ជនគណនា 16:8-21
ជនគណនា 16:8-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេមានប្រសាសន៍ទៅកូរេថា៖ «កូនចៅលេវីអើយ ចូរស្តាប់ចុះ! ការដែលព្រះនៃសាសន៍អ៊ីស្រាអែលបានញែកអ្នករាល់គ្នាចេញពីក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ដើម្បីឲ្យអ្នករាល់គ្នាចូលទៅជិតព្រះអង្គ សម្រាប់នឹងធ្វើការងារក្នុងរោងឧបោសថរបស់ព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខក្រុមជំនុំ ដើម្បីបម្រើពួកគេ តើកិច្ចការនេះតូចពេកឬ? ព្រះអង្គបានអនុញ្ញាតឲ្យអ្នករាល់គ្នា និងកូនចៅលេវីជាបងប្អូនរបស់អ្នករាល់គ្នាទាំងអស់ ចូលទៅជិតព្រះអង្គ តែអ្នករាល់គ្នាចង់បានការងារជាសង្ឃថែមទៀត! ដូច្នេះ អ្នក និងបក្សពួករបស់អ្នកបានលើកគ្នាប្រឆាំងនឹងព្រះយេហូវ៉ាហើយ។ តើអើរ៉ុនជាអ្វីបានជាអ្នករាល់គ្នារអ៊ូរទាំប្រឆាំងនឹងលោកដូច្នេះ?» លោកម៉ូសេក៏ចាត់គេឲ្យទៅហៅដាថាន និងអ័ប៊ីរ៉ាម ជាកូនរបស់អេលាបឲ្យមក តែគេប្រកែកថា៖ «ពួកយើងមិនទៅទេ! ដែលលោកបាននាំយើងចេញពីស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ មក ដើម្បីសម្លាប់យើងនៅក្នុងទីរហោស្ថាន តើការនេះតូចពេកឬ បានជាលោកត្រូវតាំងខ្លួនធ្វើជាចៅហ្វាយលើយើងថែមទៀត? ម្យ៉ាងទៀត លោកមិនបាននាំយើងចូលទៅក្នុងស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចម្ការ និងចម្ការទាំងបាយជូរមកយើងទុកជាមត៌កដែរ។ តើលោកចង់បន្លំភ្នែកមនុស្សទាំងនេះឬ? ពួកយើងមិនព្រមទៅទេ!»។ លោកម៉ូសេខឹងយ៉ាងខ្លាំង ហើយទូលព្រះយេហូវ៉ាថា៖ «សូមកុំរវល់នឹងតង្វាយរបស់ពួកគេឡើយ។ ទូលបង្គំមិនបានយកសត្វលាណាមួយរបស់ពួកគេឡើយ ហើយទូលបង្គំក៏មិនបានធ្វើទុក្ខទោសពួកគេណាម្នាក់ដែរ»។ លោកម៉ូសេមានប្រសាសន៍ទៅកាន់កូរេថា៖ «ថ្ងៃស្អែកនេះ ចូរអ្នក និងបក្សពួករបស់អ្នកទាំងប៉ុន្មាន ត្រូវបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ា គឺអ្នក និងអ្នកទាំងនោះ ព្រមទាំងអើរ៉ុន ម្នាក់ៗត្រូវយកពានរបស់ខ្លួនមក រួចដាក់កំញានពីលើ ហើយម្នាក់ៗត្រូវយកពានរបស់ខ្លួនមកដាក់នៅចំពោះព្រះយេហូវ៉ា គឺពានពីររយហាសិប ឯអ្នក និងអើរ៉ុន ក៏ត្រូវយកពានរបស់ខ្លួនមកដែរ»។ ដូច្នេះ ម្នាក់ៗបានយកពានមករៀងខ្លួន ហើយគេដាក់ភ្លើង និងរោយកំញានពីលើពានទាំងនោះ រួចគេឈរនៅទ្វារចូលត្រសាលជំនុំជាមួយលោកម៉ូសេ និងអើរ៉ុន។ ឯកូរេក៏ប្រមូលក្រុមជំនុំទាំងមូលមកទាស់នឹងលោកទាំងពីរ នៅត្រង់ទ្វារចូលត្រសាលជំនុំ។ ពេលនោះ សិរីល្អរបស់ព្រះយេហូវ៉ាក៏លេចមកឲ្យក្រុមជំនុំទាំងមូលឃើញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរញែកខ្លួនពីក្រុមជំនុំនេះចេញ ដើម្បីឲ្យយើងបំផ្លាញគេឥឡូវនេះភ្លាម»។
