ជនគណនា 34:1-29
ជនគណនា 34:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរបង្គាប់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេថា "ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន (នេះហើយជាស្រុកដែលត្រូវធ្លាក់មកជាមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន ដែលកំណត់ដោយព្រំដែនរបស់ស្រុកនេះ) ផ្នែកខាងត្បូងរបស់អ្នករាល់គ្នា ត្រូវចាប់ពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុម។ ព្រំដែនខាងត្បូងរបស់អ្នករាល់គ្នា ត្រូវចាប់ផ្ដើមពីចុងសមុទ្រអំបិលនៅទិសខាងកើត។ ព្រំដែនរបស់អ្នករាល់គ្នាត្រូវបត់ទៅខាងត្បូង តាមផ្លូវឡើងទៅអេក្រាប៊ីម ឆ្លងកាត់ស៊ីន ហើយទៅដល់ត្រឹមខាងត្បូងកាដេស-បារនា។ បន្ទាប់មក ត្រូវបន្តទៅហាសា-អាដារហូតដល់អាសម៉ូន។ ព្រំដែននេះ ត្រូវបត់ពីអាសម៉ូនទៅរកស្ទឹងស្រុកអេស៊ីព្ទ ហើយផុតត្រឹមសមុទ្រ។ ព្រំដែនខាងលិច មានសមុទ្រធំ និងឆ្នេរ ហើយសមុទ្រនេះនឹងបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។ ព្រំដែនខាងជើងរបស់អ្នករាល់គ្នា គឺត្រូវកំណត់ចាប់ពីសមុទ្រធំរហូតដល់ភ្នំហោរ ពីភ្នំហោរ អ្នករាល់គ្នាត្រូវកំណត់ព្រំដែនដល់ទ្វារស្រុកហាម៉ាត ហើយបន្តត្រឹមសេដាដ។ បន្ទាប់មក ព្រំដែននេះត្រូវលាតសន្ធឹងទៅដល់ស៊ីប្រុន រហូតទៅទល់នឹងហាសា-អេណាន។ នេះហើយជាព្រំដែនខាងជើងរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវកំណត់ព្រំដែនខាងកើត ចាប់ពីហាសា-អេណានទៅដល់សេផាម ហើយព្រំដែននេះ ត្រូវបន្តចុះពីសេផាមទៅដល់រីបឡា ដែលនៅខាងកើតអាយីន រួចចុះទៅដល់ជាយខាងកើតសមុទ្រនេសារ៉ែត។ ព្រំដែននេះចុះទៅតាមទន្លេយ័រដាន់ ទៅផុតត្រឹមសមុទ្រអំបិល។ នេះហើយជាព្រំដែនព័ទ្ធជុំវិញស្រុករបស់អ្នករាល់គ្នា"»។ លោកម៉ូសេបានបង្គាប់កូនចៅអ៊ីស្រាអែលថា៖ «នេះហើយជាស្រុកដែលអ្នករាល់គ្នាត្រូវទទួលទុកជាមត៌ក ដោយចាប់ឆ្នោត ជាស្រុកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យចែកដល់កុលសម្ព័ន្ធទាំងប្រាំបួន និងមួយចំហៀងកុលសម្ព័ន្ធទៀត ដ្បិតកុលសម្ព័ន្ធកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ និងកុលសម្ព័ន្ធកូនចៅកាដ តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមត៌ករបស់គេហើយ ឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងក៏បានទទួលហើយដែរ។ កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធមួយចំហៀងទៀតនោះ គេបានទទួលមត៌ករបស់គេនៅត្រើយទន្លេយ័រដាន់ខាងកើត ត្រង់យេរីខូរ គឺខាងទិសថ្ងៃរះ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឈ្មោះអ្នកដែលចែកស្រុកឲ្យអ្នករាល់គ្នាទុកជាមត៌ក គឺសង្ឃអេលាសារ និងយ៉ូស្វេជាកូនរបស់នុន។ ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវយកមេដឹកនាំម្នាក់ ដើម្បីបែងចែកស្រុកទុកជាមត៌ក។ ឈ្មោះអ្នកទាំងនោះមាន កាលែប ជាកូនរបស់យេភូនេ ពីកុលសម្ព័ន្ធយូដា សាំយូអែល ជាកូនរបស់អាំមីហ៊ូត ពីកុលសម្ព័ន្ធស៊ីម្មាន។ អេលីដាត ជាកូនរបស់គីស្លូន ពីកុលសម្ព័ន្ធបេនយ៉ាមីន។ ប៊ូគី ជាកូនរបស់យុកលី មេដឹកនាំពីកុលសម្ព័ន្ធកូនចៅដាន់។ ហានាល ជាកូនរបស់អេផូត មេដឹកនាំរបស់កុលសម្ព័ន្ធនៃកូនចៅម៉ាណាសេ ជាកូនរបស់យ៉ូសែប និងកេមយួល ជាកូនរបស់ស៊ីបតាន មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅអេប្រាអិម។ អេលីសាផាន ជាកូនរបស់ប៉ារណាក មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅសាប់យូឡូន។ ប៉ាលទាល ជាកូនរបស់អាស្សាន មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅអ៊ីសាខារ។ អ័ហ៊ីហ៊ូដ ជាកូនរបស់សេឡូមី មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅអេស៊ើរ។ ពេដាហិល ជាកូនរបស់អាំមីហ៊ូដ មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅណែបថាលី»។ នេះហើយជាពួកអ្នកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យចែកស្រុកកាណាន ទុកជាមត៌កដល់កូនចៅអ៊ីស្រាអែល។
ជនគណនា 34:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរបង្គាប់កូនចៅអ៊ីស្រាអែល ដូចតទៅ: ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ទឹកដីដែលត្រូវបានជាចំណែកមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន មានព្រំដែនដូចតទៅ: ប៉ែកខាងត្បូងគិតចាប់តាំងពីវាលរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុមទៅ។ ព្រំដែនខាងត្បូងរបស់អ្នករាល់គ្នាលាតសន្ធឹងពីចុងសមុទ្រអំបិល ឆ្ពោះទៅខាងកើត។ បន្ទាប់មក ព្រំដែនរបស់អ្នករាល់គ្នាបត់ទៅខាងត្បូងផ្លូវឡើងទៅអេក្រាប៊ីម ឆ្លងកាត់វាលរហោស្ថានស៊ីន ទៅដល់ខាងត្បូងកាដេស-បារនា។ បន្ទាប់មក ព្រំដែននេះកាត់តាមហាសារ-អាដា និងអាសម៉ូន។ ពីអាសម៉ូន ព្រំដែនបត់ទៅរកស្ទឹងស្រុកអេស៊ីប ហើយទៅដល់សមុទ្រមេឌីទែរ៉ាណេ។ សមុទ្រមេឌីទែរ៉ាណេជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។ ព្រំដែនខាងជើងរបស់អ្នករាល់គ្នា លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភ្នំហោរ។ ពីភ្នំហោរ ត្រូវកំណត់ព្រំដែនត្រឹមច្រកចូលក្រុងហាម៉ាត់ ហើយបង្ហួសទៅដល់សេដាដ។ ព្រំដែននេះត្រូវបន្តទៅដល់ស៊ីប្រុន បង្ហួសទៅដល់ហាសារ-អេណាន។ នេះហើយជាព្រំដែនខាងជើងរបស់អ្នករាល់គ្នា។ ត្រូវកំណត់ព្រំដែនខាងកើតរបស់អ្នករាល់គ្នា ចាប់ពីហាសារ-អេណានទៅសេផាម។ ព្រំដែននេះត្រូវចុះពីសេផាមទៅរីមឡា