ជនគណនា 6:1-21
ជនគណនា 6:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា កាលណាបុរស ឬស្រី្ដណាធ្វើការស្បថញែកខ្លួនជាពិសេសណាមួយ គឺការស្បថញែកខ្លួនជាអ្នកណាសារីត ដើម្បីញែកខ្លួនថ្វាយព្រះយេហូវ៉ា អ្នកនោះត្រូវញែកខ្លួនចេញពីស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណាផ្សេងឡើយ ក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរឡើយ ទោះស្រស់ ឬក្រៀមក្ដី។ ក្នុងពេលដែលគេញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលធ្វើពីទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបកក៏មិនត្រូវបរិភោគដែរ។ ក្នុងពេលដែលគេស្បថញែកខ្លួនជាអ្នកណាសារ៉ែត មិនត្រូវឲ្យមានកាំបិតមកប៉ះក្បាលឡើយ គឺត្រូវឲ្យបានបរិសុទ្ធ រហូតដល់ផុតកំណត់ដែលគេបានញែកខ្លួនថ្វាយព្រះយេហូវ៉ា គឺគេត្រូវទុកឲ្យសក់ដុះវែង។ ក្នុងពេលដែលញែកខ្លួនថ្វាយព្រះយេហូវ៉ា គេមិនត្រូវទៅជិតសាកសពឡើយ។ សូម្បីតែមានឪពុកម្តាយ ឬបងប្អូនប្រុសស្រីរបស់ខ្លួនស្លាប់ ក៏គេមិនត្រូវឲ្យខ្លួនសៅហ្មងដែរ ព្រោះការញែកខ្លួនរបស់គេជាបរិសុទ្ធថ្វាយព្រះ គឺស្ថិតនៅលើសក់របស់គេ។ ក្នុងពេលដែលញែកខ្លួនជាអ្នកណាសារីត គេញែកខ្លួនជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា។ ប្រសិនបើមានអ្នកណាម្នាក់ស្លាប់ភ្លាមមួយរំពេចនៅជិតខ្លួន ធ្វើឲ្យសៅហ្មងដល់សក់ដែលបានញែកជាបរិសុទ្ធ នោះគេត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានជម្រះខ្លួនឲ្យបានស្អាត គឺត្រូវកោរសក់នៅថ្ងៃទីប្រាំពីរ។ នៅថ្ងៃទីប្រាំបី គេត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកប្រគល់ឲ្យសង្ឃនៅទ្វារចូលត្រសាលជំនុំ សង្ឃត្រូវថ្វាយមួយជាតង្វាយលោះបាប ហើយមួយទៀតជាតង្វាយដុត ដើម្បីធ្វើពិធីរំដោះអ្នកនោះឲ្យរួចពីបាប ព្រោះគេមានកំហុសដោយសារតែសាកសព។ គេត្រូវញែកសក់របស់ខ្លួនជាបរិសុទ្ធនៅថ្ងៃនោះឯង ត្រូវញែកខ្លួនចេញថ្វាយព្រះយេហូវ៉ាសាជាថ្មី ហើយត្រូវយកកូនចៀមអាយុមួយខួប មកថ្វាយជាតង្វាយលើកលែងទោស ដ្បិតពេលមុនត្រូវទុកជាអាសាបង់ ព្រោះសក់ដែលបានញែកជាបរិសុទ្ធនោះបានសៅហ្មងហើយ។ នេះជាវិន័យរបស់អ្នកណាសារីត ក្នុងវេលាដែលការញែកខ្លួនជាបរិសុទ្ធនោះផុតកំណត់ គេត្រូវនាំអ្នកនោះមកកាន់ទ្វារចូលត្រសាលជំនុំ ហើយអ្នកនោះត្រូវថ្វាយតង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោលមួយល្អឥតខ្ចោះ អាយុមួយខួប មកថ្វាយជាតង្វាយដុត និងកូនចៀមញីមួយល្អឥតខ្ចោះ អាយុមួយខួប មកថ្វាយជាតង្វាយលោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ មកថ្វាយជាតង្វាយមេត្រី ហើយយកកញ្ច្រែងមួយដែលមានដាក់នំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយជាមួយប្រេង នំក្រៀបឥតដំបែប្រោះដោយប្រេង ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចមកជាមួយផង។ សង្ឃត្រូវយកតង្វាយទាំងនោះ ទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ហើយថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់អ្នកនោះដែរ ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ហើយសង្ឃក៏ត្រូវថ្វាយតង្វាយម្សៅ និងតង្វាយច្រួចអមជាមួយដែរ។ ពេលនោះ អ្នកណាសារីតត្រូវកោរសក់ដែលបានញែកជាបរិសុទ្ធនោះ នៅត្រង់ទ្វារចូលត្រសាលជំនុំ រួចយកសក់ដែលបានកោរចេញពីការញែកជាបរិសុទ្ធនោះ ទៅដាក់ក្នុងភ្លើងដែលឆេះ នៅក្រោមយញ្ញបូជានៃតង្វាយមេត្រី។ សង្ឃត្រូវយកស្មាចៀមដែលស្ងោរឆ្អិនហើយ និងនំឥតដំបែមួយពីក្នុងកញ្រ្ចែង ព្រមទាំងនំក្រៀបឥតដំបែមួយ មកដាក់ក្នុងដៃរបស់អ្នកណាសារីតនោះ ក្រោយដែលគេបានកោរសក់ដែលបានញែកជាបរិសុទ្ធចេញហើយ។ បន្ទាប់មក សង្ឃត្រូវគ្រវីតង្វាយទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។ តង្វាយទាំងនេះជាចំណែកមួយដ៏បរិសុទ្ធសម្រាប់សង្ឃ រួមទាំងទ្រូងដែលគ្រវី និងស្មាដែលថ្វាយនោះផង។ បន្ទាប់មក ទើបអ្នកណាសារីតនោះអាចបរិភោគស្រាទំពាំងបាយជូរបាន។ នេះហើយជាច្បាប់សម្រាប់អ្នកណាសារីត ដែលបានស្បថញែកខ្លួន។ តង្វាយដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ត្រូវធ្វើតាមពាក្យដែលខ្លួនបានស្បថញែកខ្លួនជាអ្នកណាសារីត ក្រៅពីតង្វាយណាផ្សេងដែលគេអាចយកមកបាន។ ពាក្យសម្បថរបស់គេយ៉ាងណា គេក៏ត្រូវធ្វើតាមពាក្យសម្បថរបស់ខ្លួនយ៉ាងនោះដែរ ឲ្យស្របតាមច្បាប់នៃការញែកខ្លួនជាបរិសុទ្ធ»។
ជនគណនា 6:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើបុរស ឬស្ត្រីណាម្នាក់ សម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត*ថ្វាយព្រះអម្ចាស់ អ្នកនោះត្រូវតមសុរា និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះធ្វើអំពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះធ្វើពីគ្រឿងស្រវឹងផ្សេងទៀត ហើយក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ បរិភោគផ្លែទំពាំងបាយជូរស្រស់ ឬក្រៀមដែរ។ ក្នុងពេលញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលជាផលរបស់ដើមទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបករបស់ផ្លែទំពាំងបាយជូរ ក៏មិនត្រូវប៉ះពាល់ជាដាច់ខាត។ ក្នុងពេលគេញែកខ្លួនជាអ្នកណាសារីត មិនត្រូវកាត់សក់ឡើយ។ ក្នុងអំឡុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់ គេជាមនុស្សដ៏វិសុទ្ធ គេត្រូវទុកឲ្យសក់ដុះវែងរហូតទាល់តែផុតចំនួនថ្ងៃដែលគេបានកំណត់ទុក។ ក្នុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់ គេមិនត្រូវចូលទៅជិតសាកសពឡើយ សូម្បីតែសពឪពុកម្ដាយ និងបងប្អូនប្រុសស្រីរបស់ខ្លួន ក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនថ្វាយព្រះអម្ចាស់ ដូចមានសក់របស់គេជាសញ្ញាសម្គាល់ស្រាប់។ ក្នុងអំឡុងពេលញែកខ្លួនជាអ្នកណាសារីតនោះ គេញែកខ្លួនជាវិសុទ្ធថ្វាយព្រះអម្ចាស់។ ប្រសិនបើមាននរណាម្នាក់ស្លាប់ភ្លាមៗនៅក្បែរគាត់ ទោះបីគាត់ញែកខ្លួនថ្វាយព្រះអម្ចាស់ក្ដី ក៏គាត់ក្លាយទៅជាសៅហ្មងដែរ។ ដូច្នេះ គាត់ត្រូវកោរសក់នៅថ្ងៃជម្រះខ្លួនឲ្យបរិសុទ្ធ គឺកោរសក់នៅថ្ងៃទីប្រាំពីរ។ នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ និងព្រាបជំទើរពីរ មកជូនបូជាចារ្យ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ បូជាចារ្យយកសត្វមួយធ្វើយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះអ្នកនោះឲ្យរួចពីបាប ព្រោះតែបានប៉ះពាល់សាកសព។ ធ្វើដូច្នេះ នៅថ្ងៃនោះ អ្នកណាសារីតញែកខ្លួនជាសក្ការៈសាជាថ្មី។ គាត់ត្រូវចាប់ផ្ដើមញែកខ្លួនថ្វាយព្រះអម្ចាស់ ដោយគិតពេលវេលាសាជាថ្មី គឺថ្វាយកូនចៀមមួយអាយុមួយខួប ជាតង្វាយសុំលើកលែងទោស។ ពេលវេលាពីមុនត្រូវចាត់ទុកជាអាសាបង់ ព្រោះគាត់បានក្លាយទៅជាសៅហ្មង ក្នុងអំឡុងដែលគាត់ញែកខ្លួនជាអ្នកណាសារីតកាលពីមុននោះ។ រីឯក្រឹត្យវិន័យស្ដីអំពីអ្នកណាសារីតមានដូចតទៅ: នៅថ្ងៃគាត់បញ្ចប់ពេលកំណត់ដែលត្រូវញែកខ្លួនជាអ្នកណាសារីតហើយ គេនាំគាត់មកមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ គាត់ត្រូវយកកូនចៀមល្អឥតខ្ចោះមួយ អាយុមួយខួប មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល កូនចៀមញីល្អឥតខ្ចោះមួយ អាយុមួយខួប មកថ្វាយជាតង្វាយរំដោះបាប និងចៀមឈ្មោលល្អឥតខ្ចោះមួយ មកថ្វាយជាយញ្ញបូជាមេត្រីភាព។ គាត់ក៏ត្រូវយកល្អីមួយដែលមានដាក់នំប៉័ងឥតមេ នំធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង នំក្រៀបធ្វើពីម្សៅឥតមេលាបប្រេងពីលើ ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរ សម្រាប់ច្រួចលើយញ្ញបូជា មកជាមួយផង។ បូជាចារ្យយកតង្វាយទាំងនោះទៅថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូល។ លោកថ្វាយចៀមឈ្មោលទៅព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ថែមពីលើល្អីនំប៉័ងឥតមេ។ បូជាចារ្យក៏ត្រូវថ្វាយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រាទំពាំងបាយជូរដែរ។ ពេលនោះ អ្នកណាសារីតត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ រួចយកសក់សក្ការៈរបស់ខ្លួនទៅដុតក្នុងភ្លើងស្ថិតនៅពីក្រោមអាសនៈ ដែលគេថ្វាយយញ្ញបូជាមេត្រីភាព។ បូជាចារ្យយកសាច់ចំឡករបស់ចៀមឈ្មោលដែលដុតចម្អិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសារីត ដែលទើបនឹងកោរសក់សក្ការៈ។ បូជាចារ្យត្រូវធ្វើពិធីលើកតង្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវរាប់ជាសក្ការៈ ហើយញែកជូនបូជាចារ្យថែមពីលើសាច់ទ្រូង និងសាច់ភ្លៅ។ បន្ទាប់មក អ្នកណាសារីតអាចបរិភោគស្រាទំពាំងបាយជូរបាន។ នេះជាក្រឹត្យវិន័យស្ដីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត ស្ដីអំពីតង្វាយដែលគេត្រូវថ្វាយព្រះអម្ចាស់ ក្នុងពេលញែកខ្លួនជាអ្នកណាសារីត ប្រសិនបើគេមានលទ្ធភាពនោះ គេអាចថ្វាយតង្វាយផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមក្រឹត្យវិន័យសម្រាប់ពួកណាសារីត»។
ជនគណនា 6:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាមនុស្សប្រុស ឬស្រីណានឹងញែកខ្លួនចេញ ដោយបន់បំណន់របស់ពួកន៉ាសារីត ដើម្បីនឹងញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា នោះត្រូវញែកខ្លួនឲ្យផុតចេញពីស្រាទំពាំងបាយជូរ នឹងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះ ដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណានីមួយឡើយ ក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរ ទោះស្រស់ឬក្រៀមផង ក្នុងវេលាដែលញែកខ្លួនចេញដូច្នេះ នោះមិនត្រូវបរិភោគអ្វី ដែលធ្វើពីទំពាំងបាយជូរឡើយ ចាប់តាំងពីគ្រាប់ទៅដល់សំបកផង នៅវេលាដែលញែកខ្លួនដោយបន់បំណន់ នោះមិនត្រូវទាំងឲ្យកាំបិតមកប៉ះសក់ផង ត្រូវឲ្យបានបរិសុទ្ធ ដរាបដល់បានសំរេចកំណត់ដែលញែកខ្លួនចេញថ្វាយដល់ព្រះយេហូវ៉ា