ជនគណនា 23:11-26

ជនគណនា 23:11-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​បាឡាម​ថា៖ «តើ​លោក​បាន​ធ្វើ​អ្វី​ចំពោះ​យើង​ដូច្នេះ? យើង​បាន​នាំ​លោក​មក​ឲ្យ​ដាក់​បណ្ដា‌សា​ខ្មាំង‌សត្រូវ​របស់​យើង តែ​មើល៍ លោក​មិន​បាន​ធ្វើ​អ្វី​សោះ តែ​បែរ​ឲ្យ​ពរ​គេ​ទៅ​វិញ»។ គាត់​ទូល​ឆ្លើយ​ថា៖ «តើ​មិន​ត្រូវ​ឲ្យ​ទូល‌បង្គំ​ប្រយ័ត្ន​នឹង​និយាយ​តែ​សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​ក្នុង​មាត់​ទូល‌បង្គំ​ទេ​ឬ?» បន្ទាប់​មក បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «សូម​មក​ជា‌មួយ​យើង ទៅ​កន្លែង​មួយ​ទៀត​ដែល​លោក​អាច​មើល​គេ​ឃើញ លោក​នឹង​ឃើញ​ពួក‌គេ​តែ​មួយ​ភាគ​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ ដូច្នេះ សូម​លោក​ដាក់​បណ្ដា‌សា​គេ​ពី​ទី​នោះ​ឲ្យ​យើង»។ ស្ដេច​ក៏​នាំ​គាត់​ទៅ​កាន់​វាល​សូភិម គឺ​ទៅ​លើ​កំពូល​ភ្នំ​ពីសកា ហើយ​សង់​អាស‌នា​ប្រាំពីរ រួច​ថ្វាយ​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាស‌នា​នីមួយៗ។ បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះ​ករុណា​ឈរ​នៅ​ជិត​តង្វាយ​ដុត​នេះ​ចុះ ទូល‌បង្គំ​នឹង​ទៅ​ជួប​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ»។ ព្រះ‌យេហូវ៉ា​យាង​មក​ជួប​បាឡាម ហើយ​ដាក់​ព្រះ‌បន្ទូល​ទៅ​ក្នុង​មាត់​របស់​គាត់ រួច​ប្រាប់​ថា៖ «ចូរ​វិល​ទៅ​ជួប​បាឡាក ហើយ​អ្នក​ត្រូវ​និយាយ​ពាក្យ​នេះ»។ គាត់​ក៏​មក​ជួប​បាឡាក​ដែល​កំពុង​ឈរ​ក្បែរ​តង្វាយ​ដុត ទាំង​មាន​មន្ត្រី​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ។ បាឡាក​សួរ​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?» បាឡាម​ក៏​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «សូម​ក្រោក​ឡើង ព្រះ‌រាជា​បាឡាក​អើយ សូម​ទ្រង់​ព្រះ​សណ្ដាប់ ឱ​ព្រះ​បុត្រា​ព្រះបាទ​ស៊ីបព័រ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ​ចុះ ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែល​ផ្លាស់​ប្ដូរ​គំនិត​នោះ​ដែរ។ ព្រះ‌អង្គ​បាន​សន្យា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ទេ​ឬ? ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​មិន​សម្រេច​តាម​ទេ​ឬ? មើល៍ ទូល‌បង្គំ​បាន​ទទួល​បង្គាប់​មក​ដើម្បី​ឲ្យ​ពរ ព្រះ‌អង្គ​បាន​ឲ្យ​ពរ​ហើយ ទូល‌បង្គំ​មិន​អាច​ដក​ហូត​បាន​ទេ។ ព្រះ‌អង្គ​មិន​បាន​ឃើញ​មាន​គ្រោះ​កាច​នៅ​ក្នុង​ពួក​យ៉ាកុប​ទេ ក៏​មិន​ឃើញ​មាន​ភាព​វឹកវរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ទ្រង់​គង់​នៅ​ជា‌មួយ​គេ ទាំង​មាន​សម្រែក​ប្រកាស​ថា​ព្រះ‌អង្គ​ជា​ស្តេច​នៅ​កណ្ដាល​ពួក‌គេ។ ព្រះ​ដែល​នាំ​ពួកគេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទ្រង់​ប្រៀប​ដូច​ជា​ស្នែង​នៃ​សត្វ​រមាស​សម្រាប់​ពួកគេ។ ដ្បិត​គ្មាន​មន្ត​អាគម​ណា​ទាស់​នឹង​ពួក​យ៉ាកុប​បាន​ឡើយ ក៏​គ្មាន​អំពើ​ណា​ទាស់​នឹង​អ៊ីស្រា‌អែល​បាន​ដែរ។ ឥឡូវ​នេះ នឹង​មាន​គេ​ថ្លែង​ពី​យ៉ាកុប និង​ពី​អ៊ីស្រា‌អែល​ថា "មើល​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ចុះ!" មើល៍ ប្រជាជន​នេះ​ក្រោក​ឡើង​ដូច​ជា​សិង្ហ​ញី ក៏​ឈរ​ឡើង​ដូច​ជា​សិង្ហ​ឈ្មោល! សឹង​នោះ​មិន​ដេក​វិញ​ឡើយ រហូត​ទាល់​តែ​បាន​ស៊ី​រំពា ហើយ​ផឹក​ឈាម​សត្វ​ដែល​វា​បាន​សម្លាប់»។ ពេល​នោះ បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​បាឡាម​ថា៖ «បើ​មិន​ដាក់​បណ្ដា‌សា​គេ​ទេ ក៏​មិន​ត្រូវ​ឲ្យ​ពរ​គេ​ដែរ»។ ប៉ុន្តែ បាឡាម​ទូល​ឆ្លើយ​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ទូល​ព្រះ​ករុណា​ថា "សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល នោះ​ទូល‌បង្គំ​ត្រូវ​តែ​ធ្វើ​តាម"ទេ​ឬ?»។

