ជនគណនា 22:15-22
ជនគណនា 22:15-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បាឡាកក៏ចាត់ពួកមន្ត្រី មានគ្នាច្រើនជាងមុន ហើយមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះឲ្យទៅទៀត។ ពួកគេចូលមកដល់បាឡាម ហើយជម្រាបគាត់ថា៖ «បាឡាកជាបុត្រាស៊ីបព័រមានរាជឱង្ការដូច្នេះថា "សូមកុំឲ្យមានអ្វីរាំងរាលោកមិនឲ្យមកជួបយើងឡើយ ដ្បិតយើងនឹងលើកលោកជាធំ ហើយអ្វីៗដែលលោកបង្គាប់ដល់យើង នោះយើងនឹងធ្វើតាមទាំងអស់។ សូមមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង"»។ ប៉ុន្តែ បាឡាមឆ្លើយតបទៅពួកមហាតលិករបស់បាឡាកថា៖ «ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ ទៅធ្វើការអ្វីតិច ឬច្រើនបានឡើយ។ ដូច្នេះ សូមអស់លោកស្នាក់នៅទីនេះមួយយប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានព្រះបន្ទូលមកខ្ញុំដូចម្ដេចទៀត»។ នៅវេលាយប់នោះ ព្រះទ្រង់យាងមកជួបបាឡាម មានព្រះបន្ទូលថា៖ «ប្រសិនបើអ្នកទាំងនោះបានមកហៅអ្នកទៅហើយ ចូរក្រោកឡើង ទៅជាមួយគេចុះ។ ប៉ុន្តែ ត្រូវធ្វើតែអ្វីដែលយើងបង្គាប់អ្នកឲ្យធ្វើប៉ុណ្ណោះ»។ ដូច្នេះ បាឡាមក្រោកឡើងពីព្រលឹម បំពាក់កែបលើលារបស់ខ្លួន រួចចេញទៅជាមួយមន្រ្ដីសាសន៍ម៉ូអាប់។ ប៉ុន្ដែ សេចក្ដីក្រោធរបស់ព្រះក៏ឆួលឡើង ព្រោះគាត់ចេញទៅដូច្នេះ ហើយទេវតារបស់ព្រះយេហូវ៉ាក៏មកឈររាំងផ្លូវ ធ្វើជាសត្រូវទាស់នឹងគាត់។ ពេលនោះ គាត់កំពុងជិះនៅលើលា ទាំងមានអ្នកបម្រើរបស់គាត់ពីរនាក់ទៅជាមួយ។
ជនគណនា 22:15-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទបាឡាក់បានចាត់មេដឹកនាំឲ្យទៅសាជាថ្មី មានគ្នាច្រើនជាងមុន និងមានយសស័ក្ដិខ្ពស់ជាងមុន។ ពួកគេទៅដល់ផ្ទះរបស់លោកបាឡាម ជម្រាបដូចតទៅ៖ «ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ មានរាជឱង្ការថា “សូមអញ្ជើញលោកមកជួបយើង កុំបីអាក់ខាន ដ្បិតយើងបានលើកកិត្តិយសលោកច្រើនណាស់ ហើយបើលោកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមលោកអញ្ជើញមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង”»។ លោកបាឡាមឆ្លើយទៅកាន់ពួកនាម៉ឺនមន្ត្រីរបស់ព្រះបាទបាឡាក់ថា៖ «ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចធ្វើការអ្វីតូច ឬធំ ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំជាដាច់ខាត។ ឥឡូវនេះ សូមអស់លោកស្នាក់នៅជាមួយខ្ញុំមួយយប់សិន ខ្ញុំមុខជាដឹងអំពីសេចក្ដីដែលព្រះអម្ចាស់នឹងថ្លែងប្រាប់ខ្ញុំ»។ នៅពេលយប់ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងនោះនាំគ្នាមកហៅអ្នកដូច្នេះ ចូរក្រោកឡើង ចេញដំណើរទៅជាមួយពួកគេចុះ។ ប៉ុន្តែ ត្រូវធ្វើតាមសេចក្ដីណាដែលយើងនឹងបង្គាប់ឲ្យអ្នកធ្វើ»។ លោកបាឡាមក្រោកឡើងពីព្រលឹម លោករៀបចំកែបលា ចេញដំណើរទៅជាមួយពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់។ ពេលនោះ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ព្រោះលោកចេញដំណើរដូច្នេះ។ ទេវតា*របស់ព្រះអម្ចាស់ឈររាំងផ្លូវរបស់លោក ដើម្បីជំទាស់នឹងលោក។ លោកបាឡាមជិះលាញីរបស់លោក ហើយមានអ្នកបម្រើពីរនាក់រួមដំណើរជាមួយដែរ។
ជនគណនា 22:15-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះបាឡាកក៏ចាត់ពួកមេជាច្រើនជាង ជាអ្នកមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះ ឲ្យទៅទៀត គេក៏មកដល់បាឡាមប្រាប់ថា បាឡាកជាបុត្រាស៊ីបព័រ ទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យមានអ្វីឃាត់ឃាំងឯងមិនឲ្យទៅឯអញនោះឡើយ ដ្បិតអញនឹងលើកឯងជាធំ ហើយការអ្វីៗដែលឯងប្រាប់ដល់អញ នោះអញនឹងធ្វើសំរេចតាម ដូច្នេះ ចូរទៅដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ តែបាឡាមប្រកែកទៅពួកមហាតលិករបស់បាឡាកថា បើសិនជាព្រះរាជានឹងប្រទានមាស ហើយនឹងប្រាក់ពេញដំណាក់ទ្រង់មកខ្ញុំ នោះគង់តែខ្ញុំពុំអាចនឹងរំលងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ នឹងធ្វើការតិច ឬច្រើនទៅបានឡើយ ដូច្នេះសូមឲ្យអ្នករាល់គ្នាដេកនៅទីនេះ១យប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានបន្ទូលមកខ្ញុំដូចម្តេចទៀត នៅវេលាយប់នោះ ព្រះទ្រង់ក៏មកឯបាឡាមមានបន្ទូលថា បើគេបានមកហៅឯង នោះឲ្យឯងក្រោកឡើង ទៅជាមួយនឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងធ្វើសំរេចតាមបង្គាប់អញតែប៉ុណ្ណោះ។ បាឡាមក៏ក្រោកឡើងពីព្រលឹម បំពាក់កែបលើលារបស់ខ្លួន ចេញទៅជាមួយនឹងពួកមេនៃសាសន៍ម៉ូអាប់ នោះសេចក្ដីខ្ញាល់របស់ព្រះក៏កាត់ឡើង ដោយព្រោះគាត់ចេញទៅដូច្នោះ ហើយទេវតានៃព្រះយេហូវ៉ាក៏មកឈរក្នុងផ្លូវ ដើម្បីទាស់ទទឹងនឹងគាត់ ឯគាត់ៗជិះនៅលើលា មានទាំងអ្នកបំរើ២នាក់ទៅជាមួយផង