ជនគណនា 32:1-32
ជនគណនា 32:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វច្រើនសម្បើមណាស់។ កាលគេឃើញថា ស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វ នោះកូនចៅកាដ និងកូនចៅរូបេនក៏មកជម្រាបលោកម៉ូសេ និងសង្ឃអេលាសារ ព្រមទាំងពួកមេដឹកនាំក្រុមជំនុំថា៖ «ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ និងបេអុន ជាស្រុកដែលព្រះយេហូវ៉ាបានបង្រ្កាប នៅចំពោះក្រុមជំនុំនៃសាសន៍អ៊ីស្រាអែល ជាស្រុកមួយល្អសម្រាប់ហ្វូងសត្វ ហើយអ្នកបម្រើរបស់លោកមានហ្វូងសត្វហើយ»។ ពួកគេនិយាយថា៖ «ប្រសិនបើយើងខ្ញុំបានប្រកបដោយគុណនៅចំពោះលោក នោះសូមប្រគល់ស្រុកនេះឲ្យអ្នកបម្រើរបស់លោកបានជាកេរអាករផង សូមកុំនាំយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។ លោកម៉ូសេមានប្រសាសន៍ទៅកូនចៅកាដ និងកូនចៅរូបេនថា៖ «តើត្រូវឲ្យបងប្អូនរបស់អ្នករាល់គ្នាទៅច្បាំង ហើយអ្នករាល់គ្នាអង្គុយសម្ងំនៅទីនេះឬ? ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើឲ្យកូនចៅអ៊ីស្រាអែលបាក់ទឹកចិត្ត មិនឲ្យគេឆ្លងចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេដូច្នេះ? ពួកឪពុករបស់អ្នករាល់គ្នាបានធ្វើដូច្នេះឯង នៅពេលដែលខ្ញុំបានចាត់គេពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ។ ដ្បិតកាលគេបានឡើងទៅដល់ជ្រលងភ្នំអែសកុលឃើញស្រុកនោះហើយ គេបានធ្វើឲ្យកូនចៅអ៊ីស្រាអែលបាក់ទឹកចិត្ត មិនឲ្យគេចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានដល់គេ។ នៅថ្ងៃនោះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆួលឡើង ហើយព្រះអង្គក៏ស្បថថា "មនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ នោះគ្មានអ្នកណាម្នាក់នឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប នោះឡើយ ព្រោះគេមិនបានប្រព្រឹត្តតាមយើងគ្រប់ជំពូក មានតែកាលែប ជាកូនរបស់យេភូនេ ក្នុងពូជកេណាស និងយ៉ូស្វេ ជាកូនរបស់នុនប៉ុណ្ណោះ ព្រោះគេបានប្រព្រឹត្តតាមយើងគ្រប់ជំពូក"។ ដូច្នេះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយព្រះអង្គបានធ្វើឲ្យគេដើរវិលវល់ក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែជំនាន់មនុស្ស ដែលបានប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ានោះ បានវិនាសអស់។ ឥឡូវនេះ មើល៍! អ្នករាល់គ្នាជាពូជរបស់មនុស្សបាប បានងើបឡើង ហើយចង់ធ្វើតាមឪពុករបស់អ្នករាល់គ្នា ដើម្បីបង្កើនសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា ទាស់នឹងសាសន៍អ៊ីស្រាអែល ឲ្យកាន់តែក្តៅឡើងថែមទៀត! ដ្បិតបើអ្នករាល់គ្នាបែរចេញមិនព្រមធ្វើតាមព្រះអង្គ នោះព្រះអង្គនឹងទុកគេចោលឲ្យនៅក្នុងទីរហោស្ថានតទៅទៀត ហើយអ្នករាល់គ្នានឹងធ្វើឲ្យប្រជាជនទាំងអស់នេះត្រូវវិនាស»។ ពេលនោះ ពួកគេចូលមកជិត ជម្រាបលោកថា៖ «យើងខ្ញុំនឹងសង់ក្រោលនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ និងទីក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ តែយើងខ្ញុំនឹងកាន់អាវុធជាទ័ពស្រួច នាំមុខកូនចៅអ៊ីស្រាអែល រហូតទាល់តែយើងបាននាំពួកគេចូលទៅដល់ទីកន្លែងរបស់ពួកគេ។ ឯកូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំផែងរឹងមាំ ការពារពីអ្នកស្រុកនៅទីនេះ។ យើងខ្ញុំនឹងមិនវិលត្រឡប់មកផ្ទះរបស់យើងខ្ញុំវិញឡើយ រហូតទាល់តែកូនចៅអ៊ីស្រាអែលទាំងអស់យកបានមត៌ករបស់គេរៀងៗខ្លួន។ យើងខ្ញុំនឹងមិនទទួលមត៌កជាមួយពួកគេ នៅត្រើយម្ខាងទៀតនៃទន្លេយ័រដាន់ ឬនៅឯនាយនោះឡើយ ព្រោះមត៌ករបស់យើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតទន្លេយ័រដាន់នេះហើយ»។ ដូច្នេះ លោកម៉ូសេមានប្រសាសន៍ទៅគេថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ គឺប្រសិនបើអ្នករាល់គ្នាកាន់អាវុធចេញទៅច្បាំងនៅចំពោះព្រះយេហូវ៉ា ហើយអ្នកទាំងអស់គ្នាដែលកាន់អាវុធ ឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា រហូតទាល់តែព្រះអង្គបានបណ្តេញខ្មាំងសត្រូវចេញពីមុខព្រះអង្គ ហើយក្រោយពីបានបង្រ្កាបស្រុកនោះនៅចំពោះព្រះយេហូវ៉ា នោះអ្នករាល់គ្នានឹងត្រឡប់មកវិញ ហើយរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះយេហូវ៉ា និងចំពោះសាសន៍អ៊ីស្រាអែល ឯស្រុកនេះនឹងបានជាកេរអាកររបស់អ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា។ ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ នោះអ្នករាល់គ្នាបានធ្វើបាបទាស់នឹងព្រះយេហូវ៉ា ហើយត្រូវដឹងប្រាកដថា បាបរបស់អ្នករាល់គ្នានឹងតាមអ្នករាល់គ្នាទាន់ជាមិនខាន។ ចូរសង់ក្រុងសម្រាប់កូនចៅរបស់អ្នករាល់គ្នា និងក្រោលសម្រាប់ហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យានោះចុះ!»។ ពេលនោះ កូនចៅកាដ និងកូនចៅរូបេនជម្រាបលោកម៉ូសេថា៖ «អ្នកបម្រើរបស់លោកនឹងធ្វើតាមលោកម្ចាស់បង្គាប់។ កូនៗរបស់យើងខ្ញុំ ប្រពន្ធរបស់យើងខ្ញុំ ហ្វូងគោ និងហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន នឹងនៅតាមក្រុងនានាក្នុងស្រុកកាឡាដនេះ តែអ្នកបម្រើរបស់លោក ដែលគ្រប់គ្នាសុទ្ធតែកាន់អាវុធសម្រាប់ច្បាំង នឹងឆ្លងទៅច្បាំងនៅចំពោះព្រះយេហូវ៉ា តាមលោកម្ចាស់បង្គាប់»។ ដូច្នេះ លោកម៉ូសេក៏បង្គាប់ដល់សង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន ព្រមទាំងពួកមេលើវង្សានុវង្សនៃកុលសម្ព័ន្ធរបស់កូនចៅអ៊ីស្រាអែល អំពីដំណើររបស់គេ។ លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ទៅជាមួយអ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា ដោយគ្រប់គ្នាកាន់អាវុធសម្រាប់ច្បាំង ហើយបានបង្រ្កាបស្រុកនោះនៅមុខអ្នករាល់គ្នា នោះត្រូវប្រគល់ស្រុកកាឡាដនេះឲ្យពួកគេទុកជាកេរអាករចុះ។ តែប្រសិនបើគេមិនកាន់អាវុធឆ្លងទៅជាមួយអ្នករាល់គ្នាទេ នោះគេត្រូវបានកេរអាករនៅក្នុងចំណោមអ្នករាល់គ្នា ក្នុងស្រុកកាណានវិញ»។ កូនចៅកាដ និងកូនចៅរូបេនឆ្លើយឡើងថា៖ «ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់អ្នកបម្រើរបស់លោកយ៉ាងណា យើងខ្ញុំនឹងធ្វើតាមយ៉ាងនោះ។ យើងខ្ញុំនឹងឆ្លងទៅ ទាំងកាន់អាវុធចូលទៅក្នុងស្រុកកាណាននៅចំពោះព្រះយេហូវ៉ា តែកេរអាករជាមត៌ករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់ ខាងអាយនេះវិញ»។
ជនគណនា 32:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសម្បើមណាស់។ ដោយឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ កូនចៅកាដ និងកូនចៅរូបេន នាំគ្នាមកជម្រាបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំរបស់សហគមន៍ដូចតទៅ៖ «ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើរ នីមរ៉ា ហែសបូន អេឡាលេ សេបាំ នេបូ និងបេអូន នៅក្នុងស្រុកដែលព្រះអម្ចាស់វាយយកបាន នៅចំពោះមុខសហគមន៍អ៊ីស្រាអែល ជាស្រុកដ៏ល្អសម្រាប់ហ្វូងសត្វ ហើយយើងខ្ញុំមានហ្វូងសត្វច្រើនណាស់»។ ពួកគេពោលទៀតថា៖ «ប្រសិនបើលោកយល់អធ្យាស្រ័យយើងខ្ញុំ សូមមេត្តាប្រគល់ស្រុកនេះឲ្យយើងខ្ញុំមក គឺមិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។ លោកម៉ូសេឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «ក្នុងពេលដែលបងប្អូនរបស់អ្នករាល់គ្នាចេញទៅច្បាំង តើគួរឲ្យអ្នករាល់គ្នាសម្ងំនៅទីនេះឬ? ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ? ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលខ្ញុំចាត់ពួកគេ ពីកាដេស-បារនាឲ្យទៅពិនិត្យមើលស្រុកដែរ។ ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល ហើយបន្ទាប់ពីបានពិនិត្យមើលស្រុករួច ពួកគេធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ។ នៅថ្ងៃនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: “អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។ មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់”។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល ហើយព្រះអង្គបានធ្វើឲ្យពួកគេដើរវិលវល់ នៅក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែមនុស្សមួយជំនាន់ ដែលបានប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ត្រូវបាត់បង់ជីវិតអស់។ ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតម្រាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឬ? ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ នោះព្រះអង្គនឹងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលរស់នៅក្នុងវាលរហោស្ថានតទៅមុខទៀត ហើយអ្នករាល់គ្នាបណ្ដាលឲ្យប្រជាជននេះត្រូវវិនាសទាំងអស់!»។ កូនចៅកាដ និងកូនចៅរូបេន ចូលមកជិតលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំនឹងសង់របងនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយសង់ក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ។ បន្ទាប់មក យើងខ្ញុំប្រញាប់ប្រញាល់រៀបចំខ្លួនប្រដាប់អាវុធ ដើរនៅមុខអ៊ីស្រាអែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ កូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹងមាំ ការពារមិនឲ្យអ្នកស្រុកនេះធ្វើអ្វីពួកគេបាន។ រីឯយើងខ្ញុំវិញ យើងខ្ញុំមិនវិលត្រឡប់មកកាន់ផ្ទះសំបែង មុនពេលជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដី ទុកជាចំណែកមត៌ករបស់គេរៀងៗខ្លួនឡើយ។ បើយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ទុកជាចំណែកមត៌ក យើងខ្ញុំនឹងមិនទទួលទឹកដីនៅខាងលិចទន្លេយ័រដាន់ ទុកជាមត៌ករបស់យើងខ្ញុំទេ»។ លោកម៉ូសេមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមពាក្យនេះមែន ហើយបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសឹក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប្រសិនបើអ្នកទាំងអស់គ្នាប្រដាប់អាវុធ ឆ្លងទន្លេយ័រដាន់ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រហូតទាល់តែព្រះអង្គបណ្ដេញខ្មាំងសត្រូវចេញពីទឹកដីនោះ ហើយប្រសិនបើអ្នករាល់គ្នាវិលត្រឡប់វិញ នៅពេលយើងយកស្រុកមកថ្វាយព្រះអម្ចាស់បាន អ្នករាល់គ្នានឹងរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាសន្យាចំពោះព្រះអម្ចាស់ និងចំពោះជនជាតិអ៊ីស្រាអែល។ អ្នករាល់គ្នាអាចនឹងទទួលតំបន់នេះជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្ដីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។ ចូរសង់ក្រុងសម្រាប់កូនចៅរបស់អ្នករាល់គ្នា និងសង់របងវាលស្មៅសម្រាប់ហ្វូងចៀមរបស់អ្នករាល់គ្នា រួចធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យានោះចុះ!»