ជនគណនា 5:1-31

ជនគណនា 5:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​បង្គាប់​ឲ្យ​ពួក​អ៊ីស្រា‌អែល​បណ្តេញ​អស់​អ្នក​ដែល​កើត​ឃ្លង់ ឬ​មាន​ហូរ​ខ្ទុះ ឬ​ដែល​មិន​ស្អាត​ដោយ​សារ​ប៉ះពាល់​សាក​សព ចេញ​ពី​ជំរំ ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ទាំង​ប្រុស ទាំង​ស្រី គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​ជំរំ​របស់​គេ ជា​ទី​ដែល​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​គេ ទៅ​ជា​សៅ‌ហ្មង​ឡើយ»។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ គឺ​ឲ្យ​អ្នក​ទាំង​នោះ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ដូច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ដូច្នេះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​តាម។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​បុរស ឬ​ស្រី​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង​អ្នក​ណា​ម្នាក់ ដោយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា អ្នក​នោះ​មាន​ទោស ហើយ​ត្រូវ​លន់‌តួ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​នោះ​ត្រូវ​ប្រគល់​សំណង​ទាំង​មូល​សម្រាប់​អំពើ​ទុច្ចរិត​នោះ ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ ទៅ​ឲ្យ​អ្នក​ដែល​ខ្លួន​មាន​ទោស​ចំពោះ​គេ។ ប្រសិន‌បើ​ភាគី​រង​គ្រោះ​គ្មាន​ញាតិ​សន្ដាន​នឹង​ទទួល​សំណង ដែល​គេ​យក​មក​សង​ដើម្បី​អំពើ​បាប​នោះ​ទេ នោះ​សំណង​ដែល​ស្នង​នឹង​ទោស​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​សម្រាប់​ពួក​សង្ឃ​វិញ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ​ថែម​ទៀត​ជា​តង្វាយ​លោះ​បាប គឺ​ជា​តង្វាយ​លោះ​បាប​សម្រាប់​ភាគី​ដែល​មាន​ទោស។ រាល់​អំណោយ​បរិសុទ្ធ​ទាំង​អស់​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​នាំ​យក​មក​ជូន​សង្ឃ អំណោយ​នោះ​នឹង​បាន​ជា​របស់​គាត់។ អំណោយ​បរិសុទ្ធ​ពី​គ្រប់​របស់​ទាំង​អស់​ត្រូវ​តែ​ជា​របស់​ខ្លួន តែ​របស់​ណា​ដែល​គេ​ជូន​ដល់​សង្ឃ​ហើយ នោះ​នឹង​បាន​ជា​របស់​សង្ឃ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​ប្រពន្ធ​របស់​បុរស​ណា​ម្នាក់​ក្បត់​ចិត្ត មិន​ស្មោះ​ត្រង់​នឹង​ខ្លួន ប្រសិន‌បើ​បុរស​ណា​រួម​ដំណេក​ជា‌មួយ​នាង តែ​អំពើ​នោះ​លួច​លាក់​នឹង​ប្តី គឺ​នាង​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ឥត​មាន​អ្នក​ណា​ដឹង ហើយ​គ្មាន​អ្នក​ណា​ធ្វើ​បន្ទាល់​ទាស់​នឹង​នាង ក៏​គ្មាន​អ្នក​ណា​ទាន់ រួច​បើ​ប្តី​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​ចិត្ត​សង្ស័យ ហើយ​នាង​ក៏​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​មែន ឬ​បើ​ប្តី​កើត​មាន​ចិត្ត​ប្រចណ្ឌ ដោយ​មាន​ចិត្ត​សង្ស័យ តែ​ប្រពន្ធ​មិន​បាន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង នោះ​ប្តី​ត្រូវ​នាំ​ប្រពន្ធ​ខ្លួន​ទៅ​ជួប​សង្ឃ ទាំង​យក​តង្វាយ​ជា​ម្សៅ​ឱក​មួយ​តៅ​សម្រាប់​នាង​ផង មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ពី​លើ​ទេ ដ្បិត​ជា​តង្វាយ​នៃ​ការ​ប្រចណ្ឌ ទុក​ជា​តង្វាយ​រំឭក សម្រាប់​នឹង​រំឭក​ពី​អំពើ​ដ៏​លាមក។ បន្ទាប់​មក សង្ឃ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ សង្ឃ​ត្រូវ​យក​ទឹក​បរិសុទ្ធចាក់​ក្នុង​ថូ​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ។ សង្ឃ​ត្រូវ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រាយ​សក់​របស់​នាង ហើយ​ដាក់​តង្វាយ​រំឭក គឺ​ជា​តង្វាយ​នៃ​ការ​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​របស់​នាង។ សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នោះ​នៅ​ក្នុង​ដៃ។ បន្ទាប់​មក សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​ប្រាប់​ថា "ប្រសិន‌បើ​គ្មាន​ប្រុស​ដទៃ​ណា​រួម​ដំណេក​ជា‌មួយ​នាង ហើយ​ប្រសិន‌បើ​នាង​មិន​បាន​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក ក្នុង​កាល​ដែល​នាង​នៅ​ក្រោម​អំណាច​របស់​ប្តី​ទេ នោះ​សូម​ឲ្យ​នាង​រួច​ពី​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នេះ​ចុះ។ ប៉ុន្តែ ប្រសិន‌បើ​នាង​បែរ​ជា​ក្បត់​ចិត្ត ក្នុង​កាល​ដែល​នាង​នៅ​ក្រោម​អំណាច​របស់​ប្តី គឺ​ប្រសិន‌បើ​នាង​ធ្វើ​ខ្លួន​នាង​សៅហ្មង ដោយ​រួម​ដំណេក​ជា‌មួយ​ប្រុស​ដទៃ​ណា​ក្រៅ​ពី​ប្តី​របស់​ខ្លួន (យ៉ាង​នោះ​សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​សម្បថ​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា រួច​ពោល​ទៅ​ស្ត្រី​នោះ​ថា) សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​នាង​ទៅ​ជា​អ្នក​រង​ពាក្យ​ដំណៀល និង​ពាក្យ​ប្រមាថ​នៅ​ក្នុង​សាសន៍​របស់​ខ្លួន​ចុះ ដោយ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ភ្លៅ​នាង​រលួយ ហើយ​ឲ្យ​ពោះ​នាង​ប៉ោង​ឡើង។ សូម​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នេះ ចូល​ទៅ​ក្នុង​ពោះ​របស់​នាង ធ្វើ​ឲ្យ​ពោះ​នាង​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​រលួយ!" ឯ​ស្ត្រី​នោះ​ត្រូវ​ឆ្លើយ​ថា "អាម៉ែន! អាម៉ែន!" បន្ទាប់​មក ត្រូវ​ឲ្យ​សង្ឃ​នោះ​សរសេរ​បណ្ដា‌សា​ទាំង​នេះ​ទុក​ក្នុង​សៀវភៅ ហើយ​យក​ទឹក​ល្វីង​នោះ​មក​លុប​ចេញ។ សង្ឃ​ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា ហើយ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នោះ​នឹង​ចូល​ទៅ​ក្នុង​នាង ហើយ​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់។ សង្ឃ​ត្រូវ​យក​តង្វាយ​នៃ​ការ​ប្រចណ្ឌ​ពី​ដៃ​របស់​ស្ត្រី​នោះ ហើយ​លើក​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​យក​តង្វាយ​នោះ​ទៅ​ដាក់​លើ​អាស‌នា។ សង្ឃ​ត្រូវ​យក​ម្សៅ​ពី​តង្វាយ​នោះ​មួយ​ក្តាប់ ទុក​ជា​សេចក្ដី​រំឭក ហើយ​ដុត​នៅ​លើ​អាស‌នា បន្ទាប់​មក ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​នោះ។ ក្រោយ​ពី​បាន​ឲ្យ​នាង​ផឹក​ទឹក​នោះ​រួច​ហើយ ប្រសិន‌បើ​នាង​ពិត​ជា​សៅ‌ហ្មង ដោយ​បាន​ក្បត់​ចិត្ត​ប្តី​របស់​ខ្លួន​មែន នោះ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​ចូល​ទៅ​ក្នុង​នាង នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់ ពោះ​នាង​នឹង​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​នឹង​រលួយ​ទៅ ហើយ​ស្ត្រី​នោះ​នឹង​ទៅ​ជា​អ្នក​រង​ដំណៀល​ទៅ​ក្នុង​សាសន៍​របស់​ខ្លួន។ ប៉ុន្តែ ប្រសិន‌បើ​ស្ត្រី​នោះ​មិន​បាន​សៅ‌ហ្មង​ទេ គឺ​នាង​ស្អាត​បរិសុទ្ធ នោះ​នាង​នឹង​បាន​រួច ហើយ​នឹង​មាន​កូន។ នេះ​ហើយ​ជា​ច្បាប់​អំពី​ការ​ប្រចណ្ឌ ក្នុង​ករណី​ដែល​ប្រពន្ធ​នៅ​ក្រោម​អំណាច​ប្តី ហើយ​ក្បត់​ចិត្ត​ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង ឬ​បើ​បុរស​ណា​កើត​មាន​ចិត្ត​ប្រចណ្ឌ ដោយ​សង្ស័យ​នឹង​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ត្រូវ​នាំ​ស្ត្រី​នោះ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​សង្ឃ​ត្រូវ​អនុវត្ត​តាម​ច្បាប់​នេះ​ទាំង​ស្រុង​ចំពោះ​នាង។ បុរស​នោះ​នឹង​គ្មាន​ទោស​អ្វី​ទេ តែ​ឯ​ស្ត្រី​នោះ​វិញ​នឹង​ទទួល​ទោស​តាម​អំពើ​របស់​ខ្លួន»។

ចែក​រំលែក
អាន ជនគណនា 5

ជនគណនា 5:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ «ចូរ​បញ្ជា​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បណ្ដេញ​មនុស្ស​ឃ្លង់ មនុស្ស​មាន​ជំងឺ​កាម​រោគ ឬ​មនុស្ស​មិន​បរិសុទ្ធ​ដោយ​ប៉ះ‌ពាល់​សាក‌សព ចេញ​ពី​ជំរំ។ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ជំរំ។ ដូច្នេះ ពួក​គេ​មិន​ធ្វើ​ឲ្យ​ជំរំ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​នេះ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម គឺ​បណ្ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ជំរំ។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​នរណា​ម្នាក់ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ចំពោះ​មនុស្ស​ម្នាក់ អ្នក​នោះ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់ និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស។ អ្នក​នោះ​ត្រូវ​តែ​ទទួល​សារភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​របស់​ដែល​ខ្លួន​យក​មក​ដោយ​ទុច្ចរិត​ទៅ​ម្ចាស់​ដើម​វិញ ទាំង​បង់​ជំងឺ​ចិត្ត​ឲ្យ​គេ​មួយ​ភាគ​ប្រាំ​ផង។ ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ ត្រូវ​យក​របស់​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ប្រគល់​ជូន​បូជា‌ចារ្យ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ ជា​តង្វាយ​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​របស់​ព្រះ‌អម្ចាស់ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ។ អ្វីៗ​ដែល​ប្រជា‌ជន​ថ្វាយ​ព្រះ‌អម្ចាស់ នឹង​បាន​ជា​ចំណែក​របស់​ខ្លួន ហើយ​អ្វីៗ​ដែល​គេ​ប្រគល់​ជូន​បូជា‌ចារ្យ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា: «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស​ម្នាក់​មាន​ប្រពន្ធ ហើយ​ប្រពន្ធ​នោះ​ក្បត់​ចិត្ត​ខ្លួន គឺ​រួម​ដំណេក​ជា​មួយ​បុរស​ផ្សេង​មិន​ឲ្យ​ប្ដី​ដឹង។ ប្រសិន​បើ​នាង​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​នេះ​ដោយ​លួច​លាក់ ឥត​មាន​សាក្សី​ណា​បាន​ឃើញ ឥត​មាន​នរណា​ចាប់​ភស្ដុតាង​បាន​ទេ តែ​ប្ដី​របស់​នាង​មាន​ចិត្ត​ប្រច័ណ្ឌ និង​សង្ស័យ​ថា ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ឬ​មិន​បាន​ប្រព្រឹត្ត ក្នុង​ករណី​ណា​ក៏​ដោយ ប្ដី​ត្រូវ​តែ​នាំ​ប្រពន្ធ​ទៅ​ជួប​បូជា‌ចារ្យ ទាំង​នាំ​យក​ម្សៅ​បី​គីឡូ​ក្រាម ជា​តង្វាយ​សម្រាប់​នាង​ទៅ​ជា​មួយ​ផង។ បុរស​នោះ​មិន​ត្រូវ​ចាក់​ប្រេង ឬ​គ្រឿង​ក្រអូប​លើ​ម្សៅ​ឡើយ ព្រោះ​គ្រាន់​តែ​ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ និង​ជា​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស​មួយ។ បូជា‌ចារ្យ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​យក​ទឹក​វិសុទ្ធដាក់​ក្នុង​ថូ​ដី រួច​យក​ធូលី​ដី​នៅ​ព្រះ‌ពន្លា​នោះ​ដាក់​ក្នុង​ទឹក។ បូជា‌ចារ្យ​ឲ្យ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ លោក​ដាក់​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​នោះ ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​លោក​វិញ លោក​កាន់​ទឹក​សម្បថ ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដាសា ក្នុង​ដៃ​របស់​លោក​ផ្ទាល់។ បូជា‌ចារ្យ​ប្រាប់​ឲ្យ​នាង​ស្បថ រួច​ពោល​ថា “ប្រសិន​បើ​គ្មាន​បុរស​ផ្សេង​រួម​ដំណេក​ជា​មួយ​នាង ក្នុង​ពេល​នាង​រួម​រស់​ជា​មួយ​ប្ដី ហើយ​ប្រសិន​បើ​នាង​មិន​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ទេ នោះ​សូម​កុំ​ឲ្យ​ទឹក​សម្បថ​នេះ​នាំ​បណ្ដាសា​មក​លើ​នាង​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្នុង​ពេល​នាង​នៅ​រួម​រស់​ជា​មួយ​ប្ដី នាង​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង ដោយ​រួម​ដំណេក​ជា​មួយ​ប្រុស​ដទៃ​ក្រៅ​ពី​ប្ដី​របស់​ខ្លួន នោះ​សូម​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​នាង​ត្រូវ​បណ្ដាសា និង​ទទួល​ទោស តាម​ពាក្យ​ដែល​នាង​បាន​ស្បថ‌ស្បែ សូម​ព្រះអង្គ​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​អារ និង​ធ្វើ​ឲ្យ​នាង​ប៉ោង​ពោះ ហើយ​ប្រជា‌ជន​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។ សូម​ទឹក​សម្បថ​នេះ​ចូល​ទៅ​ក្នុង​ពោះ​របស់​នាង ធ្វើ​ឲ្យ​នាង​ប៉ោង​ពោះ ហើយ​ក្លាយ​ទៅ​ជា​ស្ត្រី​អារ!”