ជនគណនា 22:1-7
ជនគណនា 22:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏ចេញដំណើរទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយម្ខាងទន្លេយ័រដាន់ ត្រង់យេរីខូរ។ រីឯបាឡាក ជាបុត្រាស៊ីបព័រ ឃើញអស់ទាំងការដែលពួកអ៊ីស្រាអែលបានប្រព្រឹត្តចំពោះសាសន៍អាម៉ូរី។ សាសន៍ម៉ូអាប់ភ័យខ្លាចដល់ប្រជាជននោះជាខ្លាំង ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ព្រោះគេមានចំនួនដ៏ច្រើន។ ពេលនោះ សាសន៍ម៉ូអាប់និយាយទៅកាន់ពួកចាស់ទុំរបស់សាសន៍ម៉ាឌានថា៖ «ហ្វូងមនុស្សដ៏ច្រើននេះមុខជាស៊ីរំលីងអ្វីៗទាំងអស់នៅជុំវិញពួកយើង ដូចជាគោស៊ីរំលីងស្មៅនៅទីវាលមិនខាន»។ គ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើស្រុកម៉ូអាប់។ ស្ដេចបានចាត់អ្នកនាំសារទៅជួបបាឡាម ជាកូនបេអ៊រ នៅក្រុងពេថោរ ដែលនៅមាត់ទន្លេអ៊ើប្រាត ក្នុងស្រុកនៃញាតិសន្ដានរបស់ទ្រង់ ដើម្បីហៅគាត់មក ដោយពាក្យថា៖ «មើល៍! មានជនជាតិមួយចេញពីស្រុកអេស៊ីព្ទមក គេនាំគ្នាមកនៅពេញលើផែនដី ហើយគេបានតាំងទីលំនៅនៅក្បែរយើង។ សូមអញ្ជើញមកឥឡូវ ដើម្បីដាក់បណ្ដាសាប្រជាជននេះឲ្យយើង ព្រោះគេពូកែជាងយើង ប្រហែលជាយើងអាចនឹងឈ្នះគេបាន ហើយបណ្តេញគេចេញពីស្រុកនេះ ដ្បិតយើងដឹងថា អ្នកណាដែលលោកឲ្យពរ អ្នកនោះបានពរ ហើយអ្នកណាដែលលោកដាក់បណ្ដាសា អ្នកនោះក៏ត្រូវបណ្ដាសាមែន»។ ដូច្នេះ ពួកចាស់ទុំរបស់សាសន៍ម៉ូអាប់ និងពួកចាស់ទុំរបស់សាសន៍ម៉ាឌាន ក៏នាំគ្នាចេញដំណើរ ទាំងនាំយកថ្លៃឈ្នួលសម្រាប់ការទាយទៅជាមួយ។ ពួកគេបានចូលមកដល់បាឡាម ហើយរៀបរាប់ប្រាប់តាមពាក្យរបស់បាឡាក។
ជនគណនា 22:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលចេញដំណើរពីទីនោះ ទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយខាងកើតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ ជ្រាបអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តចំពោះជនជាតិអាម៉ូរី។ ជនជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ដែលមានចំនួនដ៏ច្រើននេះ។ ពេលនោះ ជនជាតិម៉ូអាប់ពោលទៅកាន់ពួកចាស់ទុំនៃជនជាតិម៉ាឌានថា៖ «មនុស្សដ៏ច្រើននេះមុខជាបង្ហិនអ្វីៗដែលមាននៅជុំវិញពួកយើង ដូចគោស៊ីដំណាំនៅក្នុងចម្ការមិនខាន»។ នៅគ្រានោះ ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ សោយរាជ្យនៅស្រុកម៉ូអាប់។ ព្រះបាទបាឡាក់បានចាត់អ្នកនាំសារឲ្យទៅជួបលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកភូមិពេថោរ ដែលស្ថិតនៅមាត់ទន្លេ ជាស្រុកកំណើតរបស់លោក ប្រាប់ថា៖ «មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក គឺពួកគេបោះជំរំនៅក្បែរទឹកដីរបស់យើង។ ដូច្នេះ សូមលោកអញ្ជើញមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ ហើយបណ្ដេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលលោកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើលោកដាក់បណ្ដាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្ដាសាមិនខាន»។ ចាស់ទុំរបស់ជនជាតិម៉ូអាប់ និងចាស់ទុំរបស់ជនជាតិម៉ាឌាន នាំគ្នាចេញដំណើរទៅ ទាំងនាំយកជំនូនសម្រាប់ជូនគ្រូហោរទៅជាមួយផង។ ពួកគេបានទៅដល់ផ្ទះរបស់លោកបាឡាម ហើយរៀបរាប់ប្រាប់លោកនូវរាជឱង្ការរបស់ព្រះបាទបាឡាក់។
ជនគណនា 22:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅទៀត រួចដំឡើងត្រសាលនៅត្រង់វាលនៃស្រុកម៉ូអាប់ នៅត្រើយទន្លេយ័រដាន់ខាងនេះ ទល់មុខ នឹងយេរីខូរ។ រីឯបាឡាកជាបុត្រាស៊ីបព័រ ទ្រង់ក៏ឃើញអស់ទាំងការ ដែលពួកអ៊ីស្រាអែលបានធ្វើដល់សាសន៍អាម៉ូរី ដូច្នេះ សាសន៍ម៉ូអាប់ក៏ភ័យខ្លាចជាខ្លាំង ហើយមានចិត្តស្រយុតរន្ធត់ នៅមុខពួកកូនចៅអ៊ីស្រាអែល ដោយព្រោះគេមានគ្នាច្រើន នោះពួកម៉ូអាប់ក៏និយាយទៅពួកចាស់ទុំនៃសាសន៍ម៉ាឌានថា ឥឡូវពួកនេះនឹងស៊ីរំលីងរបស់ទាំងអស់នៅជុំវិញយើងរាល់គ្នាហើយ ដូចជាគោស៊ីរំលីងស្មៅខ្ចីនៅវាលដែរ រីឯគ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើសាសន៍ម៉ូអាប់ ទ្រង់ក៏ចាត់សារទៅឯបាឡាមជាកូនបេអ៊រ នៅក្រុងពេថោរ ដែលនៅមាត់ទន្លេ ក្នុងស្រុករបស់ពួកកូនចៅសាសន៍ទ្រង់ ដើម្បីនឹងហៅមកដោយពាក្យថា មើល មានសាសន៍១ចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ត្រង់ទល់មុខនឹងអញ ដូច្នេះ ចូរឯងមកឥឡូវ ដើម្បីនឹងដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ ដ្បិតគេខ្លាំងពូកែជាងអញណាស់ ប្រហែលជាអញនឹងឈ្នះគេបាន ហើយនឹងវាយបណ្តេញគេចេញពីស្រុកទៅ ដ្បិតអញដឹងថា អ្នកណាដែលឯងឲ្យពរ នោះបានពរមែន ហើយអ្នកណាដែលឯងដាក់បណ្តាសា នោះក៏ត្រូវបណ្តាសាពិត។ លំដាប់នោះ ពួកចាស់ទុំនៃសាសន៍ម៉ូអាប់ នឹងពួកចាស់ទុំនៃសាសន៍ម៉ាឌាន គេនាំយករង្វាន់នៃការទំនាយចេញទៅ ក៏មកដល់បាឡាម ហើយរ៉ាយរ៉ាប់ប្រាប់តាមពាក្យរបស់បាឡាក