ជនគណនា 29:1-11

ជនគណនា 29:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​មាន​ការ​ជួប​ប្រជុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ។ នេះ​ជា​ថ្ងៃ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ផ្លុំ​ត្រែ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​អាយុ​មួយ​ខួប ចំនួន​ប្រាំពីរ។ ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង សម្រាប់​គោ​ឈ្មោល ពីរ​ខ្ញឹង​សម្រាប់​ចៀម​ឈ្មោល និង​មួយ​ខ្ញឹង​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​ចៀម​ទាំង​ប្រាំពីរ ព្រម​ទាំង​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ នេះ​ជា​តង្វាយ​បន្ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​នៅ​ថ្ងៃ​ចូល​ខែ និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ថ្វាយ​តាម​របៀប​តង្វាយ​នោះ ទុក​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ អ្នក​រាល់​គ្នា​ត្រូវ​មាន​ការ​ជួប​ប្រជុំ​បរិសុទ្ធ ហើយ​ត្រូវ​បង្អត់​ខ្លួន មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​ឡើយ។ ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ចំនួន​ប្រាំពីរ។ សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។ ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង គឺ​បី​ខ្ញឹង​សម្រាប់​គោ​នោះ ពីរ​ខ្ញឹង​សម្រាប់​ចៀម​មួយ​នោះ និង​មួយ​ខ្ញឹង​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ ហើយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប បន្ថែម​ពី​លើ​តង្វាយ​សម្រាប់​ពិធី​រំដោះ​បាប និង​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។

ចែក​រំលែក
អាន ជនគណនា 29

ជនគណនា 29:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ជយ‌ឃោស។ ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​លាយ​នឹង​ប្រេង​ចំនួន​បី​ភាគ​ដប់​នៃ​អេផា សម្រាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា ថែម​ពី​លើ​តង្វាយ​ដុត​ប្រចាំ​ខែ និង​តង្វាយ​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ដូច​មាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា។ នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។ «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង សម្រាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​សុំ​រំដោះ​បាប តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។

ចែក​រំលែក
អាន ជនគណនា 29

ជនគណនា 29:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​ទី​១​ក្នុង​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ នេះ​ជា​ថ្ងៃ​សំរាប់​ផ្លុំ​ត្រែ​ឲ្យ​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​កូន​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ នឹង​កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​នោះ ២​ខ្ញឹង​សំរាប់​ចៀម​នោះ នឹង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ​ក្នុង​ចៀម​ទាំង​៧​នោះ ហើយ​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង ប្រយោជន៍​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​នៅ​ថ្ងៃ​ចូល​ខែ នឹង​ដង្វាយ​ម្សៅ​ផង ហើយ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច នឹង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ ត្រូវ​ថ្វាយ​តាម​របៀប​ដង្វាយ​នោះ ទុក​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ លុះ​ដល់​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​កូន​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ នឹង​កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​នោះ ២​ខ្ញឹង​សំរាប់​ចៀម​នោះ នឹង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ ក្នុង​កូន​ចៀម​ទាំង​៧​នោះ ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​ដង្វាយ​លោះ​បាប ដែល​តែង​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​នោះ​ដែរ។

ចែក​រំលែក
អាន ជនគណនា 29