ជនគណនា 23:1-30 - Compare All Versions
ជនគណនា 23:1-30 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាសង់អាសនាប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោលប្រាំពីរ និងចៀមឈ្មោលពីរឲ្យទូលបង្គំផង»។ បាឡាកក៏ធ្វើតាមពាក្យរបស់បាឡាម ហើយបាឡាក និងបាឡាមក៏ថ្វាយគោឈ្មោល និងចៀមមួយ នៅលើអាសនានីមួយៗ។ បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាឈរនៅជិតតង្វាយដុតនេះចុះ ទូលបង្គំនឹងទៅ ប្រហែលជាព្រះយេហូវ៉ានឹងយាងមកជួបទូលបង្គំ។ សេចក្ដីណាដែលព្រះអង្គបង្ហាញមកទូលបង្គំ នោះទូលបង្គំនឹងនាំមកទូលថ្វាយព្រះករុណា»។ គាត់ក៏ឡើងទៅលើទីខ្ពស់ ហើយព្រះទ្រង់ក៏យាងមកជួបបាឡាម។ បាឡាមទូលព្រះអង្គថា៖ «ទូលបង្គំបានរៀបចំអាសនាទាំងប្រាំពីរ ហើយបានថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ»។ ព្រះយេហូវ៉ាបានដាក់ព្រះបន្ទូលនៅក្នុងមាត់បាឡាម ហើយប្រាប់ថា៖ «ចូរវិលទៅជួបបាឡាកវិញ ហើយអ្នកត្រូវនិយាយពាក្យនេះ»។ គាត់ក៏វិលទៅជួបបាឡាក ដែលកំពុងឈរក្បែរតង្វាយដុត ដោយមានមន្រ្តីទាំងអស់របស់សាសន៍ម៉ូអាប់នៅជាមួយ។ បាឡាម ក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «បាឡាកបាននាំខ្ញុំពីស្រុកអើរ៉ាមមក ស្តេចសាសន៍ម៉ូអាប់បានហៅខ្ញុំពីស្រុកភ្នំទិសខាងកើតមកថា "ចូរមក ចូរដាក់បណ្ដាសាពួកយ៉ាកុបឲ្យយើង ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ!" តើឲ្យខ្ញុំដាក់បណ្ដាសាមនុស្សដែលព្រះទ្រង់មិនបានដាក់បណ្ដាសាដូចម្ដេចកើត? ហើយឲ្យខ្ញុំប្រកួតនឹងអស់អ្នកដែលព្រះយេហូវ៉ាមិនបានប្រកួតនឹងគេដូចម្ដេចបាន? ដ្បិតខ្ញុំបានឃើញគេពីលើកំពូលថ្មដា ខ្ញុំបានមើលទៅគេពីលើកំពូលភ្នំ មើលប្រជាជននេះរស់នៅដោយឡែក គេមិនបានរាប់បញ្ចូលក្នុងចំណោមសាសន៍ឯទៀតៗឡើយ! តើអ្នកណាអាចរាប់ធូលីរបស់យ៉ាកុបបាន ឬរាប់ចំនួនមួយភាគបួន របស់អ៊ីស្រាអែលបាន? សូមឲ្យខ្ញុំស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឲ្យចុងបញ្ចប់នៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ!»។ ពេលនោះ បាឡាកមានរាជឱង្ការទៅបាឡាមថា៖ «តើលោកបានធ្វើអ្វីចំពោះយើងដូច្នេះ? យើងបាននាំលោកមកឲ្យដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែមើល៍ លោកមិនបានធ្វើអ្វីសោះ តែបែរឲ្យពរគេទៅវិញ»។ គាត់ទូលឆ្លើយថា៖ «តើមិនត្រូវឲ្យទូលបង្គំប្រយ័ត្ននឹងនិយាយតែសេចក្ដីណាដែលព្រះយេហូវ៉ាបានដាក់ក្នុងមាត់ទូលបង្គំទេឬ?» បន្ទាប់មក បាឡាកមានរាជឱង្ការទៅគាត់ថា៖ «សូមមកជាមួយយើង ទៅកន្លែងមួយទៀតដែលលោកអាចមើលគេឃើញ លោកនឹងឃើញពួកគេតែមួយភាគប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ ដូច្នេះ សូមលោកដាក់បណ្ដាសាគេពីទីនោះឲ្យយើង»។ ស្ដេចក៏នាំគាត់ទៅកាន់វាលសូភិម