ជនគណនា 22:1-20
ជនគណនា 22:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏ចេញដំណើរទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយម្ខាងទន្លេយ័រដាន់ ត្រង់យេរីខូរ។ រីឯបាឡាក ជាបុត្រាស៊ីបព័រ ឃើញអស់ទាំងការដែលពួកអ៊ីស្រាអែលបានប្រព្រឹត្តចំពោះសាសន៍អាម៉ូរី។ សាសន៍ម៉ូអាប់ភ័យខ្លាចដល់ប្រជាជននោះជាខ្លាំង ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ព្រោះគេមានចំនួនដ៏ច្រើន។ ពេលនោះ សាសន៍ម៉ូអាប់និយាយទៅកាន់ពួកចាស់ទុំរបស់សាសន៍ម៉ាឌានថា៖ «ហ្វូងមនុស្សដ៏ច្រើននេះមុខជាស៊ីរំលីងអ្វីៗទាំងអស់នៅជុំវិញពួកយើង ដូចជាគោស៊ីរំលីងស្មៅនៅទីវាលមិនខាន»។ គ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើស្រុកម៉ូអាប់។ ស្ដេចបានចាត់អ្នកនាំសារទៅជួបបាឡាម ជាកូនបេអ៊រ នៅក្រុងពេថោរ ដែលនៅមាត់ទន្លេអ៊ើប្រាត ក្នុងស្រុកនៃញាតិសន្ដានរបស់ទ្រង់ ដើម្បីហៅគាត់មក ដោយពាក្យថា៖ «មើល៍! មានជនជាតិមួយចេញពីស្រុកអេស៊ីព្ទមក គេនាំគ្នាមកនៅពេញលើផែនដី ហើយគេបានតាំងទីលំនៅនៅក្បែរយើង។ សូមអញ្ជើញមកឥឡូវ ដើម្បីដាក់បណ្ដាសាប្រជាជននេះឲ្យយើង ព្រោះគេពូកែជាងយើង ប្រហែលជាយើងអាចនឹងឈ្នះគេបាន ហើយបណ្តេញគេចេញពីស្រុកនេះ ដ្បិតយើងដឹងថា អ្នកណាដែលលោកឲ្យពរ អ្នកនោះបានពរ ហើយអ្នកណាដែលលោកដាក់បណ្ដាសា អ្នកនោះក៏ត្រូវបណ្ដាសាមែន»។ ដូច្នេះ ពួកចាស់ទុំរបស់សាសន៍ម៉ូអាប់ និងពួកចាស់ទុំរបស់សាសន៍ម៉ាឌាន ក៏នាំគ្នាចេញដំណើរ ទាំងនាំយកថ្លៃឈ្នួលសម្រាប់ការទាយទៅជាមួយ។ ពួកគេបានចូលមកដល់បាឡាម ហើយរៀបរាប់ប្រាប់តាមពាក្យរបស់បាឡាក។ បាឡាមឆ្លើយទៅគេថា៖ «សូមស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងឆ្លើយប្រាប់អស់លោកវិញ តាមដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមន្រ្ដីរបស់សាសន៍ម៉ូអាប់ក៏ស្នាក់នៅជាមួយបាឡាម។ ព្រះទ្រង់បានយាងមកជួបបាឡាម មានព្រះបន្ទូលថា៖ «តើមនុស្សទាំងនេះដែលស្នាក់នៅជាមួយអ្នកជាអ្នកណា?»។ បាឡាមទូលព្រះថា៖ «បាឡាកជាបុត្រាស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ បានចាត់គេមកប្រាប់ទូលបង្គំថា "មើល៍! មានជនជាតិមួយចេញពីស្រុកអេស៊ីព្ទមក គេនាំគ្នាមកនៅពេញលើផែនដី ឥឡូវចូរមកដាក់បណ្ដាសាគេឲ្យយើង ប្រហែលជាយើងនឹងអាចច្បាំងជាមួយគេ ហើយបណ្តេញគេចេញបាន"»។ ព្រះទ្រង់មានព្រះបន្ទូលទៅបាឡាមថា៖ «អ្នកមិនត្រូវទៅជាមួយគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននេះដែរ ដ្បិតគេមានពរហើយ»។ បាឡាមក៏ក្រោកឡើងពីព្រលឹម ហើយប្រាប់ពួកមន្ត្រីរបស់បាឡាកថា៖ «សូមត្រឡប់ទៅស្រុករបស់អស់លោកវិញចុះ ដ្បិតព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។ ដូច្នេះ ពួកមន្ត្រីសាសន៍ម៉ូអាប់ក៏ក្រោកឡើង ហើយវិលត្រឡប់ទៅគាល់បាឡាកវិញ ទូលថា៖ «បាឡាមមិនព្រមមកជាមួយយើងខ្ញុំទេ»។ បាឡាកក៏ចាត់ពួកមន្ត្រី មានគ្នាច្រើនជាងមុន ហើយមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះឲ្យទៅទៀត។ ពួកគេចូលមកដល់បាឡាម ហើយជម្រាបគាត់ថា៖ «បាឡាកជាបុត្រាស៊ីបព័រមានរាជឱង្ការដូច្នេះថា "សូមកុំឲ្យមានអ្វីរាំងរាលោកមិនឲ្យមកជួបយើងឡើយ ដ្បិតយើងនឹងលើកលោកជាធំ ហើយអ្វីៗដែលលោកបង្គាប់ដល់យើង នោះយើងនឹងធ្វើតាមទាំងអស់។ សូមមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង"»។ ប៉ុន្តែ បាឡាមឆ្លើយតបទៅពួកមហាតលិករបស់បាឡាកថា៖ «ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ ទៅធ្វើការអ្វីតិច ឬច្រើនបានឡើយ។ ដូច្នេះ សូមអស់លោកស្នាក់នៅទីនេះមួយយប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានព្រះបន្ទូលមកខ្ញុំដូចម្ដេចទៀត»។ នៅវេលាយប់នោះ ព្រះទ្រង់យាងមកជួបបាឡាម មានព្រះបន្ទូលថា៖ «ប្រសិនបើអ្នកទាំងនោះបានមកហៅអ្នកទៅហើយ ចូរក្រោកឡើង ទៅជាមួយគេចុះ។ ប៉ុន្តែ ត្រូវធ្វើតែអ្វីដែលយើងបង្គាប់អ្នកឲ្យធ្វើប៉ុណ្ណោះ»។
ជនគណនា 22:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលចេញដំណើរពីទីនោះ ទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយខាងកើតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ ជ្រាបអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តចំពោះជនជាតិអាម៉ូរី។ ជនជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ដែលមានចំនួនដ៏ច្រើននេះ។ ពេលនោះ ជនជាតិម៉ូអាប់ពោលទៅកាន់ពួកចាស់ទុំនៃជនជាតិម៉ាឌានថា៖ «មនុស្សដ៏ច្រើននេះមុខជាបង្ហិនអ្វីៗដែលមាននៅជុំវិញពួកយើង ដូចគោស៊ីដំណាំនៅក្នុងចម្ការមិនខាន»។ នៅគ្រានោះ ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ សោយរាជ្យនៅស្រុកម៉ូអាប់។ ព្រះបាទបាឡាក់បានចាត់អ្នកនាំសារឲ្យទៅជួបលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកភូមិពេថោរ ដែលស្ថិតនៅមាត់ទន្លេ ជាស្រុកកំណើតរបស់លោក ប្រាប់ថា៖ «មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក គឺពួកគេបោះជំរំនៅក្បែរទឹកដីរបស់យើង។ ដូច្នេះ សូមលោកអញ្ជើញមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ ហើយបណ្ដេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលលោកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើលោកដាក់បណ្ដាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្ដាសាមិនខាន»។ ចាស់ទុំរបស់ជនជាតិម៉ូអាប់ និងចាស់ទុំរបស់ជនជាតិម៉ាឌាន នាំគ្នាចេញដំណើរទៅ ទាំងនាំយកជំនូនសម្រាប់ជូនគ្រូហោរទៅជាមួយផង។ ពួកគេបានទៅដល់ផ្ទះរបស់លោកបាឡាម ហើយរៀបរាប់ប្រាប់លោកនូវរាជឱង្ការរបស់ព្រះបាទបាឡាក់។ លោកបាឡាមពោលថា៖ «សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងជូនចម្លើយអស់លោកវិញ តាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមេដឹកនាំនៃជនជាតិម៉ូអាប់ក៏នាំគ្នាស្នាក់នៅក្នុងផ្ទះរបស់លោកបាឡាម។ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «តើមនុស្សម្នាដែលស្នាក់នៅក្នុងផ្ទះរបស់អ្នកជានរណា?»