ជនគណនា 22:21-41

ជនគណនា 22:21-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម បំពាក់​កែប​លើ​លា​របស់​ខ្លួន រួច​ចេញ​ទៅ​ជា‌មួយ​មន្រ្ដី​សាសន៍​ម៉ូអាប់។ ប៉ុន្ដែ សេចក្ដី‌ក្រោធ​របស់​ព្រះ​ក៏​ឆួល​ឡើង ព្រោះ​គាត់​ចេញ​ទៅ​ដូច្នេះ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​រាំង​ផ្លូវ ធ្វើ​ជា​សត្រូវ​ទាស់​នឹង​គាត់។ ពេល​នោះ គាត់​កំពុង​ជិះ​នៅ​លើ​លា ទាំង​មាន​អ្នក​បម្រើ​របស់​គាត់​ពីរ​នាក់​ទៅ​ជា​មួយ។ លា​បាន​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឈរ​រាំង​ផ្លូវ ទាំង​មាន​ដាវ​ហូត​ជា​ស្រេច​កាន់​នឹង​ដៃ។ ដូច្នេះ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ហើយ​ចូល​ទៅ​ក្នុង​ចម្ការ តែ​បាឡាម​វាយ​លា​ឲ្យ​ដើរ​ចូល​មក​តាម​ផ្លូវ​វិញ។ ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ច្រក​ផ្លូវ​មួយ នៅ​កណ្ដាល​ចម្ការ​ទំពាំង‌បាយ‌ជូរ ដែល​មាន​របង​នៅ​សង​ខាង។ កាល​លា​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា វា​ក៏​ចូល​ទៅ​អែប​នឹង​របង ហើយ​គាប​ជើង​បាឡាម​ទៅ​នឹង​របង ដូច្នេះ គាត់​វាយ​វា​ម្តង​ទៀត។ បន្ទាប់​មក ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ទៅ​មុខ​បន្តិច ហើយ​ឈរ​នៅ​កន្លែង​ចង្អៀត​មួយ ដែល​គ្មាន​ផ្លូវ​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​បាន​ឡើយ។ កាល​លា​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា វា​ក៏​លុត​ជង្គង់​ក្រាប​ចុះ​ទាំង​បាឡាម​នៅ​លើ​ខ្នង ហើយ​កំហឹង​របស់​បាឡាម​ក៏​ឆួល​ឡើង រួច​គាត់​វាយ​លា​នឹង​ឈើ​ច្រត់។ ពេល​នោះ ព្រះ‌យេហូវ៉ា​បើក​មាត់​លា ហើយ​វា​ក៏​និយាយ​ទៅ​បាឡាម​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?» បាឡាម​ពោល​ទៅ​កាន់​លា​ថា៖ «ព្រោះ​ឯង​មើល​ងាយ​អញ! ប្រសិន‌បើ​អញ​មាន​ដាវ​នៅ​នឹង​ដៃ នោះ​អញ​នឹង​សម្លាប់​ឯង​ចោល​មិន​ខាន!»។ ប៉ុន្តែ លា​តប​ទៅ​បាឡាម​ថា៖ «តើ​ខ្ញុំ​មិន​មែន​ជា​លា​របស់​លោក ដែល​លោក​បាន​ជិះ​រហូត​មួយ​ជីវិត​មក​ដល់​ថ្ងៃ​នេះ​ទេ​ឬ? តើ​ខ្ញុំ​ដែល​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​ឬ​ទេ?»។ គាត់​ក៏​ឆ្លើយ​ថា «ទេ»។ ពេល​នោះ ព្រះ‌យេហូវ៉ា​បើក​ភ្នែក​បាឡាម ហើយ​គាត់​ក៏​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ដៃ រួច​គាត់​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? មើល៍! ខ្ញុំ​បាន​ចេញ​មក​ទាស់​នឹង​លោក ព្រោះ​ចិត្ត​របស់​លោក​រឹង​ចចេស​នៅ​ចំពោះ​មុខ​ខ្ញុំ។ លា​របស់​លោក​បាន​ឃើញ​ខ្ញុំ ហើយ​បាន​ងាក​ចេញ​ពី​ខ្ញុំ​បី​ដង​មក​ហើយ។ ប្រសិន‌បើ​វា​មិន​បាន​បែរ​ចេញ​ពី​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា​វិញ»។ ពេល​នោះ បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​ប្របាទ​បាន​ធ្វើ​បាប​ហើយ ដ្បិត​ខ្ញុំ​ប្របាទ​មិន​បាន​ដឹង​ថា​លោក​ម្ចាស់​ឈរ​តាម​ផ្លូវ​ទាស់​នឹង​ខ្ញុំ​ប្របាទ​ទេ។ ដូច្នេះ ប្រសិន‌បើ​ការ​នេះ​ជា​សេចក្ដី​អាក្រក់​នៅ​ចំពោះ​លោក​ម្ចាស់ នោះ​ខ្ញុំ​ប្របាទ​នឹង​ត្រឡប់​ទៅ​វិញ»។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​កាន់​បាឡាម​ថា៖ «ចូរ​ទៅ​ជា‌មួយ​អ្នក​ទាំង​នេះ​ចុះ ប៉ុន្តែ ត្រូវ​និយាយ​តែ​ពាក្យ​ណា​ដែល​ខ្ញុំ​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ ដូច្នេះ បាឡាម​ក៏​បន្ដ​ដំណើរ​ជា‌មួយ​ពួក​មន្រ្តី​របស់​បាឡាក​ទៅ។ កាល​បាឡាក​ឮ​ថា បាឡាម​មក​ដល់​ហើយ ស្ដេច​ក៏​ចេញ​ទៅ​ជួប​គាត់​នៅ​ទី​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ត្រង់​ចំណុច​មួយ​ក្បែរ​ជាយ​ដែន។ បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​កាន់​បាឡាម​ថា៖ «តើ​យើង​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​មក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​លោក​មិន​បាន​មក​ជួប​យើង? តើ​យើង​មិន​អាច​លើក​កិត្តិយស​លោក​បាន​ទេ​ឬ?» បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «មើល៍ ទូល‌បង្គំ​បាន​មក​គាល់​ព្រះករុណា​ហើយ តែ​ឥឡូវ​នេះ តើ​ទូល‌បង្គំ​មាន​អំណាច​នឹង​និយាយ​អ្វី​បាន? ពាក្យ​ណា​ដែល​ព្រះ‌ទ្រង់​ដាក់​នៅ​ក្នុង​មាត់​ទូល‌បង្គំ ពាក្យ​នោះ​ហើយ​ដែល​ទូលបង្គំ​ត្រូវ​តែ​និយាយ»។ ពេល​នោះ បាឡាម​ក៏​ទៅ​ជា‌មួយ​បាឡាក ហើយ​បាន​ទៅ​ដល់​ក្រុង​គារយ៉ាត់-ហាសូត។ បាឡាក​បាន​ថ្វាយ​គោ និង​ចៀម​ជា​យញ្ញ‌បូជា ហើយ​ផ្ញើ​ទៅ​ឲ្យ​បាឡាម និង​ទៅ​ឲ្យ​ពួក​មន្ត្រី​ដែល​នៅ​ជា‌មួយ​គាត់។ នៅ​ថ្ងៃ​បន្ទាប់ បាឡាក​បាន​នាំ​បាឡាម​ឡើង​ទៅ​បាម៉ុត-បាល ហើយ​នៅ​កន្លែង​នោះ គាត់​អាច​ឃើញ​ប្រជាជន​អ៊ីស្រា‌អែល មួយ​ភាគ។

ចែក​រំលែក
អាន ជនគណនា 22

ជនគណនា 22:21-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម លោក​រៀបចំ​កែប​លា ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់។ ពេល​នោះ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រោះ​លោក​ចេញ​ដំណើរ​ដូច្នេះ។ ទេវតា*​របស់​ព្រះ‌អម្ចាស់​ឈរ​រាំង​ផ្លូវ​របស់​លោក ដើម្បី​ជំទាស់​នឹង​លោក។ លោក​បាឡាម​ជិះ​លា​ញី​របស់​លោក ហើយ​មាន​អ្នក​បម្រើ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ដែរ។ លា​ញី​បាន​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​កាន់​ដាវ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ លោក​បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។ ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ដែល​មាន​ចម្ការ​ទំពាំង‌បាយជូរ​នៅ​សង​ខាង