គឺទៅលើកំពូលភ្នំពីសកា ហើយសង់អាសនាប្រាំពីរ រួចថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។ បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាឈរនៅជិតតង្វាយដុតនេះចុះ ទូលបង្គំនឹងទៅជួបព្រះយេហូវ៉ានៅទីនោះ»។ ព្រះយេហូវ៉ាយាងមកជួបបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់របស់គាត់ រួចប្រាប់ថា៖ «ចូរវិលទៅជួបបាឡាក ហើយអ្នកត្រូវនិយាយពាក្យនេះ»។ គាត់ក៏មកជួបបាឡាកដែលកំពុងឈរក្បែរតង្វាយដុត ទាំងមានមន្ត្រីសាសន៍ម៉ូអាប់នៅជាមួយ។ បាឡាកសួរថា៖ «តើព្រះយេហូវ៉ាមានព្រះបន្ទូលដូចម្ដេច?» បាឡាមក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «សូមក្រោកឡើង ព្រះរាជាបាឡាកអើយ សូមទ្រង់ព្រះសណ្ដាប់ ឱព្រះបុត្រាព្រះបាទស៊ីបព័រអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំចុះ ព្រះទ្រង់មិនមែនជាមនុស្សដែលចេះកុហកនោះឡើយ ក៏មិនមែនជាកូនមនុស្សដែលផ្លាស់ប្ដូរគំនិតនោះដែរ។ ព្រះអង្គបានសន្យាហើយ តើទ្រង់មិនធ្វើតាមទេឬ? ព្រះអង្គបានមានព្រះបន្ទូលហើយ តើទ្រង់មិនសម្រេចតាមទេឬ? មើល៍ ទូលបង្គំបានទទួលបង្គាប់មកដើម្បីឲ្យពរ ព្រះអង្គបានឲ្យពរហើយ ទូលបង្គំមិនអាចដកហូតបានទេ។ ព្រះអង្គមិនបានឃើញមានគ្រោះកាចនៅក្នុងពួកយ៉ាកុបទេ ក៏មិនឃើញមានភាពវឹកវរនៅក្នុងពួកអ៊ីស្រាអែលដែរ។ ព្រះយេហូវ៉ាជាព្រះរបស់គេ ទ្រង់គង់នៅជាមួយគេ ទាំងមានសម្រែកប្រកាសថាព្រះអង្គជាស្តេចនៅកណ្ដាលពួកគេ។ ព្រះដែលនាំពួកគេចេញពីស្រុកអេស៊ីព្ទ ទ្រង់ប្រៀបដូចជាស្នែងនៃសត្វរមាសសម្រាប់ពួកគេ។ ដ្បិតគ្មានមន្តអាគមណាទាស់នឹងពួកយ៉ាកុបបានឡើយ ក៏គ្មានអំពើណាទាស់នឹងអ៊ីស្រាអែលបានដែរ។ ឥឡូវនេះ នឹងមានគេថ្លែងពីយ៉ាកុប និងពីអ៊ីស្រាអែលថា "មើលអ្វីដែលព្រះបានធ្វើចុះ!" មើល៍ ប្រជាជននេះក្រោកឡើងដូចជាសិង្ហញី ក៏ឈរឡើងដូចជាសិង្ហឈ្មោល! សឹងនោះមិនដេកវិញឡើយ រហូតទាល់តែបានស៊ីរំពា ហើយផឹកឈាមសត្វដែលវាបានសម្លាប់»។ ពេលនោះ បាឡាកមានរាជឱង្ការទៅបាឡាមថា៖ «បើមិនដាក់បណ្ដាសាគេទេ ក៏មិនត្រូវឲ្យពរគេដែរ»។ ប៉ុន្តែ បាឡាមទូលឆ្លើយថា៖ «តើទូលបង្គំមិនបានទូលព្រះករុណាថា "សេចក្ដីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូល នោះទូលបង្គំត្រូវតែធ្វើតាម"ទេឬ?»។ បាឡាកមានរាជឱង្ការទៅបាឡាមថា៖ «ចូរមក យើងនឹងនាំលោកទៅកន្លែងមួយទៀត ប្រហែលជាព្រះនឹងសព្វព្រះហឫទ័យឲ្យលោកដាក់បណ្ដាសាពួកគេពីទីនោះឲ្យយើង»។ ដូច្នេះ បាឡាកក៏នាំបាឡាមទៅលើកំពូលភ្នំពេអរ ដែលមើលទៅឃើញទីរហោស្ថាន ។ បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាសង់អាសនាប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យទូលបង្គំផង»។ បាឡាកក៏ធ្វើតាមពាក្យរបស់បាឡាម គឺបានថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។
