ជនគណនា 30:1-16
ជនគណនា 30:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកមេកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែលថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ពេលបុរសណាម្នាក់បន់ព្រះយេហូវ៉ា ឬស្បថសន្យាភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវធ្វើតាមគ្រប់ទាំងពាក្យដែលចេញពីមាត់របស់ខ្លួន។ ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះយេហូវ៉ា ហើយភ្ជាប់ខ្លួនដោយសន្យាអ្វីមួយ ក្នុងកាលដែលនាងនៅក្មេង ក្នុងបន្ទុករបស់ឪពុក ហើយឪពុកបានឮពីបំណន់ និងពីការសន្យារបស់នាង ដែលនាងបានភ្ជាប់ខ្លួន តែមិនថាអ្វី នោះបំណន់របស់នាងទាំងប៉ុន្មាននឹងនៅជាប់ ហើយការសន្យាទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនក៏នៅជាប់ដែរ។ ប៉ុន្ដែ ប្រសិនបើឪពុកមិនយល់ស្របនឹងនាង ក្នុងថ្ងៃដែលគាត់បានឮ នោះបំណន់ និងការសន្យារបស់នាងទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន នឹងមិននៅជាប់ឡើយ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង ព្រោះឪពុកមិនបានយល់ស្របនឹងនាង។ ប្រសិនបើនាងមានប្តី ក្នុងកាលដែលនៅជាប់បំណន់ ឬបានបន់ភ្ជាប់ខ្លួនដោយពាក្យណាដែលបានចេញពីមាត់ទៅឥតបើគិត ហើយប្តីរបស់នាងឮ តែមិនថាអ្វី នោះបំណន់របស់នាងនឹងនៅជាប់ ហើយការសន្យាទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនក៏នៅជាប់ដែរ។ ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងមិនយល់ស្រប ក្នុងថ្ងៃដែលគាត់បានឮ នោះគាត់បានផ្តាច់បំណន់ដែលនាងបានបន់ ព្រមទាំងពាក្យណាដែលបានចេញពីមាត់នាងដោយឥតបើគិត ដោយសារការដែលនាងបានបន់ភ្ជាប់ខ្លួន នោះព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។ (រីឯសេចក្ដីណាដែលស្ត្រីមេម៉ាយ ឬស្ត្រីប្តីលែងបានបន់ភ្ជាប់ខ្លួន នោះនឹងត្រូវនៅជាប់ជាដរាប)។ ប្រសិនបើនាងបានបន់ ឬភ្ជាប់ខ្លួនដោយការសន្យាណាមួយក្នុងបន្ទុករបស់ប្តី ហើយប្តីរបស់នាងបានឮ តែមិនបានថាអ្វី ក៏មិនបានជំទាស់នឹងនាង នោះបំណន់របស់នាងទាំងប៉ុន្មាននឹងនៅជាប់ ហើយការសន្យាណាមួយដែលនាងបានបន់ភ្ជាប់ខ្លួនក៏នឹងនៅជាប់ដែរ។ ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងបានផ្តាច់បំណន់នោះ ក្នុងថ្ងៃដែលគាត់បានឮ នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ឬពីពាក្យណាដែលនាងបានសន្យា នោះនឹងមិននៅជាប់ឡើយ ដ្បិតប្តីរបស់នាងបានផ្តាច់បំណន់នោះ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។ គ្រប់ទាំងបំណន់ ឬសម្បថណាដែលនាងបង្អត់ខ្លួន នោះប្តីរបស់នាងអាចទុកឲ្យនៅជាប់ ឬអាចផ្តាច់ចេញក៏បាន។ ប្រសិនបើប្តីរបស់នាងមិនថាអ្វីឲ្យនាងរហូតដល់ថ្ងៃបន្ទាប់ នោះគាត់បានតាំងបំណន់ទាំងប៉ុន្មានរបស់នាង ឬការសន្យាទាំងប៉ុន្មាន ដែលនាងបានបន់ភ្ជាប់ខ្លួនឲ្យនៅជាប់ គឺគាត់បានតាំងសេចក្ដីទាំងនោះឲ្យនៅជាប់ ព្រោះមិនបានថាអ្វីឲ្យនាង ក្នុងថ្ងៃដែលគាត់បានឮ។ ប៉ុន្ដែ បើក្រោយពីគាត់បានឮ តែគាត់ចាត់ទុកបំណន់នោះជាអសារបង់ នោះគាត់ត្រូវទទួលទោសរបស់នាងវិញ»។ នេះហើយជាច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ អំពីប្តី និងប្រពន្ធ និងអំពីឪពុក និងកូនស្រី ដែលនៅក្មេង ក្នុងបន្ទុករបស់ឪពុក។