ជនគណនា 16:8-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «កូនចៅលោកលេវីអើយ ចូរនាំគ្នាស្ដាប់! ព្រះរបស់ជនជាតិអ៊ីស្រាអែលបានញែកអ្នករាល់គ្នាដាច់ឡែកពីសហគមន៍អ៊ីស្រាអែល ព្រះអង្គឲ្យអ្នករាល់គ្នានៅជិតព្រះអង្គ ឲ្យអ្នករាល់គ្នាបម្រើព្រះអង្គ នៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់ និងឲ្យអ្នករាល់គ្នាបំពេញកិច្ចការក្នុងនាមសហគមន៍ទាំងមូល ប៉ុណ្ណឹងហើយនៅតែមិនល្មមទេឬ? ព្រះអង្គឲ្យលោក និងបងប្អូនរបស់លោកទាំងអស់ ដែលជាកូនចៅលោកលេវី ចូលទៅជិតព្រះអង្គប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាបូជាចារ្យថែមទៀត! ហេតុនេះហើយបានជាលោក និងពួកអ្នកដែលនៅជាមួយលោក លើកគ្នាប្រឆាំងនឹងព្រះអម្ចាស់។ តើលោកអើរ៉ុនជាអ្វី បានជាពួកលោករអ៊ូរទាំប្រឆាំងនឹងគាត់ដូច្នេះ?»។ លោកម៉ូសេចាត់ឲ្យគេទៅហៅលោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប។ លោកទាំងពីរពោលថា៖ «ពួកយើងមិនទៅទេ! លោកនាំពួកយើងចេញពីស្រុកដ៏សម្បូណ៌សប្បាយ ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ តើនៅមិនទាន់ល្មមទេឬ បានជាលោកតាំងខ្លួនធ្វើជាមេដឹកនាំលើពួកយើងថែមទៀត? លោកមិនបាននាំពួកយើងឆ្ពោះទៅកាន់ស្រុកដ៏សម្បូណ៌សប្បាយ ហើយលោកក៏មិនបានប្រគល់ស្រែចម្ការ ឬចម្ការទំពាំងបាយជូរមកយើងខ្ញុំ ទុកជាមត៌កដែរ តើលោកស្មានថាប្រជាជនទាំងនេះជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅទេ!»។ លោកម៉ូសេខឹងយ៉ាងខ្លាំង លោកទូលព្រះអម្ចាស់ថា៖ «សូមកុំរវីរវល់នឹងតង្វាយរបស់ពួកគេឡើយ។ ទូលបង្គំមិនដែលយកអ្វីពីពួកគេទេ សូម្បីតែសត្វលាមួយក៏ទូលបង្គំមិនបានយកដែរ ទូលបង្គំពុំបានធ្វើអ្វីខុសចំពោះពួកគេទេ»។ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «ស្អែក សូមលោក និងអស់អ្នកដែលនៅជាមួយលោកចូលទៅបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាមួយលោកអើរ៉ុន ម្នាក់ៗកាន់ពានដែលមានដាក់គ្រឿងក្រអូប គឺមានពានទាំងអស់ចំនួនពីររយហាសិប ហើយនាំគ្នាចូលទៅជិតព្រះអម្ចាស់។ រីឯលោកអើរ៉ុន និងខ្លួនលោកផ្ទាល់ ក៏ត្រូវកាន់ពានមួយម្នាក់ដែរ»។ ពួកគេក៏យកពានម្នាក់មួយៗមកដាក់ភ្លើង និងគ្រឿងក្រអូប ហើយនាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ជាមួយលោកម៉ូសេ និងលោកអើរ៉ុន។ លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងលោកទាំងពីរ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យសហគមន៍ទាំងមូលឃើញ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរនាំគ្នាចាកចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកម្ទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។
