ជនគណនា 17:1-11
ជនគណនា 17:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ហើយយកដំបងដប់ពីរពីពួកគេ គឺវង្សានុវង្សនីមួយៗត្រូវយកដំបងមួយ ពីគ្រប់មេដឹកនាំលើវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។ ត្រូវសរសេរឈ្មោះរបស់គេរៀងខ្លួននៅលើដំបងនីមួយៗ ហើយសរសេរឈ្មោះអើរ៉ុននៅលើដំបងរបស់ពួកលេវី ដ្បិតត្រូវមានដំបងមួយសម្រាប់មេលើវង្សានុវង្សនីមួយៗ។ ត្រូវដាក់ដំបងទាំងនោះនៅក្នុងត្រសាលជំនុំ នៅមុខសេចក្ដីបន្ទាល់ ត្រង់កន្លែងដែលយើងមកជួបអ្នក។ ដំបងរបស់អ្នកណាដែលយើងជ្រើសរើស នោះនឹងចេញពន្លក ហើយយ៉ាងនោះយើងនឹងបញ្ឈប់ការរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែល ដែលគេចេះតែរអ៊ូរទាំទាស់នឹងអ្នក ឲ្យបាត់ចេញពីមុខយើងទៅ»។ លោកម៉ូសេក៏ប្រាប់ដល់កូនចៅអ៊ីស្រាអែល រួចពួកមេដឹកនាំរបស់ពួកគេទាំងអស់ ក៏ប្រគល់ដំបងម្នាក់មួយជូនលោករៀងខ្លួន តាមពួកវង្សានុវង្សរបស់ឪពុកគេ គឺមានដំបងដប់ពីរ ហើយដំបងរបស់លោកអើរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។ ដូច្នេះ លោកម៉ូសេដាក់ដំបងទាំងនោះនៅចំពោះព្រះយេហូវ៉ា ក្នុងត្រសាលនៃសេចក្ដីបន្ទាល់។ លុះថ្ងៃបន្ទាប់ កាលលោកម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្ដីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសម្រាប់ពួកវង្សលេវីមានពន្លកដុះឡើង ហើយបែកចេញជាផ្កា រួចមានផ្លែចំបក់ទុំទៀតផង។ ពេលនោះ លោកម៉ូសេក៏យកដំបងទាំងនោះចេញពីចំពោះព្រះយេហូវ៉ា ទៅបង្ហាញកូនចៅអ៊ីស្រាអែល ហើយគេក៏មើល រួចយកដំបងរបស់គេរៀងខ្លួនទៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាក់ដំបងរបស់អើរ៉ុន នៅមុខសេចក្ដីបន្ទាល់វិញទៅ ទុកជាទីសម្គាល់ព្រមានពួកបះបោរ ដើម្បីឲ្យអ្នកបញ្ឈប់ការរអ៊ូរទាំរបស់ពួកគេទាស់នឹងយើង ក្រែងលោគេត្រូវស្លាប់»។ លោកម៉ូសេក៏ធ្វើដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មក គឺលោកបានធ្វើដូច្នោះមែន។
ជនគណនា 17:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យប្រាប់មេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេ យកដំបងម្នាក់មួយៗមកឲ្យអ្នក គឺមានដំបងទាំងអស់ដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុលសម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ ចូរចារឈ្មោះអើរ៉ុនលើដំបងរបស់កុលសម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុលសម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។ ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិសញ្ញា ក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។ ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជនជាតិអ៊ីស្រាអែល លែងឲ្យរអ៊ូរទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។ លោកម៉ូសេនាំព្រះបន្ទូលនេះទៅប្រាប់ជនជាតិអ៊ីស្រាអែល