ជនគណនា 30:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេមានប្រសាសន៍ទៅកាន់មេដឹកនាំនៃកុលសម្ព័ន្ធនានារបស់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់បង្គាប់មកដូចតទៅ: ពេលអ្នកណាម្នាក់បន់ព្រះអម្ចាស់ ឬស្បថអំពីរឿងអ្វីមួយ អ្នកនោះត្រូវតែគោរពពាក្យសម្ដីរបស់ខ្លួន គឺត្រូវធ្វើសព្វគ្រប់ទាំងអស់តាមពាក្យដែលខ្លួនបានស្បថ។ ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះអម្ចាស់ ឬសន្យាអំពីរឿងអ្វីមួយ ក្នុងគ្រាដែលនាងនៅក្មេង ហើយរស់នៅជាមួយឪពុករបស់ខ្លួន ប្រសិនបើឪពុករបស់នាងបានដឹងពីបំណន់នេះ តែគាត់នៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់។ ផ្ទុយទៅវិញ នៅថ្ងៃដែលឪពុកនាងបានដឹង ហើយប្រសិនបើគាត់មិនយល់ស្របទេ នាងនឹងមិនជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់នោះឡើយ។ ប្រសិនបើនាងរៀបការ ក្រោយពេលនាងបានបន់ និងជំពាក់បំណន់នោះ ហើយនៅថ្ងៃដែលប្ដីនាងដឹង តែនៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ដែលខ្លួនបានបន់។ ផ្ទុយទៅវិញ នៅថ្ងៃដែលប្ដីនាងបានដឹង ប្រសិនបើគាត់មិនយល់ស្របទេ នោះគាត់អាចចាត់ទុកបំណន់ដែលនាងបានបន់ ជាអសារបង់ ហើយព្រះអម្ចាស់មិនប្រកាន់ទោសនាងឡើយ។ រីឯស្ត្រីមេម៉ាយប្ដីស្លាប់ ឬស្ត្រីមេម៉ាយប្ដីលែងវិញ បើនាងបន់អំពីរឿងអ្វីមួយ នាងនឹងជំពាក់បំណន់នោះ។ រីឯស្ត្រីដែលរស់នៅជាមួយប្ដីបន់ ឬស្បថអំពីរឿងអ្វីមួយ ពេលប្ដីរបស់នាងដឹង តែនៅស្ងៀមមិនជំទាស់ទេ នោះនាងជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានស្បថ។ ក៏ប៉ុន្តែ នៅថ្ងៃដែលប្ដីរបស់នាងដឹង ប្រសិនបើគាត់ជំទាស់ នោះនាងនឹងមិនជំពាក់បំណន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានបន់ និងស្បថឡើយ។ ដោយប្ដីចាត់ទុកបំណន់ និងសម្បថរបស់នាងជាអសារបង់ ព្រះអម្ចាស់មិនប្រកាន់ទោសនាងទេ។ ប្ដីរបស់នាងអាចរក្សាទុក ឬចាត់ទុកជាអសារបង់នូវបំណន់ទាំងប៉ុន្មានដែលនាងបានបន់ និងសម្បថទាំងប៉ុន្មានដែលនាងបានស្បថថា តមធ្វើការអ្វីមួយ។ នៅថ្ងៃដែលប្ដីបានឮដំណឹង ប្រសិនបើគាត់នៅស្ងៀមរហូតដល់ថ្ងៃបន្ទាប់ បានសេចក្ដីថាគាត់រក្សាទុកគ្រប់បំណន់ និងអ្វីៗទាំងប៉ុន្មានដែលនាងបានសន្យា។ ដោយគាត់នៅស្ងៀមក្នុងថ្ងៃដែលគាត់ឮដំណឹង បានសេចក្ដីថាគាត់យល់ស្រប។ មួយថ្ងៃក្រោយបានដឹងដំណឹង ប្រសិនបើប្ដីចាត់ទុកបំណន់របស់នាងជាអសារបង់ គាត់ត្រូវទទួលទោសជំនួសប្រពន្ធ»។ នេះជាច្បាប់ដែលព្រះអម្ចាស់ប្រគល់មកលោកម៉ូសេ ស្ដីអំពីទំនាក់ទំនងរវាងប្ដី និងប្រពន្ធ រវាងឪពុក និងកូនស្រីមិនទាន់រៀបការ ដែលរស់នៅជាមួយឪពុកនៅឡើយ។
