ជនគណនា 23:27-30
ជនគណនា 23:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បាឡាកមានរាជឱង្ការទៅបាឡាមថា៖ «ចូរមក យើងនឹងនាំលោកទៅកន្លែងមួយទៀត ប្រហែលជាព្រះនឹងសព្វព្រះហឫទ័យឲ្យលោកដាក់បណ្ដាសាពួកគេពីទីនោះឲ្យយើង»។ ដូច្នេះ បាឡាកក៏នាំបាឡាមទៅលើកំពូលភ្នំពេអរ ដែលមើលទៅឃើញទីរហោស្ថាន ។ បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាសង់អាសនាប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យទូលបង្គំផង»។ បាឡាកក៏ធ្វើតាមពាក្យរបស់បាឡាម គឺបានថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។
ជនគណនា 23:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «សូមអញ្ជើញមក យើងនាំលោកទៅកន្លែងមួយទៀត។ នៅកន្លែងនោះ ព្រះជាម្ចាស់ប្រហែលជាសព្វព្រះហឫទ័យឲ្យលោកដាក់បណ្ដាសាពួកគេ»។ ព្រះបាទបាឡាក់នាំលោកបាឡាមទៅដល់កំពូលភ្នំពេអ៊រ ដែលស្ថិតនៅពីលើវាលរហោស្ថាន។ លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យទូលបង្គំផង»។ ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម ហើយថ្វាយគោបាមួយ និងចៀមឈ្មោលមួយនៅលើអាសនៈនីមួយៗ។
ជនគណនា 23:27-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចបាឡាកទ្រង់មានបន្ទូលទៅបាឡាមថា ចូរមក អញនឹងនាំឯងទៅកន្លែង១ទៀត ប្រហែលជាព្រះនឹងសព្វព្រះហឫទ័យឲ្យឯងដាក់បណ្តាសាដល់គេពីទីនោះឲ្យអញ បាឡាកក៏នាំបាឡាមទៅលើកំពូលភ្នំពេអរ ដែលបែរទៅខាងឯទីរហោស្ថាន នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនា៧នៅទីនេះឲ្យទូលបង្គំ ហើយសូមរៀបគោ៧ នឹងចៀម៧ ឲ្យទូលបង្គំទៀត រួចបាឡាកក៏ធ្វើដូចជាបាឡាមបានមានវាចា គឺបានថ្វាយគោ នឹងចៀមមួយៗនៅលើអាសនាទាំងនោះ។