។ នាង​ត្រូវ​ឆ្លើយ​ថា “សូម​ឲ្យ​កើត​មាន​ដូច្នោះ​មែន! អាម៉ែន!”។ បូជា‌ចារ្យ​ត្រូវ​សរសេរ​ពាក្យ​សម្បថ​ទុក​ក្នុង​សៀវភៅ​មួយ រួច​យក​ទឹក​សម្បថ​នោះ​មក​លុប។ បន្ទាប់​មក លោក​ឲ្យ​ទឹក​សម្បថ​ទៅ​នាង​ផឹក ទឹក​សម្បថ​នោះ​ចូល​ទៅ​ក្នុង​ពោះ​នាង ធ្វើ​ឲ្យ​នាង​ឈឺ​ចុក​ចាប់។ បូជា‌ចារ្យ​ទទួល​យក​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង លោក​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​យក​តង្វាយ​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។ បូជា‌ចារ្យ​ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ក្ដាប់​ធ្វើ​ជា​ទី​រំឭក ហើយ​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក ទើប​លោក​បង្គាប់​ឲ្យ​ស្ត្រី​នោះ​ផឹក​ទឹក។ ក្រោយ​ពី​ឲ្យ​នាង​ផឹក​ទឹក​រួច​ហើយ ប្រសិន​បើ​នាង​ពិត​ជា​សៅ‌ហ្មង ហើយ​ក្បត់​ចិត្ត​ប្ដី​របស់​ខ្លួន​មែន ទឹក​សម្បថ​ដែល​ចូល​ទៅ​ក្នុង​ពោះ​នាង នឹង​បណ្ដាល​ឲ្យ​នាង​ឈឺ​ចាប់ ប៉ោង​ពោះ ទៅ​ជា​ស្ត្រី​អារ។ ស្ត្រី​នោះ​នឹង​ត្រូវ​បណ្ដាសា ហើយ​ប្រជា‌ជន​នឹង​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​នាង​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង គឺ​នាង​មិន​បាន​ក្បត់​ប្ដី​ទេ នោះ​នាង​នឹង​បាន​រួច​ខ្លួន ហើយ​នាង​នឹង​មាន​កូន​ចៅ។ នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​ការ​ប្រច័ណ្ឌ ក្នុង​ករណី​ស្ត្រី​ដែល​នៅ​រួម​រស់​ជា​មួយ​ប្ដី ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង និង​ក្នុង​ករណី​ប្ដី​ដែល​មាន​ចិត្ត​ប្រច័ណ្ឌ សង្ស័យ​ថា​ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន។ បូជា‌ចារ្យ​ត្រូវ​នាំ​ស្ត្រី​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ហើយ​អនុវត្ត​សព្វ​គ្រប់​ទាំង​អស់​តាម​ក្រឹត្យ‌វិន័យ​នេះ។ ពេល​នោះ ប្ដី​គ្មាន​ទោស​អ្វី​ទេ រីឯ​ប្រពន្ធ​វិញ នាង​ត្រូវ​ទទួល​ផល​វិបាក​តាម​អំពើ​បាប​របស់​ខ្លួន»។

ចែក​រំលែក
អាន ជនគណនា 5

ជនគណនា 5:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​បណ្តេញ​អស់​អ្នក​ដែល​កើត​ឃ្លង់ ឬ​មាន​ហូរ​ខ្ទុះ ឬ​ដែល​មិន​ស្អាត​ដោយ​ព្រោះ​ខ្មោច​ស្លាប់ ឲ្យ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ ត្រូវ​ឲ្យ ទាំង​ប្រុស ទាំង​ស្រី ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ចុះ ដើម្បី​កុំ​ឲ្យ​គេ​នាំ​ឲ្យ​ទី​ដំឡើង​ត្រសាល ជា​ទី​ដែល​អញ​នៅ​ជា​កណ្តាល​គេ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​យ៉ាង​នោះ គឺ​គេ​ឲ្យ​ពួក​អ្នក​ទាំង​នោះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ម៉ូសេ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​សំរេច​ដូច្នោះ។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​កាល​ណា​មនុស្ស​ប្រុស​ឬ​ស្រី