ជនគណនា 35:1-34
ជនគណនា 35:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ ថា៖ «ចូរបង្គាប់កូនចៅអ៊ីស្រាអែល ឲ្យប្រគល់ទីក្រុងក្នុងមត៌កជាកេរអាកររបស់គេ ឲ្យពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់វាលស្មៅនៅជុំវិញទីក្រុងទាំងនោះឲ្យពួកលេវីដែរ។ ដូច្នេះ គេនឹងមានទីក្រុងសម្រាប់រស់នៅ និងវាលស្មៅនៅជុំវិញទាំងប៉ុន្មាន សម្រាប់ហ្វូងគោ ហ្វូងចៀម និងសត្វឯទៀតៗទាំងប៉ុន្មានរបស់គេ។ វាលស្មៅនៅជុំវិញទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី ត្រូវវាស់ចាប់ពីកំផែងក្រុង ចេញទៅក្រៅប្រវែងមួយពាន់ហត្ថ។ ត្រូវវាស់នៅខាងក្រៅទីក្រុង ពីរពាន់ហត្ថទៅទិសខាងកើត ពីរពាន់ហត្ថទៅទិសខាងត្បូង ពីរពាន់ហត្ថទៅទិសខាងលិច ពីរពាន់ហត្ថទៅទិសខាងជើង ហើយទីក្រុងស្ថិតនៅកណ្ដាល។ នេះនឹងបានជាវាលស្មៅសម្រាប់ឲ្យគេឃ្វាលសត្វនៅជុំវិញទីក្រុងទាំងនោះ។ ទីក្រុងទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវី ត្រូវឲ្យមានទីក្រុងជម្រកចំនួនប្រាំមួយ សម្រាប់ឲ្យអ្នកណាដែលសម្លាប់គេបានរត់ទៅជ្រក ហើយក្រៅពីនោះ អ្នករាល់គ្នាត្រូវប្រគល់ទីក្រុងចំនួនសែសិបពីរទៀតទៅគេ។ អស់ទាំងទីក្រុងដែលត្រូវប្រគល់ឲ្យពួកលេវី មានទាំងអស់សែសិបប្រាំបី ព្រមទាំងវាលស្មៅដែលនៅជុំវិញក្រុងទាំងនោះផង។ រីឯទីក្រុងក្នុងកេរអាកររបស់កូនចៅអ៊ីស្រាអែល ដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី គឺកុលសម្ព័ន្ធធំ ត្រូវយកទីក្រុងច្រើន ឯកុលសម្ព័ន្ធតូច ត្រូវយកទីក្រុងតិច។ កុលសម្ព័ន្ធនីមួយៗត្រូវប្រគល់មត៌កឲ្យពួកលេវី តាមចំណែកដែលខ្លួនបានទទួល»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ ថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ពេលណាអ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន នោះអ្នករាល់គ្នាត្រូវជ្រើសរើសទីក្រុងខ្លះ ធ្វើជាទីក្រុងជម្រកសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នកដែលសម្លាប់គេដោយអចេតនាបានរត់ទៅជ្រកនៅទីនោះ។ ទីក្រុងទាំងនោះនឹងបានជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលសងសឹក ដើម្បីកុំឲ្យអ្នកដែលសម្លាប់គេត្រូវស្លាប់ មុនពេលជំនុំជម្រះនៅមុខក្រុមជំនុំ។ ក្នុងចំណោមទីក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យ ត្រូវយកទីក្រុងប្រាំមួយធ្វើជាទីក្រុងជម្រកសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវប្រគល់ទីក្រុងបីនៅត្រើយទន្លេយ័រដាន់ខាងអាយ ហើយទីក្រុងបីទៀតនៅក្នុងស្រុកកាណាន