ជនគណនា 25:1-18
ជនគណនា 25:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកអ៊ីស្រាអែលស្នាក់នៅស្រុកស៊ីទីមនៅឡើយ ប្រជាជនចាប់ផ្ដើមសហាយស្មន់ជាមួយពួកកូនស្រីសាសន៍ម៉ូអាប់។ ស្ត្រីទាំងនោះបានបបួលប្រជាជនទៅចូលរួមពិធីថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ ហើយប្រជាជនអ៊ីស្រាអែលក៏បានបរិភោគ ព្រមទាំងក្រាបសំពះដល់ព្រះរបស់សាសន៍ម៉ូអាប់។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានចូលខាងព្រះបាលនៅពេអរ ហើយសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងអ៊ីស្រាអែល។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំរបស់ប្រជាជនទាំងអស់ មកចងព្យួរហាលថ្ងៃនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គបានបែរចេញពីពួកអ៊ីស្រាអែល»។ លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមរបស់ពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នាសម្លាប់មនុស្សរបស់ខ្លួន ដែលចូលខាងព្រះបាលនៅពេអរចេញទៅ»។ ពេលនោះ មានបុរសម្នាក់ក្នុងចំណោមកូនចៅសាសន៍អ៊ីស្រាអែល បាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកក្នុងគ្រួសាររបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល ក្នុងពេលដែលគេកំពុងយំនៅទ្វារចូលត្រសាលជំនុំ។ កាលភីនេហាសជាកូនរបស់អេលាសារ ដែលត្រូវជាកូនរបស់សង្ឃអើរ៉ុនឃើញដូច្នេះ ក៏ក្រោកឡើង ហើយចេញពីក្រុមជំនុំ ទាំងកាន់លំពែងនៅដៃ រួចតាមពីក្រោយបុរសនោះ ចូលទៅក្នុងត្រសាល ហើយចាក់ទម្លុះអ្នកទាំងពីរ គឺទាំងបុរសសាសន៍អ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចក្នុងចំណោមប្រជាជនអ៊ីស្រាអែលក៏ស្ងប់ទៅ។ ប៉ុន្តែ អស់អ្នកដែលបានស្លាប់ដោយសារគ្រោះកាចនោះ មានចំនួនពីរម៉ឺនបួនពាន់នាក់។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ភីនេហាសជាកូនរបស់អេលាសារ ដែលត្រូវជាកូនរបស់សង្ឃអើរ៉ុន បានបង្វែរសេចក្ដីក្រោធរបស់យើងចេញពីកូនចៅអ៊ីស្រាអែល ដោយព្រោះមានចិត្តឈឺឆ្អាលជំនួសយើង ដើម្បីកុំឲ្យយើងបានបំផ្លាញគេក្នុងសេចក្ដីប្រចណ្ឌរបស់យើង។ ដូច្នេះ ចូរប្រាប់ថា "មើល៍! យើងតាំងសេចក្ដីសញ្ញារបស់យើងជាមួយគាត់ គឺសេចក្ដីសញ្ញានៃការចងមេត្រី" គឺសម្រាប់គាត់ និងពូជរបស់គាត់ ជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃរហូតតទៅ ព្រោះគាត់បានឈឺឆ្អាលជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូនចៅអ៊ីស្រាអែលរួចពីបាប»។ បុរសសាសន៍អ៊ីស្រាអែលដែលត្រូវស្លាប់ជាមួយស្ត្រីសាសន៍ម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនរបស់សាលូវ ជាមេលើវង្សានុវង្សមួយរបស់ឪពុក ក្នុងកុលសម្ព័ន្ធស៊ីម្មាន។ ស្ត្រីសាសន៍ម៉ាឌានដែលត្រូវស្លាប់នោះ ឈ្មោះកូសប៊ី ជាកូនរបស់ស៊ើរ ដែលជាមេលើវង្សមួយរបស់ឪពុកក្នុងសាសន៍ម៉ាឌាន។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើទុក្ខសាសន៍ម៉ាឌាន ហើយវាយគេចុះ ដ្បិតគេធ្វើទុក្ខអ្នករាល់គ្នាដោយឧបាយកល ដែលគេមកបញ្ឆោតលួងលោមអ្នករាល់គ្នាពីរឿងនៅពេអរ និងពីរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំសាសន៍ម៉ាឌាន ត្រូវជាបងប្អូនរបស់គេ នាងត្រូវស្លាប់នៅថ្ងៃមានគ្រោះកាច ដោយព្រោះរឿងពេអរនោះ»។
ជនគណនា 25:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះ ប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។ ស្ត្រីទាំងនោះបបួលប្រជាជនឲ្យទៅចូលរួមក្នុងពិធីថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាជប់លៀង ហើយថ្វាយបង្គំព្រះទាំងនោះ។ ប្រជាជនអ៊ីស្រាអែលនាំគ្នាជំពាក់ចិត្តនឹងព្រះបាលពេអ៊រ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងពួកគេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជនមក ហើយព្យួរ-កពួកគេហាលថ្ងៃនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីពង្វាងព្រះពិរោធរបស់ព្រះអម្ចាស់ចេញពីជនជាតិអ៊ីស្រាអែល»។ លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រាអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងព្រះបាលពេអ៊រទៅ!»។ ពេលនោះ មានបុរសម្នាក់ជាជាតិអ៊ីស្រាអែលបាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខសហគមន៍អ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ឃើញដូច្នេះ លោកភីនេហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជាចារ្យអើរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។ គាត់តាមបុរសនោះរហូតដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែលក៏ស្ងប់ទៅវិញ។ គ្រោះកាចនេះបណ្ដាលឲ្យមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ភីនេហាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអើរ៉ុន បានសម្តែងចិត្តឈឺចាប់ជំនួសយើង នៅពេលឃើញអ៊ីស្រាអែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រាអែលក្បត់ចិត្តយើងក្ដី ក៏យើងពុំបានប្រល័យពួកគេឲ្យវិនាសសូន្យដែរ ព្រោះភីនេហាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។ ហេតុនេះ ចូរប្រាប់ភីនេហាសថា យើងនឹងចងសម្ពន្ធមេត្រីជាមួយគេ គឺសម្ពន្ធមេត្រីដែលផ្ដល់សន្តិភាព។ តាមរយៈសម្ពន្ធមេត្រីនេះ យើងតែងតាំងភីនេហាស និងពូជពង្សរបស់គេ ឲ្យបំពេញមុខងារជាបូជាចារ្យរហូតតទៅ ព្រោះភីនេហាសមានចិត្តឈឺចាប់ជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យជនជាតិអ៊ីស្រាអែលរួចពីបាបផង»។ បុរសអ៊ីស្រាអែល ដែលលោកភីនេហាសបានប្រហារជីវិតរួមជាមួយស្ត្រីសាសន៍ម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនរបស់លោកសាលូវ និងជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម្មាន។ រីឯស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវលោកភីនេហាសសម្លាប់នោះ ឈ្មោះនាងកូសប៊ី ជាកូនរបស់លោកស៊ើរ ដែលជាមេកន្ទ្រាញនៃអំបូរមួយរបស់ជនជាតិម៉ាឌាន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាត់ទុកជនជាតិម៉ាឌានជាបច្ចាមិត្ត ហើយវាយប្រហារពួកគេទៅ ដ្បិតពួកគេតាំងខ្លួនជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយនាំអ្នករាល់គ្នាឲ្យវង្វេង ក្នុងព្រឹត្តិការណ៍ដែលកើតមាននៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំម៉ាឌាន ដែលបានស្លាប់ក្នុងគ្រោះកាចនៅពេអ៊រនោះ»។