ចែក​រំលែក
អាន ជនគណនា 23

ជនគណនា 23:11-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។ លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​ត្រូវ​ថ្លែង​តែ​សេចក្ដី​ណា ដែល​ព្រះ‌អម្ចាស់​ប្រាប់​ឲ្យ​ថ្លែង​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ថា៖ «ដូច្នេះ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ លោក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​យើង»។ ស្ដេច​នាំ​លោក​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីសកា។ នៅ​ទី​នោះ ស្ដេច​សង់​អាសនៈ​ប្រាំ‌ពីរ នៅ​លើ​អាសនៈ​នីមួយៗ ស្ដេច​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។ លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា ទូលបង្គំ​នឹង​ចេញ​ទៅ​ជួប​ព្រះ‌ជាម្ចាស់»។ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​បាឡាម ព្រះអង្គ​ប្រាប់​លោក​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។ លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន‌ជាតិ​ម៉ូអាប់​ឈរ​នៅ​ជា​មួយ​ផង។ ព្រះ‌បាទ​បាឡាក់​សួរ​លោក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?»។ លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖ បពិត្រ​ព្រះ‌រាជា​បាឡាក់ សូម​ប្រុង​ប្រៀប​ព្រះ‌សណ្ដាប់! បពិត្រ​ព្រះ‌រាជ​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់! ព្រះ‌ជាម្ចាស់​មិន​មែន​ដូច​មនុស្ស​លោក​ទេ ព្រះអង្គ​មិន​ចេះ​កុហក​ឡើយ ព្រះអង្គ​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជ‌ពង្ស​របស់​លោក​អដាំ​ដែរ! ព្រះអង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ព្រះអង្គ​តែងតែ​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​បាន​ថ្លែង។ ទូលបង្គំ​បាន​ទទួល​បញ្ជា​ពី​ព្រះអង្គ ដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​នេះ បើ​ព្រះ‌ជាម្ចាស់​ឲ្យ​ពរ នោះ​ទូលបង្គំ​មិន​អាច​ផ្លាស់​ប្ដូរ​ទេ។ គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់ កូន​ចៅ​លោក​យ៉ាកុប​ឡើយ ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​មាន​ដល់ កូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គង់​នៅ​ជា​មួយ​ពួក​គេ ពួក​គេ​ប្រកាស​ថា ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។ ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចាក​ចេញ ពី​ស្រុក​អេស៊ីប ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ មន្ត‌អាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកុប​បាន​ទេ អំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រា‌អែល​ដែរ។ នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យ ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ចំពោះ​យ៉ាកុប និង​អ៊ីស្រា‌អែល។ មើល​ចុះ ប្រជា‌ជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញី ពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោល ដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពា ហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេ វា​មិន​ដេក​វិញ​ឡើយ។ ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ប្រសិន​បើ​លោក​មិន​ដាក់​បណ្ដាសា​ពួក​គេ​ទេ​នោះ ក៏​ហី​ទៅ​ចុះ តែ​កុំ​ឲ្យ​ពរ​ពួក​គេ​ដូច្នេះ​ឡើយ!»។ លោក​បាឡាម​តប​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​រួច​ហើយ​ថា ទូលបង្គំ​នឹង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

