ជនគណនា 5:5-8

ជនគណនា 5:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​បុរស ឬ​ស្រី​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង​អ្នក​ណា​ម្នាក់ ដោយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា អ្នក​នោះ​មាន​ទោស ហើយ​ត្រូវ​លន់‌តួ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​នោះ​ត្រូវ​ប្រគល់​សំណង​ទាំង​មូល​សម្រាប់​អំពើ​ទុច្ចរិត​នោះ ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ ទៅ​ឲ្យ​អ្នក​ដែល​ខ្លួន​មាន​ទោស​ចំពោះ​គេ។ ប្រសិន‌បើ​ភាគី​រង​គ្រោះ​គ្មាន​ញាតិ​សន្ដាន​នឹង​ទទួល​សំណង ដែល​គេ​យក​មក​សង​ដើម្បី​អំពើ​បាប​នោះ​ទេ នោះ​សំណង​ដែល​ស្នង​នឹង​ទោស​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​សម្រាប់​ពួក​សង្ឃ​វិញ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ​ថែម​ទៀត​ជា​តង្វាយ​លោះ​បាប គឺ​ជា​តង្វាយ​លោះ​បាប​សម្រាប់​ភាគី​ដែល​មាន​ទោស។

ចែក​រំលែក
អាន ជនគណនា 5

ជនគណនា 5:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​នរណា​ម្នាក់ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ចំពោះ​មនុស្ស​ម្នាក់ អ្នក​នោះ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់ និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស។ អ្នក​នោះ​ត្រូវ​តែ​ទទួល​សារភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​របស់​ដែល​ខ្លួន​យក​មក​ដោយ​ទុច្ចរិត​ទៅ​ម្ចាស់​ដើម​វិញ ទាំង​បង់​ជំងឺ​ចិត្ត​ឲ្យ​គេ​មួយ​ភាគ​ប្រាំ​ផង។ ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ ត្រូវ​យក​របស់​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ប្រគល់​ជូន​បូជា‌ចារ្យ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ ជា​តង្វាយ​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។

ចែក​រំលែក
អាន ជនគណនា 5

ជនគណនា 5:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​កាល​ណា​មនុស្ស​ប្រុស​ឬ​ស្រី នឹង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​អ្នក​ណា ទាំង​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា​ផង ហើយ​មាន​ទោស​ដូច្នោះ នោះ​ត្រូវ​ឲ្យ​លន់‌តួ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​អ្វីៗ​នោះ​ទៅ​វិញ​ទាំង​មូល ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ទៀត ឲ្យ​ដល់​អ្នក​ដែល​ខ្លួន​មាន​ទោស​ចំពោះ​គេ​ផង តែ​បើ​គ្មាន​អ្នក​ណា​មាន​ច្បាប់​នឹង​ទទួល​សំណង​ដែល​ខ្លួន​សង ដើម្បី​នឹង​លោះ​បាប​ខ្លួន​នោះ​ទេ នោះ​សំណង​ដែល​សង​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទោស​ខ្លួន នឹង​ត្រូវ​បាន​ជា​របស់​សង្ឃ​វិញ ព្រម​ទាំង​ពពែ​ឈ្មោល​ដែល​សំរាប់​ឲ្យ​ធួន​នឹង​បាប ដែល​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​នោះ​ផង

ចែក​រំលែក
អាន ជនគណនា 5