ភីលីព 3:1-8

ភីលីព 3:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ម្យ៉ាង​ទៀត បង‌ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ ខ្ញុំ​មិន​ធុញ​ទ្រាន់​ក្នុង​ការ​សរសេរ​សេចក្ដី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា ហើយ​ក៏​ជួយ​ដល់​អ្នក​រាល់​គ្នា​ដែរ។ ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែង​ក្លាយ​ផង។ ដ្បិត​យើង​ជា​ពួក​កាត់​ស្បែក​ពិត​ប្រាកដ ដែល​ថ្វាយ​បង្គំ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះ‌គ្រីស្ទ‌យេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ។ តាម​ពិត ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​ដែរ។ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន​នោះ ខ្ញុំ​លើស​ជាង​អ្នក​នោះ​ទៅ​ទៀត។ ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ជា​សាសន៍​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ ឯ​ខាង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិ‌ស៊ី ខាង​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ក្រុម​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ។ តែ​អ្វីៗ​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន​នោះ ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ព្រោះ​តែ​ព្រះ‌គ្រីស្ទ។ លើស​ពី​នេះ​ទៀត ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ទុក​ដូច​ជា​ខាត ដោយ​សារ​តែ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ។ ដោយ​យល់​ដល់​ព្រះ‌អង្គ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​ខ្ញុំ​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ព្រះ‌គ្រីស្ទ​វិញ

ចែក​រំលែក
អាន ភីលីព 3

ភីលីព 3:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មួយ​វិញ​ទៀត បងប្អូន​អើយ ចូរ​មាន​អំណរ​សប្បាយ ដោយ​បាន​រួម​ជា​មួយ​ព្រះ‌អម្ចាស់។ ខ្ញុំ​មិន​ធុញ‌ទ្រាន់​នឹង​សរសេរ​សេចក្ដី​ដដែលៗ​នេះ​មក​បងប្អូន​ឡើយ ខ្ញុំ​សរសេរ​ដូច្នេះ ដើម្បី​ពង្រឹង​ជំនឿ​របស់​បងប្អូន។ ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​កាត់​ស្បែក​ក្លែងក្លាយ ដ្បិត​យើង​ឯ‌ណេះ​វិញ​ទេ​ដែល​ជា​អ្នក​កាត់​ស្បែក​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​ព្រះ‌វិញ្ញាណ យើង​អួត‌អាង​លើ​ព្រះ‌គ្រិស្ត*​យេស៊ូ យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។ ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ពឹង​ផ្អែក​លើ​លោកីយ៍​បាន​ដែរ។ ប្រសិន​បើ​អ្នក​ឯ​ទៀតៗ​ស្មាន​ថា ខ្លួន​អាច​ពឹង​ផ្អែក​លើ​លោកីយ៍ ខ្ញុំ​រឹត‌តែ​មាន​ហេតុ​ពឹង​ផ្អែក​លើ​លោកីយ៍​ច្រើន​ជាង​អ្នក​នោះ​ទៅ​ទៀត គឺ​ខ្ញុំ​បាន​ទទួល​ពិធី​កាត់​ស្បែក*​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ខ្ញុំ​ជា​ពូជ​សាសន៍​អ៊ីស្រា‌អែល​ក្នុង​កុល​សម្ព័ន្ធ​បេន‌យ៉ាមីន ខ្ញុំ​ជា​ហេប្រឺ កើត​ពី​ជាតិ​ហេប្រឺ។ រីឯ​ផ្នែក​ក្រឹត្យ‌វិន័យ*​វិញ ខ្ញុំ​នៅ​ខាង​គណៈ​ផារីស៊ី* បើ​និយាយ​ពី​ខ្នះ‌ខ្នែង ខ្ញុំ​បាន​ខ្នះ‌ខ្នែង​រហូត​ដល់​ទៅ​បៀត‌បៀន​ក្រុម‌ជំនុំ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។ ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​មាន​តម្លៃ​សម្រាប់​ខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថា​ឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​ព្រះ‌គ្រិស្ត គឺ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេស‌វិសាល​បំផុត។ ដោយ​សារ​តែ​ព្រះអង្គ ខ្ញុំ​សុខ​ចិត្ត​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាម ឲ្យ​តែ​ខ្ញុំ​បាន​ព្រះ‌គ្រិស្ត

ចែក​រំលែក
អាន ភីលីព 3

ភីលីព 3:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​សោត​ទៀត បង​ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឯ​ការ​ដែល​សរសេរ​សេចក្ដី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ធុញ‌ទ្រាន់​ដល់​ខ្ញុំ​ទេ តែ​ជា​ការ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ ចូរ​ប្រយ័ត​នឹង​ពួក​ឆ្កែ ហើយ​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែង‌ក្លាយ​ផង ដ្បិត​យើង​រាល់​គ្នា​ដែល​បំរើ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​តែ​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ឥត​ទុក​ចិត្ត​និង​សាច់​ឈាម​ឡើយ នោះ​យើង​ជា​ពួក​កាត់​ស្បែក​ដ៏​ពិត ប៉ុន្តែ ខ្ញុំ​មាន​កន្លែង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​បាន​ដែរ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ជា​អ្នក​ហេ‌ព្រើរ កើត​ពី​ពួក​ហេ‌ព្រើរ ឯ​ខាង​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិស៊ី ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្ដី​សុចរិត​ក្នុង​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ ប៉ុន្តែ សេចក្ដី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះ‌គ្រីស្ទ​វិញ

ចែក​រំលែក
អាន ភីលីព 3