ជនគណនា 2:1-34

ជនគណនា 2:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ពួក​អ៊ីស្រា‌អែល​ត្រូវ​បោះ​ជំរំ​តាម​កន្លែង​រៀង​ខ្លួន នៅ​ក្បែរ​ទង់‌ជ័យ តាម​គោល​តម្រុយ​វង្សានុវង្ស​របស់​ឪពុក​ខ្លួន។ គេ​ត្រូវ​បោះ​ជំរំ​នៅ​ជុំ​វិញ ដោយ​បែរ​មុខ​ទៅ​រក​ត្រសាល​ជំនុំ។ អស់​អ្នក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ខាង​កើត​ជា​ទិស​ថ្ងៃ​រះ ជា​ជំរំ​កង​ពល​នៃ​កុល‌សម្ព័ន្ធ​យូដា តាម​អង្គ‌ភាព​របស់​គេ។ មេ​ដឹក​នាំ​លើ​កូន​ចៅ​យូដា គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៧៤ ៦០០ នាក់។ អស់​អ្នក​ដែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​អ៊ីសាខារ ហើយ​មេ​ដឹកនាំ​របស់​ពួក​អ៊ីសាខារ គឺ​នេថា‌នេល ជា​កូន​របស់​ស៊ូហារ ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៤ ៤០០ នាក់។ បន្ទាប់​មក កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន មេ​ដឹក​នាំ​លើ​កូន​ចៅ​សាប់‌យូ‌ឡូន គឺ​អេលាប ជា​កូន​របស់​ហេឡូន ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៧ ៤០០ នាក់។ នៅ​ក្នុង​ជំរំ​របស់​ពួក​យូដា តាម​អង្គ‌ភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១៨៦ ៤០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទី​មួយ។ នៅ​ខាង​ត្បូង ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​រូបេន តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹក​នាំ​លើ​កូន​ចៅ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៦ ៥០០ នាក់។ អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​ស៊ីម្មាន ហើយ​មេ​ដឹក​នាំ​លើ​កូន​ចៅ​ស៊ីម្មាន គឺ​ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៩ ៣០០ នាក់។ បន្ទាប់​មក កុល‌សម្ព័ន្ធ​កាដ មេ​ដឹក​នាំ​លើ​កូន​ចៅ​កាដ គឺ​អេលា‌សាប ជា​កូន​របស់​ដេហ៊ូអែល ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៥ ៦៥០ នាក់។ នៅ​ក្នុង​ជំរំ​របស់​ពួក​រូបេន តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទីពីរ។ បន្ទាប់​មក ត្រសាល​ជំនុំ ត្រូវ​ចេញ​ដំណើរ​ជា‌មួយ​ជំរំ​របស់​ពួក​លេវី នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ គេ​ត្រូវ​ចេញ​ដំណើរ​តាម​របៀប​ដែល​គេ​បោះ​ជំរំ តាម​លំ‌ដាប់​លំ‌ដោយ គឺ​គ្រប់​គ្នា​តាម​កន្លែង​រៀង​ខ្លួន តាម​ទង់‌ជ័យ​រៀង​ខ្លួន។ នៅ​ខាង​លិច ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​អេប្រា‌អិម តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹកនាំ​លើ​កូន​ចៅ​អេប្រាអិម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូដ ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤០ ៥០០ នាក់។ នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ហើយ​មេ​ដឹកនាំ​លើ​ពួក​កូន​ចៅ​ម៉ាណា‌សេ គឺ​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៣២ ២០០ នាក់។ បន្ទាប់​មក កុល‌សម្ព័ន្ធ​បេនយ៉ាមីន មេ​ដឹកនាំ​លើ​ពួក​កូន​ចៅ​បេនយ៉ាមីន គឺ​អ័ប៊ីដាន ជា​កូន​របស់​គីដា‌ហូនី ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៣៥ ៤០០ នាក់។ នៅ​ក្នុង​ជំរំ​របស់​ពួក​អេប្រាអិម តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១០៨ ១០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទី​បី។ នៅ​ខាង​ជើង ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​ដាន់ តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹកនាំ​លើ​កូន​ចៅ​ដាន់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៦២ ៧០០ នាក់។ អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​អេស៊ើរ ហើយ​មេ​ដឹកនាំ​លើ​ពួក​កូន​ចៅ​អេស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤១ ៥០០ នាក់។ បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹកនាំ​លើ​កូន​ចៅ​ណែប‌ថាលី គឺ​អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់ ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៣ ៤០០ នាក់។ នៅ​ក្នុង​ជំរំ​របស់​ពួក​ដាន់ សរុប​ទាំង​អស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ ចុង​ក្រោយ តាម​អង្គភាព​របស់​ខ្លួន»។ នេះ​ហើយ​ជា​ពួក​អ៊ីស្រា‌អែល​ដែល​គេ​បាន​រាប់ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ជំរំ តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ៦០៣ ៥៥០ នាក់។ ប៉ុន្តែ ឯ​ពួក​លេវី គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។ ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​បោះ​ជំរំ​តាម​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។

