ភីលីព 1:19-22
ភីលីព 1:19-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតខ្ញុំដឹងថា តាមរយៈសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា និងដោយសារព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទបានជួយផង ការនេះនឹងត្រឡប់ជាការសង្គ្រោះដល់ខ្ញុំវិញ។ អ្វីដែលខ្ញុំទន្ទឹងរង់ចាំ និងសង្ឃឹមអស់ពីចិត្តនោះ ខ្ញុំនឹងមិនខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងរូបកាយខ្ញុំ ក្នុងពេលឥឡូវនេះ ក៏ដូចជាពេលណាទាំងអស់ ទោះរស់ឬស្លាប់ក្តី។ ដ្បិតសម្រាប់ខ្ញុំ ដែលរស់គឺសម្រាប់ព្រះគ្រីស្ទ ហើយដែលស្លាប់ទៅក៏ចំណេញដែរ។ ប្រសិនបើខ្ញុំរស់ខាងសាច់ឈាម មានន័យថាប្រមូលផលសម្រាប់ខ្លួនខ្ញុំ នោះខ្ញុំមិនដឹងជារើសយកខាងណាទេ។
ភីលីព 1:19-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើឲ្យខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ ហើយដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្តជួយខ្ញុំដែរ។ ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ត និងសង្ឃឹមលើព្រះអង្គ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្តរឹងប៉ឹង ឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងព្រះគ្រិស្តក្នុងរូបកាយខ្ញុំ។ ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រិស្ត ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។ ប៉ុន្តែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើឲ្យកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។
ភីលីព 1:19-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណ នៃព្រះយេស៊ូវគ្រីស្ទមកជួយផង តាមសេចក្ដីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ ប៉ុន្តែ បើរស់ខាងឯសាច់ឈាម នឹងនាំឲ្យការខ្ញុំកើតផល នោះខ្ញុំមិនដឹងរើសយកខាងណាទេ