ជនគណនា 4:17-20
ជនគណនា 4:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ «មិនត្រូវកាត់កុលសម្ព័ន្ធនៃពូជអំបូរកេហាត់ចេញពីពួកលេវីឡើយ។ ត្រូវចាត់ចែងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ហើយមិនត្រូវស្លាប់ គឺពេលណាគេចូលទៅជិតវត្ថុដ៏បរិសុទ្ធបំផុត នោះអើរ៉ុន និងកូនៗរបស់គាត់ ត្រូវចូលទៅ ហើយប្រគល់ការងារឲ្យគេទទួលបន្ទុករៀងៗខ្លួន។ ប៉ុន្តែ កូនចៅកេហាត់ មិនត្រូវចូលទៅមើលវត្ថុដ៏បរិសុទ្ធទាំងនោះឡើយ ក្រែងគេត្រូវស្លាប់»។
ជនគណនា 4:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ «មិនត្រូវដកអំបូរកេហាត់ចេញពីកុលសម្ព័ន្ធលេវីឡើយ។ ពេលណាអំបូរកេហាត់ចូលមកជិតទីសក្ការៈបំផុត អើរ៉ុន និងកូនចៅរបស់គាត់ត្រូវចាត់ចែងឲ្យពួកគេបំពេញមុខងារ និងភារកិច្ចរៀងៗខ្លួន ធ្វើដូច្នេះ ពួកគេនឹងរស់រានមានជីវិត ឥតស្លាប់ឡើយ។ ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។
ជនគណនា 4:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា កុំឲ្យកាត់ពូជគ្រួសារកេហាត់ឲ្យបាត់ពីពួកលេវីឡើយ គឺត្រូវធ្វើនឹងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ឥតត្រូវស្លាប់ឡើយ ក្នុងកាលដែលគេចូលទៅឯរបស់ទាំងប៉ុន្មាន ដែលបរិសុទ្ធបំផុត គឺត្រូវឲ្យអើរ៉ុន នឹងពួកកូនលោក ចូលទៅដំរូវការងារ នឹងបន្ទុកឲ្យគេរៀងខ្លួន តែមិនត្រូវឲ្យគេចូលទៅមើល កំពុងដែលគ្របរបស់បរិសុទ្ធទាំងប៉ុន្មានឡើយ ក្រែងត្រូវស្លាប់។