ជនគណនា 18:1-32
ជនគណនា 18:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងវង្សានុវង្សរបស់ឪពុកអ្នក ត្រូវទទួលខុសត្រូវចំពោះកំហុសដែលទាក់ទងនឹងរោងឧបោសថ ហើយមានតែអ្នក និងកូនចៅរបស់អ្នកប៉ុណ្ណោះទទួលខុសត្រូវចំពោះកំហុសដែលទាក់ទងនឹងការងារជាសង្ឃ។ ត្រូវនាំពួកលេវីជាបងប្អូនរបស់អ្នក គឺកុលសម្ព័ន្ធរបស់ឪពុកអ្នកមកជាមួយអ្នកផង ដើម្បីឲ្យគេបានចូលរួមជាមួយអ្នក ហើយជួយការងារអ្នក នៅពេលដែលអ្នក និងកូនចៅរបស់អ្នកបម្រើនៅមុខត្រសាលនៃសេចក្ដីបន្ទាល់។ ពួកគេត្រូវបំពេញការងារបម្រើឲ្យអ្នក និងត្រសាលជំនុំទាំងមូល ប៉ុន្តែ គេមិនត្រូវចូលទៅជិតប្រដាប់ប្រដារបស់ទីបរិសុទ្ធ ឬអាសនាឡើយ ក្រែងលោទាំងពួកគេ ទាំងអ្នកនឹងត្រូវស្លាប់។ ពួកគេត្រូវនៅជាប់ជាមួយអ្នក ហើយបំពេញការងារបម្រើនៅក្នុងត្រសាលជំនុំ គឺការងារទាំងអស់របស់ត្រសាលជំនុំ។ មិនត្រូវឲ្យអ្នកដទៃចូលទៅជិតអ្នកឡើយ។ រីឯអ្នកវិញ ត្រូវបំពេញការងាររបស់ទីបរិសុទ្ធ និងការងាររបស់អាសនា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើកូនចៅអ៊ីស្រាអែលទៀតឡើយ។ មើល៍ យើងបានយកពួកលេវីជាបងប្អូនរបស់អ្នក ចេញពីចំណោមកូនចៅអ៊ីស្រាអែលប្រគល់ឲ្យអ្នក ដ្បិតគេបានថ្វាយដល់ព្រះយេហូវ៉ាហើយ ដើម្បីបម្រើការងារក្នុងត្រសាលជំនុំ។ ចំណែកឯអ្នក និងកូនចៅរបស់អ្នក ត្រូវបំពេញការងារជាសង្ឃរបស់អ្នក សម្រាប់ការទាំងអស់ខាងឯអាសនា និងបរិវេណខាងក្រោយវាំងនន។ យើងប្រគល់ការងារជាសង្ឃដល់អ្នករាល់គ្នា ទុកជាអំណោយ តែអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «មើល៍ យើងបានប្រគល់ឲ្យអ្នកមើលខុសត្រូវតង្វាយដែលបានថ្វាយដល់យើង គឺតង្វាយទាំងប៉ុន្មានរបស់កូនចៅអ៊ីស្រាអែល។ យើងបានប្រគល់តង្វាយទាំងនោះឲ្យអ្នក និងកូនចៅរបស់អ្នក ទុកជាកម្រៃសម្រាប់ការងារជាសង្ឃដល់អ្នក ជារៀងរហូតតទៅ។ ក្នុងតង្វាយបរិសុទ្ធបំផុតដែលមិនត្រូវដុត នោះនឹងបានជារបស់អ្នក គឺគ្រប់ទាំងតង្វាយរបស់គេ ដែលគេថ្វាយដល់យើងទុកជារបស់បរិសុទ្ធបំផុត ទោះជាតង្វាយម្សៅ តង្វាយលោះបាប ឬតង្វាយលើកលែងទោសក្តី នោះនឹងបានជារបស់អ្នក និងកូនចៅរបស់អ្នក។ អ្នកត្រូវបរិភោគរបស់ទាំងនោះនៅកន្លែងបរិសុទ្ធបំផុត គឺប្រុសៗទាំងអស់អាចបរិភោគបាន ដ្បិតនេះជារបស់បរិសុទ្ធសម្រាប់អ្នក។ នេះក៏ជារបស់អ្នកដែរ គឺអ្វីៗដែលគេបានញែកដោយឡែកចេញពីតង្វាយគ្រវីរបស់កូនចៅអ៊ីស្រាអែល យើងបានប្រគល់របស់ទាំងនោះឲ្យអ្នក និងកូនប្រុសកូនស្រីរបស់អ្នក ទុកជាកម្រៃរហូតតទៅ។ អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះរបស់អ្នក អាចបរិភោគរបស់ទាំងនោះបាន។ អស់ទាំងប្រេងដ៏ល្អបំផុត និងអស់ទាំងស្រាទំពាំងបាយជូរដ៏ល្អបំផុត