ជនគណនា 25:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកអ៊ីស្រាអែល គេនៅស្រុកស៊ីទីម ហើយបណ្តាជនចាប់តាំងសហាយស្មន់ នឹងពួកកូនស្រីរបស់សាសន៍ម៉ូអាប់ ដ្បិតពួកនោះបានហៅបណ្តាជន ទៅឯការថ្វាយយញ្ញបូជាដល់ព្រះរបស់គេ ហើយសាសន៍អ៊ីស្រាអែលក៏បានបរិភោគ ព្រមទាំងក្រាបសំពះដល់ព្រះនៃសាសន៍ម៉ូអាប់នោះដែរ គេចូលពួកខាងព្រះបាល-ពេអរ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងគេ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរចាប់យកពួកមេនៃបណ្តាជនទាំងអស់ មកចងព្យួរហាលថ្ងៃនៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីឲ្យសេចក្ដីខ្ញាល់ក្តៅរបស់ទ្រង់បានបែរពីពួកអ៊ីស្រាអែលចេញ នោះម៉ូសេក៏ប្រាប់ដល់ពួកចៅក្រមនៃពួកអ៊ីស្រាអែលថា ចូរអ្នករាល់គ្នាសំឡាប់ពួករបស់ខ្លួន ដែលចូលពួកខាងព្រះបាល-ពេអរចេញទៅ។ ខណនោះ មានពួកកូនចៅសាសន៍អ៊ីស្រាអែលម្នាក់ នាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកឯបងប្អូនខ្លួន នៅចំពោះមុខម៉ូសេ នឹងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ដែលកំពុងយំនៅមាត់ទ្វារត្រសាលជំនុំ កាលភីនេហាស ជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ បានឃើញ នោះក៏ក្រោកឡើងនៅកណ្តាលពួកជំនុំ ចាប់យកលំពែងនៅដៃ ចូលទៅក្នុងត្រសាលតាមក្រោយអ្នកនោះ ហើយក៏ចាក់ទំលុះអ្នកទាំង២នោះទៅ គឺទាំងប្រុសសាសន៍អ៊ីស្រាអែល នឹងស្ត្រីនោះផង ត្រូវត្រង់ពោះនាង នោះសេចក្ដីវេទនាបានបាត់ពីពួកកូនចៅអ៊ីស្រាអែលទៅ ឯអស់អ្នកដែលបានស្លាប់ក្នុងសេចក្ដីវេទនានោះ មានចំនួន២ម៉ឺន៤ពាន់នាក់។ រួចព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ភីនេហាសជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ លោកបានបំបែកសេចក្ដីឃោរឃៅរបស់អញពីពួកកូនចៅអ៊ីស្រាអែលចេញ ដោយព្រោះមានសេចក្ដីឈឺឆ្អាលជំនួសអញ ប្រយោជន៍កុំឲ្យអញបានបំផ្លាញគេក្នុងសេចក្ដីប្រចណ្ឌរបស់អញឡើយ ដូច្នេះចូរប្រាប់ថា អញតាំងសេចក្ដីសញ្ញារបស់អញឲ្យបានមេត្រីនឹងលោកហើយ គឺជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃ នៅជាដរាបតទៅ សំរាប់លោក នឹងពូជលោករៀងតទៅ ពីព្រោះលោកបានឈឺឆ្អាលនឹងព្រះនៃខ្លួន ហើយបានធ្វើឲ្យធួននឹងពួកកូនចៅអ៊ីស្រាអែល។ រីឯមនុស្សសាសន៍អ៊ីស្រាអែល ដែលត្រូវស្លាប់ជាមួយនឹងស្ត្រីសាសន៍ម៉ាឌាននោះ គឺឈ្មោះស៊ីមរី ជាកូនសាលូវ ដែលជាកំពូលលើវង្សានុវង្សរបស់ឪពុក១ក្នុងពូជអំបូរស៊ីម្មាន ហើយស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវស្លាប់នោះ គឺឈ្មោះកូសប៊ី ជាកូនស៊ើ ដែលជាមេលើពួកវង្សនៃឪពុក១ក្នុងសាសន៍ម៉ាឌាន។ ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងម៉ូសេថា ចូរធ្វើទុក្ខដល់សាសន៍ម៉ាឌាន ហើយវាយគេចុះ ដ្បិតគេធ្វើទុក្ខឯងរាល់គ្នាដោយឧបាយកល ដែលគេមកល្បួងលួងលោមឯងពីដំណើរពេអរនោះ ហើយពីដំណើរនាងកូសប៊ី ជាកូននៃអ្នក១ ដែលជាកំពូលលើសាសន៍ម៉ាឌាន ជាអ្នកដែលត្រូវស្លាប់នៅថ្ងៃមានសេចក្ដីវេទនា ដោយព្រោះរឿងពេអរនោះ។