ភីលីព 3:10-14
ភីលីព 3:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្តានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងរួមចំណែកក្នុងការរងទុក្ខ ដូចជាព្រះអង្គរងទុក្ខក្នុងការសុគតដែរ ប្រសិនបើអាចបាន ខ្ញុំចង់ឲ្យមានជីវិតរស់ពីស្លាប់ឡើងវិញ។ មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែសង្វាតនឹងដេញតាមចាប់ឲ្យបានសេចក្ដីដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំបាននោះដែរ។ បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ភីលីព 3:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បំណងរបស់ខ្ញុំគឺចង់ស្គាល់ព្រះគ្រិស្ត និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឲ្យបានដូចព្រះអង្គដែលសោយទិវង្គត ដើម្បីឲ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។ ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈ ហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខ ដើម្បីចាប់ឲ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ត្រូវព្រះគ្រិស្តយេស៊ូចាប់ខ្ញុំជាមុនដែរ។ បងប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់បានទៅដល់ទីដៅនៅឡើយទេ ខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។ ខ្ញុំរត់តម្រង់ទៅរកទីដៅ ដើម្បីឲ្យបានទទួលរង្វាន់ពីព្រះជាម្ចាស់ ដែលព្រះអង្គបានត្រាស់ហៅយើងពីស្ថានបរមសុខ ឲ្យទទួលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។
ភីលីព 3:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ នឹងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនឹងសេចក្ដីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្ដីស្លាប់ផង នោះគឺបើសិនជាមានផ្លូវណា ឲ្យខ្ញុំបានមកដល់សេចក្ដីរស់ពីស្លាប់ឡើងវិញ មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្ដី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។ បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្ដីនេះ១ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្ដីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