ភីលីព 1:18-21
ភីលីព 1:18-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើដូចម្តេចទៅវិញ? គឺយ៉ាងនេះថា គេប្រកាសអំពីព្រះគ្រីស្ទតាមគ្រប់វិធីទាំងអស់ ទោះដោយធ្វើពុត ឬពិតប្រាកដក្តី ក៏ខ្ញុំមានអំណរដែរ។ មែន ហើយខ្ញុំនឹងមានអំណរតទៅមុខទៀត ដ្បិតខ្ញុំដឹងថា តាមរយៈសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា និងដោយសារព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទបានជួយផង ការនេះនឹងត្រឡប់ជាការសង្គ្រោះដល់ខ្ញុំវិញ។ អ្វីដែលខ្ញុំទន្ទឹងរង់ចាំ និងសង្ឃឹមអស់ពីចិត្តនោះ ខ្ញុំនឹងមិនខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងរូបកាយខ្ញុំ ក្នុងពេលឥឡូវនេះ ក៏ដូចជាពេលណាទាំងអស់ ទោះរស់ឬស្លាប់ក្តី។ ដ្បិតសម្រាប់ខ្ញុំ ដែលរស់គឺសម្រាប់ព្រះគ្រីស្ទ ហើយដែលស្លាប់ទៅក៏ចំណេញដែរ។
ភីលីព 1:18-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្ដី ស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីព្រះគ្រិស្តដែរ ខ្ញុំសប្បាយចិត្តនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្តតទៅមុខទៀត ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើឲ្យខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ ហើយដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្តជួយខ្ញុំដែរ។ ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ត និងសង្ឃឹមលើព្រះអង្គ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្តរឹងប៉ឹង ឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងព្រះគ្រិស្តក្នុងរូបកាយខ្ញុំ។ ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រិស្ត ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។
ភីលីព 1:18-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចុះតើអំពល់អ្វី ទោះបើយ៉ាងណាក៏ដោយ ទោះដោយពើ ឬដោយសេចក្ដីស្មោះក្តី គង់តែគេសំដែងពីព្រះគ្រីស្ទដែរ ដូច្នេះ ខ្ញុំមានសេចក្ដីអំណរណាស់ ក៏នឹងចេះតែមានអំណរតទៅមុខទៀត ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណ នៃព្រះយេស៊ូវគ្រីស្ទមកជួយផង តាមសេចក្ដីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