ជនគណនា 16:26-35
ជនគណនា 16:26-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកមានប្រសាសន៍ទៅកាន់ក្រុមជំនុំថា៖ «ចូរថយចេញពីជំរំរបស់មនុស្សអាក្រក់ទាំងនេះទៅ កុំប៉ះពាល់អ្វីៗដែលជារបស់គេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។ ដូច្នេះ គេក៏ថយចេញពីជំរំរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ រីឯដាថាន និងអ័ប៊ីរ៉ាមក៏ចេញមកឈរនៅទ្វារចូលជំរំរបស់ខ្លួនជាមួយប្រពន្ធ និងកូនទាំងប៉ុន្មានរបស់គេ ទាំងតូចទាំងធំ។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមកធ្វើការទាំងនេះយ៉ាងនេះឯង ហើយថា ខ្ញុំមិនបានធ្វើដោយចិត្តឯងឡើយ! ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតារបស់មនុស្ស ឬប្រសិនបើគេត្រូវស្លាប់ដោយហេតុណាមួយកើតឡើងដល់គេដូចមនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់ខ្ញុំឲ្យមកទេ។ ប៉ុន្ដែ ប្រសិនបើព្រះយេហូវ៉ាធ្វើឲ្យមានការមួយចម្លែក គឺឲ្យដីហាឡើងហើយលេបពួកគេ និងអ្វីៗទាំងអស់របស់ពួកគេទៅ រួចពួកគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងថា អ្នកទាំងនេះពិតជាបានមើលងាយព្រះយេហូវ៉ាមែន»។ កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះចប់ភ្លាម នោះដីនៅពីក្រោមពួកគេ ក៏ប្រេះចេញពីគ្នា គឺដីហាឡើង រួចលេបពួកគេ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ និងអស់អ្នកដែលជារបស់កូរេ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេអស់ទៅ។ ដូច្នេះ អ្នកទាំងនោះ និងអ្វីទាំងអស់ដែលជារបស់គេ ក៏ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីបានគ្របលើពួកគេជិត ហើយគេក៏វិនាសបាត់ពីចំណោមក្រុមជំនុំទៅ។ កាលប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជុំវិញឮសម្រែករបស់អ្នកទាំងនោះ គេក៏នាំគ្នារត់ចេញ ដោយពោលថា៖ «ក្រែងដីស្រូបយើងទៅដែរ»។ ពេលនោះ មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្សពីររយហាសិបនាក់ ដែលកំពុងថ្វាយកំញាននោះដែរ។
ជនគណនា 16:26-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកមានប្រសាសន៍ទៅកាន់សហគមន៍ថា៖ «ចូរនាំគ្នាចេញឲ្យឆ្ងាយពីតង់ត៍របស់មនុស្សអាក្រក់ទាំងនេះ មិនត្រូវប៉ះពាល់អ្វីៗរបស់ពួកគេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។ ប្រជាជនក៏ថយចេញឆ្ងាយពីទីលំនៅរបស់លោកកូរេ លោកដាថាន និងលោកអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ចេញមកឈរនៅមាត់ទ្វារតង់ត៍របស់ខ្លួន ជាមួយប្រពន្ធ កូន និងចៅ។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមុខជាទទួលស្គាល់ថា ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកបំពេញកិច្ចការទាំងនេះ គឺខ្ញុំពុំបានធ្វើដោយចិត្តឯងទេ! ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតា គឺប្រសិនបើពួកគេស្លាប់ដូចមនុស្សឯទៀតៗ នោះបានសេចក្ដីថា ព្រះអម្ចាស់ពុំបានចាត់ខ្ញុំឲ្យមកទេ។ ផ្ទុយទៅវិញ ប្រសិនបើព្រះអម្ចាស់ធ្វើកិច្ចការដ៏ចម្លែកអស្ចារ្យ គឺប្រសិនបើដីប្រេះចេញពីគ្នា លេបពួកគេ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ពួកគេ ហើយពួកគេត្រូវចុះទាំងរស់ទៅស្ថានមនុស្សស្លាប់នោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ពួកគេពិតជាបានមាក់ងាយព្រះអម្ចាស់មែន»។ លោកម៉ូសេមានប្រសាសន៍មិនទាន់ផុតពីមាត់ផង ស្រាប់តែដីនៅពីក្រោមលោកដាថាន និងលោកអប៊ីរ៉ាម ក៏ប្រេះចេញពីគ្នា ហើយលេបពួកគេ ព្រមទាំងក្រុមគ្រួសារ ជាមួយក្រុមគ្រួសាររបស់លោកកូរេ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែរ។ ពួកគេចុះទាំងរស់ទៅស្ថានមនុស្សស្លាប់ ជាមួយអ្វីៗទាំងអស់ដែលគេមាន។ ដីបានគ្របពីលើពួកគេ ឲ្យបាត់សូន្យពីចំណោមសហគមន៍។ ពេលជនជាតិអ៊ីស្រាអែលទាំងមូល ដែលនៅជុំវិញ ឮសម្រែករបស់ពួកគេ ក៏នាំគ្នារត់ចេញទៅ ព្រោះខ្លាចដីស្រូបខ្លួនដែរ។ មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកម្ទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។
ជនគណនា 16:26-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកអង្វរពួកជំនុំដោយពាក្យថា សូមឲ្យអ្នករាល់គ្នាថយចេញពីត្រសាល របស់មនុស្សអាក្រក់ទាំងនេះទៅ កុំពាល់របស់អ្វីផងគេឲ្យសោះ ក្រែងត្រូវវិនាសទៅ ក្នុងអំពើបាបទាំងប៉ុន្មាន របស់គេដែរ ដូច្នេះ គេថយចេញពីកន្លែងជុំវិញត្រសាលរបស់កូរេ ដាថាន នឹងអ័ប៊ីរ៉ាមទៅ រីឯដាថាន នឹងអ័ប៊ីរ៉ាម គេក៏ចេញមកឈរនៅមាត់ទ្វារត្រសាលរបស់ខ្លួន ព្រមទាំងប្រពន្ធ នឹងកូនធំតូចទាំងប៉ុន្មានរបស់គេដែរ រួចម៉ូសេមានប្រសាសន៍ថា គឺយ៉ាងដូច្នេះដែលឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់អញមកធ្វើការទាំងនេះ ហើយថា អញមិនបានធ្វើ ដោយអំពើចិត្តរបស់អញទេ គឺបើអ្នកទាំងនេះស្លាប់ តាមដំណើរធម្មតានៃមនុស្សទាំងឡាយ ឬបើគេត្រូវដកជីវិតយកទៅ តាមភាពធម្មតារបស់មនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់អញមកទេ តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ នឹងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយដល់ព្រះយេហូវ៉ាហើយ។ កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះរួចហើយ នោះដីក៏ប្រេះឡើងពីក្រោមគេ ហាទទួលយកគេបាត់ទៅ ព្រមទាំងពួកផ្ទះគេ នឹងអស់មនុស្សណាដែលជាពួករបស់កូរេ ហើយនឹងទ្រព្យសម្បត្តិគេផង ដូច្នេះ អ្នកទាំងនោះ នឹងពួកគេទាំងអស់ក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីភ្ជិតពីលើគេទៅវិញ ហើយគេត្រូវវិនាសបាត់អស់ពីពួកជំនុំចេញ ឯពួកអ៊ីស្រាអែលដែលនៅជុំវិញ កាលគេឮសំរែករបស់អ្នកទាំងនោះ ក៏រត់ទាំងអស់គ្នា ដោយនិយាយថា ក្រែងដីស្រូបយើងទៅដែរ ក៏មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្ស២៥០នាក់ ដែលកំពុងថ្វាយកំញាននោះដែរ។