ភីលីព 4:1-23
ភីលីព 4:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនស្ងួនភ្ងា ជាទីរឭក ជាទីត្រេកអរ និងជាមកុដរបស់ខ្ញុំអើយ ចូរឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ។ ខ្ញុំសូមទូន្មានដល់នាងអ៊ើរ៉ូឌា និងនាងស៊ុនទីចដែរ ឲ្យមានគំនិតតែមួយក្នុងព្រះអម្ចាស់។ ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំងពីរនោះ ដែលបានតតាំងជាមួយខ្ញុំ ក្នុងដំណឹងល្អផង ហើយលោកក្លេមេន និងគូកនខ្ញុំផ្សេងទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។ ចូរអរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង! ចូរសម្តែងឲ្យមនុស្សទាំងអស់បានស្គាល់សេចក្ដីសម្លូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ជិតយាងមកហើយ។ កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។ ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។ ការអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងឃើញក្នុងខ្ញុំនោះ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយអ្នករាល់គ្នា។ ខ្ញុំមានអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែមិនមានឱកាសសម្តែងពីទឹកចិត្តនោះ។ ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តចំពោះអ្វីដែលខ្ញុំមាន។ ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទចម្រើនកម្លាំងដល់ខ្ញុំ។ តែដែលអ្នករាល់គ្នាបានជួយដល់សេចក្ដីកម្សត់របស់ខ្ញុំ នោះប្រពៃហើយ។ ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាដឹងហើយថា កាលពីចាប់ផ្តើមប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានក្រុមជំនុំណាបានប្រកបនឹងខ្ញុំ អំពីរឿងប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ។ ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងហើយម្តងទៀត។ មិនមែនខ្ញុំចង់តែបានជំនួយទេ តែខ្ញុំរកផលប្រយោជន៍សម្រាប់អ្នករាល់គ្នាវិញ។ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះអង្គទទួល ហើយសព្វព្រះហឫទ័យដែរ។ ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។ សូមឲ្យព្រះ ជាព្រះវរបិតានៃយើង បានប្រកបដោយសិរីល្អនៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ សូមជម្រាបសួរដល់ពួកបរិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវផង ឯពួកបងប្អូនដែលនៅជាមួយខ្ញុំ គេសូមជម្រាបសួរមកអ្នករាល់គ្នា។ ពួកបរិសុទ្ធទាំងអស់គ្នា មានពួកអ្នកនៅដំណាក់សេសារជាដើម ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមឲ្យវិញ្ញាណអ្នករាល់គ្នា បានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚
ភីលីព 4:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាកិត្តិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន រួមជាមួយព្រះអម្ចាស់ដូច្នេះតរៀងទៅ! ខ្ញុំសូមទូន្មាននាងអ៊ើរ៉ូឌា និងនាងស៊ុនទីចថា ចូរមានចិត្តគំនិតតែមួយ ឲ្យសមជាអ្នករួមរស់ជាមួយព្រះអម្ចាស់។ រីឯអ្នកវិញ មិត្តដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ* ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។ ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! ចូរសម្តែងឲ្យមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន* និងទូលអង្វរ ទាំងអរព្រះគុណព្រះអង្គផង។ ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូមិនខាន។ ជាទីបញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរឲ្យស្រឡាញ់ គួរឲ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឲ្យកោតសរសើរ។ សេចក្ដីដែលបងប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្តតាមទៅ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តនឹងគង់ជាមួយបងប្អូនមិនខាន។ ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុន បងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសម្តែងទឹកចិត្តរបស់បងប្អូនចំពោះខ្ញុំ។ ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ក្នុងគ្រប់កាលៈទេសៈ។ ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ក៏ខ្ញុំចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថា ទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជានិច្ច។ ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងឲ្យខ្ញុំ។ ទោះជាយ៉ាងណាក្ដី បងប្អូនរួមជាមួយខ្ញុំក្នុងពេលខ្ញុំមានទុក្ខវេទនាដូច្នេះ ជាការប្រសើរណាស់។ បងប្អូននៅក្រុងភីលីពអើយ បងប្អូនជ្រាបស្រាប់ហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានក្រុមជំនុំ*ណាបានជួយខ្ញុំ ក្នុងការចំណាយ ឬចំណូលឡើយ។ កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើប្រាក់ទៅជួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។ ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេ តែខ្ញុំចង់ឲ្យបងប្អូនបានទទួលព្រះពរដ៏បរិបូណ៌។ ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះ ខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូន តាមរយៈលោកអេប៉ាប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ និងយល់ព្រមទទួល។ ព្រះរបស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។ សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់យើង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន! សូមជម្រាបសួរប្រជាជនដ៏វិសុទ្ធ*គ្រប់ៗរូប ក្នុងអង្គព្រះគ្រិស្ត*យេស៊ូឲ្យខ្ញុំផង។ បងប្អូនដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូនទាំងអស់គ្នា។ បងប្អូនទាំងអស់ដែលជាប្រជាជនដ៏វិសុទ្ធ* ជាពិសេស បងប្អូនដែលជាអ្នករាជការរបស់ព្រះចៅអធិរាជ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន!។
ភីលីព 4:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បងប្អូន ជាពួកស្ងួនភ្ងា ហើយជាទីរឭក ជាទីត្រេកអរ ហើយជាមកុដរបស់ខ្ញុំអើយ ចូរឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ចុះ ឱពួកស្ងួនភ្ងាអើយ ខ្ញុំសូមទូន្មានដល់នាងអ៊ើរ៉ូឌា នឹងនាងស៊ុនទីចដែរ ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់ ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង ហើយនឹងអ្នកក្លេមេន នឹងគូកនខ្ញុំឯទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។ ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង ចូរសំដែងឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្ដីសំឡូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ទ្រង់ជិតដល់ហើយ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។ មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា។ ខ្ញុំមានសេចក្ដីអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែរកឱកាសគ្មាន ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យមានសេចក្ដីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្ដីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ ប៉ុន្តែ ដែលអ្នករាល់គ្នាបានជួយដល់សេចក្ដីកំសត់របស់ខ្ញុំ នោះប្រពៃហើយ។ ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាក៏ដឹងថា កាលចាប់ប្រារព្ធប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានពួកជំនុំណាបានប្រកបនឹងខ្ញុំ អំពីដំណើរប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងពីរដងផង មិនមែនថា ខ្ញុំរកចង់បានទានទេ ខ្ញុំរកតែផលដែលចំរើនប្រយោជន៍ដល់អ្នករាល់គ្នាវិញ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះទ្រង់ទទួល ហើយសព្វព្រះហឫទ័យដែរ ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ សូមឲ្យព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា បានសិរីល្អនៅអស់កល្បរៀងតទៅ អាម៉ែន។ សូមជំរាបសួរ មកពួកបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវផង ឯពួកបងប្អូនដែលនៅជាមួយនឹងខ្ញុំ គេសូមជំរាបសួរមកអ្នករាល់គ្នា ពួកបរិសុទ្ធទាំងអស់គ្នា មានពួកអ្នកនៅដំណាក់សេសារជាដើម ក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ សូមឲ្យព្រលឹងវិញ្ញាណអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