អូបាឌា 1:1-4

អូបាឌា 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​និមិត្ត​របស់​ហោរា​អូបាឌា។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​សាសន៍​អេដុម​ដូច្នេះ​ថា៖ ពួក​យើង​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​ចាត់អ្នក​នាំ​ពាក្យម្នាក់ ឲ្យ​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ​ថា ចូរ​ក្រោក​ឡើង! ចូរ​យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​គេ! មើល៍ យើងនឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជានគរ​មួយ​តូច​ជាង​គេ ក្នុង​ចំណោម​នគរ​ទាំង​ប៉ុន្មាន គេ​នឹង​មើល‌ងាយ​អ្នក​យ៉ាង​ខ្លាំង។ ចិត្ត​អំនួត​របស់​អ្នក​បាន​បញ្ឆោត​អ្នក​ហើយ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម ហើយ​មាន​ទី​លំនៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​ដល់​ដី​បាន?" ទោះ​បើ​អ្នក​ហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ឥន្ទ្រី ហើយ​ធ្វើ​សម្បុក​នៅ​កណ្ដាល​អស់​ទាំង​ផ្កាយ​ក៏​ដោយ ក៏យើង​នឹង​ទាញ​ទម្លាក់​ពី​ទី​នោះ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អូបាឌា 1

អូបាឌា 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​លោក​អូបា‌ឌា​ឃើញ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់​អំពី​ស្រុក​អេដុម។ ព្រះ‌អម្ចាស់​ប្រទាន​ដំណឹង​មក​ពួក​យើង ព្រះអង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅ ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ថា: “ចូរ​ក្រោក​ឡើង នាំ​គ្នា​វាយ​សម្រុក ចូរ​វាយ​លុក​ស្រុក​អេដុម​ទៅ!”។ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា ប្រជា‌ជាតិ​មួយ​តូច​ជាង​គេ ជា​ប្រជា‌ជាតិ​មួយ​ដែល​គេ​មើល‌ងាយ​បំផុត។ ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ ចុះ​ទៅ​ដី​បាន​ទេ!”។ ទោះ​បី​អ្នក​ឡើង​ទៅ​លើ ខ្ពស់​ដូច​សត្វ​ឥន្ទ្រី ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក​ទៅ ដាក់​នៅ​ក្នុង​ចំណោម​ផ្កាយ​ក្ដី ក៏​យើង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អូបាឌា 1

អូបាឌា 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ការ​ជាក់​ស្តែង​របស់​អូបាឌា។ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​សាសន៍​អេដំម​ដូច្នេះ យើង​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​មាន​ទូត​១​បាន​ចាត់​ឲ្យ​មក​នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន​ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​ប្រុង​ប្រៀប​ឡើង យើង​នឹង​លើក​គ្នា​ឡើង​ទៅ​ច្បាំង​នឹង​គេ មើល អញ​បាន​ធ្វើ​ឲ្យ​ឯង​ជា​នគរ​យ៉ាង​តូច នៅ​ក្នុង​ពួក​នគរ​ទាំង​ប៉ុន្មាន គេ​មើល‌ងាយ​ឯង​ជា​ខ្លាំង ម្នាល​ឯង​ដែល​អាស្រ័យ​នៅ​ក្នុង​ក្រហែង​ថ្ម ដែល​មាន​ទី​លំនៅ​យ៉ាង​ខ្ពស់ ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​អាច​នឹង​នាំ​អញ​ចុះ​ដល់​ដី​បាន សេចក្ដី​អំនួត​នៅ​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ឯង​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​ឯង​ហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ជា​ឥន្ទ្រី ហើយ​ធ្វើ​សំបុក​ឯង​នៅ​កណ្តាល​អស់​ទាំង​ផ្កាយ​ក៏​ដោយ គង់​តែ​អញ​នឹង​នាំ​ឯង​ចុះ​ពី​ទី​នោះ​មក​ដែរ។

ចែក​រំលែក
អាន អូបាឌា 1