ធ្វើជាទីក្រុងជម្រក។ ទីក្រុងទាំងប្រាំមួយនេះនឹងបានជាជម្រកដល់កូនចៅអ៊ីស្រាអែល សម្រាប់អ្នកប្រទេសក្រៅ និងសម្រាប់អ្នកណាម្នាក់ដែលស្នាក់នៅក្នុងចំណោមពួកគេ ដើម្បីឲ្យអ្នកណាដែលសម្លាប់គេដោយអចេតនាបានរត់ទៅជ្រកកោន។ ប៉ុន្ដែ ប្រសិនបើមានអ្នកណាម្នាក់យករបស់អ្វីមួយដែលធ្វើពីដែក ហើយវាយគេរហូតដល់ស្លាប់ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។ ប្រសិនបើអ្នកណាម្នាក់យកថ្មកាន់នៅដៃ ហើយវាយម្នាក់ទៀតដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។ ឬប្រសិនបើអ្នកណាម្នាក់យកគ្រឿងឈើកាន់នៅដៃ ហើយវាយម្នាក់ទៀតដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។ អ្នកដែលត្រូវសងសឹកដោយឈាម គឺជាអ្នកដែលត្រូវសម្លាប់ឃាតកនោះ។ ពេលគេជួបអ្នកនោះនៅវេលាណា អ្នកដែលត្រូវសងសឹកដោយឈាម ត្រូវតែសម្លាប់អ្នកនោះចោល។ ប្រសិនបើអ្នកនោះច្រានគេដោយចិត្តស្អប់ ឬលបចោលគេនឹងអ្វីមួយ ហើយគេក៏ស្លាប់ ឬលើកដៃវាយគេដោយចិត្តស្អប់ ហើយអ្នកនោះក៏ស្លាប់ នោះអ្នកដែលវាយគេ ត្រូវតែសម្លាប់ចោល ព្រោះអ្នកនោះជាឃាតក ឯអ្នកដែលត្រូវសងសឹកដោយឈាម ត្រូវសម្លាប់ឃាតកនោះចោល នៅពេលគេជួបនឹងអ្នកនោះ។ ប៉ុន្ដែ ប្រសិនបើអ្នកនោះ ស្រាប់តែច្រានគេ ដោយឥតមានចិត្តស្អប់ ឬចោលរបស់អ្វីទៅលើគេ ដោយឥតមានលបពួន ឬបានទម្លាក់ថ្មណាមួយទៅលើគេ ដោយមិនបានឃើញ ដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ តែអ្នកនេះមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនដែលប៉ងនឹងធ្វើអាក្រក់ដល់គេ នោះក្រុមជំនុំត្រូវជំនុំជម្រះអ្នកដែលបានសម្លាប់គេ និងអ្នកដែលរកសងសឹកដោយឈាមគេនោះ តាមមាត្រាច្បាប់ទាំងនេះ។ ក្រុមជំនុំត្រូវរំដោះអ្នកដែលបានសម្លាប់គេ ពីកណ្ដាប់ដៃរបស់អ្នកដែលរកសងសឹកដោយឈាមនោះ។ បន្ទាប់មក ក្រុមជំនុំត្រូវបញ្ជូនអ្នកនោះត្រឡប់ទៅទីក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រកនោះវិញ ហើយត្រូវឲ្យគេរស់នៅក្នុងទីក្រុងនោះ រហូតដល់ពេលសម្ដេចសង្ឃ ដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើងនោះស្លាប់។ ប៉ុន្តែ ប្រសិនបើអ្នកដែលសម្លាប់គេនោះចេញក្រៅព្រំទីក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រកកោននៅវេលាណា ហើយជួនជាអ្នកដែលត្រូវសងសឹកដោយឈាម បានប្រទះឃើញនៅខាងក្រៅព្រំទីក្រុងជម្រក រួចសម្លាប់អ្នកនោះទៅ នោះគ្មានទោសដោយឈាមរបស់អ្នកនោះឡើយ។ ដ្បិតអ្នកសម្លាប់គេត្រូវរស់នៅក្នុងទីក្រុងជម្រក ដែលខ្លួនជ្រកកោននោះ រហូតដល់ពេលសម្ដេចសង្ឃស្លាប់ តែក្រោយពីសម្ដេចសង្ឃនោះស្លាប់ផុតទៅ នោះអ្នកសម្លាប់គេអាចត្រឡប់មកស្រុក ដែលជាកេរអាកររបស់ខ្លួនវិញបាន។ នេះជាបញ្ញត្តិច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ ប្រសិនបើអ្នកណាម្នាក់សម្លាប់គេ ឃាតកនោះត្រូវសម្លាប់ចោល ដោយសំអាងលើភស្តុតាងរបស់ពួកស្មរបន្ទាល់ តែបើមានស្មរបន្ទាល់តែម្នាក់ នោះមិនអាចធ្វើបន្ទាល់ឲ្យអ្នកណាត្រូវស្លាប់បានឡើយ ។ ម្យ៉ាងទៀត អ្នករាល់គ្នាមិនត្រូវទទួលសំណូក ដើម្បីលោះជីវិតឃាតកណា ដែលមានទោសត្រូវប្រហារជីវិតនោះឡើយ អ្នកនោះត្រូវតែស្លាប់ ក៏មិនត្រូវឲ្យអ្នករាល់គ្នាទទួលសំណូក ដើម្បីលោះអ្នកដែលបានរត់ទៅជ្រកកោនក្នុងទីក្រុងជម្រក ឲ្យត្រឡប់មករស់នៅក្នុងស្រុកវិញ មុនពេលសម្ដេចសង្ឃស្លាប់នោះដែរ។ មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឈាមធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយមិនអាចធ្វើពិធីអ្វីនឹងសម្អាតស្រុកដោយព្រោះតែឈាមបានខ្ចាយនោះឡើយ មានតែឈាមរបស់អ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះ។ មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅ ហើយដែលយើងក៏ស្ថិតនៅកណ្ដាលនោះដែរ ទៅជាសៅហ្មងឡើយ ដ្បិតយើងជាព្រះយេហូវ៉ាដែលនៅកណ្ដាលកូនចៅអ៊ីស្រាអែល»។
ជនគណនា 35:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ដូចតទៅ៖ «ចូរបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យប្រគល់ទីក្រុង ដែលស្ថិតនៅលើទឹកដីជាចំណែកមត៌ករបស់ខ្លួន ឲ្យពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់ដីនៅជុំវិញក្រុងទាំងនោះឲ្យពួកលេវីដែរ។ ដូច្នេះ ពួកគេនឹងមានក្រុងសម្រាប់រស់នៅ ហើយមានដីសម្រាប់ហ្វូងសត្វ និងសម្រាប់សត្វពាហនៈឯទៀតៗ ដែលជាកម្មសិទ្ធិរបស់ពួកគេ។ ចូរវាស់ដីជុំវិញទីក្រុងប្រគល់ឲ្យពួកគេ ដោយគិតចាប់ពីកំពែងក្រុងចេញទៅក្រៅ ប្រវែងមួយពាន់ហត្ថ។ រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំវិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។ ក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី មានក្រុងសម្រាប់ជាជម្រកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។ សរុបចំនួនក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី មានទាំងអស់សែសិបប្រាំបី ព្រមទាំងដីដែលនៅជុំវិញក្រុងទាំងនោះផង។ កុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែលត្រូវប្រគល់ក្រុងឲ្យពួកលេវីច្រើន ឬតិច តាមទំហំទឹកដីដែលខ្លួនបានទទួលជាចំណែកមត៌ក គឺកុលសម្ព័ន្ធដែលមានទឹកដីធំ ត្រូវប្រគល់ឲ្យច្រើន