ជនគណនា 16:21-31
ជនគណនា 16:21-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរញែកខ្លួនពីក្រុមជំនុំនេះចេញ ដើម្បីឲ្យយើងបំផ្លាញគេឥឡូវនេះភ្លាម»។ លោកទាំងពីរក៏ក្រាបចុះមុខដល់ដី ហើយទូលថា៖ «ឱព្រះអើយ ព្រះអង្គជាព្រះនៃវិញ្ញាណរបស់មនុស្សលោកទាំងអស់! បើមនុស្សតែម្នាក់ធ្វើបាប នោះតើព្រះអង្គក្រោធនឹងក្រុមជំនុំទាំងមូលឬ?»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ក្រុមជំនុំ ឲ្យថយចេញពីជំរំរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាម»។ ពេលនោះ លោកម៉ូសេក្រោកឡើង ដើរទៅរកដាថាន និងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមក្រោយ។ លោកមានប្រសាសន៍ទៅកាន់ក្រុមជំនុំថា៖ «ចូរថយចេញពីជំរំរបស់មនុស្សអាក្រក់ទាំងនេះទៅ កុំប៉ះពាល់អ្វីៗដែលជារបស់គេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។ ដូច្នេះ គេក៏ថយចេញពីជំរំរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ រីឯដាថាន និងអ័ប៊ីរ៉ាមក៏ចេញមកឈរនៅទ្វារចូលជំរំរបស់ខ្លួនជាមួយប្រពន្ធ និងកូនទាំងប៉ុន្មានរបស់គេ ទាំងតូចទាំងធំ។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមកធ្វើការទាំងនេះយ៉ាងនេះឯង ហើយថា ខ្ញុំមិនបានធ្វើដោយចិត្តឯងឡើយ! ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតារបស់មនុស្ស ឬប្រសិនបើគេត្រូវស្លាប់ដោយហេតុណាមួយកើតឡើងដល់គេដូចមនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់ខ្ញុំឲ្យមកទេ។ ប៉ុន្ដែ ប្រសិនបើព្រះយេហូវ៉ាធ្វើឲ្យមានការមួយចម្លែក គឺឲ្យដីហាឡើងហើយលេបពួកគេ និងអ្វីៗទាំងអស់របស់ពួកគេទៅ រួចពួកគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងថា អ្នកទាំងនេះពិតជាបានមើលងាយព្រះយេហូវ៉ាមែន»។ កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះចប់ភ្លាម នោះដីនៅពីក្រោមពួកគេ ក៏ប្រេះចេញពីគ្នា
ជនគណនា 16:21-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរនាំគ្នាចាកចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកម្ទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។ លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី ទូលថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គគួរព្រះពិរោធនឹងសហគមន៍ទាំងមូលឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់សហគមន៍ឲ្យចេញឆ្ងាយពីទីលំនៅរបស់កូរេ ដាថាន និងអប៊ីរ៉ាម»។ លោកម៉ូសេក្រោកឡើង ដើរទៅរកលោកដាថាន និងលោកអប៊ីរ៉ាម ដោយមានពួកព្រឹទ្ធាចារ្យដើរតាមក្រោយផង។ លោកមានប្រសាសន៍ទៅកាន់សហគមន៍ថា៖ «ចូរនាំគ្នាចេញឲ្យឆ្ងាយពីតង់ត៍របស់មនុស្សអាក្រក់ទាំងនេះ មិនត្រូវប៉ះពាល់អ្វីៗរបស់ពួកគេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។ ប្រជាជនក៏ថយចេញឆ្ងាយពីទីលំនៅរបស់លោកកូរេ លោកដាថាន និងលោកអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ចេញមកឈរនៅមាត់ទ្វារតង់ត៍របស់ខ្លួន ជាមួយប្រពន្ធ កូន និងចៅ។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមុខជាទទួលស្គាល់ថា ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកបំពេញកិច្ចការទាំងនេះ គឺខ្ញុំពុំបានធ្វើដោយចិត្តឯងទេ! ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតា គឺប្រសិនបើពួកគេស្លាប់ដូចមនុស្សឯទៀតៗ នោះបានសេចក្ដីថា ព្រះអម្ចាស់ពុំបានចាត់ខ្ញុំឲ្យមកទេ។ ផ្ទុយទៅវិញ ប្រសិនបើព្រះអម្ចាស់ធ្វើកិច្ចការដ៏ចម្លែកអស្ចារ្យ គឺប្រសិនបើដីប្រេះចេញពីគ្នា លេបពួកគេ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ពួកគេ ហើយពួកគេត្រូវចុះទាំងរស់ទៅស្ថានមនុស្សស្លាប់នោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ពួកគេពិតជាបានមាក់ងាយព្រះអម្ចាស់មែន»។ លោកម៉ូសេមានប្រសាសន៍មិនទាន់ផុតពីមាត់ផង ស្រាប់តែដីនៅពីក្រោមលោកដាថាន និងលោកអប៊ីរ៉ាម ក៏ប្រេះចេញពីគ្នា
ជនគណនា 16:21-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឯងដកខ្លួនពីពួកជំនុំនេះចេញ ដើម្បីឲ្យអញបានបំផ្លាញគេទៅជា១រំពេច នោះអ្នកទាំង២ក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខទូលថា ឱព្រះអង្គដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្សអើយ បើមនុស្សតែម្នាក់ធ្វើបាប នោះតើទ្រង់នឹងក្រោធចំពោះពួកជំនុំទាំងអស់គ្នាឬអី ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា ចូរប្រាប់ដល់ពួកជំនុំ ឲ្យគេថយចេញពីត្រសាលរបស់កូរេ ដាថាន នឹងអ័ប៊ីរ៉ាមទៅ។ រួចម៉ូសេក៏ក្រោកឡើងទៅឯដាថាន នឹងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមទៅដែរ លោកអង្វរពួកជំនុំដោយពាក្យថា សូមឲ្យអ្នករាល់គ្នាថយចេញពីត្រសាល របស់មនុស្សអាក្រក់ទាំងនេះទៅ កុំពាល់របស់អ្វីផងគេឲ្យសោះ ក្រែងត្រូវវិនាសទៅ ក្នុងអំពើបាបទាំងប៉ុន្មាន របស់គេដែរ ដូច្នេះ គេថយចេញពីកន្លែងជុំវិញត្រសាលរបស់កូរេ ដាថាន នឹងអ័ប៊ីរ៉ាមទៅ រីឯដាថាន នឹងអ័ប៊ីរ៉ាម គេក៏ចេញមកឈរនៅមាត់ទ្វារត្រសាលរបស់ខ្លួន ព្រមទាំងប្រពន្ធ នឹងកូនធំតូចទាំងប៉ុន្មានរបស់គេដែរ រួចម៉ូសេមានប្រសាសន៍ថា គឺយ៉ាងដូច្នេះដែលឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់អញមកធ្វើការទាំងនេះ ហើយថា អញមិនបានធ្វើ ដោយអំពើចិត្តរបស់អញទេ គឺបើអ្នកទាំងនេះស្លាប់ តាមដំណើរធម្មតានៃមនុស្សទាំងឡាយ ឬបើគេត្រូវដកជីវិតយកទៅ តាមភាពធម្មតារបស់មនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់អញមកទេ តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ នឹងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយដល់ព្រះយេហូវ៉ាហើយ។ កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះរួចហើយ នោះដីក៏ប្រេះឡើងពីក្រោមគេ