ភីលីព 1:1-18
ភីលីព 1:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល និងធីម៉ូថេ ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកពួកបរិសុទ្ធទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅក្រុងភីលីព ព្រមទាំងអស់លោកជាអភិបាល និងជាអ្នកជំនួយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះ ជាព្រះវរបិតានៃយើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នា គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។ ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។ ការដែលខ្ញុំគិតពីអ្នករាល់គ្នាបែបនេះ ត្រឹមត្រូវហើយ ព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែឆ្លើយការពារ ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានចំណែកក្នុងព្រះគុណជាមួយខ្ញុំដែរ។ ព្រះជាស្មបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសរបស់ព្រះគ្រីស្ទយេស៊ូវ។ ខ្ញុំក៏អធិស្ឋានសូមការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចម្រើនកាន់តែច្រើនឡើង មានចំណេះដឹង និងយល់គ្រប់សព្វទាំងអស់ ដើម្បីជួយអ្នករាល់គ្នាឲ្យពិចារណាមើលពីអ្វីដែលប្រសើរបំផុត ហើយឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ឥតកន្លែងបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រីស្ទ ក៏មានពេញដោយផលនៃសេចក្តីសុចរិត មកតាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់ជាសិរីល្អ និងជាការសរសើរដល់ព្រះ។ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ ពិតជាបានជួយឲ្យដំណឹងល្អចម្រើនឡើងទៅវិញទេ ដើម្បីឲ្យកងរក្សាសន្តិសុខពេញផ្ទៃវាំងទាំងមូល និងឲ្យមនុស្សគ្រប់គ្នាផ្សេងទៀតដឹងថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ ហើយបងប្អូនភាគច្រើន ដែលមានការជឿជាក់ក្នុងព្រះអម្ចាស់ដោយសារចំណងរបស់ខ្ញុំ គេហ៊ានផ្សាយព្រះបន្ទូលកាន់តែខ្លាំងឡើង ដោយឥតភ័យខ្លាច។ មានអ្នកខ្លះប្រកាសអំពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែក តែអ្នកខ្លះទៀតប្រកាសដោយមានបំណងល្អ។ អ្នកទាំងនេះ ប្រកាសអំពីព្រះគ្រីស្ទដោយចិត្តស្រឡាញ់ ដោយដឹងថាខ្ញុំបានជាប់នៅទីនេះ សម្រាប់នឹងឆ្លើយការពារដំណឹងល្អ។ អ្នកខ្លះទៀត ប្រកាសអំពីព្រះគ្រីស្ទដោយការប្រកួតប្រជែង មិនមែនដោយចិត្តស្មោះទេ គឺដើម្បីបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងរបស់ខ្ញុំ។ តើដូចម្តេចទៅវិញ? គឺយ៉ាងនេះថា គេប្រកាសអំពីព្រះគ្រីស្ទតាមគ្រប់វិធីទាំងអស់ ទោះដោយធ្វើពុត ឬពិតប្រាកដក្តី ក៏ខ្ញុំមានអំណរដែរ។ មែន ហើយខ្ញុំនឹងមានអំណរតទៅមុខទៀត
ភីលីព 1:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងខ្ញុំ ប៉ូល និងធីម៉ូថេ ជាអ្នកបម្រើរបស់ព្រះគ្រិស្ត*យេស៊ូ សូមជម្រាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ ដែលរួមជាមួយព្រះគ្រិស្តយេស៊ូនៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និងអ្នកជំនួយ សូមជ្រាប។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច គឺគ្រប់ពេល ខ្ញុំទូលអង្វរព្រះជាម្ចាស់សម្រាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូលអង្វរដោយចិត្តរីករាយជាដរាប ព្រោះបងប្អូនរួមចំណែកក្នុងការផ្សាយដំណឹងល្អ តាំងពីថ្ងៃដំបូងរហូតមកទល់សព្វថ្ងៃ។ ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងបងប្អូន ព្រះអង្គក៏នឹងបង្ហើយការនេះរហូតដល់ថ្ងៃព្រះគ្រិស្តយេស៊ូយាងមក។ ខ្ញុំមានចិត្តគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នា ពិតជាត្រឹមត្រូវមែន ព្រោះចិត្តខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្ដី ឬពេលខ្ញុំនិយាយ និងពង្រឹងដំណឹងល្អ*ក្ដី បងប្អូនទាំងអស់គ្នាក៏បានរួមចំណែកជាមួយខ្ញុំ ក្នុងកិច្ចការដែលព្រះជាម្ចាស់ប្រណីសន្ដោសឲ្យខ្ញុំបំពេញនេះដែរ។ ព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង ដោយចិត្តអាណិតមេត្តាមកពីព្រះគ្រិស្តយេស៊ូ។ ខ្ញុំទូលអង្វរព្រះជាម្ចាស់ដូចតទៅនេះ គឺសូមឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលុបកាន់តែខ្លាំងឡើងៗ ធ្វើឲ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ។ ដូច្នេះ នៅថ្ងៃព្រះគ្រិស្តយាងមក បងប្អូននឹងបានបរិសុទ្ធ* ឥតមានកំហុសអ្វីឡើយ ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិត ដែលមកពីព្រះយេស៊ូគ្រិស្ត សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរព្រះជាម្ចាស់។ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ហេតុការណ៍ដែលកើតមានដល់ខ្ញុំនោះ បែរជាជួយដំណឹងល្អវិញទេ គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និងនៅគ្រប់ទីកន្លែងឯទៀតៗ មនុស្សម្នាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ត។ ដោយឃើញខ្ញុំជាប់ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្តលើព្រះអម្ចាស់ ហើយរឹតតែមានចិត្តក្លាហានប្រកាសព្រះបន្ទូលឥតភ័យខ្លាចអ្វីឡើយ។ មានបងប្អូនខ្លះប្រកាសដំណឹងល្អអំពីព្រះគ្រិស្ត ដោយចិត្តច្រណែនឈ្នានីស ចង់ប្រណាំងប្រជែង តែបងប្អូនខ្លះទៀតប្រកាសដោយមានឆន្ទៈល្អ បងប្អូនទាំងនេះប្រកាសដោយចិត្តស្រឡាញ់ ព្រោះដឹងថាព្រះអម្ចាស់បានតែងតាំងខ្ញុំឲ្យការពារដំណឹងល្អ។ រីឯអ្នកដែលផ្សាយដំណឹងអំពីព្រះគ្រិស្ត ដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនបរិសុទ្ធ*ទេ គឺគេស្មានថានឹងធ្វើឲ្យខ្ញុំរឹងរឹតតែវេទនាក្នុងទីឃុំឃាំងថែមទៀត។ មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្ដី ស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីព្រះគ្រិស្តដែរ ខ្ញុំសប្បាយចិត្តនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្តតទៅមុខទៀត
ភីលីព 1:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុល នឹងធីម៉ូថេ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ យើងខ្ញុំផ្ញើមកពួកបរិសុទ្ធទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅក្រុងភីលីព ព្រមទាំងពួកអ្នកត្រួតត្រា នឹងពួកជំនួយផង សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយព្រោះគ្រប់ទាំងសេចក្ដី ដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា ខ្ញុំក៏ទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរ នៅគ្រប់វេលាដែលខ្ញុំអធិស្ឋានជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង ដរាបដល់ឥឡូវនេះ ខ្ញុំជឿសេចក្ដីនេះជាយ៉ាងជាក់ថា ព្រះអង្គ ដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ គួរគប្បីឲ្យខ្ញុំគិតពីអ្នករាល់គ្នាដូច្នេះដែរ ពីព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែដោះសា ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានសេចក្ដីប្រកប ក្នុងព្រះគុណជាមួយនឹងខ្ញុំដែរ ព្រះទ្រង់ជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំក៏អធិស្ឋានសូមសេចក្ដីនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្ដីចេះដឹង នឹងយោបល់គ្រប់ជំពូក ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្ដីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ ព្រមទាំងមានពេញជាផលនៃសេចក្ដីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្ដីសរសើរដល់ព្រះផង។ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ ដល់ម៉្លេះបានជានៅពេញក្នុងផ្ទៃវាំង នឹងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ ហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំ ហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច មានខ្លះសំដែងពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែកមែន តែខ្លះ ដោយចិត្តស្មោះសរវិញ ឯពួកមួយ គេសំដែងពីព្រះគ្រីស្ទ ដោយចិត្តទទឹង មិនមែនដោយចិត្តស្អាតទេ នោះគឺដោយស្មានថា គេនឹងបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងខ្ញុំទៀត ឯពួកមួយទៀត គេប្រព្រឹត្តដោយស្រឡាញ់វិញ ដោយដឹងថា ខ្ញុំបានតាំងឡើង សំរាប់ដោះសាពីដំណឹងល្អ ចុះតើអំពល់អ្វី ទោះបើយ៉ាងណាក៏ដោយ ទោះដោយពើ ឬដោយសេចក្ដីស្មោះក្តី គង់តែគេសំដែងពីព្រះគ្រីស្ទដែរ ដូច្នេះ ខ្ញុំមានសេចក្ដីអំណរណាស់ ក៏នឹងចេះតែមានអំណរតទៅមុខទៀត