ជនគណនា 32:10-14
ជនគណនា 32:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆួលឡើង ហើយព្រះអង្គក៏ស្បថថា "មនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ នោះគ្មានអ្នកណាម្នាក់នឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប នោះឡើយ ព្រោះគេមិនបានប្រព្រឹត្តតាមយើងគ្រប់ជំពូក មានតែកាលែប ជាកូនរបស់យេភូនេ ក្នុងពូជកេណាស និងយ៉ូស្វេ ជាកូនរបស់នុនប៉ុណ្ណោះ ព្រោះគេបានប្រព្រឹត្តតាមយើងគ្រប់ជំពូក"។ ដូច្នេះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយព្រះអង្គបានធ្វើឲ្យគេដើរវិលវល់ក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែជំនាន់មនុស្ស ដែលបានប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ានោះ បានវិនាសអស់។ ឥឡូវនេះ មើល៍! អ្នករាល់គ្នាជាពូជរបស់មនុស្សបាប បានងើបឡើង ហើយចង់ធ្វើតាមឪពុករបស់អ្នករាល់គ្នា ដើម្បីបង្កើនសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា ទាស់នឹងសាសន៍អ៊ីស្រាអែល ឲ្យកាន់តែក្តៅឡើងថែមទៀត!
ជនគណនា 32:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: “អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។ មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់”។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល ហើយព្រះអង្គបានធ្វើឲ្យពួកគេដើរវិលវល់ នៅក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែមនុស្សមួយជំនាន់ ដែលបានប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ត្រូវបាត់បង់ជីវិតអស់។ ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតម្រាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឬ?
ជនគណនា 32:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយនៅថ្ងៃនោះឯង សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើង ទ្រង់ក៏ស្បថថា ក្នុងពួកមនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះគ្មានអ្នកណាមួយនឹងឃើញស្រុកដែលអញបានស្បថ នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប នោះឡើយ ពីព្រោះគេមិនបានប្រព្រឹត្តតាមអញគ្រប់ជំពូក លើកតែកាលែបជាកូនយេភូនេក្នុងពូជកេណាស១ នឹងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ ពីព្រោះអ្នកទាំង២នោះ បានប្រព្រឹត្តតាមអញគ្រប់ចំពូក ដូច្នេះ សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ក៏កាត់ឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយទ្រង់បានធ្វើឲ្យគេដើរវីមវាមនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែដំណមនុស្សដែលបានប្រព្រឹត្តអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ានោះ បានវិនាសទាំងអស់ទៅ ហើយមើល ឯងរាល់គ្នាបានកើតឡើង ជាដំណាងនៃឪពុកឯង ជាពួកមនុស្សមានបាប ដែលចំរើនកាន់តែច្រើនឡើង ចង់តែបន្ថែមសេចក្ដីក្រោធដ៏សហ័សនៃព្រះយេហូវ៉ា ឲ្យរឹងរឹតតែក្តៅឡើង ទាស់នឹងសាសន៍អ៊ីស្រាអែលទៅទៀត