ជនគណនា 30:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចម៉ូសេនិយាយនឹងពួកមេលើពូជអំបូរកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺបើបុរសណាបន់ដល់ព្រះយេហូវ៉ា ឬនឹងស្បថភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវតែធ្វើតាមសំដីរបស់ខ្លួនគ្រប់ចំពូក ឯស្ត្រីវិញ បើកាលណាបន់ដល់ព្រះយេហូវ៉ា ទាំងភ្ជាប់ខ្លួនដោយសារបំណន់នោះ កំពុងដែលនៅក្មេងនៅក្នុងបន្ទុករបស់ឪពុកនៅឡើយ ហើយឪពុកបានឮបំណន់នោះ នឹងសេចក្ដីដែលកូនបានបន់ភ្ជាប់ខ្លួនដែរ តែឥតមានថាអ្វីឲ្យទេ នោះបំណន់របស់នាងនឹងនៅជាយ៉ាងនោះទាំងអស់ ព្រមទាំងសេចក្ដីទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនដែរ តែបើឪពុកឃាត់នាងក្នុងថ្ងៃដែលបានឮ នោះបំណន់របស់នាង នឹងសេចក្ដីទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន មិនបាននៅជាប់ទៀតទេ ហើយព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ ពីព្រោះឪពុកបានឃាត់ហាម។ បើនាងមានប្ដីក្នុងកាលដែលនៅជាប់បំណន់ ឬបានបន់ភ្ជាប់ខ្លួនដោយពាក្យណាដែលបានចេញពីមាត់ទៅឥតបើគិត រួចប្ដីបានដឹង ហើយឥតមានថាអ្វីឲ្យ នោះបំណន់របស់នាងនឹងនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួនដែរ តែបើប្ដីបានឃាត់នាងក្នុងថ្ងៃដែលបានដឹង នោះគាត់បានផ្តាច់បំណន់នាងហើយ ព្រមទាំងសេចក្ដីដែលចេញពីមាត់នាងដោយឥតបើគិតនោះផង ហើយព្រះយេហូវ៉ាទ្រង់នឹងអត់ទោសឲ្យនាង។ តែឯសេចក្ដីណាដែលស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងបានបន់ភ្ជាប់ខ្លួន នោះនឹងត្រូវនៅជាប់ជាដរាប បើនាងនោះបានបន់បំណន់ ឬភ្ជាប់ខ្លួនដោយសារសម្បថណាមួយ ក្នុងកាលដែលនៅក្នុងបន្ទុកប្ដីនៅឡើយ ហើយប្ដីបានដឹង តែមិនបានថាអ្វីឲ្យទេ ក៏មិនបានឃាត់ផង នោះអស់ទាំងបំណន់របស់នាងនឹងត្រូវនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលបានបន់ភ្ជាប់ខ្លួនដែរ តែបើប្ដីនាងបានផ្តាច់បំណន់នោះចេញ ក្នុងថ្ងៃដែលគាត់បានដឹង នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ពីដំណើរបំណន់នោះ ឬសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួន នោះមិននៅជាប់ទៀតទេ ដ្បិតប្ដីបានផ្តាច់ហើយ ព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ។ គ្រប់ទាំងបំណន់ ហើយគ្រប់ទាំងសម្បថដែលនឹងស្បថ ដើម្បីនឹងបញ្ឈឺចិត្តខ្លួន នោះប្ដីនឹងតាំងឲ្យនៅជាប់ ឬផ្តាច់ចេញក៏បាន បើសិនជាប្ដីមិនមានថាអ្វីឲ្យនាងតទៅទេ នោះគឺគាត់បានតាំងបំណន់នាងឲ្យនៅជាប់ហើយ ព្រមទាំងសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួនទាំងអស់ផង គឺគាត់បានយល់ព្រមនឹងសេចក្ដីទាំងនោះដែរ ពីព្រោះមិនបានថាអ្វីឲ្យនាង ក្នុងថ្ងៃដែលគាត់បានដឹងនោះឡើយ តែបើគាត់បានផ្តាច់បំណន់នោះ ក្នុងកាលដែលបានដឹង នោះគាត់ត្រូវរ៉ាប់រងចំពោះទោសរបស់នាងវិញ។ នេះហើយជាច្បាប់ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ពីដំណើរប្ដីនឹងប្រពន្ធ ហើយពីដំណើរឪពុក នឹងកូនស្រី ដែលនៅក្មេង នៅក្នុងបន្ទុកឪពុកនៅឡើយ។