ជនគណនា 4:1-49
ជនគណនា 4:1-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូររាប់ចំនួនកូនចៅកេហាត់ ដោយឡែកពីកូនចៅលេវី តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងត្រសាលជំនុំបាន។ មុខងាររបស់កូនចៅកេហាត់ក្នុងត្រសាលជំនុំ គឺមើលខុសត្រូវលើវត្ថុដ៏បរិសុទ្ធបំផុត។ ពេលត្រូវរើជំរំ អើរ៉ុន និងកូនរបស់គាត់ ត្រូវចូលទៅដោះវាំងននដែលបិទបាំង យកទៅគ្រប់លើហិបនៃសេចក្ដីសញ្ញា បន្ទាប់មក ត្រូវគ្របដោយស្បែកផ្សោត ហើយក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ រួចស៊កឈើស្នែងចូល។ គេត្រូវក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុសម្រាប់ដាក់តាំងនំបុ័ង ហើយដាក់ថាស ចាន ពែង និងប៉ាន់សម្រាប់តង្វាយច្រួច។ រីឯនំបុ័ងត្រូវស្ថិតនៅលើតុនោះជាអចិន្ត្រៃយ៍ បន្ទាប់មក គេត្រូវក្រាលសំពត់ពណ៌ក្រហមពីលើរបស់ទាំងនោះ ហើយគ្របដោយស្បែកផ្សោតពីលើ រួចត្រូវស៊កឈើស្នែងចូល។ គេត្រូវយកសំពត់ពណ៌ផ្ទៃមេឃ គ្របពីលើជើងសម្រាប់ដាក់ចង្កៀងបំភ្លឺ ព្រមទាំងចង្កៀង ឃ្នាបប្រឆេះ ថាសដាក់កម្ទេច និងដបទាំងប៉ុន្មានសម្រាប់ដាក់ប្រេងដុតចង្កៀងនោះ ហើយគេត្រូវយកចង្កៀង និងប្រដាប់ទាំងនោះ ដាក់ក្នុងស្បែកផ្សោត រួចដាក់នៅលើប្រដាប់សម្រាប់សែង។ ឯអាសនាមាស គេត្រូវក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ ហើយគ្របដោយស្បែកផ្សោត រួចត្រូវស៊កឈើស្នែងចូល។ ត្រូវយកប្រដាប់ប្រដាទាំងអស់ ដែលសម្រាប់ប្រើក្នុងទីបរិសុទ្ធ មកខ្ចប់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយរុំស្បែកផ្សោតពីលើ រួចដាក់នៅលើប្រដាប់សម្រាប់សែង។ គេត្រូវកាយផេះចេញពីអាសនា ហើយក្រាលសំពត់ពណ៌ស្វាយពីលើ ហើយត្រូវដាក់ប្រដាប់ប្រដាដែលសម្រាប់ប្រើទាំងប៉ុន្មាននៅលើអាសនានោះ គឺជើងពាន សម ចបចូក ផើង និងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយត្រូវស៊កឈើស្នែងចូល។ ពេលអើរ៉ុន និងកូនៗរបស់គាត់បានគ្របទីបរិសុទ្ធ និងប្រដាប់ប្រដាទាំងប៉ុន្មានរួចហើយ ពេលលើកជំរំ កូនចៅកេហាត់ត្រូវមកសែងរបស់ទាំងនោះ តែគេមិនត្រូវប៉ះពាល់វត្ថុដ៏បរិសុទ្ធទាំងនោះឡើយ បើមិនដូច្នោះទេ គេនឹងត្រូវស្លាប់។ នេះហើយជារបស់ប្រើប្រាស់ក្នុងត្រសាលជំនុំដែលកូនចៅកេហាត់ត្រូវលីសែង។ អេលាសារជាកូនរបស់សង្ឃអើរ៉ុន ត្រូវទទួលខុសត្រូវខាងប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅដែលថ្វាយជាប្រចាំ និងប្រេងចាក់លាប ហើយមើលខុសត្រូវលើរោងឧបោសថទាំងមូល ប្រដាប់ប្រដាទាំងអស់នៅក្នុងរោងឧបោសថ នៅក្នុងទីបរិសុទ្ធ និងប្រដាប់ប្រដាផ្សេងៗនៅក្នុងទីបរិសុទ្ធ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ «មិនត្រូវកាត់កុលសម្ព័ន្ធនៃពូជអំបូរកេហាត់ចេញពីពួកលេវីឡើយ។ ត្រូវចាត់ចែងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ហើយមិនត្រូវស្លាប់ គឺពេលណាគេចូលទៅជិតវត្ថុដ៏បរិសុទ្ធបំផុត នោះអើរ៉ុន និងកូនៗរបស់គាត់ ត្រូវចូលទៅ ហើយប្រគល់ការងារឲ្យគេទទួលបន្ទុករៀងៗខ្លួន។ ប៉ុន្តែ កូនចៅកេហាត់ មិនត្រូវចូលទៅមើលវត្ថុដ៏បរិសុទ្ធទាំងនោះឡើយ ក្រែងគេត្រូវស្លាប់»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូររាប់ចំនួនកូនចៅគើសុនដែរ តាមវង្សានុវង្សរបស់ឪពុក និងតាមពូជអំបូរគេ ត្រូវរាប់ពួកគេ ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារក្នុងត្រសាលជំនុំបាន។ ពូជអំបូរគើសុនមានមុខងារបម្រើ និងលីសែងដូចតទៅ៖ គេត្រូវសែងផ្ទាំងសំពត់រោងឧបោសថ និងត្រសាលជំនុំ គម្របត្រសាល គម្របស្បែកផ្សោតដែលគ្របពីលើ ព្រមទាំងរនាំងបាំងទ្វារចូលត្រសាលជំនុំ រនាំងទីលាន រនាំងបាំងទ្វារចូលទីលានដែលនៅព័ទ្ធជុំវិញរោងឧបោសថ និងអាសនា ខ្សែសន្ធឹង និងប្រដាប់ប្រដាទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ជាមួយ។ គេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យគេធ្វើ។ មុខងាររបស់កូនចៅគើសុនក្នុងការលីសែង និងការទាំងប៉ុន្មានដែលគេត្រូវធ្វើ គឺនៅក្រោមបង្គាប់របស់អើរ៉ុន និងកូនៗរបស់គាត់។ អ្នកត្រូវចាត់ចែងឲ្យគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលគេត្រូវលីសែង។ នេះហើយជាមុខងាររបស់ពូជអំបូរគើសុននៅក្នុងត្រសាលជំនុំ ហើយការទទួលខុសត្រូវរបស់គេ គឺនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន។ រីឯកូនចៅម្រ៉ារី នោះត្រូវរាប់គេតាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារក្នុងត្រសាលជំនុំបាន។ មុខងារទាំងអស់របស់គេនៅក្នុងត្រសាលជំនុំ ដែលតម្រូវឲ្យគេលីសែងគឺ ក្តាររបស់រោងឧបោសថ រនុកក្ដារ សសរ និងជើងសសរ សសរទីលានដែលនៅជុំវិញ និងជើងសសរ ចម្រឹង ខ្សែសន្ធឹង ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន និងរបស់ទាំងអស់ដែលប្រើប្រាស់ជាមួយ។ អ្នកត្រូវតម្រូវតាមឈ្មោះរបស់ទាំងនោះដែលគេត្រូវលីសែង។ នេះហើយជាមុខងាររបស់ពូជអំបូរម្រ៉ារី គឺមុខងារទាំងអស់របស់គេនៅក្នុងត្រសាលជំនុំ នោះនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន»។ ដូច្នេះ លោកម៉ូសេ អើរ៉ុន និងមេដឹកនាំលើក្រុមជំនុំ ក៏រាប់កូនចៅកេហាត់ តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងត្រសាលជំនុំបាន ហើយចំនួនតាមពូជអំបូររបស់ពួកគេមាន ២ ៧៥០ នាក់។ នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរកេហាត់ គឺអស់អ្នកដែលបម្រើនៅក្នុងត្រសាលជំនុំ ដែលលោកម៉ូសេ និងលោកអើរ៉ុនបានរាប់ តាមការបង្គាប់របស់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។ ចំនួនកូនចៅគើសុន តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារក្នុងត្រសាលជំនុំបាន គឺចំនួនពួកគេតាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេមាន ២ ៦៣០ នាក់។ នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរគើសុន គឺអស់អ្នកដែលបម្រើនៅក្នុងត្រសាលជំនុំ ដែលលោកម៉ូសេ និងលោកអើរ៉ុនបានរាប់តាមការបង្គាប់របស់ព្រះយេហូវ៉ា។ ចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរម្រ៉ារី តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារក្នុងត្រសាលជំនុំបាន គឺចំនួនពួកគេដែលបានរាប់តាមពូជអំបូរមាន ៣ ២០០ នាក់។ នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរម្រ៉ារី ដែលលោកម៉ូសេ និងអើរ៉ុន បានរាប់តាមការបង្គាប់របស់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។ អស់អ្នកដែលលោកម៉ូសេ អើរ៉ុន និងមេដឹកនាំលើសាសន៍អ៊ីស្រាអែលបានរាប់ក្នុងពួកលេវី តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារ និងលីសែងនៅក្នុងត្រសាលជំនុំ ចំនួនអ្នកទាំងនោះមាន ៨ ៥៨០ នាក់។ លោកម៉ូសេបានតែងតាំងគេ តាមការបង្គាប់របស់ព្រះយេហូវ៉ា គឺឲ្យគេមានភារកិច្ច ឬការងារលីសែងរៀងៗខ្លួន ហើយគឺយ៉ាងនេះឯងដែលលោកម៉ូសេបានរាប់ពួកគេ ដូចព្រះយេហូវ៉ាបានបង្គាប់។
