ជនគណនា 16:32-35
ជនគណនា 16:32-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺដីហាឡើង រួចលេបពួកគេ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ និងអស់អ្នកដែលជារបស់កូរេ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេអស់ទៅ។ ដូច្នេះ អ្នកទាំងនោះ និងអ្វីទាំងអស់ដែលជារបស់គេ ក៏ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីបានគ្របលើពួកគេជិត ហើយគេក៏វិនាសបាត់ពីចំណោមក្រុមជំនុំទៅ។ កាលប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជុំវិញឮសម្រែករបស់អ្នកទាំងនោះ គេក៏នាំគ្នារត់ចេញ ដោយពោលថា៖ «ក្រែងដីស្រូបយើងទៅដែរ»។ ពេលនោះ មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្សពីររយហាសិបនាក់ ដែលកំពុងថ្វាយកំញាននោះដែរ។
ជនគណនា 16:32-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហើយលេបពួកគេ ព្រមទាំងក្រុមគ្រួសារ ជាមួយក្រុមគ្រួសាររបស់លោកកូរេ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែរ។ ពួកគេចុះទាំងរស់ទៅស្ថានមនុស្សស្លាប់ ជាមួយអ្វីៗទាំងអស់ដែលគេមាន។ ដីបានគ្របពីលើពួកគេ ឲ្យបាត់សូន្យពីចំណោមសហគមន៍។ ពេលជនជាតិអ៊ីស្រាអែលទាំងមូល ដែលនៅជុំវិញ ឮសម្រែករបស់ពួកគេ ក៏នាំគ្នារត់ចេញទៅ ព្រោះខ្លាចដីស្រូបខ្លួនដែរ។ មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកម្ទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។
ជនគណនា 16:32-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហាទទួលយកគេបាត់ទៅ ព្រមទាំងពួកផ្ទះគេ នឹងអស់មនុស្សណាដែលជាពួករបស់កូរេ ហើយនឹងទ្រព្យសម្បត្តិគេផង ដូច្នេះ អ្នកទាំងនោះ នឹងពួកគេទាំងអស់ក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីភ្ជិតពីលើគេទៅវិញ ហើយគេត្រូវវិនាសបាត់អស់ពីពួកជំនុំចេញ ឯពួកអ៊ីស្រាអែលដែលនៅជុំវិញ កាលគេឮសំរែករបស់អ្នកទាំងនោះ ក៏រត់ទាំងអស់គ្នា ដោយនិយាយថា ក្រែងដីស្រូបយើងទៅដែរ ក៏មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្ស២៥០នាក់ ដែលកំពុងថ្វាយកំញាននោះដែរ។