ហើយពួកមេដឹកនាំទាំងអស់ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនលោក គឺមានដំបងដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់លោកអើរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។ លោកម៉ូសេបានដាក់ដំបងទាំងនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លានៃសន្ធិសញ្ញា។ នៅថ្ងៃបន្ទាប់ ពេលលោកម៉ូសេចូលទៅក្នុងពន្លានៃសន្ធិសញ្ញា លោកឃើញដំបងរបស់លោកអើរ៉ុន ដែលជាតំណាងកុលសម្ព័ន្ធលេវី មានពន្លក ចេញផ្កា ហើយមានទាំងផ្លែទៀតផង។ លោកម៉ូសេយកដំបងទាំងនោះចេញពីព្រះភ័ក្ត្រព្រះអម្ចាស់ ទៅបង្ហាញជនជាតិអ៊ីស្រាអែល ហើយពួកគេយកដំបងរបស់ខ្លួនវិញ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបងរបស់អើរ៉ុនទៅដាក់នៅមុខបន្ទះថ្មនៃសន្ធិសញ្ញា រក្សាទុកជាទីសម្គាល់ព្រមានពួកបះបោរ ដើម្បីបញ្ឈប់ពួកគេឲ្យលែងរអ៊ូរទាំ ហើយកុំឲ្យពួកគេត្រូវស្លាប់»។ លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។
ជនគណនា 17:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែល រួចទទួលយកដំបងពីគេ គឺដំបងមួយៗពីគ្រប់ទាំងវង្សានុវង្ស របស់ពួកឰយុកោគេ ត្រូវយកពីពួកអ្នកដែលជាកំពូលលើគេ តាមវង្សានុវង្សនៃពួកឰយុកោគេរៀងខ្លួន ឲ្យបានដំបង១២ ហើយសរសេរឈ្មោះរបស់គេរៀងខ្លួន នៅភ្ជាប់នឹងដំបងនីមួយៗ តែត្រូវសរសេរឈ្មោះអើរ៉ុន ភ្ជាប់នៅដំបងរបស់ពួកលេវីវិញ ដ្បិតត្រូវឲ្យមានដំបង១ សំរាប់គ្រប់ទាំងមេនៃពួកវង្សឰយុកោគេ រួចត្រូវដាក់ដំបងទាំងនោះទុកក្នុងត្រសាលជំនុំ នៅចំពោះមុខនៃសេចក្ដីបន្ទាល់ ត្រង់កន្លែងដែលអញតែងជួបនឹងឯង ឯដំបងរបស់អ្នកណាដែលអញបានរើស នោះនឹងបានប៉ិចឡើង ហើយយ៉ាងនោះអញនឹងបំបាត់សេចក្ដីរទូរទាំរបស់ពួកកូនចៅអ៊ីស្រាអែល ដែលគេចេះតែរទូរទាំទាស់នឹងឯង ឲ្យបាត់ចេញពីមុខអញទៅ។ ម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល រួចអស់ទាំងអ្នក ដែលជាកំពូលលើគេ ក៏ប្រគល់ដំបង១ម្នាក់មកលោករៀងខ្លួន តាមពួកវង្សានុវង្សនៃពួកឰយុកោគេ គឺជាដំបងទាំងអស់១២ ហើយដំបងរបស់អើរ៉ុនក៏នៅជាមួយនឹងដំបងគេដែរ រួចម៉ូសេដាក់ដំបងទាំងនោះទុកនៅចំពោះព្រះយេហូវ៉ា ក្នុងត្រសាលនៃសេចក្ដីបន្ទាល់។ លុះថ្ងៃស្អែកឡើង កាលម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្ដីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសំរាប់ពួកវង្សលេវី មានពក ហើយប៉ិចឡើង រួចបែកចេញជាផ្កា ហើយបង្កើតបានផ្លែចំបក់ទុំ ម៉ូសេក៏យកដំបងទាំងនោះពីចំពោះព្រះយេហូវ៉ាចេញមកឯពួកកូនចៅអ៊ីស្រាអែល គេក៏មើល ហើយបានយកដំបងរបស់គេរៀងខ្លួនទៅ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរដាក់ដំបងរបស់អើរ៉ុននៅចំពោះមុខនៃសេចក្ដីបន្ទាល់វិញទៅ ទុកជាទីសំគាល់ទាស់នឹងពួកអ្នកដែលចង់បះបោរ ដើម្បីឲ្យសេចក្ដីរទូរទាំរបស់គេបានផុតចេញពីមុខអញទៅ ក្រែងលោគេត្រូវស្លាប់ នោះម៉ូសេក៏ធ្វើដូច្នោះ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក លោកបានធ្វើសំរេចតាមនោះ។