ព្រមទាំងស្រូវដែលគេថ្វាយជាផលដំបូងដល់ព្រះយេហូវ៉ា នោះយើងប្រគល់ឲ្យអ្នក។ ផលដំបូងពីរបស់ទាំងអស់ដែលនៅក្នុងស្រុករបស់គេ ដែលគេយកមកថ្វាយព្រះយេហូវ៉ា នឹងបានជារបស់អ្នក។ អស់អ្នកណាដែលស្អាតនៅក្នុងគ្រួសាររបស់អ្នក អាចបរិភោគរបស់ទាំងនោះបាន។ គ្រប់របស់អ្វីដែលថ្វាយដាច់ក្នុងពួកអ៊ីស្រាអែល នឹងបានជារបស់អ្នក។ គ្រប់ទាំងអស់ដែលកើតពីពោះមកមុនគេ ដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះនឹងបានជារបស់អ្នក តែអ្នកត្រូវលោះកូនច្បងរបស់មនុស្ស និងលោះកូនដំបូងរបស់សត្វដែលមិនស្អាត។ តម្លៃលោះកូនដំបូង (ដែលអ្នកត្រូវលោះចាប់ពីអាយុមួយខែ) ត្រូវកំណត់ជាតម្លៃប្រាក់ប្រាំសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ (ពោលគឺម្ភៃកេរ៉ា)។ ប៉ុន្តែ អ្នកមិនត្រូវលោះកូនដំបូងរបស់គោ ឬកូនដំបូងរបស់ចៀម ឬកូនដំបូងរបស់ពពែឡើយ ដ្បិតវាជាសត្វបរិសុទ្ធ។ អ្នកត្រូវប្រោះឈាមរបស់វានៅលើអាសនា ហើយត្រូវដុតខ្លាញ់របស់វាជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ រីឯសាច់របស់វានឹងបានជារបស់អ្នក ដូចជាសាច់ទ្រូងដែលគ្រវី និងសាច់ភ្លៅស្តាំដែលជារបស់អ្នកដូច្នោះដែរ។ គ្រប់ទាំងតង្វាយបរិសុទ្ធ ដែលកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា នោះយើងបានប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីរបស់អ្នក ទុកជាកម្រៃរហូតតទៅ។ នេះជាសេចក្ដីសញ្ញាអំបិលដល់អ្នក និងពូជពង្សរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជារៀងរហូតតទៅ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នកមិនត្រូវមានកេរអាករនៅក្នុងស្រុករបស់ពួកគេឡើយ ក៏មិនត្រូវមានចំណែកអ្វីជាមួយពួកគេដែរ គឺយើងជាចំណែករបស់អ្នក ហើយជាកេរអាកររបស់អ្នកនៅក្នុងចំណោមកូនចៅអ៊ីស្រាអែល។ ចំពោះកូនចៅលេវី យើងបានប្រគល់អស់ទាំងតង្វាយដែលកូនចៅអ៊ីស្រាអែលថ្វាយមួយភាគក្នុងដប់ ទុកជាមត៌ក ជាថ្នូរសម្រាប់ការងារដែលពួកគេធ្វើ គឺជាការងាររបស់ពួកគេនៅក្នុងត្រសាលជំនុំ។ ចាប់ពីនេះតទៅ កូនចៅអ៊ីស្រាអែលមិនត្រូវចូលមកជិតត្រសាលជំនុំទៀតឡើយ ក្រែងគេត្រូវមានទោស ហើយត្រូវស្លាប់។ ប៉ុន្តែ ពួកលេវីត្រូវធ្វើការងារនៅក្នុងត្រសាលជំនុំ ហើយគេត្រូវទទួលខុសត្រូវចំពោះកំហុសរបស់ពួកគេផ្ទាល់។ នេះជាច្បាប់ដល់អស់ទាំងជំនាន់របស់អ្នករាល់គ្នារហូតតទៅ គឺពួកគេគ្មានកេរអាករក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ ដ្បិតភោគផលមួយភាគក្នុងដប់ ដែលកូនចៅអ៊ីស្រាអែលបានថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នោះយើងបានប្រគល់ឲ្យពួកលេវីទុកជាមត៌កហើយ។ ហេតុនេះបានជាយើងប្រាប់ពួកគេថា "ពួកគេគ្មានកេរអាករក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ"»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកត្រូវប្រាប់ពួកលេវីថា "កាលណាអ្នករាល់គ្នាទទួលយកតង្វាយមួយភាគក្នុងដប់ពីកូនចៅអ៊ីស្រាអែល ដែលយើងយកពីពួកគេប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌ក នោះអ្នករាល់គ្នាត្រូវញែកមួយភាគក្នុងដប់ ពីតង្វាយមួយភាគក្នុងដប់របស់ពួកគេ ទុកជាតង្វាយថ្វាយព្រះយេហូវ៉ា។ សម្រាប់អ្នករាល់គ្នា តង្វាយរបស់អ្នករាល់គ្នានឹងបានរាប់ដូចជាស្រូវ ដែលទើបនឹងបញ្ជាន់នៅទីលាន ហើយដូចជាទឹកទំពាំងបាយជូរ ដែលទើបនឹងគាបដែរ។ យ៉ាងនោះអ្នករាល់គ្នាក៏នឹងបានថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា ពីអស់ទាំងតង្វាយមួយភាគក្នុងដប់ ដែលអ្នករាល់គ្នាទទួលពីកូនចៅអ៊ីស្រាអែលដែរ ហើយត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាបានញែកថ្វាយព្រះយេហូវ៉ានេះ ជូនសង្ឃអើរ៉ុន។ អស់ទាំងតង្វាយដែលអ្នករាល់គ្នាទទួល ត្រូវញែកចំណែកដែលល្អបំផុតពីគ្រប់តង្វាយទាំងនោះ ថ្វាយព្រះយេហូវ៉ា ហើយនេះជាចំណែកដែលបានញែកជាបរិសុទ្ធ"។ ដូច្នេះ អ្នកត្រូវប្រាប់គេថា "សម្រាប់ពួកលេវី កាលណាអ្នករាល់គ្នាបានថ្វាយចេញពីចំណែកដែលល្អបំផុត នោះចំណែកឯទៀតនឹងបានរាប់ដូចជាភោគផលដែលបញ្ជាន់នៅទីលាន ហើយដូចជាភោគផលដែលគាបពីផ្លែទំពាំងបាយជូរដែរ។ អ្នករាល់គ្នា រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា អាចបរិភោគភោគផលទាំងនោះនៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះ ជាកម្រៃសម្រាប់ការងារដែលអ្នករាល់គ្នាបានបម្រើក្នុងត្រសាលជំនុំ។ កាលណាអ្នករាល់គ្នាបានថ្វាយចំណែកដែលល្អបំផុត នោះអ្នករាល់គ្នាមិនមានទោសដោយព្រោះរឿងនេះឡើយ តែមិនត្រូវបង្អាប់តង្វាយបរិសុទ្ធរបស់កូនចៅអ៊ីស្រាអែលឡើយ ក្រែងអ្នករាល់គ្នាត្រូវស្លាប់"»។
ជនគណនា 18:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងក្រុមញាតិរបស់អ្នកនឹងទទួលខុសត្រូវចំពោះកំហុសដែលកើតមានក្នុងទីសក្ការៈ។ អ្នក និងកូនចៅរបស់អ្នកទទួលខុសត្រូវចំពោះកំហុសផ្សេងៗដែលទាក់ទងនឹងមុខងារជាបូជាចារ្យ។ ចូរនាំបងប្អូនរួមលោហិតរបស់អ្នក ក្នុងកុលសម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការ នៅពេលអ្នក និងកូនចៅរបស់អ្នកធ្វើការក្នុងពន្លានៃសន្ធិសញ្ញា។ ពួកគេស្ថិតនៅក្រោមបញ្ជារបស់អ្នក ហើយមានភារកិច្ចថែរក្សាពន្លាទាំងមូល។ ប៉ុន្តែ ពួកគេមិនត្រូវចូលទៅជិតគ្រឿងបរិក្ខារសក្ការៈ ឬអាសនៈឡើយ ក្រែងលោទាំងអ្នករាល់គ្នា ទាំងពួកគេត្រូវស្លាប់។ ពួកគេត្រូវនៅជាប់ជាមួយអ្នក ហើយមានភារកិច្ចថែរក្សាពន្លានៃសន្ធិសញ្ញា និងបម្រើការទាំងអស់ក្នុងពន្លា។ រីឯអ្នកផ្សេងទៀត គ្មានសិទ្ធិចូលមកជិតអ្នករាល់គ្នាទេ។ អ្នករាល់គ្នាមើលខុសត្រូវទីសក្ការៈ និងថែរក្សាអាសនៈ។ ធ្វើដូច្នេះ ជនជាតិអ៊ីស្រាអែលមិនធ្វើឲ្យយើងមានកំហឹងនឹងពួកគេឡើយ។ យើងបានជ្រើសរើសពួកលេវី ជាបងប្អូនរបស់អ្នករាល់គ្នា ចេញពីចំណោមកូនចៅអ៊ីស្រាអែល ប្រគល់ឲ្យអ្នករាល់គ្នា ដើម្បីឲ្យពួកគេបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ ចំណែកឯអ្នក និងកូនចៅរបស់អ្នកវិញ ត្រូវបំពេញមុខងារជាបូជាចារ្យ គឺបម្រើការងារនៅអាសនៈ និងការងារក្នុងទីសក្ការៈដែលនៅខាងក្រោយវាំងនន។ យើងបានប្រគល់មុខងារជាបូជាចារ្យនេះឲ្យអ្នករាល់គ្នា តែអ្នកក្រៅដែលចូលមកជិតយើង នឹងត្រូវទទួលទោសដល់ស្លាប់»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «យើងឲ្យអ្នកទទួលខុសត្រូវលើអ្វីៗដែលប្រជាជនញែកទុកសម្រាប់យើង។ យើងប្រគល់តង្វាយនោះឲ្យអ្នក និងកូនចៅរបស់អ្នក ទុកជាកម្រៃ សម្រាប់មុខងារដែលយើងបានតែងតាំងអ្នកឲ្យបំពេញ ជារៀងរហូតតទៅ។ ក្នុងបណ្ដាគ្រឿងសក្ការៈបំផុតដែលគេមិនដុត គឺអ្វីៗទាំងប៉ុន្មានដែលប្រជាជនយកមកថ្វាយយើង មានតង្វាយផ្សេងៗ តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាសុំលើកលែងទោស អ្នកអាចយកទុកជាចំណែករបស់អ្នក និងកូនចៅរបស់អ្នក។ ត្រូវបរិភោគរបស់ទាំងនេះនៅក្នុងកន្លែងដ៏សក្ការៈ គឺប្រុសៗទាំងអស់អាចបរិភោគបាន ដ្បិតរបស់ទាំងនោះសុទ្ធតែសក្ការៈសម្រាប់អ្នក។ ចំណែកដែលអ្នកអាចយកបានទៀតនោះ គឺអ្វីៗទាំងប៉ុន្មានដែលជនជាតិអ៊ីស្រាអែលយកមកលើកថ្វាយ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នករហូតតទៅ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ ក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។ យើងក៏ប្រគល់ផលដំបូងនៃអ្វីៗទាំងអស់ដែលប្រជាជនយកមកថ្វាយយើងឲ្យអ្នកដែរ គឺប្រេងដ៏ល្អបំផុត ស្រាទំពាំងបាយជូរថ្មីដ៏ល្អបំផុត និងស្រូវថ្មី។ ផលដំបូងនៃភោគផលដុះចេញពីដី ដែលប្រជាជនយកមកថ្វាយយើង ក៏នឹងបានទៅអ្នកដែរ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ នៅក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។ អ្វីៗដែលជនជាតិអ៊ីស្រាអែលថ្វាយផ្ដាច់ដល់យើង នោះយើងប្រគល់ឲ្យអ្នក។ កូនដំបូងទាំងអស់ដែលប្រជាជនយកមកថ្វាយយើង គឺទាំងកូនមនុស្ស ទាំងកូនសត្វ ត្រូវបានជាចំណែករបស់អ្នក។ ប៉ុន្តែ ចូរឲ្យគេលោះកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វដែលមិនបរិសុទ្ធ។ ត្រូវឲ្យគេលោះកូនដំបូង ដែលមានអាយុពីមួយខែឡើងទៅ តាមតម្លៃគិតគូររបស់អ្នក គឺប្រាក់ប្រាំណែន គិតតាមទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈ ពោលគឺម្ភៃកេរ៉ា*។ ប៉ុន្តែ មិនត្រូវឲ្យគេលោះកូនដំបូងរបស់គោ កូនដំបូងរបស់ចៀម និងកូនដំបូងរបស់ពពែឡើយ ដ្បិតសត្វទាំងនោះត្រូវទុកសម្រាប់ថ្វាយយញ្ញបូជា។ ត្រូវយកឈាមរបស់វាប្រោះនៅលើអាសនៈ ហើយដុតខ្លាញ់វាក្នុងភ្លើង ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ រីឯសាច់របស់វា គឺមានសាច់ទ្រូងដែលគេលើកថ្វាយជាតង្វាយ និងសាច់ភ្លៅស្ដាំ ត្រូវបានជាចំណែករបស់អ្នក។ អ្វីៗដែលជនជាតិអ៊ីស្រាអែលញែកពីតង្វាយសក្ការៈ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នករហូតតទៅ។ នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នក និងពូជពង្សរបស់អ្នក ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេររហូត ពុំអាចផ្លាស់ប្រែឡើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នកនឹងគ្មានទឹកដីជាកេរមត៌កនៅក្នុងស្រុក ហើយក៏គ្មានចំណែកអ្វីរួមជាមួយពួកគេដែរ គឺយើងផ្ទាល់ជាចំណែកមត៌ករបស់អ្នក នៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។ យើងប្រគល់មួយភាគដប់នៃភោគផលទាំងអស់ នៅស្រុកអ៊ីស្រាអែល ឲ្យកូនចៅលេវី ទុកជាថ្នូរចំពោះកិច្ចការដែលពួកគេធ្វើ នៅក្នុងពន្លាជួបព្រះអម្ចាស់។ មិនត្រូវឲ្យប្រជាជនអ៊ីស្រាអែលចូលមកជិតពន្លាជួបព្រះអម្ចាស់ទៀតឡើយ ក្រែងលោពួកគេទទួលទោស ហើយត្រូវស្លាប់។ ពួកលេវីដែលបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ នឹងទទួលខុសត្រូវលើកំហុសដែលខ្លួនប្រព្រឹត្ត។ នេះជាច្បាប់ដែលត្រូវណែនាំឲ្យពួកលេវីគ្រប់ជំនាន់ដឹងថា ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។ យើងប្រគល់ភោគផលមួយភាគដប់ ដែលជនជាតិអ៊ីស្រាអែលញែកទុកដោយឡែកសម្រាប់យើង ឲ្យកូនចៅលេវី។ ហេតុនេះហើយបានជាយើងប្រកាសអំពីពួកគេថា: “ពួកគេនឹងមិនទទួលចំណែកមត៌កក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅលេវីដូចតទៅ: “ពេលណាជនជាតិអ៊ីស្រាអែលនាំយកភោគផលមួយភាគដប់មកឲ្យអ្នករាល់គ្នា គឺចំណែកដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌កនោះ អ្នករាល់គ្នាត្រូវញែកមួយភាគដប់ពីភោគផលមួយភាគដប់ថ្វាយព្រះអម្ចាស់។ តង្វាយមួយភាគដប់ដែលអ្នករាល់គ្នាញែកទុកដោយឡែកនេះ ត្រូវរាប់ដូចជាតង្វាយដែលបងប្អូនរបស់អ្នករាល់គ្នាញែកទុកពីស្រូវ និងស្រាទំពាំងបាយជូររបស់គេដែរ។ ដូច្នេះ ភោគផលមួយភាគដប់ដែលប្រជាជនអ៊ីស្រាអែលយកមកឲ្យអ្នករាល់គ្នា អ្នករាល់គ្នាត្រូវញែកមួយភាគដប់ ទុកថ្វាយព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ជូនលោកបូជាចារ្យអើរ៉ុន។ ភោគផលដែលប្រជាជនយកមកជូនអ្នករាល់គ្នានោះ ត្រូវញែកមួយចំណែកថ្វាយព្រះអម្ចាស់ គឺញែកមួយផ្នែកដ៏ល្អវិសេសជាចំណែកសក្ការៈ”។ ចូរប្រាប់ពួកលេវីថា: ពេលណាអ្នករាល់គ្នាញែកផ្នែកដ៏ល្អវិសេសមួយភាគដប់ហើយ ចំណែកដែលនៅសល់ អ្នករាល់គ្នាត្រូវចាត់ទុកដូចជាស្រូវ និងស្រាទំពាំងបាយជូរ ដែលនៅសល់របស់ប្រជាជនដែរ។ អ្នករាល់គ្នាបរិភោគភោគផលទាំងនេះ រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា នៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះជាកម្រៃសម្រាប់ការងារដែលអ្នករាល់គ្នាបំពេញ នៅក្នុងពន្លាជួបព្រះអម្ចាស់។ ប្រសិនបើអ្នករាល់គ្នាញែកចំណែកដ៏ល្អវិសេសទុកសម្រាប់យើងហើយ អ្នករាល់គ្នានឹងគ្មានបាបនៅពេលបរិភោគចំណែកដែលនៅសល់ អ្នករាល់គ្នាក៏មិនបណ្ដាលឲ្យតង្វាយដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលក្លាយទៅជាសៅហ្មង ហើយអ្នករាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។
ជនគណនា 18:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា ត្រូវឲ្យខ្លួនឯង នឹងកូនចៅឯង ព្រមទាំងពួកឪពុកឯងទាំងអស់គ្នា រ៉ាប់រងសេចក្ដីកំហុសដែលអ្នកណាធ្វើក្នុងរោងឧបោសថ ហើយត្រូវឲ្យខ្លួនឯង នឹងកូនចៅឯងរ៉ាប់រងសេចក្ដីកំហុស ដែលកើតមកក្នុងការងារជាសង្ឃដែរ ឯពួកលេវីជាបងប្អូនឯង គឺជាពូជអំបូរនៃឰយុកោឯង នោះត្រូវនាំមកជិតជាមួយនឹងឯង ឲ្យបានភ្ជាប់ពួកជាមួយគ្នា ហើយជួយការងារផង តែឯង ហើយនឹងកូនចៅឯង ត្រូវនៅចំពោះមុខត្រសាលនៃសេចក្ដីបន្ទាល់វិញ ត្រូវឲ្យគេរក្សាបញ្ញើរបស់ឯង នឹងបញ្ញើនៃត្រសាលទាំងមូលដែរ ប៉ុន្តែមិនត្រូវឲ្យគេចូលទៅជិតប្រដាប់ប្រដាណាមួយរបស់ទីបរិសុទ្ធ ឬជិតអាសនាឡើយ ក្រែងលោគេត្រូវស្លាប់ ព្រមទាំងឯងផង ត្រូវឲ្យគេនៅជាប់ ធ្វើការជាមួយនឹងឯង ហើយរក្សាបញ្ញើរបស់ត្រសាលជំនុំ សំរាប់ក្រសួងទាំងប៉ុន្មាននៃត្រសាលនោះ តែមិនត្រូវឲ្យអ្នកដទៃណាចូលទៅជិតឯងឡើយ ឯឯងត្រូវឲ្យរក្សាបញ្ញើ នៃទីបរិសុទ្ធ នឹងបញ្ញើនៃអាសនា ដើម្បីកុំឲ្យមានសេចក្ដីក្រោធមកលើពួកកូនចៅអ៊ីស្រាអែលទៀតឡើយ ឯអញ មើល អញបានទទួលយកពួកលេវី ជាបងប្អូនឯង ពីពួកកូនចៅអ៊ីស្រាអែល ដែលគេថ្វាយដល់ព្រះយេហូវ៉ា ហើយបានប្រគល់ដល់ឯង សំរាប់ធ្វើការងារក្នុងត្រសាលជំនុំ ត្រូវឲ្យឯង នឹងកូនចៅឯង រក្សាការងារជាសង្ឃរបស់ឯង សំរាប់ការទាំងអស់ខាងឯអាសនា ហើយខាងក្នុងវាំងននផង គឺឯងរាល់គ្នាដែលត្រូវធ្វើការងារនោះ អញឲ្យការងារជាសង្ឃដល់ឯងរាល់គ្នាទុកជាអំណោយ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា ឯអញ មើល អញបានប្រគល់អស់ទាំងដង្វាយដែលថ្វាយដោយលើកចុះឡើង ក្នុងដង្វាយទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលទុកនឹងឯង អញបានឲ្យដង្វាយទាំងនោះចំពោះឯង នឹងពួកកូនចៅឯង ទុកជាកំរៃនៅអស់កល្បជានិច្ច ដោយព្រោះការចាក់ប្រេងតាំងជាសង្ឃ ក្នុងដង្វាយបរិសុទ្ធបំផុតទាំងប៉ុន្មាន ដែលមិនត្រូវដុតនោះ របស់ទាំងនេះត្រូវបានជារបស់ផងឯង គឺគ្រប់ទាំងដង្វាយរបស់គេ ទោះបើជាដង្វាយម្សៅ ឬដង្វាយលោះបាប ឬដង្វាយថ្វាយដោយព្រោះការរំលងក្តី ដែលគេនឹងថ្វាយដល់អញ នោះជាបរិសុទ្ធបំផុតសំរាប់ឯង ហើយនឹងកូនចៅឯង ត្រូវឲ្យឯងបរិភោគរបស់ទាំងនោះ នៅកន្លែងបរិសុទ្ធបំផុត គ្រប់ទាំងប្រុសៗ ត្រូវបរិភោគចុះ គឺជារបស់បរិសុទ្ធដល់ឯង ហើយនេះជារបស់ផងឯងដែរ គឺអស់ទាំងដង្វាយលើកចុះឡើង នឹងដង្វាយគ្រវីរបស់ផងពួកកូនចៅអ៊ីស្រាអែល អញឲ្យរបស់ទាំងនោះដល់ឯង នឹងកូនប្រុសកូនស្រីឯងផង ទុកជាកំរៃនៅអស់កល្បជានិច្ច អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះឯង នោះនឹងបរិភោគរបស់ទាំងនោះបាន ហើយប្រេងល្អបំផុតទាំងអស់ នឹងស្រាទំពាំងបាយជូរល្អបំផុតទាំងអស់ ព្រមទាំងស្រូវផង គឺជាផលដំបូងដែលគេថ្វាយដល់ព្រះយេហូវ៉ា នោះអញឲ្យមកឯងទាំងអស់ហើយ ឯផលដំបូងពីរបស់ទាំងអស់នៅក្នុងស្រុកគេ ដែលយកមកថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបានជារបស់ផងឯងដែរ អស់អ្នកណានៅក្នុងគ្រួសារឯង ដែលស្អាត នឹងបរិភោគរបស់ទាំងនោះបាន គ្រប់របស់អ្វីដែលថ្វាយដាច់នៅក្នុងពួកអ៊ីស្រាអែល នោះក៏ជារបស់ផងឯង គ្រប់ទាំងអស់ដែលកើតពីពោះម្តាយមកមុនគេ ក្នុងគ្រប់ទាំងដង្វាយដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះត្រូវបានជារបស់ផងឯង ឯកូនច្បងរបស់មនុស្ស នោះត្រូវឲ្យឯងលោះចេញវិញមិនខាន ព្រមទាំងសត្វមិនស្អាតដែលកើតមកមុនបង្អស់ផង ហើយរូបណាមួយដែលត្រូវលោះចេញ នោះត្រូវឲ្យលោះចាប់តាំងពីអាយុ១ខែ តាមដំឡៃដែលឯងសំរេចឲ្យ គឺជាប្រាក់៥រៀល តាមប្រាក់រៀលដែលគេប្រើក្នុងទីបរិសុទ្ធ (គឺ១រៀលត្រូវជា១០កាក់) ប៉ុន្តែ មិនត្រូវឲ្យឯងលោះកូនគោ ឬកូនចៀម ឬកូនពពែ ដែលកើតមកមុនបង្អស់នោះទេ ដ្បិតជាសត្វបរិសុទ្ធ ត្រូវឲ្យឯងប្រោះឈាមសត្វនោះ នៅលើអាសនាវិញ ហើយដុតខ្លាញ់ជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ឯសាច់របស់សត្វទាំងនោះ ត្រូវបានជារបស់ផងឯង ដូចជាទ្រូងដែលគ្រវី ហើយស្មាស្តាំក៏ជារបស់ផងឯងដែរ គឺគ្រប់ទាំងដង្វាយលើកចុះឡើង ពីដង្វាយបរិសុទ្ធទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលនឹងថ្វាយដល់ព្រះយេហូវ៉ា នោះអញបានឲ្យដល់ឯង នឹងពួកកូនប្រុសកូនស្រីឯងហើយ ទុកជាកំរៃនៅអស់កល្បជានិច្ច គឺជាសេចក្ដីសញ្ញា ដែលតាំងឡើងដោយសារអំបិលដល់ឯង នឹងពូជឯង នៅចំពោះព្រះយេហូវ៉ានៅអស់កល្បជានិច្ច។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា មិនត្រូវឲ្យឯងមានកេរ្តិ៍អាករនៅក្នុងស្រុកគេឡើយ ក៏មិនត្រូវមានចំណែកអ្វីជាមួយនឹងគេដែរ គឺអញជាចំណែកដល់ឯង ហើយជាកេរអាកររបស់ឯង