ជនគណនា 27:5-11

ជនគណនា 27:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ក៏​នាំ​យក​រឿង​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​និយាយ​ត្រូវ។ អ្នក​ត្រូវ​ឲ្យ​ពួកនាង​មាន​កេរ‌អាករ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​ពួក​នាង​ផង ហើយ​ប្រគល់​កេរអាករ​របស់​ឪពុក​ពួក​នាង ទៅ​ពួកនាង​ទៅ។ អ្នក​ក៏​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ផង​ដែរ​ថា "ប្រសិន‌បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស នោះ​អ្នក​ត្រូវ​ប្រគល់​មត៌ក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។ ប្រសិន‌បើ​គាត់​គ្មាន​កូន​ស្រី​ទេ នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​បង​ប្អូន​របស់​គាត់។ ប្រសិន‌បើ​គ្មាន​បង​ប្អូន​ទេ នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​បង​ប្អូន​របស់​ឪពុក​គាត់។ ប្រសិន‌បើ​ឪពុក​របស់​គាត់​គ្មាន​បង​ប្អូន នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​សាច់​ញាតិ​ជិត​ជាង​គេ​ក្នុង​អំបូរ​របស់​គាត់ ហើយ​អ្នក​នោះ​នឹង​ទទួល​មត៌ក​នេះ។ សេចក្ដី​នេះ​ត្រូវ​ទុក​ជា​ច្បាប់​បញ្ញត្តិ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ"»។

ចែក​រំលែក
អាន ជនគណនា 27

ជនគណនា 27:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​នាំ​រឿង​ហេតុ​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កូន​ស្រី​របស់​ស្លូផិ‌ហាត​និយាយ​ត្រូវ​មែន។ ចូរ​ប្រគល់​ទឹក​ដី​មួយ​ចំណែក ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​ពួក​នាង ឲ្យ​ពួក​នាង គឺ​ចំណែក​មត៌ក​របស់​ឪពុក​ពួក​នាង នឹង​ត្រូវ​បាន​ទៅ​លើ​ពួក​នាង។ អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស​ទេ ចូរ​ប្រគល់​កេរ‌មត៌ក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។ ប្រសិន​បើ​គាត់​គ្មាន​កូន​ស្រី​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បងប្អូន​របស់​គាត់។ ប្រសិន​បើ​គាត់​គ្មាន​បងប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បងប្អូន​ឪពុក​គាត់។ ប្រសិន​បើ​ឪពុក​របស់​គាត់​គ្មាន​បងប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​នោះ​ទៅ​ឲ្យ​សាច់‌ញាតិ​ណា​ម្នាក់ ដែល​ជិត​ជាង​គេ ក្នុង​អំបូរ​របស់​គាត់ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួល‌មត៌ក​នេះ”»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​អនុវត្ត​តាម​គោល‌ការណ៍​នេះ​ទុក​ជា​ច្បាប់ ស្រប​នឹង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន ជនគណនា 27

ជនគណនា 27:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ម៉ូសេ​ក៏​នាំ​យក​រឿង​គេ​ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ពួក​កូន​ស្រី​ស្លូផិហាត​បាន​និយាយ​ត្រូវ ដូច្នេះ​ត្រូវ​ចែក​ឲ្យ​គេ​មាន​កេរ្តិ៍‌អាករ​នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​ផង ត្រូវ​ឲ្យ​គេ​បាន​មរដក​របស់​ឪពុក​គេ​ចុះ ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ​ថា បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន​ប្រុស នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក​មរដក​របស់​អ្នក​នោះ​ដល់​កូន​ស្រី​គេ​ទៅ បើ​គ្មាន​កូន​ស្រី​ទេ នោះ​ត្រូវ​ឲ្យ​មរដក​គេ​ដល់​បង​ប្អូន​បង្កើត បើ​គ្មាន​បង​ប្អូន​បង្កើត នោះ​ត្រូវ​ឲ្យ​មរដក​ដល់​បង​ប្អូន​របស់​ឪពុក​គេ តែ​បើ​ឪពុក​គ្មាន​បង​ប្អូន នោះ​ត្រូវ​ឲ្យ​មរដក​គេ​ទៅ​អ្នក​ជិត‌ដិត​ជាង​ក្នុង​គ្រួ​គេ ឲ្យ​អ្នក​នោះ​ស៊ី​វិញ សេចក្ដី​នេះ​ត្រូវ​ទុក​ជា​ច្បាប់​បញ្ញត្ត​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

ចែក​រំលែក
អាន ជនគណនា 27