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន! សូមជម្រាបសួរប្រជាជនដ៏វិសុទ្ធ*គ្រប់ៗរូប ក្នុងអង្គព្រះគ្រិស្ត*យេស៊ូឲ្យខ្ញុំផង។ បងប្អូនដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូនទាំងអស់គ្នា។ បងប្អូនទាំងអស់ដែលជាប្រជាជនដ៏វិសុទ្ធ* ជាពិសេស បងប្អូនដែលជាអ្នករាជការរបស់ព្រះចៅអធិរាជ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន!។
ភីលីព 4:10-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំមានសេចក្ដីអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែរកឱកាសគ្មាន ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យមានសេចក្ដីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្ដីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ ប៉ុន្តែ ដែលអ្នករាល់គ្នាបានជួយដល់សេចក្ដីកំសត់របស់ខ្ញុំ នោះប្រពៃហើយ។ ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាក៏ដឹងថា កាលចាប់ប្រារព្ធប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានពួកជំនុំណាបានប្រកបនឹងខ្ញុំ អំពីដំណើរប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងពីរដងផង មិនមែនថា ខ្ញុំរកចង់បានទានទេ ខ្ញុំរកតែផលដែលចំរើនប្រយោជន៍ដល់អ្នករាល់គ្នាវិញ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះទ្រង់ទទួល ហើយសព្វព្រះហឫទ័យដែរ ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ សូមឲ្យព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា បានសិរីល្អនៅអស់កល្បរៀងតទៅ អាម៉ែន។ សូមជំរាបសួរ មកពួកបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវផង ឯពួកបងប្អូនដែលនៅជាមួយនឹងខ្ញុំ គេសូមជំរាបសួរមកអ្នករាល់គ្នា ពួកបរិសុទ្ធទាំងអស់គ្នា មានពួកអ្នកនៅដំណាក់សេសារជាដើម ក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ សូមឲ្យព្រលឹងវិញ្ញាណអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