ចែក​រំលែក
អាន ជនគណនា 2

ជនគណនា 2:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​បង្គោល​សម្គាល់​កុល‌សម្ព័ន្ធ​របស់​ខ្លួន និង​ក្បែរ​ទង់​សញ្ញា​កង‌ពល​ធំ​របស់​គេ។ ពួក​គេ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ពន្លា​ជួប​ព្រះ‌អម្ចាស់ តែ​នៅ​ឆ្ងាយ​បន្តិច។ នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អមីណា‌ដាប់។ កង‌ពល​របស់​យូដា​មាន​ចំនួន ៧៤ ៦០០ នាក់។ កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​យូដា មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គឺ​នេថា‌នេល ជា​កូន​របស់​ស៊ូហារ។ កង‌ពល​របស់​អ៊ីសា‌ខារ​មាន​ចំនួន ៥៤ ៤០០ នាក់។ បន្ទាប់​មក កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​អេលាប ជា​កូន​របស់​ហេឡូន។ កង‌ពល​របស់​សាប់យូ‌ឡូន មាន​ចំនួន ៥៧ ៤០០ នាក់។ កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា​សរុប​ទាំង​អស់​មាន​ចំនួន ១៨៦ ៤០០ នាក់។ អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន​គេ​បង្អស់។ នៅ​ខាង​ត្បូង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អើរ។ កង‌ពល​របស់​រូបេន​មាន​ចំនួន ៤៦ ៥០០ នាក់។ កុល‌សម្ព័ន្ធ​ស៊ីម្មាន​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​រូបេន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​ស្លូមាល ជា​កូន​របស់​ស៊ូរី‌សាដាយ។ កង‌ពល​របស់​ស៊ីម្មាន​មាន​ចំនួន ៥៩ ៣០០ នាក់។ បន្ទាប់​មក កុល‌សម្ព័ន្ធ​កាដ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​កាដ គឺ​អេលី‌សាប ជា​កូន​របស់​ដេហ៊ូ‌អែល។ កង‌ពល​របស់​កាដ មាន​ចំនួន ៤៥ ៦៥០ នាក់។ កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន​សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​ពីរ បន្ទាប់​ពី​កង‌ពល​ធំ​យូដា។ បន្ទាប់​មក ពន្លា​ជួប​ព្រះ‌អម្ចាស់​ចេញ​ទៅ​ជា​មួយ​ជំរំ​របស់​កុល‌សម្ព័ន្ធ​លេវី ដែល​ស្ថិត​នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ ពួក​លេវី​ក៏​ចេញ​ទៅ​តាម​លំដាប់‌លំដោយ​ដែរ គឺ​តាម​កន្លែង​ដែល​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន។ នៅ​ខាង​លិច ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រាអ៊ីម។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមី‌ហ៊ូដ។ កង‌ពល​របស់​អេប្រាអ៊ីម​មាន​ចំនួន ៤០ ៥០០ នាក់។ កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ គឺ​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ។ កង‌ពល​របស់​ម៉ាណា‌សេ​មាន​ចំនួន ៣២ ២០០ នាក់។ បន្ទាប់​មក កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺ​អប៊ីដាន ជា​កូន​របស់​គីដា‌ហូនី។ កង‌ពល​របស់​បេន‌យ៉ាមីន​មាន​ចំនួន ៣៥ ៤០០ នាក់។ កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រាអ៊ីម​សរុប​ទាំង​អស់​មាន​ចំនួន ១០៨ ១០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​បី បន្ទាប់​ពី​កុល‌សម្ព័ន្ធ​លេវី។ នៅ​ខាង​ជើង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ដាន់ គឺ​អហ៊ី‌យេស៊ើរ ជា​កូន​របស់​អាំមី‌សាដាយ។ កង‌ពល​របស់​ដាន់​មាន​ចំនួន ៦២ ៧០០ នាក់។ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​ដាន់ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន។ កង‌ពល​របស់​អេ‌ស៊ើរ​មាន​ចំនួន ៤១ ៥០០ នាក់។ បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​អហ៊ី‌រ៉ា ជា​កូន​របស់​អេណាន។ កង‌ពល​របស់​ណែប‌ថាលី​មាន​ចំនួន ៥៣ ៤០០ នាក់។ កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់​សរុប​ទាំង​អស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​មួយ​ទង់​របស់​ខ្លួន ក្រោយ​គេ​បង្អស់»។ ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​រាប់​តាម​កុល‌សម្ព័ន្ធ និង​តាម​កង‌ពល​របស់​គេ សរុប​ទាំង​អស់​មាន ៦០៣ ៥៥០ នាក់។ ចំណែក​ឯ​កុល‌សម្ព័ន្ធ​លេវី​វិញ គេ​ពុំ​បាន​រាប់​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ គឺ​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ គឺ​ពួក​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​តាម​អំបូរ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។