នឹង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​អ្នក​ណា ទាំង​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា​ផង ហើយ​មាន​ទោស​ដូច្នោះ នោះ​ត្រូវ​ឲ្យ​លន់‌តួ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​អ្វីៗ​នោះ​ទៅ​វិញ​ទាំង​មូល ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ទៀត ឲ្យ​ដល់​អ្នក​ដែល​ខ្លួន​មាន​ទោស​ចំពោះ​គេ​ផង តែ​បើ​គ្មាន​អ្នក​ណា​មាន​ច្បាប់​នឹង​ទទួល​សំណង​ដែល​ខ្លួន​សង ដើម្បី​នឹង​លោះ​បាប​ខ្លួន​នោះ​ទេ នោះ​សំណង​ដែល​សង​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទោស​ខ្លួន នឹង​ត្រូវ​បាន​ជា​របស់​សង្ឃ​វិញ ព្រម​ទាំង​ពពែ​ឈ្មោល​ដែល​សំរាប់​ឲ្យ​ធួន​នឹង​បាប ដែល​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​នោះ​ផង ហើយ​គ្រប់​ទាំង​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ពី​ដង្វាយ​បរិសុទ្ធ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​គេ​នាំ​យក​មក​ប្រគល់​ដល់​សង្ឃ នោះ​ត្រូវ​បាន​ជា​របស់​ផង​លោក ហើយ​អស់​ទាំង​របស់​អ្វី​ដែល​មនុស្ស​ណា​នឹង​ញែក​ជា​បរិសុទ្ធ គឺ​របស់​ណា​ក៏​ដោយ​ដែល​មនុស្ស​នឹង​ប្រគល់​ដល់​សង្ឃ នោះ​ត្រូវ​បាន​ជា​របស់​ផង​លោក​ហើយ។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​ប្រពន្ធ​របស់​អ្នក​ណា​បែរ​ចេញ​ទៅ​ប្រព្រឹត្ត​ក្បត់​នឹង​ប្ដី ហើយ​មាន​អ្នក​ណា​សេព‌សម្ភព​នឹង​នាង តែ​ការ​នោះ​នៅ​កំបាំង​នឹង​ភ្នែក​ប្ដី ឥត​អ្នក​ណា​មួយ​ដឹង​សោះ គឺ​នាង​បាន​ទៅ​ជា​សៅ‌ហ្មង ដោយ​ស្ងាត់​កំបាំង ហើយ​គ្មាន​អ្នក​ធ្វើ​បន្ទាល់​ទាស់​នឹង​នាង ក៏​គ្មាន​អ្នក​ណា​មួយ​បាន​ទាន់​ដែរ រួច​ប្ដី​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​សេចក្ដី​សង្ស័យ ហើយ​នាង​ក៏​សៅ‌ហ្មង​មែន ឬ​បើ​ប្ដី​កើត​មាន​ចិត្ត​ប្រចណ្ឌ ដោយ​មាន​សេចក្ដី​សង្ស័យ តែ​ប្រពន្ធ​មិន​បាន​សៅ‌ហ្មង​ទេ នោះ​ប្ដី​ត្រូវ​នាំ​ប្រពន្ធ​ខ្លួន​ទៅ​ឯ​សង្ឃ ព្រម​ទាំង​យក​ដង្វាយ ជា​ម្សៅ​ឱក​១​ខ្ញឹង​សំរាប់​ប្រពន្ធ​ផង មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ពី​លើ​ទេ ដ្បិត​ជា​ដង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ ទុក​ជា​ដង្វាយ​រំឭក សំរាប់​នឹង​រំឭក​ពី​អំពើ​ដ៏​លាមក ត្រូវ​ឲ្យ​សង្ឃ​នាំ​នាង​នោះ​មក​ជិត ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​យក​ទឹក​បរិសុទ្ធ​ចាក់​ក្នុង​ចាន​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ ត្រូវ​ឲ្យ​សង្ឃ ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​បើក​ក្បាល​នៅ​ទទេ រួច​ត្រូវ​ដាក់​ជា​ដង្វាយ​រំឭក គឺ​ជា​ដង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​នាង ហើយ​សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នោះ​នៅ​ក្នុង​ដៃ រួច​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​ប្រាប់​ថា