ជនគណនា 21:4-7
ជនគណនា 21:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេធ្វើដំណើរចេញពីភ្នំហោរ តាមផ្លូវទៅសមុទ្រក្រហម ដើម្បីដើរវាងស្រុកអេដុម ប៉ុន្តែ នៅតាមផ្លូវ ប្រជាជនមិនចេះអត់ទ្រាំ។ គេនាំគ្នានិយាយទាស់នឹងព្រះ ហើយទាស់នឹងលោកម៉ូសេថា៖ «ហេតុអ្វីបានជានាំយើងចេញពីស្រុកអេស៊ីព្ទមកឲ្យស្លាប់ក្នុងទីរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកផឹក ហើយយើងធុញទ្រាន់នឹងនំគម្រក់នេះណាស់»។ ពេលនោះ ព្រះយេហូវ៉ាក៏ចាត់ពស់ភ្លើង មកក្នុងចំណោមប្រជាជន រួចពស់ទាំងនោះក៏ចឹកគេ ហើយក្នុងចំណោមពួកអ៊ីស្រាអែល មានមនុស្សជាច្រើនបានស្លាប់។ ប្រជាជននាំគ្នាមកជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោក។ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាទៅ ដើម្បីឲ្យព្រះអង្គដកយកពស់ទាំងនេះចេញពីយើងខ្ញុំ»។ ដូច្នេះ លោកម៉ូសេក៏អធិស្ឋានឲ្យប្រជាជន។
ជនគណនា 21:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលចេញដំណើរពីភ្នំហោរ តាមផ្លូវសមុទ្រកក់ ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះអង្គ និងលោក នាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះ គ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គម្រក់នេះដែរ!»។ ពេលនោះ ព្រះអម្ចាស់ក៏ធ្វើឲ្យមានពស់ភ្លើងមកចឹកពួកគេ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើន ក្នុងចំណោមជនជាតិអ៊ីស្រាអែល។ ប្រជាជននាំគ្នាទៅជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គបណ្ដេញពស់ទាំងនេះចេញឲ្យឆ្ងាយពីយើងខ្ញុំផង»។ លោកម៉ូសេក៏ទូលអង្វរព្រះអង្គឲ្យប្រជាជន។
ជនគណនា 21:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគេធ្វើដំណើរពីភ្នំហោរដើរទៅ តាមផ្លូវសមុទ្រក្រហម ដើម្បីនឹងវាងព័ទ្ធស្រុកអេដំម តែបណ្តាជនមានចិត្តរវាត ដោយព្រោះផ្លូវនោះ ក៏និយាយទាស់នឹងព្រះ ហើយទាស់នឹងម៉ូសេថា ម្តេចក៏បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ឲ្យត្រូវស្លាប់នៅក្នុងទីរហោស្ថានដូច្នេះ ដ្បិតគ្មានអាហារ គ្មានទឹកសោះ ហើយយើងទ្រាន់ណាយនឹងនំគំរក់នេះពេកណាស់ នោះព្រះយេហូវ៉ាទ្រង់ចាត់ពស់ភ្លើងមកកណ្តាលពួកជន ពស់ទាំងនោះក៏ចឹកគេ ហើយមានមនុស្សស្លាប់ជាច្រើន បណ្តាជនទាំងឡាយក៏មកឯម៉ូសេ ជំរាបថា យើងរាល់គ្នាបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោកដែរ ដូច្នេះ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាផង សូមទ្រង់បន្ថយពស់ទាំងនេះចេញពីយើងរាល់គ្នាទៅ នោះម៉ូសេក៏អធិស្ឋានឲ្យគេ