ជនគណនា 16:8-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេក៏និយាយទៅកូរេថា ពួកកូនចៅលេវីអើយ ចូរស្តាប់សិន ដែលព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានញែកឯងរាល់គ្នាចេញពីពួកជំនុំនៃកូនចៅអ៊ីស្រាអែល ឲ្យបាននាំឯងចូលទៅជិតទ្រង់ សំរាប់នឹងធ្វើការងារក្នុងរោងឧបោសថផងព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខពួកជំនុំ ដើម្បីនឹងធ្វើការងារជូនគេ ព្រមទាំងនាំឯងរាល់គ្នា នឹងពួកលេវីជាបងប្អូនឯងទាំងអស់មកជិតផង នោះតើឯងរាល់គ្នាស្មានថាជាការតូចពេកឬអី បានជារកចង់បានការងារជាសង្ឃថែមទៀតដូច្នេះ ឯអើរ៉ុន តើលោកជាអ្វីដែលឯងរាល់គ្នារទូរទាំទាស់នឹងលោកដូច្នេះ គឺឯង នឹងពួកឯងទាំងនេះបានប្រមូលគ្នាទាស់នឹងព្រះយេហូវ៉ាវិញទេតើ។ ម៉ូសេក៏ចាត់គេឲ្យទៅហៅដាថាន នឹងអ័ប៊ីរ៉ាម ជាកូនអេលាបឲ្យមក តែគេប្រកែកថា យើងមិនទៅទេ ដែលអ្នកបាននាំយើងចេញពីស្រុក ដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ មក ដើម្បីនឹងសំឡាប់យើងនៅទីរហោស្ថាននេះ តើជាការតូចពេកឬអី បានជាអ្នកត្រូវការចង់លើកខ្លួន ធ្វើជាកំពូលលើយើងទៀត ១ទៀត អ្នកមិនបាននាំយើងចូលទៅក្នុងស្រុក ដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចំការមកយើងទុកជាមរដកផង តើអ្នកចង់ចាក់ពន្លត់ភ្នែកអ្នកទាំងនេះដែរឬអី យើងមិនព្រមទៅសោះឡើយ។ ដូច្នេះម៉ូសេក៏ខឹងណាស់ ហើយទូលទៅព្រះយេហូវ៉ាថា សូមទ្រង់កុំរាប់អានដង្វាយគេឡើយ ទូលបង្គំមិនបានយកសត្វលារបស់គេ សូម្បីតែ១ផង ក៏មិនដែលប្រទូសរ៉ាយចំពោះពួកគេណាឡើយ។ រួចម៉ូសេបង្គាប់ដល់កូរេថា ថ្ងៃស្អែកនេះ ចូរឲ្យឯង នឹងពួកឯងទាំងប៉ុន្មាន មកនៅចំពោះព្រះយេហូវ៉ាចុះ គឺឯង នឹងពួកអ្នកទាំងនោះ ព្រមទាំងអើរ៉ុនផង ចូរឲ្យគ្រប់គ្នានាំយកពានរបស់ខ្លួន មករោយកំញានពីលើ គឺត្រូវឲ្យគ្រប់គ្នានាំយកពានរបស់ខ្លួនមក នៅចំពោះព្រះយេហូវ៉ាជាពានមានចំនួន២៥០ ទាំងឯង នឹងអើរ៉ុន ក៏ត្រូវយកពានរបស់ខ្លួនមកដែរ ដូច្នេះ គេក៏យកពានមកគ្រប់គ្នា ព្រមទាំងដាក់ភ្លើង ហើយរោយកំញានពីលើផង រួចឈរនៅមាត់ទ្វារត្រសាលជំនុំជាមួយនឹងម៉ូសេ ហើយនឹងអើរ៉ុន ឯកូរេក៏ប្រមូលពួកជំនុំទាំងអស់គ្នា មកទាស់នឹងលោកទាំង២ នៅត្រង់មាត់ទ្វារត្រសាលជំនុំ គ្រានោះ សិរីល្អនៃព្រះយេហូវ៉ាក៏លេចមក ឲ្យពួកជំនុំទាំងអស់ឃើញ។ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ហើយនឹងអើរ៉ុនថា ចូរឯងដកខ្លួនពីពួកជំនុំនេះចេញ ដើម្បីឲ្យអញបានបំផ្លាញគេទៅជា១រំពេច