ចែក​រំលែក
អាន ជនគណនា 23

ជនគណនា 23:11-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​បាឡាក​ទ្រង់​មាន​បន្ទូល​ទៅ​បាឡាម​ថា តើ​ឯង​បាន​ធ្វើ​យ៉ាង​ដូច​ម្តេច​នឹង​អញ គឺ​អញ​បាន​នាំ​ឯង​មក​ឲ្យ​ដាក់​បណ្តាសា​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ​វិញ គាត់​ទូល​ឆ្លើយ​ថា តើ​មិន​ត្រូវ​ឲ្យ​ទូលបង្គំ​ប្រយ័ត នឹង​និយាយ​តែ​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​នៅ​ក្នុង​មាត់​ទូលបង្គំ​ទេ​ឬ​អី។ រួច​បាឡាក​មាន​បន្ទូល​នឹង​គាត់​ថា ចូរ​មក​ជា​មួយ​នឹង​អញ ទៅ​ឯ​កន្លែង​១​ទៀត ជា​កន្លែង​ដែល​ល្មម​ឲ្យ​ឯង​មើល​គេ​ឃើញ ឯង​នឹង​ឃើញ​តែ​ពួក​គេ​ខាង​ចុង​បង្អស់ ឥត​ឃើញ​ទាំង​អស់​ទេ រួច​ចូរ​ឯង​ដាក់​បណ្តាសា​គេ​ពី​ទី​នោះ​ឲ្យ​អញ នោះ​ទ្រង់​នាំ​គាត់​ទៅ​ឯ​វាល​សូភិម នៅ​លើ​ភ្នំ​ពីសកា ក៏​ធ្វើ​អាសនា​៧ ហើយ​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ចាំ​ទូលបង្គំ​ទៅ​ជួប​នឹង​ព្រះ​សិន ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យាង​មក​ជួប​នឹង​បាឡាម ហើយ​ដាក់​ព្រះ‌បន្ទូល​ទៅ​ក្នុង​មាត់​គាត់ រួច​ប្រាប់​ថា ចូរ​វិល​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ចុះ ហើយ​ត្រូវ​និយាយ​ដូច្នេះ គាត់​ក៏​មក​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​ដង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​ទាំង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ រួច​បាឡាក​សួរ​ថា តើ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា​ដូច​ម្តេច នោះ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា សូម​ឈរ​ឡើង ព្រះ‌រាជា​អើយ សូម​ទ្រង់​ស្តាប់​សិន ឱ​បុត្រ​ស៊ីបព័រ​អើយ សូម​ផ្ទៀង​ព្រះ‌ស្រោត្រ​ស្តាប់​ទូលបង្គំ​ចុះ ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែរ ទ្រង់​មិន​ត្រូវ​ការ​នឹង​ប្រែ​គំនិត​ទេ សេចក្ដី​ដែល​ទ្រង់​មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី ឬ​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល តើ​មិន​សំរេច​តាម​ទេ​ឬ​អី មើល ទូលបង្គំ​បាន​ទទួល​បង្គាប់​មក​ថា ត្រូវ​ឲ្យ​ពរ ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​ពរ​ហើយ ដូច្នេះ ទូលបង្គំ​ពុំ​អាច​នឹង​បំផ្លាស់​ទៅ​បាន​ទេ ទ្រង់​មិន​បាន​ឃើញ​ជា​ពួក​យ៉ាកុប​មាន​សេចក្ដី​ទុច្ចរិត​អ្វី​ទេ ក៏​មិន​ឃើញ​ជា​មាន​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ដែរ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ ក៏​មាន​ឮ​សំរែក​នៃ​ស្តេច​នៅ​កណ្តាល​ពួក​គេ ព្រះ‌ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​មាន​កំឡាំង​បែប​ដូច​ជា​កំឡាំង​នៃ​សត្វ​រមាស គ្មាន​មន្ត​វិជ្ជា​ការ​ណា​នឹង​ដាក់​ពួក​យ៉ាកុប ឬ​អំពើ​អំពាន់​ណា​ដាក់​សាសន៍​អ៊ីស្រាអែល​ត្រូវ​ទេ លុះ​ដល់​កំណត់ នោះ​នឹង​មាន​ពាក្យ​ដំណាល​ពី​យ៉ាកុប ហើយ​ពី​អ៊ីស្រាអែល​ថា យី​អើ​ទ្រង់​បាន​ធ្វើ​អ្វី​នេះ​ហ្ន៎ មើល បណ្តាជន​នេះ​គេ​ក្រោក​ឡើង​ដូច​ជា​សិង្ហ​ញី ក៏​ឈរ​ឡើង​ដូច​ជា​សិង្ហ​ឈ្មោល គេ​មិន​ដេក​វិញ​ទាល់​តែ​បាន​ស៊ី​រំពា​ហើយ ព្រម​ទាំង​ផឹក​ឈាម​នៃ​ពួក​ដែល​បាន​សំឡាប់​ផង។ នោះ​បាឡាក​មាន​បន្ទូល​ទៅ​បាឡាម​ថា បើ​មិន​ប្រទេច​ផ្តាសា​គេ​ទេ នោះ​ក៏​មិន​ត្រូវ​ឲ្យ​ពរ​គេ​ដែរ តែ​បាឡាម​ទូល​ឆ្លើយ​ថា តើ​ទូលបង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី​ថា គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល នោះ​ទូលបង្គំ​ត្រូវ​តែ​ធ្វើ​តាម។

ចែក​រំលែក
អាន ជនគណនា 23