បើ​គ្មាន​ប្រុស​ដទៃ​ណា​រួម​ដំណេក​នឹង​នាង ឬ​បើ​នាង​មិន​បាន​បែរ​ទៅ​ឯ​សេចក្ដី​សៅ‌ហ្មង ដើម្បី​នឹង​ក្បត់​ប្ដី​ទេ នោះ​ឲ្យ​នាង​រួច​ពី​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ​ចុះ តែ​បើ​នាង​ដែល​នៅ​ក្រោម​អំណាច​ប្ដី បាន​បែរ​ចេញ​ទៅ​រួម​ដំណេក​នឹង​ប្រុស​ដទៃ​ណា​ក្រៅ​ពី​ប្ដី​ខ្លួន ឲ្យ​មាន​សេចក្ដី​សៅ‌ហ្មង​វិញ យ៉ាង​នោះ​សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​សម្បថ​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា រួច​នឹង​បញ្ចេញ​វាចា​ថា សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​នាង​ទៅ​ជា​អ្នក​រង​ពាក្យ​ដំនៀល នឹង​ពាក្យ​ប្រមាថ​នៅ​ក្នុង​សាសន៍​របស់​ខ្លួន​ចុះ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ភ្លៅ​នាង​រលួយ ហើយ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ នឹង​ចូល​ទៅ​ក្នុង​ពោះ​នាង ព្រម​ទាំង​ធ្វើ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង ហើយ​ឲ្យ​ភ្លៅ​នាង​រលួយ​ទៅ រួច​ស្ត្រី​នោះ​ត្រូវ​ទទួល​ថា អាម៉ែន អាម៉ែន ត្រូវ​ឲ្យ​សង្ឃ​នោះ​កត់​សេចក្ដី​បណ្តាសា​ទាំង​នេះ ចុះ​ក្នុង​សៀវភៅ ហើយ​យក​ទឹក​ល្វីង​មក​លុប​ចេញ រួច​ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​ទៅ ទឹក​នោះ​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ដង្វាយ​នោះ ដែល​ត្រូវ​ខាង​សេចក្ដី​ប្រចណ្ឌ ពី​ដៃ​នាង​មក​គ្រវី​ថ្វាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​ទៅ​ឯ​អាសនា នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ ពី​ដង្វាយ​នោះ​១​ក្តាប់ ទុក​ជា​សេចក្ដី​រំឭក​ទៅ​ដុត​លើ​អាសនា រួច​សឹម​ឲ្យ​នាង​ផឹក​ទឹក​នោះ កាល​ណា​បាន​ឲ្យ​ផឹក​ទឹក​រួច​ហើយ បើ​នាង​មាន​សៅ‌ហ្មង​មែន ដោយ​បាន​ក្បត់​ប្ដី នោះ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង ពោះ​នាង​នឹង​ហើម​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​នឹង​រលួយ​ទៅ នាង​នឹង​ទៅ​ជា​អ្នក​រង​សេចក្ដី​ដំនៀល​ទៅ​ក្នុង​សាសន៍​របស់​ខ្លួន តែ​បើ​មិន​បាន​សៅ‌ហ្មង​ទេ គឺ​នាង​បរិសុទ្ធ​ស្អាត​វិញ នោះ​នឹង​បាន​រួច ហើយ​នឹង​មាន​កូន​ផង នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ កាល​ណា​ស្ត្រី​ណា ដែល​នៅ​ក្រោម​អំណាច​ប្ដី នឹង​បែរ​ចេញ​ទៅ​ក្បត់​ប្ដី​ខ្លួន​ឲ្យ​មាន​សៅ‌ហ្មង ឬ​បើ​មាន​មនុស្ស​ណា​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​សេចក្ដី​សង្ស័យ នោះ​ត្រូវ​នាំ​នាង​ទៅ​ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ឲ្យ​សង្ឃ​ធ្វើ​សំរេច​តាម​ច្បាប់​នេះ​គ្រប់​ជំពូក គឺ​យ៉ាង​ដូច្នោះ ដែល​មនុស្ស​នោះ​នឹង​បាន​វៀរ​រួច​ពី​សេចក្ដី​ទុច្ចរិត តែ​ឯ​ស្ត្រី​នោះ ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​ដ៏​លាមក​របស់​ខ្លួន​វិញ។

ចែក​រំលែក
អាន ជនគណនា 5