ជនគណនា 19:17-19
ជនគណនា 19:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដើម្បីជម្រះអ្នកសៅហ្មងនោះឲ្យបានស្អាត គេត្រូវយកផេះរបស់តង្វាយលាងសម្អាតដែលបានដុតនោះ មកដាក់ក្នុងផើងមួយ ហើយចាក់ទឹកសាបពីលើ។ បន្ទាប់មក ត្រូវឲ្យមនុស្សស្អាតម្នាក់យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើជំរំ លើប្រដាប់ប្រដាទាំងប៉ុន្មាន លើមនុស្សដែលនៅក្នុងជំរំ និងលើអ្នកដែលបានប៉ះពាល់ឆ្អឹងខ្មោច មនុស្សស្លាប់ដោយដាវ សាកសពធម្មតា ឬបានប៉ះពាល់ផ្នូរ។ ត្រូវឲ្យមនុស្សស្អាតនោះប្រោះលើមនុស្សសៅហ្មង នៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរ រួចត្រូវជម្រះអ្នកនោះឲ្យបានស្អាតនៅថ្ងៃទីប្រាំពីរ។ ត្រូវឲ្យអ្នកនោះបោកសម្លៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ រួចនៅពេលល្ងាច អ្នកនោះនឹងបានស្អាត។
ជនគណនា 19:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដើម្បីជម្រះអ្នកសៅហ្មងនោះឲ្យបរិសុទ្ធ គេត្រូវយកធាតុរបស់គោញី ដែលបានថ្វាយជាយញ្ញបូជារំដោះបាប មកដាក់ក្នុងភាជន៍មួយ រួចដងទឹកពីប្រភពទឹកមកចាក់ពីលើ។ ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មង យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះ លើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹង ប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះពាល់ផ្នូរ។ អ្នកដែលមិនសៅហ្មងត្រូវប្រោះទឹកទៅលើអ្នកសៅហ្មងនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ ហើយជម្រះអ្នកនោះឲ្យបរិសុទ្ធនៅថ្ងៃទីប្រាំពីរ រួចគាត់ត្រូវបោកសម្លៀកបំពាក់ យកទឹកលុបលាងខ្លួន នោះគាត់នឹងបរិសុទ្ធនៅពេលល្ងាច។
ជនគណនា 19:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ត្រូវឲ្យគេយកផេះដង្វាយលោះបាប ដែលបានដុតនោះទៅដាក់ក្នុងផើង រួចចាក់ទឹកសំរាប់ដល់មនុស្សមិនស្អាតនោះ រួចមនុស្សស្អាតម្នាក់ត្រូវយកមែកហ៊ីសុបជ្រលក់ចុះក្នុងទឹកនោះ ទៅរលាស់លើត្រសាល នឹងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយលើអស់មនុស្ស ដែលនៅក្នុងត្រសាលនោះ នឹងលើអ្នកដែលបានពាល់ឆ្អឹងខ្មោច ឬមនុស្សដែលគេសំឡាប់ ឬខ្មោចណា ឬផ្នូរក្តី ត្រូវឲ្យមនុស្សស្អាតនោះឯងប្រោះទៅលើមនុស្សមិនស្អាតនៅថ្ងៃទី៣ ហើយនៅថ្ងៃទី៧ទៀត រួចនៅថ្ងៃទី៧ នោះត្រូវញែកអ្នកនោះចេញជាស្អាត ត្រូវឲ្យខ្លួនអ្នកនោះបោកសំលៀកបំពាក់ ហើយងូតទឹកចេញ រួចដល់ល្ងាចនឹងបានស្អាតវិញ។