ជនគណនា 23:1-30 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឲ្យទូលបង្គំផង»។ ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម។ ព្រះបាទបាឡាក់ និងលោកបាឡាមបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។ លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅក្បែរតង្វាយដុតរបស់ព្រះករុណានេះហើយ ទូលបង្គំនឹងចេញទៅឆ្ងាយបន្តិច ប្រហែលព្រះអម្ចាស់យាងមកជួបទូលបង្គំ។ ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំយ៉ាងណាៗនោះ ទូលបង្គំនឹងនាំយកមកទូលថ្វាយព្រះករុណា»។ លោកបាឡាមក៏ឡើងទៅលើកំពូលភ្នំ។ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម លោកក៏ទូលព្រះអង្គថា៖ «ទូលបង្គំបានដំឡើងអាសនៈប្រាំពីរ ហើយនៅលើអាសនៈនីមួយៗ ទូលបង្គំបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ»។ ព្រះអម្ចាស់ក៏ប្រាប់លោកបាឡាមអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។ លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមាននាម៉ឺនមន្ត្រីទាំងអស់នៃជនជាតិម៉ូអាប់ឈរជាមួយផង។ លោកបាឡាមក៏ថ្លែងដូចតទៅ៖ «ព្រះបាទបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម ស្ដេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា: ចូរមកដាក់បណ្ដាសាកូនចៅយ៉ាកុប! ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រាអែល! តើឲ្យខ្ញុំដាក់បណ្ដាសាអ្នកដែល ព្រះជាម្ចាស់មិនដាក់បណ្ដាសាដូចម្ដេចកើត! តើឲ្យខ្ញុំប្រទេចផ្តាសាអ្នកដែល ព្រះអម្ចាស់មិនប្រទេចផ្តាសាដូចម្ដេចបាន! ពីលើផ្ទាំងសិលានេះ ខ្ញុំឃើញពួកគេ ពីលើកំពូលភ្នំនេះ ខ្ញុំគយគន់មើលពួកគេ ប្រជាជននេះរស់នៅដាច់ឡែកពីអ្នកដទៃ ពួកគេដឹងខ្លួនថា ពួកគេមិនដូចជាតិសាសន៍ឯទៀតៗទេ។ តើនរណាអាចរាប់កូនចៅយ៉ាកុប ដែលមានចំនួនច្រើនដូចធូលីដី តើនរណាអាចរាប់ចំនួនអ៊ីស្រាអែល ដ៏ច្រើនឥតគណនាបាន? ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះ សូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។ ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញលោកមក ដើម្បីឲ្យដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ លោកបែរជាឲ្យពរពួកគេទៅវិញ!»។ លោកបាឡាមទូលស្ដេចថា៖ «ទូលបង្គំត្រូវថ្លែងតែសេចក្ដីណា ដែលព្រះអម្ចាស់ប្រាប់ឲ្យថ្លែងប៉ុណ្ណោះ!»