ជនគណនា 21:1-9 - Compare All Versions
ជនគណនា 21:1-9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលរស់នៅតំបន់ណេកិប កាលបានឮថា ពួកអ៊ីស្រាអែលមកតាមផ្លូវស្រុកអ័ថារីមហើយ ស្ដេចក៏ចេញមកច្បាំងនឹងគេ ហើយចាប់ពួកគេខ្លះយកទៅជាឈ្លើយ។ ពេលនោះ ពួកអ៊ីស្រាអែលបានសច្ចាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់សាសន៍នោះមកក្នុងកណ្ដាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងរបស់គេឲ្យអស់រលីង»។ ព្រះយេហូវ៉ាស្តាប់តាមពាក្យរបស់ពួកអ៊ីស្រាអែល ហើយក៏ប្រគល់ពួកសាសន៍កាណាននោះដល់គេ។ ពួកអ៊ីស្រាអែលបានបំផ្លាញគេ ព្រមទាំងទីក្រុងរបស់គេអស់រលីងទៅ។ ដូច្នេះ គេហៅកន្លែងនោះថា ហោម៉ា ។ ពួកគេធ្វើដំណើរចេញពីភ្នំហោរ តាមផ្លូវទៅសមុទ្រក្រហម ដើម្បីដើរវាងស្រុកអេដុម ប៉ុន្តែ នៅតាមផ្លូវ ប្រជាជនមិនចេះអត់ទ្រាំ។ គេនាំគ្នានិយាយទាស់នឹងព្រះ ហើយទាស់នឹងលោកម៉ូសេថា៖ «ហេតុអ្វីបានជានាំយើងចេញពីស្រុកអេស៊ីព្ទមកឲ្យស្លាប់ក្នុងទីរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកផឹក ហើយយើងធុញទ្រាន់នឹងនំគម្រក់នេះណាស់»។ ពេលនោះ ព្រះយេហូវ៉ាក៏ចាត់ពស់ភ្លើង មកក្នុងចំណោមប្រជាជន រួចពស់ទាំងនោះក៏ចឹកគេ ហើយក្នុងចំណោមពួកអ៊ីស្រាអែល មានមនុស្សជាច្រើនបានស្លាប់។ ប្រជាជននាំគ្នាមកជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោក។ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាទៅ ដើម្បីឲ្យព្រះអង្គដកយកពស់ទាំងនេះចេញពីយើងខ្ញុំ»។ ដូច្នេះ លោកម៉ូសេក៏អធិស្ឋានឲ្យប្រជាជន។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើពស់ភ្លើង មួយ ហើយដាក់ភ្ជាប់នៅលើបង្គោលទៅ។ អស់អ្នកដែលត្រូវពស់ចឹក ហើយក្រឡេកមើលទៅរូបពោះនោះ គេនឹងបានរស់»។ ដូច្នេះ លោកម៉ូសេក៏ធ្វើរូបពស់មួយពីលង្ហិន ហើយដាក់ភ្ជាប់នៅលើបង្គោល។ កាលណាមានពស់ចឹកអ្នកណាម្នាក់ អ្នកនោះក្រឡេកមើលទៅរូបពស់លង្ហិន នោះគេក៏បានរស់។
ជនគណនា 21:1-9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ស្ដេចក្រុងអើរ៉ាត គឺស្ដេចរបស់ជនជាតិកាណាន ដែលគង់នៅតំបន់ណេកិប បានឮដំណឹងថាជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើដំណើរមកតាមផ្លូវអថារីម។ ស្ដេចក៏លើកទ័ពមកវាយអ៊ីស្រាអែល ហើយចាប់បានពួកគេខ្លះយកទៅជាឈ្លើយ។ ពេលនោះ ជនជាតិអ៊ីស្រាអែលបន់ព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិនោះមកក្នុងកណ្ដាប់ដៃទូលបង្គំ ទូលបង្គំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ»។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ហើយប្រគល់ជនជាតិកាណានមកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ អ៊ីស្រាអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។ គេដាក់ឈ្មោះកន្លែងនោះថា “ហោម៉ា”។ ជនជាតិអ៊ីស្រាអែលចេញដំណើរពីភ្នំហោរ តាមផ្លូវសមុទ្រកក់ ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះអង្គ និងលោក នាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះ គ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គម្រក់នេះដែរ!»។ ពេលនោះ ព្រះអម្ចាស់ក៏ធ្វើឲ្យមានពស់ភ្លើងមកចឹកពួកគេ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើន ក្នុងចំណោមជនជាតិអ៊ីស្រាអែល។ ប្រជាជននាំគ្នាទៅជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គបណ្ដេញពស់ទាំងនេះចេញឲ្យឆ្ងាយពីយើងខ្ញុំផង»។ លោកម៉ូសេក៏ទូលអង្វរព្រះអង្គឲ្យប្រជាជន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើង ព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់ អ្នកនោះនឹងរួចជីវិត»។ លោកម៉ូសេយកលង្ហិនធ្វើរូបពស់មួយ ហើយព្យួរលើបង្គោល។ ពេលមាននរណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជីវិត។
ជនគណនា 21:1-9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
រីឯស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលនៅស្រុកខាងត្បូង កាលបានឮថា ពួកអ៊ីស្រាអែលមកតាមផ្លូវស្រុកអ័ថារីមហើយ នោះទ្រង់ក៏ចេញមកច្បាំងនឹងគេ ហើយចាប់យកបានខ្លះ រួចពួកអ៊ីស្រាអែលគេតាំងសច្ចាដល់ព្រះយេហូវ៉ា ដោយពាក្យថា បើទ្រង់ប្រគល់សាសន៍នោះមកក្នុងកណ្តាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងគេអស់រលីង ព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាមពាក្យរបស់ពួកអ៊ីស្រាអែល ហើយប្រគល់ពួកសាសន៍កាណាននោះមក រួចពួកអ៊ីស្រាអែលក៏បំផ្លាញគេ នឹងទីក្រុងគេទាំងអស់ទៅ គេហៅទីនោះថា ហោម៉ា។ រួចគេធ្វើដំណើរពីភ្នំហោរដើរទៅ តាមផ្លូវសមុទ្រក្រហម ដើម្បីនឹងវាងព័ទ្ធស្រុកអេដំម តែបណ្តាជនមានចិត្តរវាត ដោយព្រោះផ្លូវនោះ ក៏និយាយទាស់នឹងព្រះ ហើយទាស់នឹងម៉ូសេថា ម្តេចក៏បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ឲ្យត្រូវស្លាប់នៅក្នុងទីរហោស្ថានដូច្នេះ ដ្បិតគ្មានអាហារ គ្មានទឹកសោះ ហើយយើងទ្រាន់ណាយនឹងនំគំរក់នេះពេកណាស់ នោះព្រះយេហូវ៉ាទ្រង់ចាត់ពស់ភ្លើងមកកណ្តាលពួកជន ពស់ទាំងនោះក៏ចឹកគេ ហើយមានមនុស្សស្លាប់ជាច្រើន បណ្តាជនទាំងឡាយក៏មកឯម៉ូសេ ជំរាបថា យើងរាល់គ្នាបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោកដែរ ដូច្នេះ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាផង សូមទ្រង់បន្ថយពស់ទាំងនេះចេញពីយើងរាល់គ្នាទៅ នោះម៉ូសេក៏អធិស្ឋានឲ្យគេ ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ ម៉ូសេក៏ធ្វើរូបពស់១ពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ។