ជនគណនា 7:1-29
ជនគណនា 7:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃដែលលោកម៉ូសេបានដំឡើងរោងឧបោសថរួចរាល់ លោកបានលាបប្រេង ញែកចេញជាបរិសុទ្ធ រួមជាមួយប្រដាប់ប្រដាទាំងអស់ ហើយលោកក៏បានលាបប្រេងអាសនា ញែកចេញជាបរិសុទ្ធ រួមជាមួយគ្រឿងរបស់អាសនាទាំងអស់ដែរ។ ពួកមេដឹកនាំលើសាសន៍អ៊ីស្រាអែល ពួកមេលើវង្សានុវង្សរបស់ឪពុកគេ ពួកមេដឹកនាំលើកុលសម្ព័ន្ធ ដែលបានគ្រប់គ្រងលើអស់អ្នកដែលបានរាប់ពួកបណ្ដាជន បានថ្វាយតង្វាយ។ គេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា រទេះមានដំបូលប្រាំមួយ និងគោដប់ពីរ គឺអ្នកដឹកនាំពីរនាក់ថ្វាយរទេះមួយ ហើយម្នាក់ៗថ្វាយគោមួយ។ គេនាំយកតង្វាយទាំងនេះមកថ្វាយនៅមុខរោងឧបោសថ។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទទួលតង្វាយទាំងនេះពីពួកគេ ដើម្បីយកទៅប្រើសម្រាប់ការងារនៅក្នុងត្រសាលជំនុំ ហើយត្រូវប្រគល់តង្វាយទាំងនេះឲ្យពួកលេវី តាមការងាររបស់គេរៀងៗខ្លួន»។ ដូច្នេះ លោកម៉ូសេក៏ទទួលរទេះ និងគោ ហើយប្រគល់ឲ្យពួកលេវី។ លោកឲ្យរទេះពីរ និងគោបួនទៅកូនចៅគើសុន តាមការងាររបស់គេ ហើយរទេះបួន និងគោប្រាំបី ទៅកូនចៅម្រ៉ារី តាមការងាររបស់គេ ក្រោមការដឹកនាំអ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន។ ប៉ុន្តែ លោកមិនបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះគេមានភារកិច្ចលីសែងវត្ថុដ៏បរិសុទ្ធនៅលើស្មា។ ពួកអ្នកដឹកនាំក៏បានថ្វាយតង្វាយសម្រាប់ពិធីឆ្លងអាសនា នៅថ្ងៃលាបប្រេង គឺគេនាំយកតង្វាយរបស់គេមកថ្វាយនៅមុខអាសនា។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកដឹកនាំទាំងនេះត្រូវថ្វាយតង្វាយរបស់គេមួយថ្ងៃម្នាក់ សម្រាប់ពិធីឆ្លងអាសនា»។ អ្នកដែលបានថ្វាយតង្វាយរបស់ខ្លួននៅថ្ងៃទីមួយ គឺណាសូន ជាកូនរបស់អ័មីណាដាប់ ពីកុលសម្ព័ន្ធយូដា។ តង្វាយរបស់គាត់មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយម្សៅ។ កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលមួយអាយុមួយខួប សម្រាប់ជាតង្វាយដុត ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែរឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ណាសូន ជាកូនអ័មីណាដាប់។ នៅថ្ងៃទីពីរ គឺនេថានេល ជាកូនរបស់ស៊ូហារ ជាអ្នកដឹកនាំលើកុលសម្ព័ន្ធអ៊ីសាខារ បានថ្វាយតង្វាយ។ លោកបានថ្វាយតង្វាយរបស់លោក ជាថាសប្រាក់មួយទម្ងន់មួយរយសាមសិបតម្លឹង ចានគោមប្រាក់មួយទម្ងន់ចិតសិបតម្លឹង តាមទម្ងន់ប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ កូនចានមាសមួយ ទម្ងន់ដប់តម្លឹង ដាក់ពេញដោយកំញាន គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់នេថានេល ជាកូនរបស់ស៊ូហារ។ នៅថ្ងៃទីបី គឺអេលាប ជាកូនរបស់ហេឡូន ជាមេដឹកនាំលើកូនចៅសាប់យូឡូន។ តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបតម្លឹង ចានគោមប្រាក់មួយ ទម្ងន់ចិតសិបតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយម្សៅ។ កូនចានមាសមួយ ទម្ងន់ដប់តម្លឹង ដាក់ពេញដោយកំញាន គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោល អាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលាប ជាកូនរបស់ហេឡូន។
ជនគណនា 7:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃលោកម៉ូសេដំឡើងព្រះពន្លារួចរាល់ហើយ លោកបានចាក់ប្រេងលើព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងព្រះពន្លា ដើម្បីញែកជាសក្ការៈ ហើយលោកក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។ ពេលនោះ ពួកមេដឹកនាំដែលជាមេលើក្រុមគ្រួសារនានារបស់ជនជាតិអ៊ីស្រាអែលនាំគ្នាថ្វាយតង្វាយ។ អ្នកទាំងនោះជាមេដឹកនាំនៃកុលសម្ព័ន្ធ ដែលបានចូលរួមជំរឿនប្រជាជន។ ពួកគេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះអម្ចាស់: រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាតង្វាយរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាតង្វាយរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកតង្វាយទាំងនោះមកថ្វាយនៅមុខព្រះពន្លា។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទទួលតង្វាយទាំងនេះពីពួកគេ យកទៅប្រើប្រាស់ សម្រាប់កិច្ចការក្នុងពន្លាជួបព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយឲ្យពួកលេវី តាមមុខងាររបស់ពួកគេរៀងៗខ្លួន»។ លោកម៉ូសេក៏ប្រគល់រទេះ និងគោ ឲ្យពួកលេវី។ លោកឲ្យរទេះពីរ និងគោពីរនឹម ទៅកូនចៅគើសូន សម្រាប់ប្រើប្រាស់ក្នុងការងាររបស់គេ។ លោកឲ្យរទេះបួន និងគោបួននឹម ទៅកូនចៅម៉្រារី សម្រាប់ប្រើប្រាស់ក្នុងការងារ ដែលពួកគេបំពេញក្រោមការដឹកនាំរបស់លោកអ៊ីថាម៉ារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។ លោកពុំបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។ នៅថ្ងៃដែលលោកម៉ូសេចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈ ពួកមេដឹកនាំបានយកតង្វាយ មកថ្វាយនៅមុខអាសនៈ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ពួកមេដឹកនាំត្រូវយកតង្វាយមួយថ្ងៃម្នាក់ មកថ្វាយក្នុងពិធីសម្ពោធអាសនៈ»។ អ្នកថ្វាយតង្វាយនៅថ្ងៃទីមួយ គឺលោកណាសូន ជាកូនរបស់លោកអមីណាដាប់ ពីកុលសម្ព័ន្ធយូដា។ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកណាសូន ជាកូនរបស់លោកអមីណាដាប់។ នៅថ្ងៃទីពីរ លោកនេថានេល ជាកូនរបស់លោកស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ នាំយកតង្វាយរបស់គាត់មកថ្វាយ។ តង្វាយដែលគាត់ថ្វាយមានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកនេថានេល ជាកូនរបស់លោកស៊ូហារ។ នៅថ្ងៃទីបី គឺលោកអេលាប ជាកូនរបស់លោកហេឡូន ជាមេដឹកនាំរបស់កូនសាប់យូឡូន។ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលាប ជាកូនរបស់លោកហេឡូន។
ជនគណនា 7:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅថ្ងៃដែលម៉ូសេបានដំឡើងរោងឧបោសថរួចជាស្រេច ហើយបានលាបប្រេងញែកចេញជាបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន នឹងអាសនា ហើយគ្រឿងនៃអាសនាទាំងប៉ុន្មាន ដោយលាបប្រេង ញែកចេញបរិសុទ្ធ នោះពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល គឺជាពួកមេលើវង្សានុវង្សរបស់ឪពុកគេ បានថ្វាយដង្វាយ អ្នកទាំងនោះជាកំពូលលើពូជអំបូរទាំងប៉ុន្មាន ដែលបានត្រួតលើការរាប់ពួកបណ្តាជនទាំងឡាយ គេក៏យកដង្វាយរបស់ខ្លួនមកនៅចំពោះព្រះយេហូវ៉ា គឺរទេះផ្ទុរ៦ នឹងគោ១២ គឺ២នាក់ថ្វាយរទេះ១ ហើយម្នាក់ៗថ្វាយគោមួយៗ គេនាំយកដង្វាយនេះ មកនៅមុខរោងឧបោសថ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ម៉ូសេថា ចូរទទួលពីគេចុះ ដើម្បីនឹងប្រើសំរាប់ការងារនៃត្រសាលជំនុំ ត្រូវឲ្យឯងប្រគល់ទៅពួកលេវី តាមក្រសួងរបស់គេរៀងខ្លួន ដូច្នេះ ម៉ូសេក៏ទទួលរទេះទាំងនោះ ព្រមទាំងគោផង ប្រគល់ឲ្យដល់ពួកលេវី លោកឲ្យរទេះ២ នឹងគោ២នឹមទៅពួកកូនចៅគើសុន តាមក្រសួងគេ ហើយរទេះ៤ នឹងគោ៤នឹម ទៅពួកកូនចៅម្រ៉ារី តាមក្រសួងគេ នៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុន ដ៏ជាសង្ឃ តែមិនបានឲ្យដល់ពួកកូនចៅកេហាត់ទេ ពីព្រោះក្រសួងគេត្រូវខាងទីបរិសុទ្ធ គេត្រូវតែលីសែងវិញ។ ពួកដែលជាកំពូលទាំងនោះ ក៏ថ្វាយដង្វាយសំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង គឺគេនាំយកដង្វាយគេមកនៅមុខអាសនា រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ត្រូវឲ្យពួកដែលជាកំពូលនេះថ្វាយដង្វាយរបស់គេ ក្នុង១ថ្ងៃម្នាក់ សំរាប់បុណ្យឆ្លងអាសនា។ ឯអ្នកដែលថ្វាយដង្វាយរបស់ខ្លួន ក្នុងថ្ងៃមុនដំបូង នោះគឺណាសូន ជាកូនអ័មីន៉ាដាប់ ក្នុងពូជអំបូរយូដា ហើយដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ណាសូន ជាកូនអ័មីន៉ាដាប់។ នៅថ្ងៃទី២ នោះនេថានេល ជាកូនស៊ូហារ ជាកំពូលលើពូជអំបូរអ៊ីសាខារក៏ថ្វាយ លោកថ្វាយដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់នេថានេល ជាកូនស៊ូហារ។ នៅថ្ងៃទី៣ នោះត្រូវជាអេលាប ជាកូនហេល៉ូន ជាកំពូលលើពួកកូនចៅសាប់យូល៉ូន ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេងសំរាប់ជាដង្វាយម្សៅ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាងដង្វាយដុត ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលាប ជាកូនហេល៉ូន។