អូបាឌា 1:1-14
អូបាឌា 1:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជានិមិត្តរបស់ហោរាអូបាឌា។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូល ពីដំណើរសាសន៍អេដុមដូច្នេះថា៖ ពួកយើងបានឮដំណឹងមកពីព្រះយេហូវ៉ា ព្រះអង្គបានចាត់អ្នកនាំពាក្យម្នាក់ ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងឡាយថា ចូរក្រោកឡើង! ចូរយើងលើកគ្នាទៅច្បាំងនឹងគេ! មើល៍ យើងនឹងធ្វើឲ្យអ្នកក្លាយជានគរមួយតូចជាងគេ ក្នុងចំណោមនគរទាំងប៉ុន្មាន គេនឹងមើលងាយអ្នកយ៉ាងខ្លាំង។ ចិត្តអំនួតរបស់អ្នកបានបញ្ឆោតអ្នកហើយ អ្នករស់នៅតាមក្រហែងថ្ម ហើយមានទីលំនៅតាមកន្លែងខ្ពស់ៗ អ្នកគិតក្នុងចិត្តថា "តើអ្នកណាអាចទម្លាក់ខ្ញុំចុះដល់ដីបាន?" ទោះបើអ្នកហើរឡើងទៅយ៉ាងខ្ពស់ ដូចឥន្ទ្រី ហើយធ្វើសម្បុកនៅកណ្ដាលអស់ទាំងផ្កាយក៏ដោយ ក៏យើងនឹងទាញទម្លាក់ពីទីនោះដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ បើមានពួកចោរមកលួចអ្នក បើពួកចោរប្លន់ចូលមកនៅពេលយប់ ម៉្លេះសមអ្នកនឹងត្រូវអន្តរាយយ៉ាងណាទៅ! តើគេមិនត្រឹមតែលួចឲ្យល្មមតែអ្វីដែលគេចង់បានទេឬ? ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរបានមកធ្វើការឲ្យអ្នក តើគេមិនទុកផ្លែខ្លះឲ្យបានបេះតាមក្រោយទេឬ? អេសាវត្រូវគេគាស់កកាយយ៉ាងណាហ្ន៎ កំណប់ទ្រព្យរបស់អ្នកត្រូវបានគេឆែកឆេរកហើយ! អស់ទាំងសម្ព័ន្ធមិត្តរបស់អ្នកបានបញ្ឆោតអ្នក គេបានបណ្តេញអ្នករហូតដល់ព្រំដែន មនុស្សដែលចងស្ពានមេត្រីជាមួយអ្នក បានឈ្នះអ្នក អស់អ្នកដែលបរិភោគ អាហាររបស់អ្នក បានដាក់អន្ទាក់ចាប់អ្នក អ្នកគ្មានការយល់ដឹងអ្វីឡើយ។ នៅថ្ងៃនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងបំផ្លាញពួកអ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយអ្នកចេះដឹងឲ្យអស់ពីស្រុកភ្នំរបស់អេសាវ"។ ឱថេម៉ានអើយ មនុស្សខ្លាំងពូកែ របស់អ្នកនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាត្រូវកាត់ចេញពីភ្នំរបស់អេសាវ ដោយសម្លាប់រង្គាល។ សេចក្ដីអាម៉ាស់ខ្មាសនឹងគ្របលើអ្នក ហើយអ្នកនឹងត្រូវកាត់ចេញជារៀងរហូត ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។ នៅថ្ងៃដែលអ្នកបានឈរមើល នៅថ្ងៃដែលពួកប្រទេសក្រៅបានចាប់យក ទ្រព្យសម្បត្តិរបស់គេទៅ ហើយពួកសាសន៍ដទៃចូលទៅក្នុងទ្វារក្រុងរបស់គេ រួចចាប់ឆ្នោតយកក្រុងយេរូសាឡិម នោះអ្នកក៏ដូចជាពួកគេណាមួយដែរ។ ប៉ុន្តែ អ្នកមិនគួរឈរមើលប្អូនរបស់អ្នក ទាំងត្រេកអរ នៅថ្ងៃដែលគេជួបទុក្ខវេទនាឡើយ ក៏មិនគួរមានចិត្តរីករាយនឹងប្រជាជនយូដា នៅថ្ងៃដែលគេត្រូវបំផ្លាញនោះដែរ អ្នកមិនគួរអួតខ្លួននៅថ្ងៃដែលគេមានទុក្ខលំបាកឡើយ។ នៅថ្ងៃដែលប្រជារាស្ត្ររបស់យើងជួបមហន្តរាយ អ្នកមិនគួរចូលទៅក្នុងទ្វារក្រុងរបស់គេទេ។ នៅថ្ងៃដែលយូដាជួបមហន្តរាយ អ្នកមិនគួរនាំគ្នាឈរមើលទាំងត្រេកអរ នឹងគេរងទុក្ខឡើយ។ នៅថ្ងៃដែលគេជួបមហន្តរាយ អ្នកមិនគួរឆ្លៀតលួចយកព្រទ្យសម្បត្តិ របស់គេដូច្នេះសោះ។ អ្នកមិនគួរឈរស្កាត់នៅត្រង់ផ្លូវបំបែក ដើម្បីសម្លាប់អ្នកដែលរត់គេចខ្លួន ក៏មិនគួរប្រគល់អ្នកដែលនៅមានជីវិតរស់ ក្នុងថ្ងៃទុក្ខលំបាកឡើយ។
