ភីលីព 2:1-18
ភីលីព 2:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ ការកម្សាន្តចិត្តណាមួយពីសេចក្ដីស្រឡាញ់ សេចក្ដីប្រកបណាមួយខាងព្រះវិញ្ញាណ ការថ្នាក់ថ្នម និងសេចក្ដីអាណិតអាសូរណាមួយ នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។ កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។ កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។ ត្រូវតែមានគំនិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ តែមិនបានរាប់ឋានៈដែលស្មើនឹងព្រះនោះ ទុកជាសេចក្ដីដែលគួរកាន់ខ្ជាប់ឡើយ ប៉ុន្តែ ព្រះអង្គបានលះបង់អង្គទ្រង់ មកយកសភាព ជាអ្នកបម្រើវិញ ព្រមទាំងប្រសូតមកមានសភាពជាមនុស្សផង។ ដោយឃើញព្រះអង្គមានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺព្រះអង្គទទួលសុគតជាប់លើឈើឆ្កាងផង។ ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាម ដើម្បីពេលណាឮព្រះនាមព្រះយេស៊ូវ នោះគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះជាព្រះវរបិតា។ ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។ ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។ ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។ ចូរអ្នករាល់គ្នាមានអំណរយ៉ាងនោះ ហើយអរសប្បាយជាមួយខ្ញុំផង។
ភីលីព 2:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿនអ្វីមួយ ដោយរួមជាមួយព្រះគ្រិស្ត ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាលើកទឹកចិត្តបងប្អូន ប្រសិនបើព្រះវិញ្ញាណពិតជាប្រទានឲ្យបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្តអាណិតអាសូរ និងចិត្តមេត្តាករុណា សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថា ប្រសើរជាងខ្លួន។ ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។ ព្រះគ្រិស្តយេស៊ូមានចិត្តគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្ដាប់ ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជា មនុស្សសាមញ្ញដែរ។ ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាង ថែមទៀតផង។ ហេតុនេះហើយបានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គ មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ និង ឲ្យមនុស្សគ្រប់ភាសា ប្រកាសឡើងថា ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតា។ ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេស ពេលខ្ញុំនៅឆ្ងាយ សូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។ ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក ទាំងនាំព្រះបន្ទូលដែលផ្ដល់ជីវិតមកឲ្យពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃព្រះគ្រិស្តយាងមក ព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។ ទោះបីខ្ញុំត្រូវបង្ហូរឈាមទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និងពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ រីឯបងប្អូនវិញ សូមឲ្យបងប្អូនមានអំណរ ហើយសប្បាយចិត្តរួមជាមួយខ្ញុំផង។
ភីលីព 2:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បើសិនជាមានសេចក្ដីដាស់តឿនណាក្នុងព្រះគ្រីស្ទ ឬសេចក្ដីកំសាន្តណារបស់ផងសេចក្ដីស្រឡាញ់ ឬសេចក្ដីប្រកបណាផងព្រះវិញ្ញាណ ឬសេចក្ដីថ្និតថ្នម នឹងសេចក្ដីអាណិតអាសូរណា នោះចូរបំពេញសេចក្ដីអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិត មានសេចក្ដីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នាចុះ កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្ដីដែលស្មើនឹងព្រះនោះ ទុកជាសេចក្ដីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។ បានជា ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ប្រយោជន៍ឲ្យអ្នករាល់គ្នាបានឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះ ដែលរកបន្ទោសមិនបាននៅក្នុងដំណមនុស្សវៀច ហើយខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោក ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំបានសេចក្ដីអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការជាឥតប្រយោជន៍ឡើយ ប៉ុន្តែ បើសិនជាត្រូវច្រួចខ្ញុំចេញលើយញ្ញបូជា នឹងការជំនួយរបស់សេចក្ដីជំនឿនៃអ្នករាល់គ្នា នោះខ្ញុំក៏អរ ហើយមានសេចក្ដីអំណរជាមួយនឹងអ្នករាល់គ្នាទាំងអស់ដែរ ចូរឲ្យអ្នករាល់គ្នាមានសេចក្ដីអំណរយ៉ាងនោះ ហើយអរសប្បាយ ជាមួយនឹងខ្ញុំផង។