ហើយ​សង​ខាង​ផ្លូវ​មាន​របង។ លា​ញី​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ងាក​ទៅ​ជិត​របង ធ្វើ​ឲ្យ​ជើង​របស់​លោក​បាឡាម​គាប​ទៅ​នឹង​របង។ លោក​បាឡាម​ក៏​វាយ​វា​សា​ជា​ថ្មី។ ទេវតា​របស់​ព្រះ‌អម្ចាស់​ទៅ​ឆ្ងាយ​បន្តិច ត្រង់​កន្លែង​មាន​ច្រក​ចង្អៀត ដែល​ពុំ​អាច​វាង​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។ លា​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ក្រាប​ចុះ ធ្វើ​ឲ្យ​លោក​បាឡាម​ខឹង​ជា​ខ្លាំង ហើយ​យក​ដំបង​វាយ​លា។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​លា​ញី​ចេះ​និយាយ វា​និយាយ​ទៅ​លោក​បាឡាម​ថា៖ «តើ​ខ្ញុំ​ធ្វើ​អ្វី​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?»។ លោក​បាឡាម​តប​ទៅ​លា​ញី​ថា៖ «មក​ពី​ឯង​មិន​ព្រម​ធ្វើ​តាម​អញ! ប្រសិន​បើ​អញ​មាន​ដាវ​នៅ​ដៃ នោះ​អញ​មុខ​ជា​សម្លាប់​ឯង​ភ្លាម!»។ លា​ញី​តប​ថា៖ «ខ្ញុំ​ជា​លា​របស់​លោក ដែល​លោក​ធ្លាប់​ជិះ​គ្រប់​ពេល​វេលា រហូត​មក​ទល់​ថ្ងៃ​នេះ តើ​ពី​មុនៗ​មក ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​ឬ​ទេ?»។ លោក​បាឡាម​តប​ថា៖ «ទេ!»។ ពេល​នោះ ព្រះ‌អម្ចាស់​បំភ្លឺ​ឲ្យ​លោក​បាឡាម​មើល​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ដែល​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​នៅ​ដៃ លោក​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​លោក ដ្បិត​ផ្លូវ​ដែល​លោក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​ឲ្យ​វិនាស។ លា​ញី​បាន​ឃើញ​ខ្ញុំ វា​ងាក​ចេញ​ពី​ខ្ញុំ​ដល់​ទៅ​បី​ដង ប្រសិន​បើ​វា​មិន​ងាក​ចេញ​ពី​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា»។ លោក​បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ប្របាទ​ពុំ​ដឹង​ថា លោក​ម្ចាស់​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ប្របាទ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​លោក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​ទេ នោះ​ខ្ញុំ​ប្របាទ​បក​ក្រោយ​វិញ»។ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​បាឡាម​ថា៖ «ចូរ​ទៅ​ជា​មួយ​អ្នក​ទាំង​នោះ​ចុះ តែ​ត្រូវ​និយាយ​តាម​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ព្រះ‌បាទ​បាឡាក់។ ព្រះ‌បាទ​បាឡាក់​ជ្រាប​ថា​លោក​បាឡាម​មក​ដល់ ស្ដេច​ក៏​យាង​ចេញ​ទៅ​ទទួល​លោក​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើ‌ណូន ក្បែរ​ជាយ​ដែន។ ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បាឡាម​ថា៖ «យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​មក​ជួប​យើង តើ​លោក​ស្មាន​ថា​យើង​មិន​អាច​លើក​កិត្តិយស​លោក​ឬ?»។ លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ឥឡូវ​នេះ ទូលបង្គំ​មក​គាល់​ព្រះ‌ករុណា​ហើយ។ ក៏​ប៉ុន្តែ ទូលបង្គំ​ពុំ​អាច​ពោល​ពាក្យ​អ្វី​ផ្សេង ក្រៅ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​ទូលបង្គំ​ថ្លែង​នោះ​ឡើយ»។ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ព្រះ‌បាទ​បាឡាក់ រហូត​ដល់​ក្រុង​គារយ៉ាត់-‌ហាសូត។ ព្រះ‌បាទ​បាឡាក់​បាន​យក​គោ និង​ចៀម ធ្វើ​យញ្ញ‌បូជា ហើយ​ជូន​សាច់​ខ្លះ​ទៅ​លោក​បាឡាម ព្រម​ទាំង​មេ​ដឹក​នាំ​ដែល​មក​ជា​មួយ​លោក។ លុះ​ព្រឹក​ឡើង ព្រះ‌បាទ​បាឡាក់​បាន​នាំ​លោក​បាឡាម​ឡើង​ទៅ​បាម៉ុត-‌បាល។ នៅ​កន្លែង​នោះ លោក​អាច​មើល​ឃើញ​ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​ចំនួន។

ចែក​រំលែក
អាន ជនគណនា 22

ជនគណនា 22:21-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម បំពាក់​កែប​លើ​លា​របស់​ខ្លួន ចេញ​ទៅ​ជា​មួយ​នឹង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​ក៏​កាត់​ឡើង ដោយ​ព្រោះ​គាត់​ចេញ​ទៅ​ដូច្នោះ ហើយ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​ក្នុង​ផ្លូវ ដើម្បី​ទាស់​ទទឹង​នឹង​គាត់ ឯ​គាត់ៗ​ជិះ​នៅ​លើ​លា មាន​ទាំង​អ្នក​បំរើ​២​នាក់​ទៅ​ជា​មួយ​ផង លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ត្រង់​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ‌ហស្ត នោះ​លា​ក៏​បែរ​ចេញ​ពី​ផ្លូវ​ទៅ​តាម​វាល​ទៅ ឯ​បាឡាម​គាត់​វាយ​លា ដើម្បី​នឹង​ទាញ​ញាក់​មក​ក្នុង​ផ្លូវ​វិញ នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ត្រង់​ផ្លូវ​ច្រក នា​កណ្តាល​ចំការ​ទំពាំង‌បាយ‌ជូរ មាន​កំផែង​ថ្ម​នៅ​ជា​សង​ខាង លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទៀត រួច​វា​ចូល​ទៅ​អែប​ត្បៀត​ខ្លួន​នឹង​កំផែង គាប​ជើង​បាឡាម​នឹង​ថ្ម នោះ​គាត់​វាយ​វា​ម្តង​ទៀត រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទៅ​ឈរ នៅ​ត្រង់​កន្លែង​ចង្អៀត​១​ទៀត ដែល​ឥត​មាន​ផ្លូវ​ណា នឹង​ងាក​បែរ​ទៅ ខាង​ឆ្វេង ឬ​ខាង​ស្តាំ​បាន​ឡើយ លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា រួច​វា​លុត​ជង្គង់​ក្រាប​ចុះ​ទាំង​បាឡាម​នៅ​លើ​ខ្នង នោះ​បាឡាម​ក៏​ខឹង​ក្តៅ​ឡើង ហើយ​វាយ​វា​នឹង​ឈើ​ច្រត់ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បើក​មាត់​លា វា​ក៏​និយាយ​ទៅ​បាឡាម​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់​លោក បាន​ជា​លោក​វាយ​ខ្ញុំ​៣​ដង​ហើយ​នេះ បាឡាម​ឆ្លើយ​ទៅ​លា​ថា គឺ​ពី​ព្រោះ​ឯង​កៀច​នឹង​អញ​ណាស់ បើ‌សិន​ជា​អញ​មាន​ដាវ​នៅ​ដៃ​ឥឡូវ នោះ​អញ​នឹង​សំឡាប់​ឯង​ចោល​ហើយ សត្វ​លា​តប​ថា