ជនគណនា 16:8-11
ជនគណនា 16:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេមានប្រសាសន៍ទៅកូរេថា៖ «កូនចៅលេវីអើយ ចូរស្តាប់ចុះ! ការដែលព្រះនៃសាសន៍អ៊ីស្រាអែលបានញែកអ្នករាល់គ្នាចេញពីក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ដើម្បីឲ្យអ្នករាល់គ្នាចូលទៅជិតព្រះអង្គ សម្រាប់នឹងធ្វើការងារក្នុងរោងឧបោសថរបស់ព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខក្រុមជំនុំ ដើម្បីបម្រើពួកគេ តើកិច្ចការនេះតូចពេកឬ? ព្រះអង្គបានអនុញ្ញាតឲ្យអ្នករាល់គ្នា និងកូនចៅលេវីជាបងប្អូនរបស់អ្នករាល់គ្នាទាំងអស់ ចូលទៅជិតព្រះអង្គ តែអ្នករាល់គ្នាចង់បានការងារជាសង្ឃថែមទៀត! ដូច្នេះ អ្នក និងបក្សពួករបស់អ្នកបានលើកគ្នាប្រឆាំងនឹងព្រះយេហូវ៉ាហើយ។ តើអើរ៉ុនជាអ្វីបានជាអ្នករាល់គ្នារអ៊ូរទាំប្រឆាំងនឹងលោកដូច្នេះ?»
ជនគណនា 16:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «កូនចៅលោកលេវីអើយ ចូរនាំគ្នាស្ដាប់! ព្រះរបស់ជនជាតិអ៊ីស្រាអែលបានញែកអ្នករាល់គ្នាដាច់ឡែកពីសហគមន៍អ៊ីស្រាអែល ព្រះអង្គឲ្យអ្នករាល់គ្នានៅជិតព្រះអង្គ ឲ្យអ្នករាល់គ្នាបម្រើព្រះអង្គ នៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់ និងឲ្យអ្នករាល់គ្នាបំពេញកិច្ចការក្នុងនាមសហគមន៍ទាំងមូល ប៉ុណ្ណឹងហើយនៅតែមិនល្មមទេឬ? ព្រះអង្គឲ្យលោក និងបងប្អូនរបស់លោកទាំងអស់ ដែលជាកូនចៅលោកលេវី ចូលទៅជិតព្រះអង្គប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាបូជាចារ្យថែមទៀត! ហេតុនេះហើយបានជាលោក និងពួកអ្នកដែលនៅជាមួយលោក លើកគ្នាប្រឆាំងនឹងព្រះអម្ចាស់។ តើលោកអើរ៉ុនជាអ្វី បានជាពួកលោករអ៊ូរទាំប្រឆាំងនឹងគាត់ដូច្នេះ?»។
ជនគណនា 16:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេក៏និយាយទៅកូរេថា ពួកកូនចៅលេវីអើយ ចូរស្តាប់សិន ដែលព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានញែកឯងរាល់គ្នាចេញពីពួកជំនុំនៃកូនចៅអ៊ីស្រាអែល ឲ្យបាននាំឯងចូលទៅជិតទ្រង់ សំរាប់នឹងធ្វើការងារក្នុងរោងឧបោសថផងព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខពួកជំនុំ ដើម្បីនឹងធ្វើការងារជូនគេ ព្រមទាំងនាំឯងរាល់គ្នា នឹងពួកលេវីជាបងប្អូនឯងទាំងអស់មកជិតផង នោះតើឯងរាល់គ្នាស្មានថាជាការតូចពេកឬអី បានជារកចង់បានការងារជាសង្ឃថែមទៀតដូច្នេះ ឯអើរ៉ុន តើលោកជាអ្វីដែលឯងរាល់គ្នារទូរទាំទាស់នឹងលោកដូច្នេះ គឺឯង នឹងពួកឯងទាំងនេះបានប្រមូលគ្នាទាស់នឹងព្រះយេហូវ៉ាវិញទេតើ។