កុលសម្ព័ន្ធដែលមានទឹកដីតូច ត្រូវប្រគល់ឲ្យតិច»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ ពេលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណានរួចហើយ ចូរជ្រើសរើសយកក្រុងខ្លះធ្វើក្រុងជម្រក សម្រាប់ឲ្យអ្នកដែលសម្លាប់គេដោយអចេតនា រត់មកជ្រកកោន។ ក្រុងទាំងនោះជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលមានសិទ្ធិសងសឹក។ ធ្វើដូច្នេះ អ្នកសងសឹកមិនប្រហារជីវិតអ្នកដែលសម្លាប់គេមុនពេលសហគមន៍កាត់ក្ដីឡើយ។ ក្នុងចំណោមក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវីនោះ ត្រូវយកក្រុងប្រាំមួយធ្វើជាក្រុងជម្រក។ ក្រុងជម្រកបីត្រូវស្ថិតនៅខាងកើតទន្លេយ័រដាន់ ក្រុងបីទៀតនៅក្នុងស្រុកកាណាន។ ប្រសិនបើជនជាតិអ៊ីស្រាអែល ឬជនបរទេសដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយអ្នករាល់គ្នា បានសម្លាប់នរណាម្នាក់ ដោយអចេតនា គេអាចរត់មកជ្រកកោនក្នុងក្រុងទាំងប្រាំមួយនេះ។ ប្រសិនបើបុរសម្នាក់យករបស់អ្វីមួយធ្វើពីដែក វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតករ ហើយឃាតករត្រូវទទួលទោសប្រហារជីវិត។ ប្រសិនបើគេយកដុំថ្មវាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតករ។ ឃាតករត្រូវទទួលទោសប្រហារជីវិត។ ប្រសិនបើគេយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតករ។ ឃាតករត្រូវទទួលទោសប្រហារជីវិត។ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតករនោះ គឺនៅពេលណាចាប់ឃាតករបាន ត្រូវតែសម្លាប់ចោល។ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃដោយកំហឹង ឬយករបស់អ្វីមួយគប់ទៅលើគេ ដោយបានគិតជាមុន បណ្ដាលឲ្យគេស្លាប់ ឬប្រសិនបើអ្នកនោះលើកដៃវាយអ្នកដទៃដោយស្អប់ បណ្ដាលឲ្យគេស្លាប់ អ្នកដែលសម្លាប់គេត្រូវតែទទួលទោសប្រហារជីវិត ព្រោះអ្នកនោះជាឃាតករ។ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតករនោះ នៅពេលចាប់គេបាន។ ផ្ទុយទៅវិញ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយអចេតនា និងដោយគ្មានបំណងអាក្រក់ ឬប្រសិនបើគាត់ចោលរបស់អ្វីមួយទៅលើគេ ដោយពុំបានគិតគូរជាមុន ឬប្រសិនបើគាត់ធ្វើឲ្យថ្មធ្លាក់ទៅលើគេ បណ្ដាលឲ្យស្លាប់ តែគាត់ធ្វើដោយមិនបានដឹង ហើយក៏គ្មានទំនាស់ ឬមានគំនិតអាក្រក់ចំពោះជនរងគ្រោះទេនោះ សហគមន៍ត្រូវសម្រុះសម្រួលអ្នកដែលធ្វើឲ្យគេស្លាប់ និងអ្នកដែលមានសិទ្ធិសងសឹក តាមវិន័យស្ដីអំពីករណីនេះ។ សហគមន៍ត្រូវរំដោះអ្នកដែលធ្វើឲ្យគេស្លាប់នោះ ពីកណ្ដាប់ដៃរបស់អ្នកដែលមានសិទ្ធិសងសឹក។ សហគមន៍ត្រូវនាំអ្នកនោះវិលត្រឡប់ទៅក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រក ហើយរស់នៅក្នុងក្រុងនោះ រហូតដល់ពេលមហាបូជាចារ្យ ដែលបានតែងតាំងដោយប្រេងសក្ការៈ ទទួលមរណភាព។ ប្រសិនបើអ្នកសម្លាប់គេចេញទៅក្រៅទីក្រុងដែលខ្លួនរត់ទៅជ្រក ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជម្រក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។ អ្នកសម្លាប់គេត្រូវរស់នៅក្នុងក្រុងជម្រក រហូតដល់មហាបូជាចារ្យទទួលមរណភាព។ ក្រោយពេលមហាបូជាចារ្យទទួលមរណភាពផុតទៅ ទើបអ្នកសម្លាប់គេអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ អ្នករាល់គ្នាត្រូវអនុវត្តតាមវិន័យនេះ ទុកជាច្បាប់គ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ គ្រប់ឃាតកម្ម គេសម្លាប់ឃាតករបាន នៅពេលមានសាក្សីជាច្រើនដឹងឮ។ ប៉ុន្តែ បើមានសាក្សីតែម្នាក់ គេមិនអាចកាត់ទោសប្រហារជីវិតនរណាបានឡើយ។ មិនត្រូវទទួលប្រាក់ ដើម្បីលោះជីវិតឃាតករណាម្នាក់ដែលគេកាត់ទោសប្រហារជីវិតឡើយ អ្នកនោះត្រូវតែស្លាប់។ មិនត្រូវទទួលប្រាក់លោះជីវិតអ្នកនោះ ហើយបើកឲ្យគេទៅរស់នៅក្នុងក្រុងជម្រក រួចវិលត្រឡប់មកស្រុករបស់ខ្លួនវិញ ក្រោយមរណភាពរបស់មហាបូជាចារ្យ។ មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅរស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្ដាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតករ។ កុំធ្វើឲ្យស្រុកដែលអ្នករាល់គ្នាចូលទៅរស់នៅ ក្លាយទៅជាសៅហ្មងឡើយ។ យើងក៏នៅក្នុងចំណោមអ្នករាល់គ្នាដែរ ដ្បិតយើងជាព្រះអម្ចាស់ ដែលស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល»។
ជនគណនា 35:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ទល់មុខនឹងយេរីខូរ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេចែកទីក្រុងខ្លះក្នុងមរដកជាកេរអាកររបស់គេដល់ពួកលេវីឲ្យនៅផង ព្រមទាំងតំបន់នៅជុំវិញទីក្រុងទាំងនោះដែរ ដូច្នេះ គេនឹងមានទីក្រុងសំរាប់ជាទីលំនៅរបស់គេ នឹងតំបន់នៅជុំវិញទាំងប៉ុន្មាន សំរាប់ហ្វូងសត្វគេ អស់ទាំងរបស់របរ នឹងសត្វផ្សេងៗទាំងប៉ុន្មានផង ឯតំបន់នៅជុំវិញទីក្រុងទាំងប៉ុន្មាន ដែលឯងនឹងឲ្យដល់ពួកលេវី នោះត្រូវវាស់ពីកំផែងក្រុងទៅ១ពាន់ហត្ថគ្រប់ជុំវិញ រួចត្រូវវាស់ពីខាងក្រៅទីក្រុងទៅជា២ពាន់ហត្ថនៅទិសខាងកើត ២ពាន់ហត្ថនៅទិសខាងត្បូង ២ពាន់ហត្ថនៅទិសខាងលិច ហើយ២ពាន់ហត្ថទៅទិសខាងជើង មានទីក្រុងនៅជាកណ្តាល នោះនឹងបានជាដីវាលសំរាប់ឲ្យគេឃ្វាលហ្វូងសត្វនៅជុំវិញទីក្រុងទាំងនោះ។ ឯក្នុងទីក្រុងទាំងប៉ុន្មាន ដែលឯងរាល់គ្នាឲ្យដល់ពួកលេវី នោះត្រូវឲ្យមានទីក្រុងពំនាក់៦ សំរាប់ឲ្យអ្នកណាដែលសំឡាប់មនុស្សបានរត់ទៅជ្រកអាស្រ័យ ហើយក្រៅពីនោះត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៤២ទៅគេទៀត អស់ទាំងទីក្រុងដែលត្រូវឲ្យដល់ពួកលេវី នោះរួមត្រូវជា៤៨ ព្រមទាំងតំបន់នៅជុំវិញផង ឯទីក្រុងក្នុងកេរអាករពួកកូនចៅអ៊ីស្រាអែល ដែលឯងរាល់គ្នាត្រូវឲ្យដល់ពួកលេវី នោះត្រូវយកយ៉ាងច្រើន ពីពួកណាដែលមានទីក្រុងច្រើន ហើយយ៉ាងតិចពីពួកណាដែលមានតិច ត្រូវឲ្យគ្រប់គ្នាចែកទីក្រុងទាំងនោះ ដល់ពួកលេវី តាមមរដកដែលខ្លួនទទួលហើយ។ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណានហើយ នោះត្រូវឲ្យដំរូវទីក្រុងខ្លះ ទុកសំរាប់ជាទីក្រុងពំនាក់ ដល់ឯងរាល់គ្នា ដើម្បីឲ្យអ្នកណាដែលសំឡាប់មនុស្ស មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះបាន ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ ឲ្យឯងរាល់គ្នាបានរួចពីអ្នកដែលសងសឹកចេញ ដើម្បីកុំឲ្យអ្នកដែលសំឡាប់គេបានត្រូវស្លាប់ឡើយ ដរាបដល់បានជំនុំជំរះនៅមុខពួកជំនុំហើយ ក្នុងបណ្តាទីក្រុងដែលឯងរាល់គ្នានឹងឲ្យនោះ ត្រូវមាន៦ទុកជាទីក្រុងពំនាក់សំរាប់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៣ នៅត្រើយទន្លេយ័រដាន់ខាងអាយ ហើយទីក្រុង៣ទៀតនៅក្នុងស្រុកកាណាន ទីក្រុងទាំង៦នោះ ត្រូវទុកសំរាប់ជាទីពំនាក់អាស្រ័យ គឺត្រូវបានសំរាប់ជាទីពំនាក់ដល់ពួកកូនចៅអ៊ីស្រាអែល នឹងពួកអ្នកប្រទេសក្រៅ ហើយដល់អ្នកណាដែលស្នាក់នៅជាមួយផង ដើម្បីឲ្យអស់អ្នកណាដែលសំឡាប់មនុស្សមិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យបាន។ តែបើអ្នកនោះបានប្រហារគេដោយគ្រឿងដែកអ្វីឲ្យដល់ស្លាប់ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន ឬបើអ្នកនោះកាន់ថ្មនៅដៃគប់គេ ល្មមឲ្យស្លាប់ទៅបាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន ឬបើអ្នកនោះបានប្រហារគេដោយគ្រឿងឈើដែលកាន់នៅដៃ ជាប្រដាប់ល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវតែសំឡាប់អ្នកដែលបានសំឡាប់គេនោះវិញ កាលជួបប្រទះឃើញអ្នកនោះវេលាណា នោះត្រូវតែសំឡាប់ចោលចេញ បើសិនជាអ្នកនោះបានប្រហារគេដោយចិត្តស្អប់ ឬបានលបចោលគេនឹងអ្វីឲ្យដល់ស្លាប់ ឬបានដាល់គេដោយចិត្តក្នាញ់ឲ្យដល់ស្លាប់ នោះត្រូវតែសំឡាប់អ្នកដែលបានវាយគេនោះ ចោលចេញជាមិនខាន អ្នកនោះឈ្មោះថាបានសំឡាប់គេហើយ ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវសំឡាប់អ្នកនោះវិញ ក្នុងវេលាដែលជួបប្រទះនោះឯង។ តែបើអ្នកនោះ ស្រាប់តែវាយគេ ដោយឥតមានចិត្តសំអប់សោះ ឬចោលរបស់អ្វី ទៅលើគេ ដោយឥតមានឈ្លបលប ឬបានទំលាក់ថ្មណាមួយទៅលើគេ ដោយមិនបានឃើញ ដែលល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ តែអ្នកនេះមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនដែលប៉ងនឹងធ្វើអាក្រក់គេដែរ នោះពួកជំនុំត្រូវជំនុំជំរះអ្នកដែលបានសំឡាប់គេ នឹងអ្នកដែលរកសងសឹកនឹងឈាមគេនោះ តាមមាត្រាច្បាប់ទាំងនេះ រួចត្រូវដោះអ្នកដែលបានសំឡាប់គេ ចេញពីកណ្តាប់ដៃ នៃអ្នកដែលរកសងសឹកនឹងឈាមគេនោះ ហើយត្រូវឲ្យអ្នកនោះត្រឡប់ទៅឯក្រុងពំនាក់ ដែលបានរត់ទៅជ្រកអាស្រ័យវិញ ត្រូវឲ្យគេនៅក្នុងទីក្រុងនោះ ដរាបដល់សំដេចសង្ឃដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើងលោកសុគតទៅ ប៉ុន្តែបើអ្នកដែលសំឡាប់គេ បានចេញមកឯក្រៅព្រំក្រុងពំនាក់ ដែលខ្លួនបានរត់ទៅជ្រកអាស្រ័យនោះវេលាណា ហើយជួនជាអ្នកដែលត្រូវសងសឹកនឹងឈាមបានប្រទះឃើញ នៅត្រង់ខាងក្រៅព្រំទីក្រុងពំនាក់នោះ ហើយសំឡាប់អ្នកនោះទៅ នោះគ្មានទោសនឹងឈាមអ្នកនោះឡើយ ពីព្រោះត្រូវតែនៅក្នុងទីក្រុងពំនាក់ ដែលខ្លួនជ្រកអាស្រ័យនោះ ដរាបដល់សំដេចសង្ឃបានសុគតហើយសិន លុះក្រោយដែលសំដេចសង្ឃនោះសុគតហើយ នោះទើបនឹងត្រឡប់មកឯស្រុក ដែលជាកេរអាកររបស់ខ្លួនវិញបាន នេះជាបញ្ញត្តច្បាប់ សំរាប់ឯងរាល់គ្នា នៅគ្រប់ទីលំនៅរបស់ឯង នៅអស់ទាំងដំណតរៀងទៅ។ អ្នកណាដែលសំឡាប់គេ នោះត្រូវសំឡាប់វិញ ដោយពាក្យរបស់ស្មរបន្ទាល់២ ឬ៣នាក់ តែបើមានស្មរបន្ទាល់តែម្នាក់វិញ នោះនឹងធ្វើបន្ទាល់ទាស់នឹងអ្នកណាឲ្យគេត្រូវស្លាប់មិនបានទេ មួយទៀត មិនត្រូវឲ្យឯងរាល់គ្នាទទួលសំណូកអ្វីនឹងលោះជីវិតអ្នកណា ដែលមានទោសជាអ្នកសំឡាប់គេឡើយ ត្រូវសំឡាប់អ្នកនោះវិញជាកុំខាន ក៏មិនត្រូវទទួលសំណូកអ្វីនឹងលោះអ្នកដែលបានរត់ទៅជ្រកអាស្រ័យក្នុងទីក្រុងពំនាក់ ឲ្យត្រឡប់មកនៅក្នុងស្រុកវិញ ដរាបដល់សង្ឃនោះបានសុគតទៅនោះដែរ មិនត្រូវឲ្យឯងរាល់គ្នាធ្វើឲ្យស្រុកដែលឯងនៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឯឈាម នោះរមែងធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយនឹងរកអ្វីឲ្យធួនស្មើនឹងស្រុក ដោយឈាមដែលបានខ្ចាយហើយនោះគ្មានទេ មានតែឈាមនៃអ្នកដែលបានកំចាយឈាមនោះប៉ុណ្ណោះឯង ដូច្នេះមិនត្រូវឲ្យឯងរាល់គ្នាធ្វើឲ្យស្រុកដែលឯងអាស្រ័យនៅ ហើយដែលអញនៅកណ្តាលនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ាដែលនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល។