ជនគណនា 31:21-24
ជនគណនា 31:21-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សង្ឃអេលាសារមានប្រសាសន៍ទៅកាន់ពួកទ័ពដែលបានទៅច្បាំងនោះថា៖ «នេះជាបញ្ញត្តិច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និងសំណ គឺរបស់ទាំងប៉ុន្មានដែលអាចធន់នឹងភ្លើងបាន ត្រូវយកទៅដុតភ្លើងសម្អាត ហើយរបស់ទាំងនោះនឹងបានស្អាត។ ប៉ុន្តែ ក៏ត្រូវសម្អាតនឹងទឹកដែលសម្រាប់សម្អាតដែរ ឯរបស់ទាំងប៉ុន្មានដែលមិនអាចធន់នឹងភ្លើងបាន នោះត្រូវលាងសម្អាតនឹងទឹក។ អ្នករាល់គ្នាត្រូវបោកសម្លៀកបំពាក់របស់ខ្លួននៅថ្ងៃទីប្រាំពីរ នោះអ្នករាល់គ្នានឹងបានស្អាត បន្ទាប់មក អ្នករាល់គ្នាអាចចូលមកក្នុងជំរំបាន»។
ជនគណនា 31:21-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកបូជាចារ្យអេឡាសារមានប្រសាសន៍ទៅកាន់ពួកទាហានដែលបានចេញទៅធ្វើសឹកថា៖ «ក្នុងក្រឹត្យវិន័យដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ មានចែងដូចតទៅ: មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និងសំណ គឺវត្ថុទាំងប៉ុន្មានដែលដុតមិនឆេះ ចូរដុតជម្រះឲ្យបានបរិសុទ្ធ។ រីឯវត្ថុទាំងឡាយណាដែលពុំអាចដុត ត្រូវលាងនៅក្នុងទឹកសម្រាប់ធ្វើពិធីលាងជម្រះឲ្យបរិសុទ្ធ។ ត្រូវលាងជម្រះសម្លៀកបំពាក់របស់អ្នករាល់គ្នា នៅថ្ងៃទីប្រាំពីរ នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ បន្ទាប់មក អ្នករាល់គ្នាអាចចូលមកក្នុងជំរំវិញ»។
ជនគណនា 31:21-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអេលាសារដ៏ជាសង្ឃ លោកប្រាប់ដល់ពួកទ័ពដែលបានទៅច្បាំងថា នេះជាបញ្ញត្តច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេថា ឯមាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត នឹងសំណ គឺគ្រប់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងបាន នោះត្រូវឲ្យឯងរាល់គ្នានាំយកទៅដុតភ្លើងសំអាតទៅ រួចនឹងបានស្អាត ប៉ុន្តែ ត្រូវឲ្យសំអាតនឹងទឹកដែលសំរាប់សំអាតដែរ ឯអស់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងមិនបាន នោះត្រូវឲ្យលាងនឹងទឹកវិញ ដល់ថ្ងៃទី៧ ត្រូវឲ្យឯងរាល់គ្នាបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាត រួចសឹមចូលមកក្នុងទីដំឡើងត្រសាលចុះ។