ភីលីព 1:1-6

ភីលីព 1:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល និង​ធីម៉ូថេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​ពួក​បរិសុទ្ធ​ទាំង​អស់ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​ជា​អភិបាល និង​ជា​អ្នក​ជំនួយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​រាល់​ពេល​ដែល​ខ្ញុំ​នឹក​គិត​ពី​អ្នក​រាល់​គ្នា គ្រប់​ពេល​ដែល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​អំណរ​ជា‌និច្ច ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង រហូត​ដល់​ឥឡូវ​នេះ។ ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ខ្ញុំ ប៉ូល និង​ធីម៉ូថេ ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត*​យេស៊ូ សូម​ជម្រាប​មក​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ ដែល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ សូម​ជ្រាប។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​បងប្អូន ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច គឺ​គ្រប់​ពេល ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​សម្រាប់​បងប្អូន​ទាំង​អស់​គ្នា ខ្ញុំ​ទូល‌អង្វរ​ដោយ​ចិត្ត​រីក‌រាយ​ជា​ដរាប ព្រោះ​បងប្អូន​រួម​ចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​មក​ទល់​សព្វ​ថ្ងៃ។ ខ្ញុំ​ជឿ​ជាក់​ថា ព្រះអង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បងប្អូន ព្រះអង្គ​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ​ព្រះ‌គ្រិស្ត​យេស៊ូ​យាង​មក។

ចែក​រំលែក
អាន ភីលីព 1

ភីលីព 1:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល នឹង​ធីម៉ូថេ ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​បរិសុទ្ធ​ទាំង​អស់ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​នៅ​ក្រុង​ភីលីព ព្រម​ទាំង​ពួក​អ្នក​ត្រួត‌ត្រា នឹង​ពួក​ជំនួយ​ផង សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា ខ្ញុំ​ក៏​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​អំណរ នៅ​គ្រប់​វេលា​ដែល​ខ្ញុំ​អធិស្ឋាន​ជានិច្ច ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដរាប​ដល់​ឥឡូវ​នេះ ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ

ចែក​រំលែក
អាន ភីលីព 1