អូបាឌា 1:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជានិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្តែងឲ្យលោកអូបាឌាឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់អំពីស្រុកអេដុម។ ព្រះអម្ចាស់ប្រទានដំណឹងមកពួកយើង ព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ ប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយថា: “ចូរក្រោកឡើង នាំគ្នាវាយសម្រុក ចូរវាយលុកស្រុកអេដុមទៅ!”។ «យើងនឹងធ្វើឲ្យអ្នកក្លាយទៅជា ប្រជាជាតិមួយតូចជាងគេ ជាប្រជាជាតិមួយដែលគេមើលងាយបំផុត។ ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកន្លែងខ្ពស់ៗ អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ ចុះទៅដីបានទេ!”។ ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ ដាក់នៅក្នុងចំណោមផ្កាយក្ដី ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប្រសិនបើមានចោរលួចចោរប្លន់ចូលមកក្នុងផ្ទះ របស់អ្នកនៅពេលយប់ នោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់! គេនឹងលួចយកអ្វីៗដែលគេអាចយកបាន។ ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ មកដល់ស្រុកអ្នក គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។ អេសាវអើយ គេគាស់កកាយស្រុកអ្នក ហើយប្រមូលយកកំណប់ទ្រព្យរបស់អ្នក។ បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នក ចេញពីទឹកដីរបស់ខ្លួន។ មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នក ហើយយកអ្នកធ្វើជានគរចំណុះ។ ពួកដែលបរិភោគអាហារជាមួយអ្នក នាំគ្នាដាក់អន្ទាក់ចាប់អ្នក ទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។ ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់ អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ក្រុងថេម៉ានអើយ ទាហានដ៏អង់អាចរបស់អ្នក នឹងភ័យញ័ររន្ធត់ ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាន នៅភ្នំនៃស្រុកអេសាវអស់គ្មានសល់! អ្នកនឹងត្រូវអាម៉ាស់ និងវិនាសរហូត ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។ នៅថ្ងៃដែលខ្មាំងកៀរកងកម្លាំងរបស់ អ៊ីស្រាអែលទៅជាឈ្លើយ នៅពេលដែលសាសន៍ដទៃចូលតាមទ្វារ ក្រុងយេរូសាឡឹម រឹបអូសយកអ្វីៗក្នុងទីក្រុងចាប់ឆ្នោតចែកគ្នា អ្នកក៏នៅទីនោះ ហើយប្រព្រឹត្តដូចពួកគេដែរ។ នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយ អ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេ នៅថ្ងៃដែលកូនចៅយូដាវិនាស អ្នកមិនគួរអរសប្បាយឡើយ នៅថ្ងៃដែលគេរងទុក្ខវេទនា អ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ! នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយ អ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។ នៅថ្ងៃគេជួបមហន្តរាយ អ្នកមិនត្រូវឈរមើលទាំងមានអំណរ ដោយឃើញគេរងទុក្ខវេទនា។ នៅថ្ងៃគេជួបមហន្តរាយ អ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិ របស់គេឡើយ។ អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែក ដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួន នៅថ្ងៃគេជួបអាសន្ន អ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិត ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។