។ កូនចៅកាដ និងកូនចៅរូបេន ជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំប្របាទនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។ យើងខ្ញុំនឹងទុកកូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ ហើយយើងខ្ញុំនឹងរៀបចំខ្លួនជាកងទ័ព ទៅធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមប្រសាសន៍របស់លោកម្ចាស់»។ លោកម៉ូសេបានចេញបញ្ជាទៅបូជាចារ្យអេឡាសារ លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងមេដឹកនាំអំបូរនានានៃកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែល ស្ដីអំពីកុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធរូបេន។ លោកមានប្រសាសន៍ថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ទាំងប្រដាប់អាវុធធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ពេលណាអ្នករាល់គ្នាដណ្ដើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។ ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនប្រដាប់អាវុធទៅជាមួយអ្នករាល់គ្នាទេ ចូរឲ្យពួកគេតាំងទីលំនៅ ក្នុងស្រុកកាណានជាមួយអ្នករាល់គ្នា»។ កូនចៅកាដ និងកូនចៅរូបេន ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើងខ្ញុំ។ យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តែសូមឲ្យយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ជាចំណែកមត៌ក»។
ជនគណនា 32:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ គេមានហ្វូងសត្វសន្ធឹកណាស់ ដូច្នេះ កាលគេបានឃើញស្រុកយ៉ាស៊ើរ នឹងស្រុកកាឡាត ថាជាស្រុកស្រួលល្មមឲ្យចិញ្ចឹមហ្វូងសត្វបាន នោះគេក៏មកជំរាបដល់ម៉ូសេ នឹងអេលាសារដ៏ជាសង្ឃ ព្រមទាំងពួកដែលជាកំពូលលើពួកជំនុំថា ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយបេអុន គឺស្រុកនេះឯងដែលព្រះយេហូវ៉ាបានវាយ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែល ជាស្រុកស្រួលល្មមនឹងចិញ្ចឹមហ្វូងសត្វបាន ឯយើងខ្ញុំប្របាទជាអ្នកមានហ្វូងសត្វហើយ ដូច្នេះបើយើងខ្ញុំបានប្រកបដោយគុណនៃលោក នោះសូមប្រគល់ស្រុកនេះឲ្យបានជាកេរ្តិ៍អាករដល់យើងខ្ញុំប្របាទផង សូមកុំនាំយើងខ្ញុំឆ្លងទន្លេយ័រដាន់នេះទៅឡើយ។ ម៉ូសេលោកឆ្លើយទៅពួកកូនចៅកាឌ់ នឹងពួកកូនចៅរូបេនថា តើត្រូវឲ្យបងប្អូនឯងរាល់គ្នាទៅច្បាំង ហើយឯងរាល់គ្នាអង្គុយព្រងើយនៅទីនេះវិញឬអី ម្តេចក៏ឯងរាល់គ្នាចង់រំសាយចិត្តនៃពួកកូនចៅអ៊ីស្រាអែល មិនឲ្យគេឆ្លងទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យគេដូច្នេះ ពួកឪពុកឯងរាល់គ្នាក៏បានធ្វើដូច្នេះដែរ ក្នុងកាលដែលអញចាត់គេពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ ដ្បិតកាលគេបានឡើងទៅដល់ជ្រោះអែសកុលឃើញស្រុកនោះហើយ នោះគេបានរំសាយចិត្តពួកកូនចៅអ៊ីស្រាអែលវិញ ដើម្បីកុំឲ្យចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យ ហើយនៅថ្ងៃនោះឯង សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើង ទ្រង់ក៏ស្បថថា ក្នុងពួកមនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះគ្មានអ្នកណាមួយនឹងឃើញស្រុកដែលអញបានស្បថ នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប នោះឡើយ ពីព្រោះគេមិនបានប្រព្រឹត្តតាមអញគ្រប់ជំពូក លើកតែកាលែបជាកូនយេភូនេក្នុងពូជកេណាស១ នឹងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ ពីព្រោះអ្នកទាំង២នោះ បានប្រព្រឹត្តតាមអញគ្រប់ចំពូក ដូច្នេះ សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ក៏កាត់ឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយទ្រង់បានធ្វើឲ្យគេដើរវីមវាមនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែដំណមនុស្សដែលបានប្រព្រឹត្តអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ានោះ បានវិនាសទាំងអស់ទៅ ហើយមើល ឯងរាល់គ្នាបានកើតឡើង ជាដំណាងនៃឪពុកឯង ជាពួកមនុស្សមានបាប ដែលចំរើនកាន់តែច្រើនឡើង ចង់តែបន្ថែមសេចក្ដីក្រោធដ៏សហ័សនៃព្រះយេហូវ៉ា ឲ្យរឹងរឹតតែក្តៅឡើង ទាស់នឹងសាសន៍អ៊ីស្រាអែលទៅទៀត ដ្បិតបើឯងរាល់គ្នាបែរចេញពីទ្រង់ នោះទ្រង់នឹងទុកឯងចោលនៅទីរហោស្ថានតទៅ ហើយឯងរាល់គ្នានឹងធ្វើឲ្យបណ្តាជនទាំងនេះត្រូវវិនាសបង់។ តែគេចូលទៅជិតជំរាបលោកថា យើងខ្ញុំនឹងធ្វើក្រោលសំរាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយនឹងទីក្រុងសំរាប់កូនចៅយើងខ្ញុំ តែខ្លួនយើងខ្ញុំនឹងមានគ្រឿងប្រុងជាស្រេច ដើម្បីនឹងជូនមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបាននាំគេរហូតទៅដល់ទីកន្លែងរបស់គេ ឯកូនចៅយើងខ្ញុំ គេនឹងនៅក្នុងទីក្រុងមានកំផែង ដោយខ្លាចដល់មនុស្សនៅស្រុកនេះ យើងខ្ញុំមិនត្រឡប់មកឯផ្ទះយើងខ្ញុំវិញទេ ដរាបដល់ពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់គេរៀងខ្លួន ដ្បិតយើងខ្ញុំរាល់គ្នានឹងមិនស៊ីមរដកជាមួយនឹងគេ នៅត្រើយទន្លេយ័រដាន់ម្ខាងទៀតទេ ពីព្រោះមរដករបស់ផងយើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតនេះហើយ។ រួចម៉ូសេលោកឆ្លើយឡើងថា បើឯងរាល់គ្នាធ្វើយ៉ាងនោះ គឺបើឯងនឹងយកគ្រឿងចេញទៅច្បាំងនៅចំពោះព្រះយេហូវ៉ា ហើយពួកឯងគ្រប់គ្នា ដែលមានគ្រឿងចំបាំងនឹងឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា ដរាបដល់ទ្រង់បានបណ្តេញពួកខ្មាំងសត្រូវពីចំពោះទ្រង់ចេញ គឺដល់កាលណាស្រុកនោះបានទទួលចុះចាញ់នៅចំពោះព្រះយេហូវ៉ា នោះឯងរាល់គ្នានឹងត្រឡប់មកវិញ ឥតមានទោសចំពោះព្រះយេហូវ៉ា ឬចំពោះសាសន៍អ៊ីស្រាអែលឡើយ ហើយស្រុកនេះក៏នឹងបានជាកេរអាកររបស់ឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់ ចូរសង់ទីក្រុងសំរាប់កូនចៅឯង ហើយនឹងក្រោលសំរាប់ហ្វូងសត្វផង ឲ្យធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលចេញពីមាត់ឯងនោះចុះ នោះពួកកូនចៅកាឌ់ នឹងកូនចៅរូបេនក៏ឆ្លើយឡើងថា យើងខ្ញុំប្របាទនឹងធ្វើដូចជាលោកម្ចាស់បង្គាប់មក ប្រពន្ធកូន ហើយនឹងហ្វូងគោ ហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន នឹងនៅក្នុងអស់ទាំងទីក្រុងនៃស្រុកកាឡាតនេះ តែយើងខ្ញុំប្របាទដែលមានគ្រឿងចំបាំងរៀបជាស្រេច យើងខ្ញុំនឹងឆ្លងទៅនៅចំពោះព្រះយេហូវ៉ា ដូចជាលោកម្ចាស់បានបង្គាប់មក។ ដូច្នេះ ម៉ូសេក៏បង្គាប់ដល់អេលាសារដ៏ជាសង្ឃ នឹងយ៉ូស្វេ ជាកូននុន ព្រមទាំងពួកមេលើវង្សានុវង្សនៃពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ពីដំណើរគេ លោកប្រាប់អ្នកទាំងនោះថា បើសិនជាពួកកូនចៅកាឌ់ នឹងពួកកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ទៅជាមួយនឹងឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា ដោយគ្រប់គ្នាមានគ្រឿងចំបាំងប្រុងជាស្រេច ដូច្នេះ កាលណាស្រុកនោះបានចុះចាញ់នៅមុខឯងរាល់គ្នាហើយ នោះត្រូវចែកស្រុកកាឡាតនេះឲ្យដល់គេ ទុកជាកេរអាករចុះ តែបើគេមិនឆ្លងទៅជាមួយដោយមានគ្រឿងចំបាំងប្រុងជាស្រេចទេ នោះគេត្រូវបានកេរ្តិ៍អាករនៅកណ្តាលឯងរាល់គ្នា ក្នុងស្រុកកាណានវិញ ពួកកូនចៅកាឌ់ នឹងកូនចៅរូបេនក៏ឆ្លើយឡើងថា សេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកយើងខ្ញុំប្របាទ នោះយើងខ្ញុំនឹងធ្វើតាម យើងខ្ញុំនឹងឆ្លងទៅ ទាំងមានគ្រឿងសស្ត្រាវុធនៅដៃ ចូលទៅក្នុងស្រុកកាណាន នៅចំពោះព្រះយេហូវ៉ា តែកេរ្តិ៍អាករជាមរដករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់ ខាងអាយនេះវិញ។