។ លោកបាឡាមទូលព្រះជាម្ចាស់ថា៖ «ស្ដេចបាឡាក់ ជាបុត្ររបស់ស្ដេចស៊ីបព័រដែលសោយរាជ្យនៅស្រុកម៉ូអាប់ បានចាត់ពួកគេឲ្យមកប្រាប់ទូលបង្គំថា “មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក។ ដូច្នេះ សូមលោកមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ និងបណ្តេញពួកគេបាន”»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកបាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។ លោកបាឡាមក្រោកពីព្រលឹម ហើយមានប្រសាសន៍ទៅកាន់ពួកមេដឹកនាំដែលព្រះបាទបាឡាក់បានចាត់ឲ្យមកនោះថា៖ «សូមអស់លោកអញ្ជើញវិលទៅស្រុករបស់អស់លោកវិញចុះ ព្រះអម្ចាស់មិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។ មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកគាល់ព្រះបាទបាឡាក់វិញ ទូលថា៖ «លោកបាឡាមមិនព្រមមកជាមួយពួកយើងទេ»។ ព្រះបាទបាឡាក់បានចាត់មេដឹកនាំឲ្យទៅសាជាថ្មី មានគ្នាច្រើនជាងមុន និងមានយសស័ក្ដិខ្ពស់ជាងមុន។ ពួកគេទៅដល់ផ្ទះរបស់លោកបាឡាម ជម្រាបដូចតទៅ៖ «ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ មានរាជឱង្ការថា “សូមអញ្ជើញលោកមកជួបយើង កុំបីអាក់ខាន ដ្បិតយើងបានលើកកិត្តិយសលោកច្រើនណាស់ ហើយបើលោកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមលោកអញ្ជើញមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង”»។ លោកបាឡាមឆ្លើយទៅកាន់ពួកនាម៉ឺនមន្ត្រីរបស់ព្រះបាទបាឡាក់ថា៖ «ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចធ្វើការអ្វីតូច ឬធំ ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំជាដាច់ខាត។ ឥឡូវនេះ សូមអស់លោកស្នាក់នៅជាមួយខ្ញុំមួយយប់សិន ខ្ញុំមុខជាដឹងអំពីសេចក្ដីដែលព្រះអម្ចាស់នឹងថ្លែងប្រាប់ខ្ញុំ»។ នៅពេលយប់ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងនោះនាំគ្នាមកហៅអ្នកដូច្នេះ ចូរក្រោកឡើង ចេញដំណើរទៅជាមួយពួកគេចុះ។ ប៉ុន្តែ ត្រូវធ្វើតាមសេចក្ដីណាដែលយើងនឹងបង្គាប់ឲ្យអ្នកធ្វើ»។
ជនគណនា 22:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅទៀត រួចដំឡើងត្រសាលនៅត្រង់វាលនៃស្រុកម៉ូអាប់ នៅត្រើយទន្លេយ័រដាន់ខាងនេះ ទល់មុខ នឹងយេរីខូរ។ រីឯបាឡាកជាបុត្រាស៊ីបព័រ ទ្រង់ក៏ឃើញអស់ទាំងការ ដែលពួកអ៊ីស្រាអែលបានធ្វើដល់សាសន៍អាម៉ូរី ដូច្នេះ សាសន៍ម៉ូអាប់ក៏ភ័យខ្លាចជាខ្លាំង ហើយមានចិត្តស្រយុតរន្ធត់ នៅមុខពួកកូនចៅអ៊ីស្រាអែល ដោយព្រោះគេមានគ្នាច្រើន នោះពួកម៉ូអាប់ក៏និយាយទៅពួកចាស់ទុំនៃសាសន៍ម៉ាឌានថា ឥឡូវពួកនេះនឹងស៊ីរំលីងរបស់ទាំងអស់នៅជុំវិញយើងរាល់គ្នាហើយ ដូចជាគោស៊ីរំលីងស្មៅខ្ចីនៅវាលដែរ រីឯគ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើសាសន៍ម៉ូអាប់ ទ្រង់ក៏ចាត់សារទៅឯបាឡាមជាកូនបេអ៊រ នៅក្រុងពេថោរ ដែលនៅមាត់ទន្លេ ក្នុងស្រុករបស់ពួកកូនចៅសាសន៍ទ្រង់ ដើម្បីនឹងហៅមកដោយពាក្យថា មើល មានសាសន៍១ចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ត្រង់ទល់មុខនឹងអញ ដូច្នេះ ចូរឯងមកឥឡូវ ដើម្បីនឹងដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ ដ្បិតគេខ្លាំងពូកែជាងអញណាស់ ប្រហែលជាអញនឹងឈ្នះគេបាន ហើយនឹងវាយបណ្តេញគេចេញពីស្រុកទៅ ដ្បិតអញដឹងថា អ្នកណាដែលឯងឲ្យពរ នោះបានពរមែន ហើយអ្នកណាដែលឯងដាក់បណ្តាសា នោះក៏ត្រូវបណ្តាសាពិត។ លំដាប់នោះ ពួកចាស់ទុំនៃសាសន៍ម៉ូអាប់ នឹងពួកចាស់ទុំនៃសាសន៍ម៉ាឌាន គេនាំយករង្វាន់នៃការទំនាយចេញទៅ ក៏មកដល់បាឡាម ហើយរ៉ាយរ៉ាប់ប្រាប់តាមពាក្យរបស់បាឡាក រួចគាត់ឆ្លើយថា សូមដេកនៅទីនេះ១យប់សិន នោះខ្ញុំនឹងឆ្លើយប្រាប់ដល់អ្នករាល់គ្នា តាមដែលព្រះយេហូវ៉ាមានបន្ទូលមកខ្ញុំ ដូច្នេះពួកមេនៃសាសន៍ម៉ូអាប់ក៏ស្នាក់នៅជាមួយនឹងបាឡាម នោះព្រះទ្រង់យាងមកឯបាឡាមសួរថា តើមនុស្សណានេះ ដែលនៅជាមួយនឹងឯង បាឡាមទូលឆ្លើយថា បាឡាកជាបុត្រាស៊ីបព័រ ដែលជាស្តេចសាសន៍ម៉ូអាប់ បានចាត់គេមកហៅទូលបង្គំថា មើល សាសន៍នេះដែលចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ឥឡូវ ចូរឲ្យឯងមកដាក់បណ្តាសាគេឲ្យអញ ប្រហែលជាអញនឹងអាចច្បាំងជាមួយនឹងគេ ហើយបណ្តេញគេចេញទៅបាន តែព្រះទ្រង់តបទៅបាឡាមវិញថា មិនត្រូវឲ្យឯងទៅមួយនឹងគេឡើយ ក៏មិនត្រូវដាក់បណ្តាសាដល់សាសន៍នេះផង ដ្បិតគេជាអ្នកមានពរហើយ បាឡាមក៏ក្រោកឡើងពីព្រលឹម ប្រាប់ដល់ពួកមេ ដែលមកពីបាឡាកថា ចូរអ្នករាល់គ្នាត្រឡប់ទៅស្រុកវិញចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មិនព្រមបើកឲ្យខ្ញុំទៅជាមួយទេ ពួកមេសាសន៍ម៉ូអាប់ក៏ក្រោកវិលត្រឡប់ទៅឯបាឡាកវិញ ទូលថា បាឡាមមិនព្រមមកជាមួយនឹងយើងខ្ញុំទេ។ នោះបាឡាកក៏ចាត់ពួកមេជាច្រើនជាង ជាអ្នកមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះ ឲ្យទៅទៀត គេក៏មកដល់បាឡាមប្រាប់ថា បាឡាកជាបុត្រាស៊ីបព័រ ទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យមានអ្វីឃាត់ឃាំងឯងមិនឲ្យទៅឯអញនោះឡើយ ដ្បិតអញនឹងលើកឯងជាធំ ហើយការអ្វីៗដែលឯងប្រាប់ដល់អញ នោះអញនឹងធ្វើសំរេចតាម ដូច្នេះ ចូរទៅដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ តែបាឡាមប្រកែកទៅពួកមហាតលិករបស់បាឡាកថា បើសិនជាព្រះរាជានឹងប្រទានមាស ហើយនឹងប្រាក់ពេញដំណាក់ទ្រង់មកខ្ញុំ នោះគង់តែខ្ញុំពុំអាចនឹងរំលងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ នឹងធ្វើការតិច ឬច្រើនទៅបានឡើយ ដូច្នេះសូមឲ្យអ្នករាល់គ្នាដេកនៅទីនេះ១យប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានបន្ទូលមកខ្ញុំដូចម្តេចទៀត នៅវេលាយប់នោះ ព្រះទ្រង់ក៏មកឯបាឡាមមានបន្ទូលថា បើគេបានមកហៅឯង នោះឲ្យឯងក្រោកឡើង ទៅជាមួយនឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងធ្វើសំរេចតាមបង្គាប់អញតែប៉ុណ្ណោះ។