ភីលីព 3:5-10
ភីលីព 3:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទីប្រាំបី ខ្ញុំជាសាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាសាសន៍ហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រឹត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី ខាងសេចក្ដីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ក្រុមជំនុំ ចំណែកខាងសេចក្តីសុចរិតក្នុងក្រឹត្យវិន័យ នោះខ្ញុំគ្មានទោសសោះ។ តែអ្វីៗដែលមានប្រយោជន៍ដល់ខ្ញុំពីមុននោះ ខ្ញុំបានរាប់ជាខាតវិញ ព្រោះតែព្រះគ្រីស្ទ។ លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ និងឲ្យគេបានឃើញខ្ញុំនៅក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រឹត្យវិន័យនោះទេ តែដោយសារជំនឿដល់ព្រះគ្រីស្ទ គឺជាសេចក្តីសុចរិតដែលមកពីព្រះ ដោយសារជំនឿ។ ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្តានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងរួមចំណែកក្នុងការរងទុក្ខ ដូចជាព្រះអង្គរងទុក្ខក្នុងការសុគតដែរ
ភីលីព 3:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺខ្ញុំបានទទួលពិធីកាត់ស្បែក*ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រាអែលក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ខ្ញុំជាហេប្រឺ កើតពីជាតិហេប្រឺ។ រីឯផ្នែកក្រឹត្យវិន័យ*វិញ ខ្ញុំនៅខាងគណៈផារីស៊ី* បើនិយាយពីខ្នះខ្នែង ខ្ញុំបានខ្នះខ្នែងរហូតដល់ទៅបៀតបៀនក្រុមជំនុំទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមក្រឹត្យវិន័យនោះវិញ ខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។ ប៉ុន្តែ អ្វីៗដែលខ្ញុំធ្លាប់គិតថាមានតម្លៃសម្រាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះគ្រិស្ត គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ដោយសារតែព្រះអង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាម ឲ្យតែខ្ញុំបានព្រះគ្រិស្ត និងឲ្យតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនសុចរិតដោយកាន់តាមក្រឹត្យវិន័យនោះឡើយ គឺសុចរិតដោយជឿលើព្រះគ្រិស្ត ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ បំណងរបស់ខ្ញុំគឺចង់ស្គាល់ព្រះគ្រិស្ត និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឲ្យបានដូចព្រះអង្គដែលសោយទិវង្គត
ភីលីព 3:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទី៨ ខ្ញុំជាសាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រិត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី ខាងឯសេចក្ដីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ពួកជំនុំ ចំណែកខាងសេចក្ដីសុចរិតក្នុងក្រិត្យវិន័យ នោះខ្ញុំគ្មានទោសសោះ ប៉ុន្តែ សេចក្ដីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ ហើយឲ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់ ដោយសេចក្ដីសុចរិតដែលមកពីសេចក្ដីជំនឿដល់ព្រះគ្រីស្ទ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រិត្យវិន័យនោះទេ គឺជាសេចក្ដីសុចរិតដែលមកពីព្រះ ដោយសេចក្ដីជំនឿវិញ ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ នឹងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនឹងសេចក្ដីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្ដីស្លាប់ផង