ជនគណនា 18:21-32

ជនគណនា 18:21-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចំពោះ​កូន​ចៅ​លេវី យើង​បាន​ប្រគល់​អស់​ទាំង​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ទុក​ជា​មត៌ក ជា​ថ្នូរ​សម្រាប់​ការ‌ងារ​ដែល​ពួកគេ​ធ្វើ គឺ​ជា​ការងារ​របស់​ពួកគេ​នៅ​ក្នុង​ត្រសាល​ជំនុំ។ ចាប់​ពី​នេះ​តទៅ កូន​ចៅ​អ៊ីស្រា‌អែល​មិន​ត្រូវ​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​គេ​ត្រូវ​មាន​ទោស ហើយ​ត្រូវ​ស្លាប់។ ប៉ុន្តែ ពួក​លេវី​ត្រូវ​ធ្វើ​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​ពួកគេ​ផ្ទាល់។ នេះ​ជា​ច្បាប់​ដល់​អស់​ទាំង​ជំនាន់​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ គឺ​ពួកគេ​គ្មាន​កេរ‌អាករ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ ដ្បិត​ភោគ​ផល​មួយ​ភាគ​ក្នុង​ដប់ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​ប្រគល់​ឲ្យ​ពួក​លេវី​ទុក​ជា​មត៌ក​ហើយ។ ហេតុ​នេះ​បាន​ជា​យើង​ប្រាប់​ពួកគេ​ថា "ពួកគេ​គ្មាន​កេរ‌អាករ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ថា "កាល​ណា​អ្នក​រាល់​គ្នា​ទទួល​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​កូន​ចៅ​អ៊ីស្រា‌អែល ដែល​យើង​យក​ពី​ពួកគេ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក នោះ​អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ក្នុង​ដប់ ពី​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគេ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។ សម្រាប់​អ្នក​រាល់​គ្នា តង្វាយ​របស់​អ្នក​រាល់​គ្នា​នឹង​បាន​រាប់​ដូច​ជា​ស្រូវ ដែល​ទើប​នឹង​បញ្ជាន់​នៅ​ទី‌លាន ហើយ​ដូច​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ទើប​នឹង​គាប​ដែរ។ យ៉ាង​នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​បាន​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ពី​អស់​ទាំង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​អ្នក​រាល់​គ្នា​ទទួល​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ហើយ​ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​បាន​ញែក​ថ្វាយ​ព្រះ‌យេហូវ៉ា​នេះ ជូន​សង្ឃ​អើរ៉ុន។ អស់​ទាំង​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ទទួល ត្រូវ​ញែក​ចំណែក​ដែល​ល្អ​បំផុត​ពី​គ្រប់​តង្វាយ​ទាំង​នោះ ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នេះ​ជា​ចំណែក​ដែល​បាន​ញែក​ជា​បរិសុទ្ធ"។ ដូច្នេះ អ្នក​ត្រូវ​ប្រាប់​គេ​ថា "សម្រាប់​ពួក​លេវី កាល​ណា​អ្នក​រាល់​គ្នា​បាន​ថ្វាយ​ចេញ​ពី​ចំណែក​ដែល​ល្អ​បំផុត នោះ​ចំណែក​ឯ​ទៀត​នឹង​បាន​រាប់​ដូច​ជា​ភោគ​ផល​ដែល​បញ្ជាន់​នៅ​ទី‌លាន ហើយ​ដូច​ជា​ភោគ​ផល​ដែល​គាប​ពី​ផ្លែ​ទំពាំង​បាយ​ជូរ​ដែរ។ អ្នក​រាល់​គ្នា រួម​ជា‌មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា អាច​បរិ‌ភោគ​ភោគ​ផល​ទាំង​នោះ​នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគ​ផល​ទាំង​នេះ ជា​កម្រៃ​សម្រាប់​ការ‌ងារ​ដែល​អ្នក​រាល់​គ្នា​បាន​បម្រើ​ក្នុង​ត្រសាល​ជំនុំ។ កាល​ណា​អ្នក​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ដែល​ល្អ​បំផុត នោះ​អ្នក​រាល់​គ្នា​មិន​មាន​ទោស​ដោយ​ព្រោះ​រឿង​នេះ​ឡើយ តែ​មិន​ត្រូវ​បង្អាប់​តង្វាយ​បរិសុទ្ធ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់"»។

ចែក​រំលែក
អាន ជនគណនា 18

ជនគណនា 18:21-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។ ពួក​លេវី​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​ណែ‌នាំ​ឲ្យ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ យើង​ប្រគល់​ភោគ‌ផល​មួយ​ភាគ​ដប់ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ទុក​ដោយ​ឡែក​សម្រាប់​យើង ឲ្យ​កូន​ចៅ​លេវី។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រកាស​អំពី​ពួក​គេ​ថា: “ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​ភោគ‌ផល​មួយ​ភាគ​ដប់​មក​ឲ្យ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគ‌ផល​មួយ​ភាគ​ដប់​ថ្វាយ​ព្រះ‌អម្ចាស់។ តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នេះ ត្រូវ​រាប់​ដូច​ជា​តង្វាយ​ដែល​បងប្អូន​របស់​អ្នក​រាល់​គ្នា​ញែក​ទុក​ពី​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​របស់​គេ​ដែរ។ ដូច្នេះ ភោគ‌ផល​មួយ​ភាគ​ដប់​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​យក​មក​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់ ទុក​ថ្វាយ​ព្រះ‌អម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ជូន​លោក​បូជា‌ចារ្យ​អើរ៉ុន។ ភោគ‌ផល​ដែល​ប្រជា‌ជន​យក​មក​ជូន​អ្នក​រាល់​គ្នា​នោះ ត្រូវ​ញែក​មួយ​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ញែក​មួយ​ផ្នែក​ដ៏​ល្អ​វិសេស​ជា​ចំណែក​សក្ការៈ”។ ចូរ​ប្រាប់​ពួក​លេវី​ថា: ពេល​ណា​អ្នក​រាល់​គ្នា​ញែក​ផ្នែក​ដ៏​ល្អ​វិសេស​មួយ​ភាគ​ដប់​ហើយ ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ដូច​ជា​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ដែល​នៅ​សល់​របស់​ប្រជា‌ជន​ដែរ។ អ្នក​រាល់​គ្នា​បរិភោគ​ភោគ‌ផល​ទាំង​នេះ រួម​ជា​មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគ‌ផល​ទាំង​នេះ​ជា​កម្រៃ​សម្រាប់​ការ‌ងារ​ដែល​អ្នក​រាល់​គ្នា​បំពេញ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ញែក​ចំណែក​ដ៏​ល្អ​វិសេស​ទុក​សម្រាប់​យើង​ហើយ អ្នក​រាល់​គ្នា​នឹង​គ្មាន​បាប​នៅ​ពេល​បរិភោគ​ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ក៏​មិន​បណ្ដាល​ឲ្យ​តង្វាយ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។