ចែក​រំលែក
អាន ជនគណនា 2

ជនគណនា 2:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដំឡើង​ត្រសាល​នៅ​ក្បែរ​ទង់‌ជ័យ​របស់​ខ្លួន តាម​គោល​ដំរុយ​គ្រួ​របស់​ឪពុក​ខ្លួន គេ​ត្រូវ​នៅ​ជុំវិញ ប្រឈម‌មុខ​នឹង​ត្រសាល​ជំនុំ។ ឯ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ឯ​កើត​ខាង​ថ្ងៃ​រះ នោះ​ត្រូវ​ជា​ពួក​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល នៃ​ពូជ​អំបូរ​យូដា​តាម​ពួក​កង​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា នោះ​គឺ​ជា​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៧​ម៉ឺន​៤​ពាន់​៦០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ ពួក​ដែល​ត្រូវ​ដំឡើង​ត្រសាល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អ៊ីសាខារ ហើយ​អ្នក ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​អ៊ីសាខារ គឺ​នេថា‌នេល​ជា​កូន​ស៊ូហារ ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៤​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ ពួក​១​ទៀត​ជា​ពូជ​អំបូរ​សាប់‌យូល៉ូន ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​សាប់‌យូល៉ូន គឺ​អេលាប​ជា​កូន​ហេល៉ូន ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៧​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ អស់​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​យូដា​នេះ រួម​ទាំង​អស់​មាន​១​សែន​៨​ម៉ឺន​៦​ពាន់​៤០០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​មុន​គេ។ ឯ​ខាង​ត្បូង នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​រូបេន តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៦​ពាន់​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​ស៊ីម្មាន ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​ស៊ីម្មាន គឺ​ស៊្លូមាល​ជា​កូន​ស៊ូរី‌សាដាយ ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៩​ពាន់​៣០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ ពួក​១​ទៀត​ជា​ពូជ​អំបូរ​កាឌ់ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​កាឌ់ គឺ​អេលា‌សាប់​ជា​កូន​ដេហ៊ូអែល ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦៥០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ អស់​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​រូបេន​នេះ រួម​ទាំង​អស់ មាន​១​សែន​៥​ម៉ឺន​១​ពាន់​៤៥០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​បន្ទាប់។ លំដាប់​នោះ​មក ត្រូវ​ឲ្យ​ពួក​លេវី​ចេញ​ដើរ​ទៅ​ជា​កណ្តាល​នៃ​អស់​ទាំង​ពួក នាំ​យក​ទាំង​ត្រសាល​ជំនុំ​ទៅ​ផង គេ​ត្រូវ​ចេញ​ដើរ​ទៅ​តាម​របៀប ដែល​គេ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល​មុន​ក្រោយ គឺ​គ្រប់​គ្នា​នៅ​កន្លែង​របស់​ខ្លួន តាម​ទង់‌ជ័យ​រៀង​ខ្លួន។ ឯ​ខាង​លិច នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​អេប្រា‌អិម តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​អេប្រា‌អិម គឺ​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ ឯ​ពួក​ដែល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​ម៉ាន៉ាសេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​ម៉ាន៉ាសេ គឺ​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៣​ម៉ឺន​២​ពាន់​២០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ ពួក​១​ទៀត​ជា​ពូជ​អំបូរ​បេន‌យ៉ាមីន ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គឺ​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៣​ម៉ឺន​៥​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ អស់​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​អេប្រា‌អិម រួម​ទាំង​អស់ មាន​១​សែន​៨​ពាន់​១០០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​ទី​៣។ ឯ​ខាង​ជើង នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​ដាន់ តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ដាន់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៦​ម៉ឺន​២​ពាន់​៧០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ ពួក​ដែល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អេស៊ើរ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​អេស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​១​ពាន់​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ ពួក​១​ទៀត​ជា​ពូជ​អំបូរ​ណែប‌ថាលី ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ណែប‌ថាលី គឺ​អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ អស់​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​ដាន់ រួម​ទាំង​អស់​មាន​១​សែន​៥​ម៉ឺន​៧​ពាន់​៦០០​នាក់ ពួក​នេះ​ជា​អ្នក​ដើរ​ខាង​ក្រោយ​បង្អស់ តាម​ទង់‌ជ័យ​របស់​គេ​រៀង​ខ្លួន។ នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​វង្សា‌នុវង្ស​នៃ​ពួក​ឰយុកោ​គេ គឺ​គ្រប់​បណ្តា​មនុស្ស​ទាំង​អស់​ដែល​គេ​បាន​រាប់ ក្នុង​ទី​ដំឡើង​ត្រសាល​ទាំង​ប៉ុន្មាន តាម​ពួក​កង​របស់​គេ នោះ​រួម​ទាំង​អស់ មាន​៦​សែន​៣​ពាន់​៥៥០​នាក់ តែ​ឯ​ពូជ​លេវី នោះ​គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ គឺ​គេ​បាន​ដំឡើង​ត្រសាល​របស់​គេ​ត្រង់​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។

ចែក​រំលែក
អាន ជនគណនា 2