ជនគណនា 4:1-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ក្នុងចំណោមកូនចៅលេវី ត្រូវធ្វើបញ្ជីរាយនាមកូនចៅកេហាត់ ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ ហើយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ កូនចៅកេហាត់បំពេញមុខងារក្នុងពន្លាជួបព្រះអម្ចាស់ គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។ ពេលជនជាតិអ៊ីស្រាអែលត្រូវចេញដំណើរ អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខណ្ឌទីសក្ការៈបំផុត យកទៅគ្របលើហិបនៃសន្ធិសញ្ញា។ បន្ទាប់មក ពួកគេយកស្បែកផ្សោតគ្របពីលើ ហើយយកក្រណាត់ពណ៌ស្វាយមករុំពីលើមួយជាន់ទៀត រួចទើបស៊កឈើសម្រាប់សែង។ ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសម្រាប់តម្កល់នំប៉័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសម្រាប់ធ្វើពិធីច្រួចស្រា មកដាក់ពីលើ។ រីឯនំប៉័ងស្ថិតនៅលើតុនោះស្រាប់។ បន្ទាប់មក ពួកគេក្រាលក្រណាត់ពណ៌ក្រហមទុំពីលើរបស់ទាំងនោះ ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។ ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមករុំជើងចង្កៀងសម្រាប់បំភ្លឺ ចង្កៀង ឃ្នាបប្រឆេះ ភាជន៍ដាក់កម្ទេច និងដបប្រេងទាំងប៉ុន្មាន សម្រាប់ដុតចង្កៀងនោះ ហើយយកស្បែកផ្សោតមកខ្ចប់រួមជាមួយគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលត្រូវប្រើជាមួយរបស់ទាំងនោះ រួចយកទៅដាក់នៅលើប្រដាប់សម្រាប់សែង។ ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយក្រាលលើអាសនៈមាស ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។ ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើ រួចដាក់លើប្រដាប់សម្រាប់ស្នែង។ ពួកគេត្រូវយកផេះចេញពីអាសនៈ ហើយយកក្រណាត់ពណ៌ក្រហមក្រាលពីលើអាសនៈនោះ។ បន្ទាប់មក ត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលប្រើប្រាស់ជាមួយអាសនៈនោះ គឺមានភាជន៍ដាក់រងើកភ្លើង សម ប្រដាប់ចូក ផើង និងគ្រឿងបរិក្ខារទាំងប៉ុន្មានទៀតសម្រាប់អាសនៈ ដាក់ពីលើអាសនៈ ហើយយកស្បែកផ្សោតមករុំ រួចស៊កឈើសម្រាប់សែង។ នៅពេលលើកជំរំ កាលអើរ៉ុន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ហើយ កូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងពន្លាជួបព្រះអម្ចាស់។ អេឡាសារជាកូនរបស់បូជាចារ្យអើរ៉ុន ទទួលខុសត្រូវលើប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅអចិន្ត្រៃយ៍ និងប្រេងសម្រាប់ពិធីលាបប្រេង។ គាត់ក៏មើលខុសត្រូវលើព្រះពន្លាទាំងមូល និងអ្វីៗទាំងអស់នៅក្នុងព្រះពន្លា ព្រមទាំងទីសក្ការៈ និងគ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីសក្ការៈ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ «មិនត្រូវដកអំបូរកេហាត់ចេញពីកុលសម្ព័ន្ធលេវីឡើយ។ ពេលណាអំបូរកេហាត់ចូលមកជិតទីសក្ការៈបំផុត អើរ៉ុន និងកូនចៅរបស់គាត់ត្រូវចាត់ចែងឲ្យពួកគេបំពេញមុខងារ និងភារកិច្ចរៀងៗខ្លួន ធ្វើដូច្នេះ ពួកគេនឹងរស់រានមានជីវិត