ចែក​រំលែក
អាន ជនគណនា 18

ជនគណនា 18:21-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​កូន​ចៅ​លេវី នោះ​អញ​បាន​ឲ្យ​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​១​ភាគ​ក្នុង​១០ ទុក​ជា​មរដក​ដល់​គេ​ហើយ ដើម្បី​ឲ្យ​បាន​ជា​កំរៃ​នៃ​ការ‌ងារ​ដែល​គេ​ធ្វើ គឺ​ជា​ក្រសួង​ការ​របស់​ត្រសាល​ជំនុំ ដូច្នេះ អំពី​នេះ​ទៅ​មុខ មិន​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​លោ​គេ​ធ្វើ​បាប​អ្វី ហើយ​ត្រូវ​ស្លាប់ គឺ​ពួក​លេវី​វិញ ដែល​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ហើយ​គេ​ត្រូវ​តែ​រ៉ាប់រង​សេចក្ដី​កំហុស​របស់​គេ នេះ​ជា​បញ្ញត្ត​ច្បាប់​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​រៀង​ទៅ តែ​គេ​គ្មាន​កេរ‌អាករ​អ្វី​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ ដ្បិត​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​១​ភាគ​ក្នុង​១០​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង នោះ​អញ​បាន​ឲ្យ​ដល់​ពួក​លេវី​ទុក​ជា​មរដក​ហើយ ហេតុ​នោះ​បាន​ជា​អញ​បាន​ប្រាប់​គេ​ថា គេ​គ្មាន​កេរ‌អាករ្តិ៍​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ទេ។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​សេចក្ដី​១​ទៀត​ដល់​ពួក​លេវី​ថា កាល​ណា​ឯង​រាល់​គ្នា​ទទួល​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​អញ​យក​ពី​គេ​ឲ្យ​ដល់​ឯង​រាល់​គ្នា ទុក​ជា​មរដក នោះ​ឯង​រាល់​គ្នា​ត្រូវ​ហូត​១​ភាគ​ក្នុង​១០ ពី​ដង្វាយ​១​ភាគ​ក្នុង​១០​របស់​គេ ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច្នេះ ដង្វាយ​ដែល​ឯង​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ នឹង​បាន​រាប់​ទុក​ដូច​ជា​ស្រូវ ដែល​ទើប​នឹង​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ទើប​នឹង​គាប​ដែរ យ៉ាង​នោះ​ឯង​រាល់​គ្នា​ក៏​នឹង​បាន​ថ្វាយ​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា ពី​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ឯង​ទទួល​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ ត្រូវ​ឲ្យ​ប្រគល់​ដង្វាយ​លើក​ចុះ​ឡើង​ផង​ព្រះ‌យេហូវ៉ា​នោះ ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ ឯ​អស់​ទាំង​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ទទួល​នោះ ត្រូវ​ឲ្យ​រើស​យក​ចំណែក​ល្អ​បំផុត សំរាប់​នឹង​ថ្វាយ​ជា​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ផង​ព្រះ‌យេហូវ៉ា គឺ​ជា​ចំណែក​ដែល​បរិសុទ្ធ​ក្នុង​ដង្វាយ​ទាំង​នោះ ដូច្នេះ ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា បើ​កាល​ណា​ឯង​រាល់​គ្នា​រើស​យក​ចំណែក​ល្អ​បំផុត ពី​ដង្វាយ​ទាំង​នោះ ទៅ​ថ្វាយ​ជា​ដង្វាយ​លើក​ចុះ​ឡើង នោះ​នឹង​បាន​រាប់​ទុក​ដូច​ជា​ផល​ចំរើន​ដែល​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ផល​ចំរើន​ដែល​គាប​ក្នុង​ឃ្នាប​ដល់​ពួក​លេវី ឯង​រាល់​គ្នា ព្រម​ទាំង​គ្រួសារ​របស់​ឯង​ផង នឹង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ជា​កំរៃ​នៃ​ការ‌ងារ​ដែល​ឯង​ធ្វើ​ក្នុង​ត្រសាល​ជំនុំ ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ល្អ​បំផុត ជា​ដង្វាយ​លើក​ចុះ​ឡើង​ហើយ នោះ​មិន​មាន​ទោស​ដោយ​ព្រោះ​របស់​ទាំង​នោះ​ទេ តែ​មិន​ត្រូវ​បង្អាប់​ដល់​ដង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ យ៉ាង​នោះ​ឯង​រាល់​គ្នា​មិន​ត្រូវ​ស្លាប់​ទេ។

ចែក​រំលែក
អាន ជនគណនា 18