ដែលនៅខាងកើតអាយ៉ីន ចុះទៅដល់ត្រើយខាងកើតសមុទ្រគេនេសារ៉ែត។ បន្ទាប់មក ព្រំប្រទល់ចុះតាមទន្លេយ័រដាន់ទៅដល់សមុទ្រអំបិល។ នេះហើយជាកំណត់ព្រំដែននៃស្រុករបស់អ្នករាល់គ្នា»។ លោកម៉ូសេនាំយកព្រះបញ្ជានេះទៅប្រាប់ជនជាតិអ៊ីស្រាអែល។ លោកមានប្រសាសន៍ថា៖ «នេះហើយជាស្រុក ដែលព្រះអម្ចាស់បង្គាប់ឲ្យប្រគល់ដល់មេដឹកនាំនៃកុលសម្ព័ន្ធប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ហើយអ្នករាល់គ្នាត្រូវបែងចែកគ្នា ដោយចាប់ឆ្នោត ដ្បិតកុលសម្ព័ន្ធរូបេន តាមអំបូររបស់ពួកគេ និងកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេ បានទទួលទឹកដីជាចំណែកមត៌ករួចហើយ។ រីឯកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត ក៏បានទទួលទឹកដីដែលជាចំណែកមត៌ករបស់ពួកគេហើយដែរ។ កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួន នៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ «អ្នកដែលត្រូវចាត់ចែងបែងចែកទឹកដី គឺបូជាចារ្យអេឡាសារ និងយ៉ូស្វេជាកូនរបស់នូន។ ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវឲ្យមេដឹកនាំមួយរូបជួយបែងចែកទឹកដីដែរ។ អ្នកទាំងនោះមានឈ្មោះដូចតទៅ កាលែប ជាកូនរបស់យេភូនេ តំណាងកុលសម្ព័ន្ធយូដា។ សាំយូអែល ជាកូនរបស់អាំមីហ៊ូដ តំណាងកុលសម្ព័ន្ធស៊ីម្មាន។ អេលីដាដ ជាកូនរបស់គីសឡូន តំណាងកុលសម្ព័ន្ធបេនយ៉ាមីន។ ប៊ូគី ជាកូនរបស់យុកលី តំណាងកុលសម្ព័ន្ធដាន់។ ហានាល ជាកូនរបស់អេផូដ តំណាងកុលសម្ព័ន្ធម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។ កេមយួល ជាកូនរបស់ស៊ីបតាន តំណាងកុលសម្ព័ន្ធអេប្រាអ៊ីម។ អេលីសាផាន ជាកូនរបស់ប៉ាណាក់ តំណាងកុលសម្ព័ន្ធសាប់យូឡូន។ ប៉ាលទាល ជាកូនរបស់អាស្សាន តំណាងកុលសម្ព័ន្ធអ៊ីសាខារ។ អហ៊ីហ៊ូដ ជាកូនរបស់សេឡូមី តំណាងកុលសម្ព័ន្ធអេស៊ើរ។ ពេដាហិល ជាកូនរបស់អាំមីហ៊ូដ តំណាងកុលសម្ព័ន្ធណែបថាលី»។ គឺអ្នកទាំងនេះហើយដែលព្រះអម្ចាស់បញ្ជាឲ្យបែងចែងស្រុកកាណាន ដល់ជនជាតិអ៊ីស្រាអែល។
ជនគណនា 34:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណានហើយ (គឺស្រុកនោះហើយដែលឯងរាល់គ្នានឹងបានទុកជាមរដក ជាស្រុកកាណានតាមព្រំដែនទាំងប៉ុន្មាន) នោះដែនស្រុករបស់ឯងខាងត្បូង ត្រូវចាប់តាំងពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដំម ហើយព្រំស្រុកខាងត្បូង នោះត្រូវចាប់តាំងពីចុងសមុទ្រអំបិលទៅទិសខាងកើត រួចត្រូវបត់ទៅខាងត្បូងតាមច្រកចោតឈ្មោះអេក្រាប៊ីម រហូតទៅត្រឹមស៊ីន ហើយចេញទៅខាងត្បូងកាដេស-បារនា ដល់ទៅហាសា-អាដា រហូតដល់អាសម៉ូន ពីអាសម៉ូនត្រូវបត់ទៅខាងស្ទឹងស្រុកអេស៊ីព្ទទៅទល់នឹងសមុទ្រ។ ឯព្រំដែនខាងលិច នោះមានសមុទ្រធំជាព្រំប្រទល់ សមុទ្រនោះត្រូវបានជាព្រំស្រុកខាងលិចរបស់ឯងរាល់គ្នា។ ឯព្រំដែនខាងជើង នោះត្រូវឲ្យឯងកាត់ដំរង់ចាប់តាំងពីសមុទ្រធំទៅដល់ភ្នំហោរ ពីភ្នំហោរត្រូវកាត់ដំរង់ទៅដល់ទ្វារស្រុកហាម៉ាតរៀងទៅត្រឹមសេដាត់ រួចត្រូវចេញទៅតាមស៊ីប្រុន រហូតដល់ហាសា-អេណាន នោះហើយជាព្រំស្រុករបស់ឯងខាងជើង។ រួចត្រូវឲ្យឯងរាល់គ្នាសំរេចព្រំដែនខាងកើត ចាប់តាំងពីហាសា-អេណាន ទៅដល់សេផាម ពីសេផាមចុះទៅដល់រីមឡា ដែលនៅខាងកើតអាយីន ហើយចុះទៅទល់នឹងកៀនសមុទ្រគេនេសារ៉ែតខាងកើត រួចចុះទៅតាមទន្លេយ័រដាន់ ទៅទល់នឹងសមុទ្រអំបិល នោះហើយជាស្រុករបស់ឯងរាល់គ្នា តាមព្រំប្រទល់ជុំវិញ។ ម៉ូសេក៏បង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នេះហើយជាស្រុកដែលឯងរាល់គ្នាត្រូវទទួលទុកជាមរដក ដោយចាប់ឆ្នោត ជាស្រុកដែលព្រះយេហូវ៉ាបានបង្គាប់ថា ត្រូវចែកឲ្យដល់ពូជអំបូរទាំង៩ នឹង១ចំហៀងទៀតនោះ ពីព្រោះពូជអំបូរនៃកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមរដកគេហើយ ព្រមទាំងពូជអំបូរនៃកូនចៅកាឌ់ តាមវង្សានុវង្សរបស់ឪពុកគេ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងផង គេសុទ្ធតែទទួលមរកដរបស់គេហើយ ពូជអំបូរទាំង២ ហើយនឹងពូជអំបូរ១ចំហៀងទៀតនោះ គេបានទទួលមរដករបស់គេនៅត្រើយទន្លេយ័រដាន់ខាងអាយ ទល់មុខនឹងយេរីខូរខាងកើតនេះ គឺខាងទិសថ្ងៃរះ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ឯឈ្មោះពួកអ្នកដែលត្រូវចែកស្រុកនោះ ទុកជាមរដកឲ្យឯងរាល់គ្នា នោះគឺអេលាសារដ៏ជាសង្ឃ ហើយនឹងយ៉ូស្វេជាកូននុន ហើយត្រូវយកម្នាក់ៗដែលជាកំពូលពីគ្រប់ទាំងពូជអំបូរមក ឲ្យចែកស្រុកទុកជាមរដក ឯឈ្មោះពួកអ្នកទាំងនោះ គឺកាលែប ជាកូនយេភូនេ ពីពូជអំបូរយូដា១ សាំយូអែល ជាកូនអាំមីហ៊ូត ពីពូជអំបូរស៊ីម្មាន១ អេលីដាត ជាកូនគីស្លូន ពីពូជអំបូរបេនយ៉ាមីន១ អ្នកដែលជាកំពូល ឈ្មោះប៊ូគី ជាកូនយុកលី ពីពូជអំបូរនៃកូនចៅដាន់១ ឯខាងពួកកូនចៅយ៉ូសែប នោះគឺអ្នកដែលជាកំពូលឈ្មោះហានាល ជាកូនអេផូត ពីពូជអំបូរនៃកូនចៅម៉ាន៉ាសេ១ នឹងអ្នកដែលជាកំពូល ឈ្មោះកេមយួល ជាកូនស៊ីបតាន ពីពូជអំបូរនៃកូនចៅអេប្រាអិម១ អ្នកដែលជាកំពូលឈ្មោះអេលីសាផាន ជាកូនប៉ារណាក ពីពូជអំបូរនៃកូនចៅសាប់យូល៉ូន១ អ្នកដែលជាកំពូល ឈ្មោះប៉ាលទាល ជាកូនអាស្សាន់ ពីពូជអំបូរនៃកូនចៅអ៊ីសាខារ១ អ្នកដែលជាកំពូល ឈ្មោះអ័ហ៊ីហ៊ូត ជាកូនសេឡូមី ពីពូជអំបូរនៃកូនចៅអេស៊ើរ១ ហើយអ្នកដែលជាកំពូល ឈ្មោះពេដាហិល ជាកូនអាំមីហ៊ូត ពីពូជអំបូរនៃកូនចៅណែបថាលី១ នេះហើយជាពួកអ្នក ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យចែកស្រុកកាណាន ទុកជាមរដក ដល់ពួកកូនចៅអ៊ីស្រាអែល។