អូបាឌា 1:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាការជាក់ស្តែងរបស់អូបាឌា។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលពីដំណើរសាសន៍អេដំមដូច្នេះ យើងបានឮដំណឹងមកពីព្រះយេហូវ៉ា ហើយមានទូត១បានចាត់ឲ្យមកនៅកណ្តាលសាសន៍ទាំងប៉ុន្មានដោយពាក្យថា ចូរឯងរាល់គ្នាប្រុងប្រៀបឡើង យើងនឹងលើកគ្នាឡើងទៅច្បាំងនឹងគេ មើល អញបានធ្វើឲ្យឯងជានគរយ៉ាងតូច នៅក្នុងពួកនគរទាំងប៉ុន្មាន គេមើលងាយឯងជាខ្លាំង ម្នាលឯងដែលអាស្រ័យនៅក្នុងក្រហែងថ្ម ដែលមានទីលំនៅយ៉ាងខ្ពស់ ហើយក៏គិតក្នុងចិត្តថា តើអ្នកណាអាចនឹងនាំអញចុះដល់ដីបាន សេចក្ដីអំនួតនៅក្នុងចិត្តឯង បានបញ្ឆោតឯងហើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើឯងហើរឡើងទៅយ៉ាងខ្ពស់ ដូចជាឥន្ទ្រី ហើយធ្វើសំបុកឯងនៅកណ្តាលអស់ទាំងផ្កាយក៏ដោយ គង់តែអញនឹងនាំឯងចុះពីទីនោះមកដែរ។ បើសិនជាមានចោរមកលួចឯង បើពួកចោរមកប្លន់ឯង នៅពេលយប់ ឱម៉្លេះសមឯងនឹងត្រូវអន្តរាយយ៉ាងណាហ្ន៎ នោះតើគេមិនគ្រាន់តែលួចឲ្យល្មមតែស្កប់ចិត្តទេឬ បើពួកស៊ីឈ្នួលដោយបេះផ្លែទំពាំងបាយជូរ បានមកធ្វើការឲ្យឯង នោះតើគេមិនទុកផ្លែខ្លះឲ្យប្រឡេះតាមក្រោយទេឬ ឱអេសាវត្រូវឆែកឆេរយ៉ាងណាហ្ន៎ គេបានរាវរកទ្រព្យសម្បត្តិលាក់ទុករបស់គេយ៉ាងណាហ្ន៎ គ្រប់អស់អ្នកដែលបានពួតដៃជាមួយនឹងឯង គេបានបណ្តេញឯង រហូតទៅដល់ព្រំស្រុកហើយ ពួកមនុស្សដែលបានចងស្ពានមេត្រីនឹងឯង គេបានបញ្ឆោតឯង ក៏បានឈ្នះផង ពួកអ្នកដែលបរិភោគអាហាររបស់ឯង គេបានដាក់អន្ទាក់ចាប់ឯងហើយ ឯងក៏មិនបានយល់ដែរ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ តើមិនត្រូវឲ្យអញបំផ្លាញពួកអ្នកប្រាជ្ញ ចេញពីស្រុកអេដំមបង់ ហើយទាំងយោបល់ពីស្រុកភ្នំរបស់អេសាវផងទេឬអី ឯពួកមនុស្សខ្លាំងពូកែរបស់ឯង ឱថេម៉ានអើយ គេនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាបានកាត់ចេញពីស្រុកភ្នំរបស់អេសាវ ដោយការប្រហារជីវិតយ៉ាងសំបើម។ សេចក្ដីអាម៉ាស់ខ្មាសនឹងគ្របលើឯង ឯងនឹងត្រូវកាត់ចេញជារៀងរាបដរាប ដោយព្រោះការច្រឡោតដែលឯងបានប្រព្រឹត្តនឹងពួកយ៉ាកុប ជាបងប្អូនឯង នៅថ្ងៃនោះ ដែលឯងបានឈរមើល ក្នុងកាលដែលពួកអ្នកដទៃបានចាប់យកកំឡាំងរបស់គេទៅ ហើយមានសាសន៍ដទៃលុកចូលទៅក្នុងទ្វារក្រុងរបស់គេ បោះឆ្នោតចាប់យកក្រុងយេរូសាឡិម នោះឯងក៏ដូចជាពួកគេណាមួយដែរ ប៉ុន្តែមិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ ក៏មិនត្រូវមានសំដីធំ នៅថ្ងៃទុក្ខលំបាករបស់គេដែរ នៅថ្ងៃដែលរាស្ត្រអញត្រូវអន្តរាយ នោះមិនត្រូវឲ្យឯងលុកចូលទៅក្នុងទ្វារក្រុងរបស់គេទេ អើ កុំឲ្យគន់មើលសេចក្ដីវេទនារបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយ ឬលូកដៃទៅពាល់ប៉ះនឹងទ្រព្យសម្បត្តិរបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយនោះឡើយ ក៏មិនត្រូវឈររារាំងនៅត្រង់ផ្លូវខ្វែង ដើម្បីកាត់ពួកគេណាដែលរត់រួចបង់ ឬប្រគល់ពួកគេ ដែលនៅសល់ក្នុងថ្ងៃទុក្ខលំបាកនោះឡើយ។