។ ព្រះបាទបាឡាក់មានរាជឱង្ការថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ លោកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្ដាសាពួកគេឲ្យយើង»។ ស្ដេចនាំលោកបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីសកា។ នៅទីនោះ ស្ដេចសង់អាសនៈប្រាំពីរ នៅលើអាសនៈនីមួយៗ ស្ដេចថ្វាយគោបាមួយ និងចៀមឈ្មោលមួយ។ លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅទីនេះ ក្បែរតង្វាយដុតរបស់ព្រះករុណា ទូលបង្គំនឹងចេញទៅជួបព្រះជាម្ចាស់»។ ព្រះអម្ចាស់យាងមកជួបលោកបាឡាម ព្រះអង្គប្រាប់លោកអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។ លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមានពួកនាម៉ឺនមន្ត្រីរបស់ជនជាតិម៉ូអាប់ឈរនៅជាមួយផង។ ព្រះបាទបាឡាក់សួរលោកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?»។ លោកបាឡាមក៏ថ្លែងដូចតទៅ៖ បពិត្រព្រះរាជាបាឡាក់ សូមប្រុងប្រៀបព្រះសណ្ដាប់! បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបព័រ សូមផ្ទៀងព្រះកាណ៌ស្ដាប់! ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេ ព្រះអង្គមិនចេះកុហកឡើយ ព្រះអង្គក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់លោកអដាំដែរ! ព្រះអង្គមានព្រះបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ព្រះអង្គតែងតែសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានថ្លែង។ ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គ ដើម្បីឲ្យពរប្រជាជននេះ បើព្រះជាម្ចាស់ឲ្យពរ នោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។ គ្មានគ្រោះកាចណាកើតមានដល់ កូនចៅលោកយ៉ាកុបឡើយ ហើយក៏គ្មានទុក្ខវេទនាណាកើតមានដល់ កូនចៅអ៊ីស្រាអែលដែរ។ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គង់នៅជាមួយពួកគេ ពួកគេប្រកាសថា ព្រះអង្គជាព្រះមហាក្សត្ររបស់ពួកគេ។ ព្រះជាម្ចាស់បាននាំពួកគេចាកចេញ ពីស្រុកអេស៊ីប ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ មន្តអាគមមិនអាចធ្វើអ្វីយ៉ាកុបបានទេ អំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រាអែលដែរ។ នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យ ដែលព្រះជាម្ចាស់ធ្វើចំពោះយ៉ាកុប និងអ៊ីស្រាអែល។ មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញី ពួកគេឈរដូចសិង្ហឈ្មោល ដរាបណាសិង្ហមិនបានចាប់រំពា ហើយហុតឈាមសត្វដែលវាចាប់បានទេ វាមិនដេកវិញឡើយ។ ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ប្រសិនបើលោកមិនដាក់បណ្ដាសាពួកគេទេនោះ ក៏ហីទៅចុះ តែកុំឲ្យពរពួកគេដូច្នេះឡើយ!»។ លោកបាឡាមតបថា៖ «ទូលបង្គំបានទូលព្រះករុណារួចហើយថា ទូលបង្គំនឹងធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «សូមអញ្ជើញមក យើងនាំលោកទៅកន្លែងមួយទៀត។ នៅកន្លែងនោះ ព្រះជាម្ចាស់ប្រហែលជាសព្វព្រះហឫទ័យឲ្យលោកដាក់បណ្ដាសាពួកគេ»។ ព្រះបាទបាឡាក់នាំលោកបាឡាមទៅដល់កំពូលភ្នំពេអ៊រ ដែលស្ថិតនៅពីលើវាលរហោស្ថាន។ លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យទូលបង្គំផង»។ ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម ហើយថ្វាយគោបាមួយ និងចៀមឈ្មោលមួយនៅលើអាសនៈនីមួយៗ។
