ភីលីព 1:13-18
ភីលីព 1:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដើម្បីឲ្យកងរក្សាសន្តិសុខពេញផ្ទៃវាំងទាំងមូល និងឲ្យមនុស្សគ្រប់គ្នាផ្សេងទៀតដឹងថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ ហើយបងប្អូនភាគច្រើន ដែលមានការជឿជាក់ក្នុងព្រះអម្ចាស់ដោយសារចំណងរបស់ខ្ញុំ គេហ៊ានផ្សាយព្រះបន្ទូលកាន់តែខ្លាំងឡើង ដោយឥតភ័យខ្លាច។ មានអ្នកខ្លះប្រកាសអំពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែក តែអ្នកខ្លះទៀតប្រកាសដោយមានបំណងល្អ។ អ្នកទាំងនេះ ប្រកាសអំពីព្រះគ្រីស្ទដោយចិត្តស្រឡាញ់ ដោយដឹងថាខ្ញុំបានជាប់នៅទីនេះ សម្រាប់នឹងឆ្លើយការពារដំណឹងល្អ។ អ្នកខ្លះទៀត ប្រកាសអំពីព្រះគ្រីស្ទដោយការប្រកួតប្រជែង មិនមែនដោយចិត្តស្មោះទេ គឺដើម្បីបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងរបស់ខ្ញុំ។ តើដូចម្តេចទៅវិញ? គឺយ៉ាងនេះថា គេប្រកាសអំពីព្រះគ្រីស្ទតាមគ្រប់វិធីទាំងអស់ ទោះដោយធ្វើពុត ឬពិតប្រាកដក្តី ក៏ខ្ញុំមានអំណរដែរ។ មែន ហើយខ្ញុំនឹងមានអំណរតទៅមុខទៀត
ភីលីព 1:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និងនៅគ្រប់ទីកន្លែងឯទៀតៗ មនុស្សម្នាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ត។ ដោយឃើញខ្ញុំជាប់ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្តលើព្រះអម្ចាស់ ហើយរឹតតែមានចិត្តក្លាហានប្រកាសព្រះបន្ទូលឥតភ័យខ្លាចអ្វីឡើយ។ មានបងប្អូនខ្លះប្រកាសដំណឹងល្អអំពីព្រះគ្រិស្ត ដោយចិត្តច្រណែនឈ្នានីស ចង់ប្រណាំងប្រជែង តែបងប្អូនខ្លះទៀតប្រកាសដោយមានឆន្ទៈល្អ បងប្អូនទាំងនេះប្រកាសដោយចិត្តស្រឡាញ់ ព្រោះដឹងថាព្រះអម្ចាស់បានតែងតាំងខ្ញុំឲ្យការពារដំណឹងល្អ។ រីឯអ្នកដែលផ្សាយដំណឹងអំពីព្រះគ្រិស្ត ដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនបរិសុទ្ធ*ទេ គឺគេស្មានថានឹងធ្វើឲ្យខ្ញុំរឹងរឹតតែវេទនាក្នុងទីឃុំឃាំងថែមទៀត។ មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្ដី ស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីព្រះគ្រិស្តដែរ ខ្ញុំសប្បាយចិត្តនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្តតទៅមុខទៀត
ភីលីព 1:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ម៉្លេះបានជានៅពេញក្នុងផ្ទៃវាំង នឹងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ ហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំ ហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច មានខ្លះសំដែងពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែកមែន តែខ្លះ ដោយចិត្តស្មោះសរវិញ ឯពួកមួយ គេសំដែងពីព្រះគ្រីស្ទ ដោយចិត្តទទឹង មិនមែនដោយចិត្តស្អាតទេ នោះគឺដោយស្មានថា គេនឹងបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងខ្ញុំទៀត ឯពួកមួយទៀត គេប្រព្រឹត្តដោយស្រឡាញ់វិញ ដោយដឹងថា ខ្ញុំបានតាំងឡើង សំរាប់ដោះសាពីដំណឹងល្អ ចុះតើអំពល់អ្វី ទោះបើយ៉ាងណាក៏ដោយ ទោះដោយពើ ឬដោយសេចក្ដីស្មោះក្តី គង់តែគេសំដែងពីព្រះគ្រីស្ទដែរ ដូច្នេះ ខ្ញុំមានសេចក្ដីអំណរណាស់ ក៏នឹងចេះតែមានអំណរតទៅមុខទៀត