គឺត្រូវទុកឲ្យសក់ដុះវែង នៅវេលាដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា នោះមិនត្រូវទៅជិតខ្មោចស្លាប់ណាមួយឡើយ គឺមិនត្រូវឲ្យខ្លួនសៅហ្មងដោយព្រោះឪពុកម្តាយ ឬបងប្អូនប្រុសស្រី ក្នុងកាលដែលគេស្លាប់នោះឡើយ ដ្បិតជាប់ការញែកខ្លួនចេញថ្វាយព្រះហើយ នៅវេលាដែលញែកខ្លួនចេញ នោះតែងជាបរិសុទ្ធដល់ព្រះយេហូវ៉ាជានិច្ច បើមានមនុស្សណាស្លាប់ភ្លាម១រំពេចនៅជិតខ្លួន ធ្វើឲ្យខូចការញែកខ្លួនចេញ នោះត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានញែកជាស្អាតវិញ គឺត្រូវកោរសក់នៅថ្ងៃទី៧ រួចដល់ថ្ងៃទី៨ ត្រូវយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ ត្រូវឲ្យសង្ឃថ្វាយ១ជាដង្វាយលោះបាប ហើយ១ទៀតជាដង្វាយដុត ដើម្បីឲ្យធួននឹងអ្នកនោះ ដោយព្រោះកំហុសដែលបានធ្វើពីដំណើរខ្មោចស្លាប់នោះ ព្រមទាំងញែកអ្នកនោះចេញជាបរិសុទ្ធនៅថ្ងៃនោះឯង រួចត្រូវឲ្យអ្នកនោះបន់កំណត់ពេលវេលា ដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ាជាថ្មីទៀត ហើយត្រូវយកកូនចៀម អាយុ១ខួប មកសំរាប់ជាដង្វាយ ដោយព្រោះការរំលង ដ្បិតថ្ងៃមុនទាំងប៉ុន្មានបានសាបសូន្យហើយ ពីព្រោះបានខូចសេចក្ដីបរិសុទ្ធខ្លួនហើយ។ នេះជាច្បាប់នៃពួកន៉ាសារីត ក្នុងកាលដែលកំណត់ញែកខ្លួនចេញនោះបានសំរេចហើយ ត្រូវឲ្យនាំអ្នកនោះទៅឯមាត់ទ្វារត្រសាលជំនុំ ហើយអ្នកនោះត្រូវថ្វាយដង្វាយរបស់ខ្លួន ដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោល១ឥតខ្ចោះអាយុ១ខួបសំរាប់ជាដង្វាយដុត នឹងកូនចៀមញី១ឥតខ្ចោះអាយុ១ខួប សំរាប់ជាដង្វាយលោះបាប ហើយចៀមឈ្មោល១ឥតខ្ចោះ សំរាប់ជាដង្វាយមេត្រី នឹងកញ្ច្រែង១ផ្ទុកដោយនំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយដោយប្រេង នំក្រៀបឥតដំបែរប្រោះដោយប្រេង ហើយដង្វាយម្សៅ នឹងដង្វាយច្រួចនោះផង រួចត្រូវឲ្យសង្ឃយកទាំងអស់ ទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ព្រមទាំងដង្វាយលោះបាប នឹងដង្វាយដុតរបស់អ្នកនោះដែរ ក៏ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃដង្វាយមេត្រី ដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ត្រូវឲ្យសង្ឃថ្វាយដង្វាយម្សៅ នឹងដង្វាយច្រួចដែរ នោះអ្នកន៉ាសារីតត្រូវកោរសក់នៃការញែកខ្លួនចេញ នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចយកសក់ដែលបានទុកក្នុងវេលាញែកខ្លួនចេញនោះ ទៅដាក់លើភ្លើងដែលឆេះនៅក្រោមយញ្ញបូជានៃដង្វាយមេត្រី ត្រូវឲ្យសង្ឃយកស្មាចៀម ដែលស្ងោរឆ្អិនហើយ នឹងនំឥតដំបែ១ពីក្នុងកញ្ច្រែង ហើយនឹងនំក្រៀបឥតដំបែ១ មកដាក់នៅដៃនៃអ្នកន៉ាសារីតនោះ ក្រោយដែលគេបានកោរសក់ហើយ រួចត្រូវឲ្យសង្ឃគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះជារបស់បរិសុទ្ធសំរាប់សង្ឃនោះ ព្រមទាំងទ្រូង ដែលគ្រវី នឹងស្មា ដែលលើកចុះឡើងផង ក្រោយមក ទើបអ្នកន៉ាសារីតនោះ នឹងផឹកស្រាទំពាំងបាយជូរបាន។ នេះហើយជាច្បាប់ខាងឯពួកន៉ាសារីត ដែលបានបន់បំណន់ ហើយខាងឯដង្វាយ ដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ដោយព្រោះការញែកខ្លួនចេញ ក្រៅពីដង្វាយណាដែលគេយកមកបាន តាមបំណន់ដែលគេបន់នោះ គឺយ៉ាងនោះដែលត្រូវធ្វើតាមច្បាប់នៃការញែកខ្លួនចេញ។