ជនគណនា 23:1-30 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនា៧នៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោល៧ នឹងចៀមឈ្មោល៧ផង បាឡាកទ្រង់ក៏ធ្វើដូចជាបាឡាមបានថា នោះបាឡាក ហើយនឹងបាឡាមក៏ថ្វាយគោ នឹងចៀមមួយៗនៅលើអាសនាទាំងនោះ រួចបាឡាមគាត់ទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ទូលបង្គំនឹងទៅ ប្រហែលជាព្រះយេហូវ៉ានឹងយាងមកជួបនឹងទូលបង្គំ បើសេចក្ដីណាដែលទ្រង់បង្ហាញមកទូលបង្គំ នោះទូលបង្គំនឹងនាំមកទូលដល់ទ្រង់ រួចគាត់ក៏ឡើងទៅឯទីខ្ពស់ ឯព្រះទ្រង់ក៏មកជួបនឹងបាឡាម រួចគាត់ទូលទ្រង់ថា ទូលបង្គំបានរៀបចំអាសនាទាំង៧ ហើយបានថ្វាយគោ នឹងចៀមមួយៗ នៅលើអាសនាទាំងនោះ នោះព្រះយេហូវ៉ាទ្រង់ដាក់ព្រះបន្ទូលនៅក្នុងមាត់បាឡាម ហើយប្រាប់ថា ចូរត្រឡប់ទៅឯបាឡាកវិញទៅ ហើយត្រូវនិយាយដូច្នេះ គាត់ក៏ត្រឡប់ទៅឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតដង្វាយរបស់ទ្រង់នៅឡើយ មានអស់ទាំងមេរបស់សាសន៍ម៉ូអាប់នៅជាមួយ រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា បាឡាកជាស្តេចនៃសាសន៍ម៉ូអាប់ ទ្រង់បាននាំខ្ញុំពីស្រុកអើរ៉ាមមក គឺពីស្រុកភ្នំទិសខាងកើត ដោយប្រាប់ថា ចូរមក ចូរដាក់បណ្តាសាដល់ពួកយ៉ាកុបឲ្យអញ ហើយថា ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ តែធ្វើដូចម្តេចឲ្យខ្ញុំដាក់បណ្តាសាដល់អ្នកណា ដែលព្រះទ្រង់មិនបានដាក់បណ្តាសាទៅកើត ហើយធ្វើដូចម្តេចឲ្យខ្ញុំប្រកួតនឹងអ្នកណា ដែលព្រះយេហូវ៉ាមិនបានប្រកួតចំពោះគេបាន ដ្បិតខ្ញុំបានឃើញគេពីលើកំពូលថ្មដា ខ្ញុំបានរំពឹងមើលគេពីលើភ្នំទាំងប៉ុន្មាន មើលសាសន៍នេះគេនៅតែដោយពួកគេទេ គេមិនបានរាប់បញ្ចូលក្នុងនគរទាំងប៉ុន្មានឡើយ តើអ្នកណានឹងរាប់ធូលីរបស់យ៉ាកុបបាន ឬរាប់ចំនួននៃសាសន៍អ៊ីស្រាអែល១ភាគក្នុង៤បាន សូមតែឲ្យខ្ញុំបានស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឲ្យទីបំផុតនៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ។ នោះបាឡាកទ្រង់មានបន្ទូលទៅបាឡាមថា តើឯងបានធ្វើយ៉ាងដូចម្តេចនឹងអញ គឺអញបាននាំឯងមកឲ្យដាក់បណ្តាសាដល់ពួកខ្មាំងសត្រូវរបស់អញ តែមើល ឯងបានឲ្យពរដល់គេវិញ គាត់ទូលឆ្លើយថា តើមិនត្រូវឲ្យទូលបង្គំប្រយ័ត នឹងនិយាយតែសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់សំរេចនៅក្នុងមាត់ទូលបង្គំទេឬអី។ រួចបាឡាកមានបន្ទូលនឹងគាត់ថា ចូរមកជាមួយនឹងអញ ទៅឯកន្លែង១ទៀត ជាកន្លែងដែលល្មមឲ្យឯងមើលគេឃើញ ឯងនឹងឃើញតែពួកគេខាងចុងបង្អស់ ឥតឃើញទាំងអស់ទេ រួចចូរឯងដាក់បណ្តាសាគេពីទីនោះឲ្យអញ នោះទ្រង់នាំគាត់ទៅឯវាលសូភិម នៅលើភ្នំពីសកា ក៏ធ្វើអាសនា៧ ហើយថ្វាយគោ នឹងចៀមមួយៗនៅលើអាសនាទាំងនោះ បាឡាមទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ចាំទូលបង្គំទៅជួបនឹងព្រះសិន ព្រះយេហូវ៉ាទ្រង់ក៏យាងមកជួបនឹងបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់គាត់ រួចប្រាប់ថា ចូរវិលត្រឡប់ទៅឯបាឡាកវិញចុះ ហើយត្រូវនិយាយដូច្នេះ គាត់ក៏មកឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតដង្វាយរបស់ទ្រង់នៅឡើយ មានទាំងពួកមេនៃសាសន៍ម៉ូអាប់នៅជាមួយ រួចបាឡាកសួរថា តើព្រះយេហូវ៉ាមានបន្ទូលថាដូចម្តេច នោះគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា សូមឈរឡើង ព្រះរាជាអើយ សូមទ្រង់ស្តាប់សិន ឱបុត្រស៊ីបព័រអើយ សូមផ្ទៀងព្រះស្រោត្រស្តាប់ទូលបង្គំចុះ ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ សេចក្ដីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្ដីដែលទ្រង់មានបន្ទូល តើមិនសំរេចតាមទេឬអី មើល ទូលបង្គំបានទទួលបង្គាប់មកថា ត្រូវឲ្យពរ ព្រះទ្រង់ក៏បានឲ្យពរហើយ ដូច្នេះ ទូលបង្គំពុំអាចនឹងបំផ្លាស់ទៅបានទេ ទ្រង់មិនបានឃើញជាពួកយ៉ាកុបមានសេចក្ដីទុច្ចរិតអ្វីទេ ក៏មិនឃើញជាមានសេចក្ដីអាក្រក់ណានៅក្នុងពួកអ៊ីស្រាអែលដែរ ព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់គង់នៅជាមួយនឹងគេ ក៏មានឮសំរែកនៃស្តេចនៅកណ្តាលពួកគេ ព្រះទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក គេមានកំឡាំងបែបដូចជាកំឡាំងនៃសត្វរមាស គ្មានមន្តវិជ្ជាការណានឹងដាក់ពួកយ៉ាកុប ឬអំពើអំពាន់ណាដាក់សាសន៍អ៊ីស្រាអែលត្រូវទេ លុះដល់កំណត់ នោះនឹងមានពាក្យដំណាលពីយ៉ាកុប ហើយពីអ៊ីស្រាអែលថា យីអើទ្រង់បានធ្វើអ្វីនេះហ្ន៎ មើល បណ្តាជននេះគេក្រោកឡើងដូចជាសិង្ហញី ក៏ឈរឡើងដូចជាសិង្ហឈ្មោល គេមិនដេកវិញទាល់តែបានស៊ីរំពាហើយ ព្រមទាំងផឹកឈាមនៃពួកដែលបានសំឡាប់ផង។ នោះបាឡាកមានបន្ទូលទៅបាឡាមថា បើមិនប្រទេចផ្តាសាគេទេ នោះក៏មិនត្រូវឲ្យពរគេដែរ តែបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអីថា គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូល នោះទូលបង្គំត្រូវតែធ្វើតាម។ រួចបាឡាកទ្រង់មានបន្ទូលទៅបាឡាមថា ចូរមក អញនឹងនាំឯងទៅកន្លែង១ទៀត ប្រហែលជាព្រះនឹងសព្វព្រះហឫទ័យឲ្យឯងដាក់បណ្តាសាដល់គេពីទីនោះឲ្យអញ បាឡាកក៏នាំបាឡាមទៅលើកំពូលភ្នំពេអរ ដែលបែរទៅខាងឯទីរហោស្ថាន នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនា៧នៅទីនេះឲ្យទូលបង្គំ ហើយសូមរៀបគោ៧ នឹងចៀម៧ ឲ្យទូលបង្គំទៀត រួចបាឡាកក៏ធ្វើដូចជាបាឡាមបានមានវាចា គឺបានថ្វាយគោ នឹងចៀមមួយៗនៅលើអាសនាទាំងនោះ។