ឥតស្លាប់ឡើយ។ ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរធ្វើបញ្ជីរាយនាមកូនចៅគើសូន ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។ ចូរជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ អំបូរគើសូនមានភារកិច្ចលីសែងគ្រឿងសម្ភារៈដូចតទៅ: ពួកគេត្រូវសែងក្រណាត់ព្រះពន្លា និងក្រណាត់ពន្លាជួបព្រះអម្ចាស់ ក្រណាត់សម្រាប់គ្របពីលើ និងស្បែកផ្សោតសម្រាប់រុំ ព្រមទាំងវាំងនននៅខាងមុខពន្លាជួបព្រះអម្ចាស់ ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលាន ក្រណាត់នៅជុំវិញព្រះពន្លា និងអាសនៈ ខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យធ្វើ។ អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺឲ្យពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។ នេះហើយជាមុខងារដែលអំបូរគើសូនត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន។ ចូរជំរឿនកូនចៅម៉្រារី តាមអំបូរ តាមគ្រួសាររបស់ពួកគេ។ ត្រូវជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ ចំពោះកិច្ចការដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់នោះ គឺមើលថែទាំបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ និងជើងសសរ សសរ និងជើងសសរនៅជុំវិញទីលាន ចម្រឹង ខ្សែសន្ធឹង ព្រមទាំងគ្រឿងបរិក្ខារ និងអ្វីៗទាំងអស់ដែលប្រើប្រាស់ជាមួយ។ ត្រូវរាយមុខឈ្មោះរបស់ទាំងនោះ ឲ្យពួកគេមើលថែទាំ។ នេះហើយជាមុខងារដែលអំបូរម៉្រារីត្រូវបំពេញ គឺមុខងារទាំងអស់ដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន»។ លោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំរបស់សហគមន៍ បានជំរឿនកូនចៅកេហាត់ តាមអំបូរ និងតាមគ្រួសាររបស់ពួកគេ អស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៧៥០នាក់។ នេះជាចំនួនអស់អ្នកដែលមកពីអំបូរកេហាត់ គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអើរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ រីឯកូនចៅគើសូនដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៦៣០ នាក់។ នេះជាចំនួនអស់អ្នកដែលមកពីអំបូរគើសូន គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអើរ៉ុនបានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មក។ អស់អ្នកក្នុងអំបូរម៉្រារីដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ ក្នុងអំបូរនេះមានចំនួនទាំងអស់ ៣ ២០០ នាក់។ នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរម៉្រារី។ លោកម៉ូសេ និងលោកអើរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ពួកលេវីទាំងអស់ដែលលោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល បានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ ដោយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារក្នុងពន្លាជួបព្រះអម្ចាស់ និងលីសែងសម្ភារៈ ពួកគេមានចំនួនទាំងអស់ ៨ ៥៨០នាក់។ លោកម៉ូសេបង្គាប់ឲ្យគេជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់ ដោយបញ្ជាក់ឲ្យម្នាក់ៗស្គាល់ភារកិច្ច និងសម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