ក្នុងពួកកូនចៅអ៊ីស្រាអែលវិញ ឯពួកកូនចៅលេវី នោះអញបានឲ្យអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ ទុកជាមរដកដល់គេហើយ ដើម្បីឲ្យបានជាកំរៃនៃការងារដែលគេធ្វើ គឺជាក្រសួងការរបស់ត្រសាលជំនុំ ដូច្នេះ អំពីនេះទៅមុខ មិនត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលចូលមកជិតត្រសាលជំនុំទៀតឡើយ ក្រែងលោគេធ្វើបាបអ្វី ហើយត្រូវស្លាប់ គឺពួកលេវីវិញ ដែលធ្វើការងារក្នុងត្រសាលជំនុំ ហើយគេត្រូវតែរ៉ាប់រងសេចក្ដីកំហុសរបស់គេ នេះជាបញ្ញត្តច្បាប់ដ៏នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណឯងរាល់គ្នាតរៀងទៅ តែគេគ្មានកេរអាករអ្វីនៅក្នុងពួកកូនចៅអ៊ីស្រាអែលទេ ដ្បិតអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ដល់ព្រះយេហូវ៉ា ទុកជាដង្វាយលើកចុះឡើង នោះអញបានឲ្យដល់ពួកលេវីទុកជាមរដកហើយ ហេតុនោះបានជាអញបានប្រាប់គេថា គេគ្មានកេរអាករ្តិ៍នៅក្នុងពួកអ៊ីស្រាអែលទេ។ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់សេចក្ដី១ទៀតដល់ពួកលេវីថា កាលណាឯងរាល់គ្នាទទួលយកដង្វាយ១ភាគក្នុង១០ ពីពួកកូនចៅអ៊ីស្រាអែល ដែលអញយកពីគេឲ្យដល់ឯងរាល់គ្នា ទុកជាមរដក នោះឯងរាល់គ្នាត្រូវហូត១ភាគក្នុង១០ ពីដង្វាយ១ភាគក្នុង១០របស់គេ ទុកជាដង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា ដូច្នេះ ដង្វាយដែលឯងថ្វាយដោយលើកចុះឡើងនោះ នឹងបានរាប់ទុកដូចជាស្រូវ ដែលទើបនឹងបញ្ជាន់នៅទីលាន ហើយដូចជាទឹកទំពាំងបាយជូរ ដែលទើបនឹងគាបដែរ យ៉ាងនោះឯងរាល់គ្នាក៏នឹងបានថ្វាយដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា ពីដង្វាយ១ភាគក្នុង១០ ដែលឯងទទួលពីពួកកូនចៅអ៊ីស្រាអែលដែរ ត្រូវឲ្យប្រគល់ដង្វាយលើកចុះឡើងផងព្រះយេហូវ៉ានោះ ដល់អើរ៉ុនដ៏ជាសង្ឃ ឯអស់ទាំងដង្វាយដែលឯងរាល់គ្នាទទួលនោះ ត្រូវឲ្យរើសយកចំណែកល្អបំផុត សំរាប់នឹងថ្វាយជាដង្វាយទាំងប៉ុន្មានរបស់ផងព្រះយេហូវ៉ា គឺជាចំណែកដែលបរិសុទ្ធក្នុងដង្វាយទាំងនោះ ដូច្នេះ ត្រូវឲ្យឯងប្រាប់គេថា បើកាលណាឯងរាល់គ្នារើសយកចំណែកល្អបំផុត ពីដង្វាយទាំងនោះ ទៅថ្វាយជាដង្វាយលើកចុះឡើង នោះនឹងបានរាប់ទុកដូចជាផលចំរើនដែលបញ្ជាន់នៅទីលាន ហើយដូចជាផលចំរើនដែលគាបក្នុងឃ្នាបដល់ពួកលេវី ឯងរាល់គ្នា ព្រមទាំងគ្រួសាររបស់ឯងផង នឹងបរិភោគរបស់ទាំងនោះ នៅកន្លែងណាក៏បាន ដ្បិតជាកំរៃនៃការងារដែលឯងធ្វើក្នុងត្រសាលជំនុំ ដូច្នេះ កាលណាឯងរាល់គ្នាបានថ្វាយចំណែកល្អបំផុត ជាដង្វាយលើកចុះឡើងហើយ នោះមិនមានទោសដោយព្រោះរបស់ទាំងនោះទេ តែមិនត្រូវបង្អាប់ដល់ដង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ យ៉ាងនោះឯងរាល់គ្នាមិនត្រូវស្លាប់ទេ។