ភីលេម៉ូន 1:12-25
ភីលេម៉ូន 1:12-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានចាត់គាត់ ដែលជាដួងចិត្តរបស់ខ្ញុំ ឲ្យមករកអ្នកវិញ។ ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យគាត់បានបម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ តែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកឡើយ ដើម្បីកុំឲ្យអ្នកធ្វើល្អទាំងបង្ខំ គឺដោយស្ម័គ្រចិត្តវិញ។ ប្រហែលជាដោយសារមូលហេតុនេះ បានជាគាត់ឃ្លាតចេញពីអ្នកមួយរយៈ ដើម្បីឲ្យអ្នកបានគាត់មកវិញអស់កល្បជានិច្ច តែមិនមែនជាអ្នកបម្រើទៀត គឺជាបងប្អូនស្ងួនភ្ងាវិញ ដែលលើសជាងអ្នកបម្រើទៅទៀត ជាពិសេសចំពោះខ្ញុំ ហើយចំពោះអ្នកកាន់តែពិសេសថែមទៀត ទាំងខាងសាច់ឈាម ទាំងខាងព្រះអម្ចាស់។ ដូច្នេះ ប្រសិនបើអ្នករាប់ខ្ញុំទុកជាគូកន នោះចូរទទួលគាត់ ទុកដូចជាទទួលខ្ញុំចុះ។ ប្រសិនបើគាត់បានធ្វើអ្វីខុសចំពោះអ្នក ឬជំពាក់អ្វីដល់អ្នក នោះត្រូវគិតលើខ្ញុំវិញ។ ខ្ញុំ ប៉ុល សរសេរដោយដៃរបស់ខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងអ្នក តែខ្ញុំមិនបាច់រំឭកអ្នកទេថា សូម្បីតែខ្លួនអ្នកផ្ទាល់ក៏ជំពាក់ខ្ញុំដែរ។ មែនហើយ ប្អូនអើយ សូមឲ្យខ្ញុំបានផលនេះពីអ្នកក្នុងព្រះអម្ចាស់ផង! សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយក្នុងព្រះគ្រីស្ទផង។ ខ្ញុំបានសរសេរសំបុត្រនេះផ្ញើមកអ្នក ដោយជឿជាក់ថា អ្នកនឹងស្តាប់តាមខ្ញុំ ហើយខ្ញុំក៏ដឹងថា អ្នកនឹងធ្វើលើសជាងពាក្យដែលខ្ញុំសុំនេះទៅទៀត។ ព្រមជាមួយគ្នានេះ សូមរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ដ្បិតខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ខ្ញុំនឹងបានមកជួបអ្នកវិញមិនខាន។ លោកអេប៉ាប្រាស ជាអ្នកជាប់គុកជាមួយខ្ញុំដោយព្រោះព្រះគ្រីស្ទយេស៊ូវ សូមជម្រាបសួរមកអ្នក ហើយលោកម៉ាកុស លោកអើរីស្តាក លោកដេម៉ាស និងលោកលូកា ជាអ្នករួមការជាមួយខ្ញុំ ក៏សូមជម្រាបសួរមកអ្នកដែរ។ សូមឲ្យវិញ្ញាណរបស់អ្នកបានប្រកបដោយព្រះគុណរបស់អម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚
ភីលេម៉ូន 1:12-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមចាត់គាត់ ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំ ឲ្យវិលមករកលោកប្អូនវិញ។ ខ្ញុំមានបំណងចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យនៅបម្រើខ្ញុំជំនួសលោកប្អូន ក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អ*នេះ ក៏ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឲ្យលោកប្អូនធ្វើអំពើល្អ ទាំងទើស ទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្តវិញ។ អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីឲ្យលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបម្រើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូន គាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងព្រះអម្ចាស់។ ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំទុកជាបងប្អូនរួមជំនឿមែន សូមទទួលគាត់ឲ្យបានដូចទទួលខ្ញុំផ្ទាល់ដែរ។ ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះលោកប្អូន ឬប្រសិនបើគាត់ជំពាក់អ្វីលោក ប្អូនសូមគិតទៅលើខ្ញុំចុះ។ ខ្ញុំ ប៉ូល ខ្ញុំសរសេរពាក្យនេះដោយដៃខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងលោកប្អូនវិញ (ខ្ញុំមិនបាច់រំឭកថា លោកប្អូនក៏នៅជំពាក់ខ្ញុំផងដែរនោះទេ គឺនៅជំពាក់រូបលោកប្អូនផ្ទាល់តែម្ដង)។ លោកប្អូនអើយ សូមលោកប្អូនមេត្តាជួយខ្ញុំ ដោយយល់ដល់ព្រះអម្ចាស់ ហើយសូមធ្វើឲ្យចិត្តខ្ញុំបានស្ងប់ក្នុងអង្គព្រះគ្រិស្តផង។ ខ្ញុំសរសេរមកលោកប្អូន ដោយជឿជាក់ថា លោកប្អូនមុខជាស្ដាប់តាមសំណូមពររបស់ខ្ញុំ។ ខ្ញុំក៏ដឹងថា លោកប្អូននឹងធ្វើលើសពីពាក្យដែលខ្ញុំសុំទៅទៀត។ ព្រមជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់ផង ដ្បិតខ្ញុំសង្ឃឹមថានឹងបានមកជួបបងប្អូនមិនខាន ព្រោះបងប្អូនបានទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ។ លោកអេប៉ាប្រាសដែលជាប់ឃុំឃាំងជាមួយខ្ញុំ ព្រោះតែព្រះគ្រិស្តយេស៊ូ សូមជម្រាបសួរមកលោកប្អូន ហើយលោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកា ដែលរួមការងាររបស់ខ្ញុំ ក៏សូមជម្រាបសួរមកលោកប្អូនដែរ។ សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។
ភីលេម៉ូន 1:12-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមអ្នកទទួលគាត់ចុះ ព្រោះជាដួងចិត្តរបស់ខ្ញុំហើយ ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយនឹងខ្ញុំណាស់ ដើម្បីឲ្យគាត់បំរើខ្ញុំជំនួសអ្នក ដែលខ្ញុំនៅជាប់ចំណង ដោយព្រោះដំណឹងល្អ តែខ្ញុំមិនចង់ធ្វើអ្វីទេ លើកតែអ្នកយល់ព្រមដែរ ដើម្បីកុំឲ្យអ្នកធ្វើគុណទាំងបង្ខំឡើយ គឺចង់ឲ្យបានធ្វើដោយស្ម័គ្រចិត្តវិញ ដ្បិតប្រហែលជាដោយហេតុនោះ បានជាគាត់ឃ្លាតចេញពីអ្នកទៅជាយូរបន្តិច ដើម្បីឲ្យអ្នកបានគាត់វិញ ឲ្យនៅជាប់ជាដរាបទៅ តែមិនមែនដូចជាបាវបំរើទៀតឡើយ គឺលើសជាងបាវបំរើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ គឺដល់ខ្ញុំជាដើម ហើយដល់អ្នក តើលើសជាងយ៉ាងណាទៅ ទាំងខាងសាច់ឈាម នឹងក្នុងព្រះអម្ចាស់ផង ដូច្នេះ បើអ្នករាប់ខ្ញុំទុកជាគូកន នោះចូរទទួលគាត់ទុកដូចជាខ្លួនខ្ញុំចុះ បើគាត់បានធ្វើអ្វីខុសឆ្គងនឹងអ្នក ឬជំពាក់អ្នក នោះត្រូវគិតលើខ្ញុំវិញ ប៉ុលខ្ញុំសរសេរដោយដៃខ្លួនថា ខ្ញុំនឹងសងអ្នក តែដែលអ្នកជំពាក់ខ្ញុំ ទាំងខ្លួនអ្នកផង នោះមិនថាទេ អើ ប្អូនអើយ សូមឲ្យខ្ញុំបានផលនេះអំពីអ្នក ក្នុងព្រះអម្ចាស់ សូមលំហែចិត្តខ្ញុំក្នុងព្រះគ្រីស្ទផង។ ខ្ញុំបានសរសេរសំបុត្រនេះផ្ញើមកអ្នក ដោយមានចិត្តជឿថា អ្នកនឹងស្តាប់តាមខ្ញុំ ហើយខ្ញុំក៏ដឹងជាក់ថា អ្នកនឹងធ្វើលើសអំពីសេចក្ដីដែលខ្ញុំសូមនេះទៅទៀត។ សូមរៀបកន្លែងឲ្យខ្ញុំបាននៅផង ដ្បិតខ្ញុំសង្ឃឹមថា ព្រះទ្រង់នឹងប្រគល់ខ្ញុំមកឯអ្នកវិញ ដោយអ្នកអធិស្ឋានឲ្យខ្ញុំផង។ អ្នកអេប៉ាប្រាស ជាអ្នកជាប់គុកជា១នឹងខ្ញុំ ដោយព្រោះព្រះគ្រីស្ទយេស៊ូវ គាត់ជំរាបសួរមកអ្នកដែរ ព្រមទាំងអ្នកម៉ាកុស អ្នកអើរីស្តាក អ្នកដេម៉ាស នឹងអ្នកលូកា ជាគូកនធ្វើការជា១នឹងខ្ញុំ គេក៏សូមជំរាបសួរមកអ្នកផង។ សូមឲ្យវិញ្ញាណអ្នកបានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ អាម៉ែន។:៚