ជនគណនា 4:1-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេនឹងអើរ៉ុនថា ចូររាប់ចំនួនពួកកូនចៅកេហាត់ ញែកគេចេញពីពួកកូនចៅលេវីទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន ឯក្រសួងរបស់ពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ នោះគឺខាងឯរបស់បរិសុទ្ធបំផុត កាលណាពួកជំនុំរៀបដំណើរចេញទៅ នោះអើរ៉ុន នឹងពួកកូនលោក ត្រូវចូលទៅដោះវាំងនន ដែលបិទបាំង យកទៅគ្របលើហឹប នៃសេចក្ដីបន្ទាល់ រួចត្រូវគ្របដោយស្បែកផ្សោត ហើយក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ ទើបប្រហកឈើស្នែងចូលទៅ ត្រូវឲ្យគេក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុនៃនំបុ័ងតាំងទុក ហើយដាក់ថាស ចាន ពែង នឹងប៉ាន់ ដែលសំរាប់ដង្វាយច្រួច ព្រមទាំងនំបុ័ងដែលដាក់ជាអចិន្ត្រៃយ៍នៅលើតុនោះដែរ រួចត្រូវក្រាលសំពត់ពណ៌ក្រហមលើរបស់ទាំងនោះ ទាំងគ្របដោយស្បែកផ្សោតពីលើទៀត រួចព្រហកឈើស្នែងចូលទៅ ក៏ត្រូវយកសំពត់ពណ៌ផ្ទៃមេឃ គ្របពីលើជើងដែលសំរាប់ដាក់ចង្កៀង ព្រមទាំងចង្កៀង ឃ្នាបប្រឆេះ កន្ថោររងកំទេច នឹងដបប្រេងទាំងប៉ុន្មាន ដែលសំរាប់ការថែចង្កៀងនោះផង រួចត្រូវឲ្យគេយកចង្កៀង នឹងប្រដាប់ទាំងនោះ ដាក់ក្នុងស្បែកផ្សោត ហើយស៊កឈើស្នែងចូល ឯអាសនាមាស នោះត្រូវឲ្យក្រាលសំពត់ពណ៌ផ្ទៃមេឃនៅពីលើ ហើយគ្របដោយស្បែកផ្សោត រួចប្រហកឈើស្នែងចូលដែរ ត្រូវយកប្រដាប់ប្រដាទាំងអស់ ដែលសំរាប់ប្រើក្នុងទីបរិសុទ្ធ ទៅដាក់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយគ្របនឹងស្បែកផ្សោត រួចស៊កឈើស្នែងចូល ត្រូវកាយផេះពីអាសនាចេញ ហើយក្រាលសំពត់ពណ៌ស្វាយពីលើ ព្រមទាំងដាក់ប្រដាប់ប្រដាដែលសំរាប់ប្រើនៅអាសនានេះផង គឺជើងពាន សម ចបចូក ផើង នឹងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយព្រហកឈើស្នែងចូល កាលណាអើរ៉ុន នឹងពួកកូនលោកបានគ្របទីបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានជាស្រេចហើយ ក្នុងវេលាដែលពួកជំនុំរៀបដំណើរចេញទៅ នោះពួកកូនចៅកេហាត់ ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឲ្យពាល់ដល់របស់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់ របស់ទាំងនោះជាបន្ទុកលើពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ។ ឯអេលាសារជាកូនអើរ៉ុនដ៏ជាសង្ឃ នោះត្រូវត្រួតខាងប្រេងសំរាប់ចង្កៀង គ្រឿងក្រអូប ដង្វាយម្សៅដែលថ្វាយជានិច្ច នឹងប្រេងចាក់លាប ហើយត្រូវត្រួតត្រាលើរោងឧបោសថទាំងមូល ព្រមទាំងប្រដាប់ប្រដានៅក្នុងរោងនោះទាំងប៉ុន្មាន នឹងទីបរិសុទ្ធ ហើយប្រដាប់ប្រដាសំរាប់ទីនោះផង។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា កុំឲ្យកាត់ពូជគ្រួសារកេហាត់ឲ្យបាត់ពីពួកលេវីឡើយ គឺត្រូវធ្វើនឹងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ឥតត្រូវស្លាប់ឡើយ ក្នុងកាលដែលគេចូលទៅឯរបស់ទាំងប៉ុន្មាន ដែលបរិសុទ្ធបំផុត គឺត្រូវឲ្យអើរ៉ុន នឹងពួកកូនលោក ចូលទៅដំរូវការងារ នឹងបន្ទុកឲ្យគេរៀងខ្លួន តែមិនត្រូវឲ្យគេចូលទៅមើល កំពុងដែលគ្របរបស់បរិសុទ្ធទាំងប៉ុន្មានឡើយ ក្រែងត្រូវស្លាប់។ ព្រះយេហូវ៉ា ទ្រង់បង្គាប់ដល់ម៉ូសេថា ចូររាប់ចំនួននៃពួកកូនចៅគើសុនដែរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ត្រូវរាប់គេចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន ឯក្រសួងរបស់ពួកគ្រួសារគើសុន នោះគឺជាការបំរើ នឹងការលីសែងផង ត្រូវឲ្យគេសែងផ្ទាំងសំពត់ទាំងប៉ុន្មាន ដែលសំរាប់រោងឧបោសថ ព្រមទាំងត្រសាលជំនុំ នឹងគំរបនៃត្រសាល គំរបស្បែកផ្សោតដែលគ្របពីលើ ហើយនឹងរនាំងបាំងមាត់ទ្វារត្រសាលជំនុំ រនាំងទីលាន រនាំងបាំងមាត់ទ្វារទីលាន ដែលនៅព័ទ្ធជុំវិញរោងឧបោសថ ហើយនឹងអាសនា នឹងអស់ទាំងខ្សែ ប្រដាប់ប្រដាសំរាប់ការងារទាំងប៉ុន្មាន ហើយគ្រប់ទាំងរបស់អ្វីផ្សេងៗឯទៀត គឺការនោះឯងដែលគេត្រូវបំរើ ឯក្រសួងរបស់ពួកកូនចៅគើសុន ក្នុងការលីសែង ឬការងារអ្វីក្តី នោះស្រេចនៅអើរ៉ុន នឹងពួកកូនលោក គឺត្រូវឲ្យលោកចាត់ចែងការរបស់គេទាំងអស់ នេះហើយជាក្រសួងនៃអស់ទាំងគ្រួសាររបស់ពួកកូនចៅគើសុន ក្នុងត្រសាលជំនុំ ហើយបញ្ញើដែលផ្ញើទុកនឹងគេ នោះនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។ ឯពួកកូនចៅម្រ៉ារី នោះត្រូវរាប់គេតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន នេះជាបញ្ញើដែលផ្ញើទុកនឹងគេឲ្យលីសែង តាមក្រសួងគេក្នុងត្រសាលជំនុំ គឺក្តាររបស់រោងឧបោសថ ព្រមទាំងរនុក សសរ ហើយនឹងជើង សសរទីលានដែលនៅជុំវិញ នឹងជើង ចំរ៉ឹង ខ្សែ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់ដែលសំរាប់គាំពារផង ត្រូវឲ្យឯងដំរូវដោយឈ្មោះប្រដាប់ប្រដា ដែលត្រូវផ្ញើទុកឲ្យគេលីសែង នេះហើយជាក្រសួងនៃអស់ទាំងគ្រួសារពួកកូនចៅម្រ៉ារី តាមការងារគេទាំងប៉ុន្មានក្នុងត្រសាលជំនុំ ដែលនៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។ រួចម៉ូសេ អើរ៉ុន នឹងពួកដែលជាកំពូលលើពួកជំនុំទាំងប៉ុន្មាន ក៏រាប់ពួកកូនចៅកេហាត់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន ហើយពួកអ្នកដែលបានរាប់តាមគ្រួសារ នោះមានចំនួន២ពាន់៧៥០នាក់ នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់កេហាត់ គឺអស់អ្នកដែលបំរើក្នុងត្រសាលជំនុំ ដែលម៉ូសេ នឹងអើរ៉ុនបានរាប់ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។ ឯពួកអ្នកដែលបានរាប់ ក្នុងពួកកូនចៅគើសុនតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន ពួកនោះដែលបានរាប់តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ នោះមានចំនួន២ពាន់៦៣០នាក់ នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅគើសុន គឺអស់ដែលបំរើក្នុងត្រសាលជំនុំ ដែលម៉ូសេ នឹងអើរ៉ុនបានរាប់ តាមបង្គាប់ព្រះយេហូវ៉ា។ ឯពួកអ្នកដែលបានរាប់ ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន ពួកនោះដែលបានរាប់តាមគ្រួសារ នោះមានចំនួន៣ពាន់២០០នាក់ នេះហើយជាពួកអ្នកដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី ដែលម៉ូសេ នឹងអើរ៉ុនបានរាប់តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។ ឯអស់អ្នកដែលម៉ូសេ អើរ៉ុន នឹងពួកជាកំពូលទាំងប៉ុន្មានលើសាសន៍អ៊ីស្រាអែល បានរាប់ក្នុងពួកលេវី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលបានចូលទៅធ្វើការងារ ហើយលីសែងក្នុងត្រសាលជំនុំ នោះរួមគ្នាទាំងអស់មាន៨ពាន់៥៨០នាក់ ម៉ូសេបានរាប់គេតាមបង្គាប់ព្រះយេហូវ៉ា គ្រប់គ្នាតាមក្រសួងការ តាមបន្ទុករបស់ខ្លួន គឺយ៉ាងនោះហើយដែលលោកបានរាប់គេ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មក។