តើ​ខ្ញុំ​មិន​មែន​ជា​លា​របស់​លោក ដែល​លោក​បាន​ជិះ​មក​តាំង​ពី​ខ្ញុំ​ជា​របស់​ផង​លោក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ទេ​ឬ​អី តើ​ខ្ញុំ​ដែល​ធ្លាប់​ធ្វើ​យ៉ាង​ដូច្នេះ ចំពោះ​លោក​ដែរ​ឬ នោះ​គាត់​ឆ្លើយ​ថា ទេ។ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បើក​បំភ្លឺ​ភ្នែក​បាឡាម ឲ្យ​ឃើញ​ទេវតា​នៃ​ទ្រង់ ដែល​ឈរ​នៅ​ត្រង់​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ‌ហស្ត រួច​គាត់​ឱន​ក្បាល​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​ឯង​វាយ​លា​ដល់​ទៅ​៣​ដង​ដូច្នេះ មើល​អញ​បាន​ចេញ​មក​ទាស់​នឹង​ឯង ពី​ព្រោះ​ឯង​មាន​ចិត្ត​វៀច​នៅ​មុខ​អញ លា​របស់​ឯង​បាន​ឃើញ​អញ ហើយ​បាន​ងាក​បែរ​ចេញ​ពី​អញ​៣​ដង​នេះ​ហើយ បើ​វា​មិន​បាន​បែរ​ចេញ​ពី​អញ​ទេ នោះ​ប្រាកដ​ជា​អញ​បាន​សំឡាប់​ឯង​ហើយ តែ​ទុក​ឲ្យ​វា​នៅ​រស់​វិញ នោះ​បាឡាម​ក៏​ទូល​ទៅ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ថា ទូលបង្គំ​បាន​ធ្វើ​បាប​ហើយ ពី​ព្រោះ​ទូលបង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​ទូលបង្គំ​ទេ ដូច្នេះ បើ​ដំណើរ​នេះ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដល់​ទ្រង់ នោះ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​វិញ​ឥឡូវ តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​តប​ថា ចូរ​ទៅ​ជា​មួយ​នឹង​គេ​ចុះ ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​និយាយ​តែ​ពាក្យ​ដែល​អញ​ប្រាប់​ដល់​ឯង​ប៉ុណ្ណោះ ដូច្នេះ បាឡាម​ក៏​ទៅ​ជា​មួយ​នឹង​ពួក​មេ​របស់​បាឡាក​ទៅ។ កាល​បាឡាក​ឮ​ថា បាឡាម​មក​ដល់​ហើយ នោះ​ទ្រង់​ក៏​ចេញ​ទៅ​ទទួល​ដល់​ទី​ក្រុង​១​នៃ​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ព្រំ‌ដែន​ឆ្ងាយ​បំផុត បាឡាក​មាន​បន្ទូល​ទៅ​បាឡាម​ថា តើ​អញ​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ឯង​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​មក​ឯ​អញ តើ​អញ​មិន​អាច​នឹង​លើក​ឯង​ឲ្យ​បាន​ជា​ធំ​ទេ​ឬ​អី បាឡាម​ក៏​ទូល​តប​ថា មើល ទូលបង្គំ​បាន​មក​ដល់​ទ្រង់​ហើយ តែ​ឥឡូវ​នេះ តើ​ទូលបង្គំ​មាន​អំណាច​នឹង​និយាយ​អ្វី​បាន ឯ​ពាក្យ​ណា​ដែល​ព្រះ‌ទ្រង់​សំរេច​នៅ​មាត់​ទូលបង្គំ គឺ​ពាក្យ​នោះ​ដែល​ទូលបង្គំ​នឹង​និយាយ​វិញ រួច​បាឡាម​ក៏​ទៅ​ជា​មួយ​នឹង​បាឡាក ដល់​ទៅ​គារយ៉ាត់-ហាសូត នោះ​បាឡាក​ទ្រង់​ថ្វាយ​គោ នឹង​ចៀម​ជា​យញ្ញ‌បូជា រួច​ផ្ញើ​ទៅ​ឲ្យ​បាឡាម នឹង​ពួក​មេ​ដែល​នៅ​ជា​មួយ​នឹង​គាត់។ ដល់​ថ្ងៃ​ស្អែក បាឡាក​ទ្រង់​នាំ​យក​បាឡាម​ឡើង​ទៅ​លើ​អស់​ទាំង​ទី​ខ្ពស់​របស់​ផង​ព្រះ​បាល ហើយ​ពី​ទី​នោះ​គាត់​ក៏​ឃើញ​ចុង​បំផុត​នៃ​ពួក​សាសន៍​អ៊ីស្រាអែល។

ចែក​រំលែក
អាន ជនគណនា 22