ភីលីព 3:17-21

ភីលីព 3:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​រស់​នៅ​ដូច​ជា​យើង​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា​ចុះ។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ។ ទី​បំផុត គេ​នឹង​ត្រូវ​ហិន​វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ​ទុក​ជា​សិរី‌ល្អ គេ​គិត​តែ​ពី​អ្វីៗ​នៅ​ផែនដី​នេះ​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​ជា​សាសន៍​ស្ថាន‌សួគ៌ ហើយ​នៅ​រង់​ចាំ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​វិញ។ ព្រះ‌អង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​ព្រះកាយ​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ដែល​បង្ក្រាប​គ្រប់​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ភីលីព 3

ភីលីព 3:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​គំរូ ដែល​យើង​បាន​ដាក់​ឲ្យ​បងប្អូន​ឃើញ​នោះ​ទៅ។ ខ្ញុំ​ធ្លាប់​បាន​ជម្រាប​បងប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជម្រាប​បងប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បងប្អូន​ជា​ច្រើន​នាក់​រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ត*។ ដល់​ទី​បំផុត អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្តរាយ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ​ខ្មាស​ធ្វើ​ជា​កិត្តិយស ហើយ​គិត​តែ​ពី​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​ស្ថាន​បរម‌សុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​យាង​មក​ពី​ស្ថាន​នោះ។ ព្រះអង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​ព្រះ‌កាយ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​មហិទ្ធិ‌ឫទ្ធិ ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។

ចែក​រំលែក
អាន ភីលីព 3

ភីលីព 3:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ​គ្រប់​គ្នា ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក ដែល​ដើរ​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ក្បួន​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ ចុង​បំផុត​របស់​គេ​ជា​សេចក្ដី​ហិន‌វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ ទុក​ជា​សិរី‌ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប‌កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​អង្គ​ឧត្តម​របស់​ទ្រង់ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង។

ចែក​រំលែក
អាន ភីលីព 3